A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 July 2014

Analysis: Do two-thirds or 50+1 formula destroy democracy in Cambodia? ​វិភាគ​៖​ តើ​២/៣​ឬ​៥០​បូក​១​ជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​?​


ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី2 កក្កដា 2014, VOD

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣​មក ជាង​១១​ខែ​មក​ហើយ​តែ​គណបក្ស​ទាំងពីរ​ដែល​មាន​សំឡេង​ក្នុង​សភា​ នៅ​មិន​ទាន់​រក​ចំណុច​ឯកភាពគ្នា​បាន​នៅឡើយ បើ​ទោះ​ជា​ភាគី​ទាំង​ពីរ​ចរចា​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​។ ចំណុច​ទ័លច្រក​ចុងក្រោយ ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​រក​ច្រកចេញ ត្រង់​ចំណុច​​​២/៣​ និង​៥០​បូក​១ក្នុង​ការបោះឆ្នោត​យក​សំឡេង​ទុកចិត្ត​ពី​សភា​លើ​សមាសភាព គ.ជ.ប​។​
​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១២ ខែមិថុនា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា(CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ(CNRP) បាន​ឯកភាពគ្នា​ដោយ​ដាក់​ស្ថាប័ន គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បង្កើត​ជំពូក​ថ្មី​មួយទៀត គឺ​ជំពូក​​ទី​១៥ ស្តីពី​អង្គការ​រៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ​នៅ​មាន​ការខ្វែងគំនិត​គ្នា​លើ​ការបោះឆ្នោត​សម្តែង​ការទុកចិត្ត​លើ សមាសភាព គ​.​ជ​.​ប ថ្មី​នេះ ដោយ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​សំឡេង​២/៣​នៃ​រដ្ឋសភា រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ទាមទារ​សំឡេង​៥០​បូក​១​។​
​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ផ្អាក​ការចរចា ហើយ​ប្រកាន់​ជំហរ​ឈប់​ចរចា​រៀងៗ​ខ្លួន​នោះ លោក ហ៊ុន សែន ​ថ្លែង​នៅ​ថ្ងៃ​ទី​០១​កក្កដា​​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចង់បាន​សំឡេង​២/៣នោះ ​គឺជា​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។​
​ក្រោយ​ការ​ថ្លែង​របស់​លោក​ហ៊ុន​ សែន​តែ​ប៉ុន្មាន​ម៉ោង អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ​ឬ​ទ្ធិ មានប្រសាសន៍ថា ដោយសារ គ.ជ.ប​ អនុម័ត​សំឡេង​៥០​បូក​១ នេះហើយ​ ដែល​ធ្វើឲ្យ​គាំងនយោបាយ​ដល់​បច្ចុ​ប្បន្ន​។ លោក​បន្តថាឫសគល់​នៃ​ការជាប់គាំង​នយោបាយ​នេះ​ដោយសារ គ​.​ជ​.​ប មិន​ឯករាជ្យ ដូចនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​អនុម័ត​២/៣  គឺ​ដើម្បី​ប្រជាធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ​ទាំងមូល​។​
វិបត្តិ​នយោបាយ​នៅ​អាណត្តិ​ទី​៥​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​នៅ​កម្ពុជា ព្រោះ​៤​អាណត្តិ​មុន​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩​៣​​មក ក៏​តែង​មាន​ជម្លោះ​នយោបាយ​ដែរ គឺ​នៅពេល​គណបក្ស​ដែល​ចាញ់​ តែង​ចេញ​មុន​តវ៉ា​ដោយ​ចោទថា គ.ជ.ប​ មិន​ឯករាជ្យ​។​
ទន្ទឹម​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចោទថាគណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ លោក​ក៏​បាន​បញ្ជាក់​ជំហរ​ការពារ​លទ្ធិប្រជាធិបតេយ្យ ​អនុវត្តដឹកនាំ​រដ្ឋាភិ​បាលតាម​ឆន្ទៈ​ពលរដ្ឋ​ ដែល​មាន​សំឡេង​ភាគច្រើន ដោយ​មិន​ខ្វល់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ឬមិន​ចូល​ទេ​។​
តើ​សំឡេង​២/៣​ ឬ​៥០​បូក​១ ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​?
សម្រាប់​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និងត្រឹមត្រូវ​នៅ​កម្ពុជា លោក  ហង្ស ពុទ្ធា ពន្យល់ថា ២/៣​ ឬ​៥០​បូក​១ សុទ្ធ​តែ​បង្ហាញ ពី​ការងារ​ដែល​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដូចគ្នា ព្រោះ​នេះ​បង្ហាញ​ពី​សំឡេង​ភាគច្រើនពី​គណបក្ស​លើស​ពី​មួយ​។​
ទោះ​យ៉ាងណា​លោក ហង្ស ពុទ្ធា បញ្ចាក់​ថា សំឡេង​៥០​បូក​១​ ហាក់ដូចជាមាន​ប្រជាធិបតេយ្យ​នៅ​មាន​កម្រិត​ស្រាល​ ព្រោះ​អាច​ធ្វើឲ្យ​គណបក្ស​តែ​មួយ​មាន​សំឡេង​ច្រើន អាច​សម្រេច​លើ​សមាសភាពគ.ជ.ប​ តែម្នាក់ឯង​។​
បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ​កំពុង​មាន​ការព្រួយបារម្ភដូចគ្នា ​គឺ​ថាជ្រើសរើស​យក​២/៣​ ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជំទាស់​នោះ​នាំ​ឲ្យ​ជាប់​គាំង។ មួយ​វិញ​ទៀត​ បើ​ជ្រើសរើស​រូបមន្ត​៥០​បូក​១ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាច​សម្រេច​រាល់​កិច្ចការ​ស្រេច​តែ​ចិត្ត​ ដោយ​មិន​ខ្វល់​ពី​គំនិត​របស់​គណបក្ស​ជា​ដៃគូ​របស់​ខ្លួន​នោះ​ទេ​។​
​ចំណុច​នេះ​លោក ហង្ស ពុទ្ធា ផ្តល់​អនុសាសន៍​ថា បើ​គណបក្ស​ទាំង​ពីរ​សុទ្ធតែ​ស្រលាញ់​ជាតិ ស្រលាញ់​ប្រជាពលរដ្ឋ​មែន​​នោះ មិន​ត្រូវ​ប្រកាន់​ជំហរ​រឹងត្អឹង​ដូចនេះ​ទេ គឺ​ត្រូវ​ជជែក​រក​ចំណុចកណ្តាល​រួម​ទៅ​។

សម្រាប់​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ និងនយោបាយ​លោក សុខ ទូច យល់ឃើញថា ៥០​បូក​១ ដោះស្រាយ​បញ្ហា​រយៈ​ពេល​​ខ្លី ចំណែក​២/៣សម្រាប់​រយៈពេល​វែង​។ លោក​ផ្តល់​អនុសាសន៍​ បើ​គណបក្ស​ទាំង​ពីរ​ខ្លាច​ដូចគ្នា​នោះ ​គឺ​អាច​បោះ​ឆ្នោត​​ជា​កញ្ចប់​ក្នុង​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ​ជំពូក​ទី​១៥  និងសមាសភាព​ គ.ជ.ប​ ក្នុងពេល​តែមួយ​តែម្តង​។​
​ជាក់ស្តែង គ្មាន​អ្វី​ដែល​អ្នកនយោបាយ​មិន​អាច​ដោះស្រាយ​បាន​ទេ បើ​ពួកគេ​មានឆន្ទៈ​នោះ​។ ករណី​ដូច​ឆ្នាំ​១៩៩៣ ពេលដែល​គណបក្ស​ប្រជាជន​របស់​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ចាញ់ឆ្នោត មិនមាន​ច្បាប់​ណា​ចែង​ពីសហ​នាយក​រដ្ឋមន្ត្រី​ទេ តែ​ពេល​នោះ​ដើម្បី​ជៀសវាង​បែងចែក​ទឹកដី​កម្ពុជា ក៏​មាន​ការសម្របសម្រួល​ពី​សម្តេច​សីហនុ ឲ្យ​ចេញ​​ជា​រូបមន្ត​សហនាយករដ្ឋមន្ត្រី ដែល​មាន​លោក ហ៊ុន សែន និងសម្តេចក្រុមព្រះ​។​
​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក ដែល​ធ្វើកា​រលើ​ការបោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា សុទ្ធតែ​បាន​ជំរុញ​ឲ្យ​ភាគី​ចរចា​រក​ចំណុចរួម ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ងាក​មក​អភិវឌ្ឍប្រទេស បំពេញ​តម្រូវការ​របស់​ប្រជាជន​វិញ​។
បច្ចុប្បន្ន​ប្រជាជន​កំពុង​ជួប​បញ្ហា​កសិផល​លក់​បាន​តម្លៃ​ថោក ការ​មិន​មាន​ការងារ​ធ្វើ និងជម្លោះ​ដីធ្លី​ជា​ដើម​។ ទន្ទឹម​នឹង​អ្នកនយោបាយ​មិន​ត្រូវ​គ្នា​នេះ របាយការណ៍​របស់​អង្គការ និងសហគមន៍​ការពារ​ធនធាន​ធម្មជាតិ ​ក៏​បានឲ្យ​ដឹង​ដែរថា មាន​ការកាប់​ព្រៃឈើ​ពី​ឈ្មួញ​ទុច្ចរិត​យ៉ាងកំហុគ​ រួមទាំង​មាន​ការចូលរួម​ពីមន្ត្រី​ពាក់ព័ន្ធ​ដែរ​។​
លោក សុខ ទូច បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ត្រូវ​ពិចារណា​ឡើងវិញ​លើ​សន្លឹកឆ្នោត​របស់​ខ្លួន បើសិន​ជា​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​បាន ដើម្បី​ការពារ​ផល​ប្រយោ​ជន៍ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​​ដូច​ការរំពឹង​ទុក​នោះ​៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: