ដោយ៖ តាំង វីដា | ថ្ងៃអង្គារ ទី1 កក្កដា 2014, VOD
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅថ្ងៃអង្គារនេះ អះអាងនឹងបង្កើតកិច្ចពិភាក្សាអនុវត្តសាលដីកា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសំណុំរឿងដីជុំវិញប្រាសាទព្រះវិហារ បន្ទាប់ពីស្ថានការណ៍នយោបាយនៅប្រទេសថៃ មានស្ថិរភាពវិញ។
តបនឹងសំណួរអ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា អគ្គលេខាធិការ និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ លោក Sihasak Phuangketheow មានប្រសាសន៍ថា ប្រទេសថៃ នឹងអនុវត្តតាមកិច្ចព្រមព្រៀង ដែលភាគីថៃ និងកម្ពុជា បានកំណត់ជួបពិភាក្សាគ្នា និងដោះស្រាយចំពោះការបកស្រាយសាលក្រមរបស់ ICJ បន្ទាប់ពីប្រទេសនេះ មានស្ថិរភាពពេញលេញ បង្កើតសភា និងរដ្ឋាភិបាលថ្មីរួចរាល់។
សម្រាប់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ឲ្យដឹងដែរថា កម្ពុជា មានការយោគយល់ចំពោះស្ថានភាពផ្ទៃក្នុងរបស់ថៃ ដែលមិនអាចឲ្យដំណើរការកិច្ចពិភាក្សានេះ អាចប្រព្រឹត្តទៅបាន តែលោក អះអាងថា ភាគីទាំងពីរ នឹងបើកកិច្ចចរចាអនុវត្តសេចក្តីសម្រេចរបស់ ICJ លើសំណុំរឿងដីជុំវិញប្រាសាទព្រះវិហារ ក្នុងរយៈពេលមួយសមរម្យមួយ។
លោក ហោ ណាំហុង ក៏បានរំលឹកពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីង ឡាក់ ថា ភាគីទាំងពីរ បានសន្យានឹងអនុវត្តលើការបកស្រាយរបស់ ICJ ដោយយោគយល់គ្នា និងដោយសន្តិភាព។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចថា កម្ពុជា មានអធិបតេយ្យ ពេញលេញលើបូរណភាពទឹកដីលើតំបន់ពយភ្នំនៃប្រាសាទព្រះវិហារ ដូចដែលមានកំនត់ ក្នុងកឋាខណ្ឌ ទី៩៨ នៃសាលដីកានេះ ហើយជាបច្ច័យ តុលាការប្រកាសថា រាជាណាចក្រថៃ មានកាតព្វកិច្ចដកចេញពីទឹកដីនេះ នូវគ្រប់កងកម្លាំងប្រដាប់អាវុធ ឬកងនគរបាល ឬឆ្មាំយាមផ្សេងទៀត របស់ថៃ បើបោះទីតាំងនៅក្នុងទឹកដីនោះ។ ប៉ុន្តែកិច្ចពិភាក្សានេះ ត្រូវបានពន្យារពេលបន្ទាប់ពីស្ថានការណ៍ប្រទេសថៃ មានភាពមិននឹងនរ៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
1 comment:
Can administrator post in English. Sadly, I can't read Khmer. I barely read Khmer. I had forgotten Khmer reading but still love, care and interested my birth place Cambodia.
I hope Hun Sen doesn't sell out our territories in return to please Siam new leaders to forget about Thaksin/Hun Sen friendships. Usually CPP only look out for foreigners instead of it's own peoples. All I can say I doubt Prachut Chan Ocha is any easier than the Red Siam party. Siam always be Siam, they always looking to steal Khmer land any ways they can until no more of us. The only differents is Viets wanted our land and not the Khmer peoples in it (genocide). Siam will take our land let us live under their rules. Lesser of two evils. Our country will be weak economically and military as long as we still under foreign ruled.
Post a Comment