A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 19 July 2014

A group of people in Svay Rieng came to Phnom Penh to demand the release of the jailing of the 7 opposition parliamentarians, but the authority try to stop them! ពលរដ្ឋ​នៅ​ស្វាយរៀង​លើក​គ្នា​មក​ភ្នំពេញ​តវ៉ា​ឲ្យ​ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង

តវ៉ា​ដោះ​លែង មូរ សុខហួរ ៦១០
អ្នក​គាំទ្រ​លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប នៅ​ក្បែរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៤។
Photo: RFA
ពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​នានា​នៅ​ខេត្ត​ស្វាយរៀង មួយ​ចំនួន បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ កក្កដា ដើម្បី​ទៅ​តវ៉ា​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​រូប ចេញ​ពី​ពន្ធនាគារ។
ក្នុង​ការ​ធ្វើ​ដំណើរ​នោះ មាន​ក្រុម​ខ្លះ​ត្រូវ​កម្លាំង​អាជ្ញាធរ​រារាំង​តាម​ផ្លូវ មិន​ឲ្យ​ពួក​គាត់​បន្ត​ដំណើរ​ទៅ​មុខ​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ព្យាយាម​បន្ត​ដំណើរ​រហូត​បាន​មក​ដល់​រាជធានី​ភ្នំពេញ។
ប្រជាពលរដ្ឋ​ខ្លះ​ចេញ​ដំណើរ​បែប​ឆក់​កណ្ដៀត​នៅ​ពេល​ព្រឹក ពេល​ថ្ងៃ និង​ខ្លះ​ទៀត​ធ្វើ​ដំណើរ​នៅ​ពេល​រសៀល និង​ពេល​យប់ ដោយ​បំបែក​គ្នា​ចេញ​ពី​លំនៅឋាន​ជា​ក្រុម​តូចៗ​ប្រមាណ​ពី ២ ទៅ ៤​នាក់ ដើម្បី​បង្វែរ​ដាន​កុំ​ឲ្យ​អាជ្ញាធរ​សង្ស័យ និង​រារាំង​ដំណើរ។
ប្រជាពលរដ្ឋ​អ្នក​កាន់​សីល​ម្នាក់ គឺ​អ្នកស្រី ឡុង ផល្លី រស់នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ថ្លែង​នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា អ្នកស្រី​ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ជាច្រើន​នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​រក្សា​សីល​ផង​នោះ បាន​ប្រមូល​ផ្ដុំ​គ្នា​ដោយ​លួច​លាក់​ជា​ក្រុម​តូចៗ នៅ​រសៀល​ថ្ងៃ​ដដែល ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ។ អ្នកស្រី​បន្ត​ថា ពួក​គាត់​ធ្វើ​ដំណើរ​ចេញ​ទៅ​រាជធានី​ដោយ​លំបាក​លំបិន​នេះ ក្នុង​គោល​បំណង​តែ​មួយ គឺ​ទៅ​ទាមទារ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ដោះ​លែង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ទាំងអស់​ចេញ​ពី​ពន្ធនាគារ​ជា​បន្ទាន់។
អ្នកស្រី ឡុង ផល្លី៖ «ចា៎! គឺ​បំណង​ខ្ញុំ គឺ​យាយៗ​ទាំងអស់ ទៅ​នេះ​មាន​បំណង​តែ​មួយ សុំ​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​រាស្ត្រ​ខ្ញុំ​វិញ​មក ព្រោះ​នេះ​ជា​ការ​ជ្រើស​រើស និង​ការ​ពេញ​ចិត្ត​ហ៊ាន​បោះ​ឆ្នោត​ទាំង​ភ័យ​ផង ខ្លាច​ផង ខ្លាច​គេ​ដឹង​ផង! ជា​ការ​ជ្រើស​រើស​របស់​ពួក​ខ្ញុំ។ ខ្ញុំ​ចង់​ទាមទារ​ត្រង់​នេះ។ គាត់​មិន​ដែល​គិត​ពី​សុខភាព តាម​ការ​ពិត​ទៅ​ឃើញ​គាត់​ឈឺ គាត់​ដើរ​មក​តាម​ផ្ទះ​ប្រជាជន​ខ្ញុំ​នៅ​ក្រោលគោ នេះ គាត់​ថា​គាត់​ឈឺ​ផង តែ​គាត់​ចង់​មក​សួរ​សុខ​ទុក្ខ​របស់​យាយៗ​ទាំងអស់»
មិន​ខុស​គ្នា​ទេ ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ក៏​នាំ​គ្នា​ចូលរួម​ការ​រត​វ៉ា ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​នៅ​ក្រុង​ភ្នំពេញ លើ​បញ្ហា​ដូច​គ្នា​នេះ​ដែរ។
តួ​យ៉ាង​ដូច​ជា អ្នក​ភូមិ​មក​ពី​ស្រុក​រមាសហែក ម្នាក់​ទៀត គឺ​លោក អិន នៅ មាន​ប្រសាសន៍​ថា លោក រួម​ទាំង​អ្នក​ភូមិ​ក្បែរ​ខាង​ផង​ប្រមាណ ២០​នាក់ ធ្វើ​ដំណើរ​ទៅ​ដល់​រាជធានី​ភ្នំពេញ​ហើយ ដោយ​ការ​ធ្វើ​ដំណើរ​នោះ ម្នាក់ៗ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ពី​ការ​លក់​មាន់​ទា។ បើ​ទោះ​ជា​កន្លង​មក អាជ្ញាធរ​ធ្លាប់​វាយ​សំពង​អ្នក​តវ៉ា​អោយ​របួស អោយ​ហូរ​ឈាម និង​ដាក់​ពន្ធនាគារ​ខ្លះ​មក​ហើយ​ក្ដី លោក​ថា ពួក​គាត់​មិន​រុញរា និង​ថយ​ក្រោយ​ជា​ដាច់​ខាត លុះ​ណា​តែ​តុលាការ​ដោះ​លែង​តំណាង​រាស្ត្រ​ទាំង​នោះ​ឲ្យ​មាន​សេរីភាព៖ «អត់​មាន​ខ្លាច​ទេ ព្រោះ​យើង​ចំណាស់​ណេះ​ហើយ យើង​ទៅ​ខ្លាច​ម៉េច! យើង​អត់​មាន​ខុស​ផង​បង! យើង​ត្រូវ​ការ​តស៊ូ ហើយ​បើ​គេ​ចាប់​មិន​ដឹង​ធ្វើ​ម៉េច អា​ហ្នឹង​សម្រេច​តែ​នេះ ព្រោះ​យើង​អត់​មាន​ខុស​ផង​បង! តស៊ូ​ទាំងអស់​គ្នា ស្ម័គ្រ​ចិត្ត​ចាប់​ដៃ​គ្នា​ទាំងអស់​គ្នា​ហ្នឹង មក​ដើម្បី​ស្ម័គ្រ​ចិត្ត​តស៊ូ​ទាំងអស់​គ្នា​បង! ចំណែក​រូប​ខ្ញុំ​វិញ រឿង​លក់​មាន់ ១០​គីឡូ តែ​យើង​យក​មក​តែ ១០​ម៉ឺន​ទេ ទុក ៥​ម៉ឺន​ឲ្យ​ក្រុម​គ្រួសារ​គ្រាន់​ទិញ​ម្ហូប»
ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ទៀត ឲ្យ​ដឹង​ថា នៅ​តាម​ផ្លូវ​ត្រូវ​អាជ្ញាធរ​ប៉ូលិស​រារាំង​បង្អាក់​ដំណើរ​នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ស្វាយតាយាន ឃុំ​ស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ដោយ​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គាត់​ទាំង​នោះ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេង ទៅ​ដល់​រាជធានី​ភ្នំពេញ​ដូច​ការ​គ្រោង​ទុក។
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​ស្វាយតាយាន លោក សុខ សេង មាន​ប្រសាសន៍​ថា ការ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​រាជធានី​ភ្នំពេញ​នោះ ធ្វើ​ឡើង​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ពួក​គាត់ ក្រែងលោ​កើត​អំពើ​ហិង្សា​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ៖ «អេ! ខ្ញុំ​ឃាត់​តែ​ពួក​បង​ប្អូន​នៅ​នឹង​ឃុំ​ខ្ញុំ​នេះ​ទេ។ បាទ! ខ្ញុំ​ឃាត់​អ្នក​ដំណើរ​តាម​រថយន្ត​តាម​អី​ឯណា! បាទ! គាត់​មិន​ទៅ​ទេ​ថ្ងៃ​ហ្នឹង គាត់​ទៅ​ផ្ទះ​វិញ​អស់​ហើយ។ ខ្ញុំ​សំណូមពរ​តែ​ប្រជាពលរដ្ឋ​នៅ​នឹង​ឃុំ​ខ្ញុំ ៣​នាក់ ៤​នាក់​ហ្នឹង​ទេ គាត់​ទៅ​ចូលរួម​ទៅ​ធ្វើ​អ៊ីចឹង ខ្លាច​មាន​ការ​គ្រោះថ្នាក់​ទៅ​ណាស់!»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន មាន​ប្រសាសន៍​ដោយ​ចាត់​ទុក​ការ​ហាម​ឃាត់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​របស់​អាជ្ញាធរ​ប៉ូលិស​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​ដើរ​ហើរ​ទៅ​ចូលរួម​បញ្ចេញ​មតិ៖ «ព្រៃវែង មាន​រឿង​អី គឺ​អាជ្ញាធរ​ព្រៃវែង គេ​ជួយ​មើល​ការ​ខុស​ត្រូវ​ហើយ បាទ! ហើយ​គាត់​ឡើង​ទៅ​ភ្នំពេញ គឺ​សមត្ថកិច្ច​គេ​មាន​គ្រប់​កន្លែង អ៊ីចឹង​គេ​មិន​មាន​ហេតុផល​អី​ដែល​យក​លេស​ហ្នឹង​ត្រង់​ហ្នឹង​បញ្ជាក់​ថា ដោយសារ​គាត់​ឡើង​ទៅ​មាន​បញ្ហា​អីៗ​អ៊ីចឹង វា​មិន​អាច​យក​អា​សំអាង​ហ្នឹង​មក​ធ្វើ​ជា​លេស​បាន»
សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា បាន​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ៥​រូប រួម​មាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភីរម្យ លោក រៀល ខេមរិន្ទ្រ និង​ជំនួយ​ការ អ្នកស្រី មូរ សុខហួរ លោក អឿ ណារិទ្ធ ក្រោយ​ពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា រវាង​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​បាតុកម្ម​មួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បើក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ។
នៅ​ថ្ងៃ​ទី​១៨ កក្កដា តុលាការ​ក្រុង​ភ្នំពេញ បញ្ជូន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ២​នាក់​ទៀត រួម​មាន លោក នុត រំដួល និង​លោក ឡុង រី ដាក់​គុក​ព្រៃស៕

No comments: