A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 April 2014

Hun Sen: The end of the political stalemate depends on Mr. Kem Sokha [This is Hun Sen's Sam Kok strategy or a divide and conquer strategy] លោក ហ៊ុន សែន៖ ការ​ចរចា​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ស្ថិត​លើ​លោក កឹម សុខា

ដោយ ដែន អយុធ្យា និង ទីន ហ្សាការីយ៉ា 2014-04-10
ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
Photo: RFA
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​រូប​លោក និង​លោក សម រង្ស៊ី ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក​នយោបាយ​នៅ​កម្ពុជា បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​រួច​ហើយ ហើយ​រង់ចាំ​តែ​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយគ្នា​តែប៉ុណ្ណោះ។ ប៉ុន្តែ​លោក​បារម្ភ​ថា ជំនួប​នេះ​ត្រូវ​រារាំង ឬ​រាំង​ស្ទះ​ដោយ​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
សម្រាប់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា ជា​យុត្តិសាស្ត្រ​​បំបែកបំបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រឆាំង ដូច​ធ្លាប់​អនុវត្ត​ជាមួយ​អ្នក​នយោបាយ​នានា​កន្លង​មក។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​តាម​ទូរស័ព្ទ​រវាង​រូប​លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​បញ្ហា​ជាប់​គាំង​នយោបាយ​បាន​ឯកភាព​គ្នា​លើ​ចំណុច​ជា​ច្រើន មាន​ដូចជា បាន​ព្រមព្រៀង​កំណត់​កាលបរិច្ឆេទ​​​​​​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​​ទី​៤ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧​ និង​បោះ​ឆ្នោត​សភានីតិ​​កាល​ទី​៦ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ជាដើម។
ប្រមុខ​ដឹកនាំ​ថ្លែង​បន្ត​ថា កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​អាច​និយាយ​ថា បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​អស់​ហើយ ហើយ​បើ​បែរ​ជា​មាន​ឧបសគ្គ ​​គឺ​មិន​មែន​រូប​លោក ហ៊ុន សែន ឬ សម រង្ស៊ី នោះ​ទេ គឺ​បញ្ហា​ស្ថិត​នៅ​លើ​រូប​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯ​ណោះ​វិញ​ទេ។
ជាង​នេះ ប្រមុខ​ដឹកនាំ​ក៏​បាន​លើក​ឡើង​ពី​លទ្ធភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កែសម្រួល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​បាន​​ព្រមាន​បញ្ចេញ​ខ្សែអាត់​នៃ​កិច្ច​ពិភាក្សា​រវាង​រូបលោក​ជាមួយ​លោក សម រង្ស៊ី ថែម​ទៀត បើ​លោក សម រង្ស៊ី មិន​ទទួល​ស្គាល់​កិច្ច​សន្ទនា​របស់​លោក។
លោក ហ៊ុន សែន៖ «បើ​សិន​ជា​រឿង​មិន​អាច​ចុះ​ហត្ថលេខា​បាន មិន​មែន​ជា​កំហុស ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​មិន​មែន​ជា​កំហុស សម រង្ស៊ី និង​ក្រុម​ការងារ​របស់​ឯកឧត្ដម សម រង្ស៊ី គឺ​ជា​កំហុស​របស់​ឯកឧត្ដម កឹម សុខា ហើយ​សូម​កុំ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ខុស​រឿង​ខុស​រ៉ាវ ខុស​សម្ដី​ដែល​ជជែក​គ្នា ព្រោះ​ខាង​ណោះ​ក៏​បាន​ថត​សំឡេង​ដែរ។ ព្រោះ​សំឡេង​ថត​ខាង​នោះ​ប្រហែល​ជា​មិន​សូវ​ស្រួល ព្រោះ​ធម្មតា​ទេ ខ្ញុំ​ធ្វើ​មេ​ចារកម្ម​តាំង​ពី​អាយុ ១៩​ឆ្នាំ ហើយ​ធ្វើ​ការ​ត្រូវ​មាន​ឯកសារ។ អ៊ីចឹង​សុំ​មេត្តា​កុំ​ឲ្យ​និយាយ​អី​ខុស​ពី​អ្វី​ដែល​យើង​បាន​ព្រមព្រៀង​គ្នា និង​បាន​ឯកភាព​គ្នា​ហើយ។ ប៉ុន្តែ​យើង​យល់​ការ​លំបាក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ទើប​មាន​អាយុ​ត្រឹម ១​ឆ្នាំ»
លោក ហ៊ុន សែន បញ្ជាក់​ថា បើ​មាន​ការ​ឯកភាព​គ្នា​លើ​បញ្ហា​ដូច​ដែល​រូប​លោក និង​លោក សម រង្ស៊ី បាន​ព្រមព្រៀង​តាម​ទូរស័ព្ទ គឺ​គណបក្ស​ទាំង​ពីរ​មាន​គម្រោង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មេសា នៅ​ព្រះ​បរម​រាជវាំង ក្រោម​​ព្រះរាជ​អធិបតីភាព​​ របស់​ព្រះមហាក្សត្រ។ ប៉ុន្តែ​បើ​បែរ​ជា​ត្រូវ​បាន​អាក់ខាន​ទៅ​វិញ គឺ​រូប​លោក កឹម សុខា ជា​រនាំង។
ជាង​នេះ លោក ហ៊ុន សែន ក៏​បាន​រិះគន់​ចំពោះ​អ្នក​វិភាគ​ដែល​តាំង​ខ្លួន​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ ដែល​កន្លង​មក​បាន​វិភាគ​ខុស​ការ​ពិត ពី​អ្វី​ដែល​បាន​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា៖ «ពិត​មែន​ហើយ យើង​មាន​ការ​ពិភាក្សា​អំពី​ប្រការ​ពីរ ទាក់​ទិន​ការ​រៀបចំ​ស្ថាប័ន​បោះ​ឆ្នោត ស្អីៗ​នេះ​ហ្នឹង ហើយ​មាន​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្អីៗ ប៉ុន្តែ​រឿង​សំខាន់​ជាង​គេ​ដែល​ប្រើប្រាស់​ពេល​វេលា​យូរ គឺ​ទាក់ទិន​ជាមួយ​នឹង​ប្រការ​បី អា​នេះ​ជា​ពង្រាយ​កិច្ច​ព្រមព្រៀង​ ដែល​គ្រោង​ចុះ​ហត្ថលេខា​ដាក់​ទង់​ជាតិ​នៅ​កណ្តាល ហើយ​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ម្ខាង​ទៅ ហើយ​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម្ខាង​ទៅ ដែល​ម្សិលមិញ​នេះ​ឯកឧត្តម ព្រុំ សុខា និង​ឯកឧត្ដម សុន ឆ័យ ធ្វើ​ជាមួយ​គ្នា»
ត្រង់​ចំណុច​នេះ លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មេសា បាន​ចាត់​ទុក​សារ​នយោបាយ​របស់​លោក ហ៊ុន សែន ថា​ជា​យុត្តិសាស្ត្រ​បំបែក​បំបាក់​ផ្ទៃក្នុង​ របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​បន្ត​ថា មិន​មែន​​ជា​លើក​ទី​១ ទេ ដែល​លោក ហ៊ុន សែន បាន​ប្រើ​យុត្តិសាស្ត្រ​បំបែក​បំបាក់​ទៅ​លើ​មេដឹកនាំ​គណបក្ស​មួយ​ចំនួន​នៅ​ពេល​កន្លង​មក ដោយ​ប្រើ​យុត្តិសាស្ត្រ​នេះ៖ «បើ​សិន​ជា​ប្រធាន​គណបក្ស​យល់​ព្រម​គ្នា​ហើយ ហើយ​បន្ទោស​ទៅ​លើ​ឯកឧត្ដម កឹម សុខា អា​ហ្នឹង​គេ​ហៅ​ថា នយោបាយ​បំបែក​បំបាក់​ទៀត​ហើយ។ បង្រួបបង្រួម​បំបែក​បំបាក់ និង​បង្កើត​ថ្មី។ អ៊ីចឹង​ទេ ខ្ញុំ​ជឿ​ជាក់​ថា មិន​សំខាន់​ទេ រឿង​ឯកឧត្ដម កឹម សុខា នឹង​រក​ចំណុច​រួម​ជាមួយ​គ្នា ពីព្រោះ​ជា​បក្ស​តែមួយ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បើ​ក្នុង​ករណី​ឯកឧត្ដម កឹម សុខា មាន​បញ្ហា ឯកឧត្តម សម រង្ស៊ី គាត់​ចូល អា​ហ្នឹង​គាត់​អត់​ដឹង​ទៅ​ណា​ទេ ពីព្រោះ​បក្ស​សិទ្ធិ​មនុស្ស​ក៏​អត់​មាន​ចុះ​បញ្ជី​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើយ​គណបក្ស សម រង្ស៊ី ក៏​អត់​មាន​ដែរ គឺ​មាន​តែ​គណបក្ស​តែមួយ។ អ៊ីចឹង​ខ្ញុំ​ជឿ​ជាក់​ថា មិន​មែន​កើត​ចេញ​មក​អំពី​អ្នក​ណា​ម្នាក់​ទេ គឺ​ត្រូវ​តែ​រក​ចំណុច​រួម ដើម្បី​ដោះស្រាយ​ចំណុច​នេះ»
​​ទោះ​យ៉ាង​ណា លោក សុខ ទូច ​ថ្លែង​ថា ការ​វិភាគ​របស់​មិន​ទៀង​ទេ គឺ​ជួនកាល​ត្រូវ និង​ជួនកាល​ខុស ប៉ុន្តែ​រូប​លោក​រង់ចាំ​ទទួល​ការ​រិះគន់​ចំពោះ​ការ​វិភាគ​របស់​លោក​ពី​គ្រប់​មជ្ឈដ្ឋាន និង​ជា​ពិសេស​ការ​ទិតៀន​របស់​ប្រមុខ​ដឹកនាំ​ដែល​ធ្លាប់​តែ​ដៀមដាម​ឲ្យ​អ្នក​វិភាគ​នយោបាយ​កន្លង​មក។
យ៉ាង​នេះ​ក្តី លោក​ ហ៊ុន សែន ​បាន​ប្រកាស​ឲ្យ​លោក ប៊ិន ឈិន ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​អ្នក​ច្បាប់​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​មាត្រា​ ៧៦ នៃ​រដ្ឋធម្មនុញ្ញ​ដែល​​ចែង​ថា ​រដ្ឋសភា​មាន​អាណត្តិ ៥​ឆ្នាំ និង​រដ្ឋ​សភា​មិន​អាច​រំលាយ​មុន​អាណត្តិ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ឆ្គង​នឹង​រដ្ឋធម្មនុញ្ញ បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​តាម​កិច្ច​សន្យា​មែន​នោះ។
​ទាក់ទិន​បញ្ហា​នេះ ​មិន​ទាន់​មាន​អត្ថាធិប្បាយ​ពី​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ ជុំវិញ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ព្រោះ​រូប​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។
លោក សម រង្ស៊ី៖ ដំណោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​សម្រេច​បាន ៨០%
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទៅ​គាល់​ព្រះមហាក្សត្រ ដើម្បី​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​សុក្រ ទី​១១ មេសា ស្អែក​នេះ​បាន​ទេ ដោយសារ​តែ​បញ្ហា​បច្ចេកទេស។ តែ​លោក​បញ្ជាក់​ថា ការ​ចូល​គាល់​ព្រះមហាក្សត្រ​នេះ នឹង​អាច​មាន​នៅ​ពេល​ក្រោយ ប្រសិន​បើ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ទាំង​ស្រុង​លើ​ចំណុច​ដែល​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​នោះ។
សម រង្ស៊ី ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​បក្ស​នៅ​ថ្ងៃ​ទី​១០ មេសា ឆ្នាំ​២០១៤។ RFA/Tin Zakariya

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា ជំនួប​រវាង​លោក​និង​លោក ហ៊ុន សែន បាន​សម្រេច​ប្រមាណ ៨០% ហើយ នៅ​សល់ ២០% ទៀត​ទេ ដែល​មិន​ទាន់​ត្រូវ​គ្នា​នោះ។ ហើយ​លោក​មាន​ជំនឿ​ថា បញ្ហា​ជាប់​គាំង​នយោបាយ​នេះ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
លោក សម រង្ស៊ី ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា ថា នៅ​ក្នុង​ជំនួប​រវាង​លោក​និង​លោក ហ៊ុន សែន តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៩ មេសា នោះ មាន​ផល​ជា​វិជ្ជមាន គឺ​លោក និង​លោក ហ៊ុន សែន បាន​យល់​ព្រម​កែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត ទី​១ ស្ថាន គ.ជ.ប នឹង​ក្លាយ​ជា​ស្ថាប័ន​មួយ​ថ្មី​ចេញ​ពី​កិច្ច​ព្រមព្រៀង​នៃ​គណបក្ស​ទាំង​ពីរ នឹង​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ទី​២ កែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទី​៣ ការ​បោះ​ឆ្នោត​មុន​អាណត្តិ។
លោក សម រង្ស៊ី បញ្ជាក់​ថា អ្វី​ដែល​មិន​ទាន់​ឯកភាព​គ្នា​នោះ គឺ​កាលបរិច្ឆេទ​ការ​បោះ​ឆ្នោត។ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ចង់​ឲ្យ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បង្ខិត​មក​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ចង់​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ គឺ​នៅ​ឆ្នាំ​២០១៦។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី លើក​ឡើង​ថា ចំណុច​ដែល​មិន​ទាន់​ឯកភាព​គ្នា​នេះ​នៅ​ប្រមាណ ២០% ទេ។ ម្យ៉ាង​វិញ​ទៀត ការ​សម្រេច​ណា​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ទាល់​តែ​មាន​ការ​ឯកភាព​របស់​គណបក្ស​ទាំង​មូល ពិសេស​ពី​លោក កឹម សុខា ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។
«សំឡេង»
លោក សម រង្ស៊ី បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ មេសា នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នោះ​ថា លោក​បាន​យល់​ព្រម​ជាមួយ​លោក ហ៊ុន សែន ហើយ​មាន​ការ​ជំទាស់​ពី​លោក កឹម សុខា ហើយ​ស្នើ​ឲ្យ​លោក សម រង្ស៊ី បញ្ចុះ​បញ្ចូល​លោក កឹម សុខា នោះ។
លោក សម រង្ស៊ី បញ្ជាក់​ដំណើរ​ការ​ចរចា​ជាមួយ​លោក ហ៊ុន សែន នេះ លោក​និង​លោក កឹម សុខា បាន​ជជែក​គ្នា ដ្បិតតែ​លោក កឹម សុខា នៅ​ក្រៅ​ប្រទេស​ក្ដី ហើយ​ការ​សម្រេច​យ៉ាង​ណា​ជា​ចុង​ក្រោយ​នោះ​រង់​ចាំ​លោក កឹម សុខា ត្រឡប់​មក​វិញ។
«សំឡេង»
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា បាន​សម្ដែង​សុទិដ្ឋិនិយម​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​គ្នា។ លោក​រំពឹង​ថា មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នឹង​តម្កល់​បញ្ហា​ជាតិ​ជា​រឿង​ធំ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នេះ។
«សំឡេង»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​សារព័ត៌មាន​បាន​ចោទ​សួរ​លោក សម រង្ស៊ី ថា តើ​មូលហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ជួប​គ្នា​ចរចា​តាម​ទូរស័ព្ទ​នៅ​ពេល​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​នេះ? តើ​ជា​យុទ្ធសាស្ត្រ​បំបែក​បំបាក់​របស់​គណបក្ស​ប្រជាជន​ដែរ​ទេ?
លោក សម រង្ស៊ី បាន​ឆ្លើយ​តប​ថា សម្ពន្ធភាព​រវាង​លោក និង​លោក កឹម សុខា មិន​អាច​អ្នក​ណា​មក​បំបែកបំបាក់​បាន​ទេ។ លោក សម រង្ស៊ី អះអាង​ថា លោក​និង​លោក កឹម សុខា ជា​មនុស្ស​តែ​មួយ ហើយ​លោក​បាន​ទាក់​ទង​លោក កឹម សុខា ពិភាក្សា​គ្នា​ជានិច្ច​អំពី​បញ្ហា​ចរចា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: