A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 18 July 2014

People in Prey Veng protest to demand the release of six opposition MPs ពលរដ្ឋ​មួយ​ចំនួន​នៅ​ព្រៃវែង​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង

មូរ សុខហួរ ទីលាន​ប្រជាធិបតេយ្យ ៦១០
កម្លាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​លោក កែវ ភីរម្យ យក​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin
ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង មួយ​ចំនួន រិះគន់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​ចាប់​ខ្លួន​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស។ ពួក​គាត់​អំពាវនាវ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ទម្លាក់​ការ​ចោទ​ប្រកាន់ ព្រម​ទាំង​ដោះ​លែង​អ្នក​ទាំង ៦​រូប​នោះ ឲ្យ​មាន​សេរីភាព​ជា​បន្ទាន់។
ប្រជាពលរដ្ឋ​ទាំង​នោះ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​យុវជន​គណបក្ស​ប្រឆាំង ថា​ជា​រឿង​នយោបាយ និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
ពលរដ្ឋ​ម្នាក់ គឺ​លោក ចាប សេងលី រស់នៅ​ភូមិ​កុកត្រុំ ឃុំ​តាកោ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ថ្លែង​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា អាជ្ញាធរ​មិន​គួរ​ចាប់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត និង​យុវជន​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​នោះ​ទេ ព្រោះ​ហេតុ​ថា ពួក​គាត់​ទាំង​នោះ គឺ​គ្រាន់​តែ​ទាមទារ​ទីកន្លែង ដើម្បី​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ឲ្យ​ស្រប​តាម​ប្រទេស​បែប​លទ្ធិប្រជាធិបតេយ្យ។
លោក ចាប សេងលី បន្ត​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ដាក់​ពន្ធនាគារ ពុំ​មែន​ជា​ច្រក​ចេញ​ដែល​ល្អ​សម្រាប់​នយោបាយ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​ដូច​នេះ​ជា​ការ​បន្ថែម​កម្ដៅ ធ្វើ​ឲ្យ​បែក​បាក់​សាមគ្គី​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​២​កាន់​តែ​ខ្លាំង​ឡើង៖ «គឺ​ខាង​គាត់​អ្នក​បង្ក​មុន​ណាស់ ខ្ញុំ​ថា​បាត​ដៃ​ទី​៣​ហ្នឹង​តែ​ហ្មង អ្នក​បង្ក ដឹង​អាវុធ​អី​រុំ​ក្រដាស​ឈើ​រឹង ហើយ​រុំ​ក្រដាស​កាសែត ហើយ​យក​មក​ដាក់​បន្លំ​ប៉ុន្មាន​បាវ ហើយ​យក​មក​សម្រាប់​វ៉ៃ​សង្គ្រោះ​ជាតិ គឺ​អ៊ីចឹង​តែ​ហ្មង។ បាទ! បើ​មិន​ដោះ​លែង​ទេ ខ្ញុំ​ថា​រឿងរ៉ាវ​កាន់​តែ​វែង​ឆ្ងាយ គឺ​ប្រជាពលរដ្ឋ​ទាំងអស់​មិន​សុខ​ចិត្ត​ទេ ប្រហែល​ជា​បាតុកម្ម​ធំ​ហ្មង»
ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង មួយ​ចំនួន​ទៀត ក៏​មាន​មតិ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​យុវជន​របស់​គណបក្ស​ប្រឆាំង នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ ដើម្បី​ដាក់​សម្ពាធ​គណបក្ស​ប្រឆាំង មិន​ឲ្យ​ដឹក​នាំ​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល។
ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ទាំង​ខឹង​សម្បា​ដូចៗ​គ្នា​ថា ក្រុម​តំណាង​រាស្ត្រ និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ តែ​ជា​កំហុស​របស់​រដ្ឋាភិបាល និង​ក្រុម​សន្តិសុខ​ទៅ​វិញ​ទេ។ ពួក​គាត់​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​បន្ត​ឃុំ​ដោយ​មិន​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នោះ ប្រជាពលរដ្ឋ​អាច​នឹង​លើក​គ្នា​ទៅ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ៖ «ព្រោះ​គាត់​អត់​មាន​កំហុស​អី​ទេ បាតុកម្ម​នេះ​ជា​កម្លាំង​ចិត្ត​កម្លាំង​ប្រជារាស្ត្រ ដើម្បី​ទៅ​ទាមទារ​យក​ទីលាន​ប្រជាធិបតេយ្យ។ ហើយ​បើ​បិទ​ទីលាន​ប្រជាធិបតេយ្យ សួរ​ថា ប្រជាធិបតេយ្យ​កើត​ពី​ណា​មក ហើយ​ប្រជារាស្ត្រ​តវ៉ា​ទៅ​តវ៉ា​កន្លែង​ណា។ រូប​ខ្ញុំ​ជា​ប្រជារាស្ត្រ សូម​ឲ្យ​លែង​តំណាង​រាស្ត្រ​ទាំងអស់​ជា​បន្ទាន់ ឥត​មាន​លក្ខខណ្ឌ។ ធ្វើ​ទៅ​ខាត​ដល់​ប្រជាពលរដ្ឋ​បាទ! ព្រោះ​គាត់​អ្នក​ទាមទារ​រក​សេរីភាព​ប្រជាពលរដ្ឋ​អ៊ីចឹង​ណាស់ ដូច​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចង់​បាន​តែ​សេរី​បាទ!»
កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា តុលាការ​បាន​ចោទ​ប្រកាន់​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥​រូប និង​សកម្មជន​ម្នាក់​ទៀត ពី​បទ​ដឹក​នាំ​ធ្វើ​កុបកម្ម​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ផ្ដើម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា និង​មាន​ស្ថាន​ទម្ងន់​ទោស។ ជន​ជាប់​ចោទ​ទាំង​នោះ គឺ​អ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត និង​លោក អឿ ណារិទ្ធ ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ។
អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ជុំវិញ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ នេះ​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល​សំខាន់​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ទី​១ ធ្វើ​ឡើង​ដើម្បី​ជា​ថ្នូរ​ផ្នែក​នយោបាយ ទៅ​តាម​សេនារីយោ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ។ ទី​២ ដើម្បី​បន្ថយ​កម្ដៅ​កុំ​ឲ្យ​មាន​ការ​តវ៉ា​រឿង​ជម្លោះ​ដី​កម្ពុជា​ក្រោម នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​២១ កក្កដា ខាង​មុខ។ ទី​៣ អនុវត្ត​ទៅ​តាម​ការ​ស្នើសុំ​របស់​ស្ថានទូត​វៀតណាម នៅ​កម្ពុជា មិន​ឲ្យ​មាន​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត។ ទី​៤ ដើម្បី​បង្កើត​ទិសដៅ​ថ្មី​មួយ ដោយ​បង្វែរ​មិន​ឲ្យ​ពលរដ្ឋ​ចាប់​អារម្មណ៍​រឿង​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម៖ «ហើយ​ចំណុច​ចុង​ក្រោយ គឺ​រដ្ឋាភិបាល​គាត់​មិន​ចង់​ឃើញ​នៅ​កម្លាំង ឬ​ចលនា​មហាជន​បន្ត​ទៅ​ទៀត​នៅ​ក្នុង​សង្គម​ខ្មែរ។ ប៉ុន្តែ​សមរភូមិ​ថ្មី​ដែល ហ៊ុន សែន គាត់​ជ្រើស​រើស​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ខ្ពស់ ហើយ​ជា​សមរភូមិ​ដែល​គាត់​ពុំ​មាន​បទពិសោធន៍ អាច​នឹង​ទទួល​បរាជ័យ​ក៏​អាច​ថា​បាន ពីព្រោះ​សត្រូវ​កាន់​តែ​ច្រើន ហើយ​ចំណង​ការទូត​ក៏​កាន់​តែ​ចង្អៀត ហើយ​សហគមន៍​អន្តរជាតិ​ក៏​ទម្លាក់​ការ​យល់​ឃើញ​ច្រើន​មក​លើ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន»

លោក​បណ្ឌិត កែម ឡី បញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ​នេះ ពុំ​មាន​គណបក្ស​ណា​មួយ​មាន​ជ័យ​ជម្នះ​នោះ​ទេ គឺ​គណបក្ស​ទាំង​២​ធ្លាក់​ប្រជាប្រិយភាព​ទាំង​សង្ខាង។ ទន្ទឹម​នឹង​នេះ គណបក្ស​ដែល​យ៉ាប់យ៉ឺន​ជាង​គេ​ដែល​ពិបាក​នឹង​ស្ដារ​ឡើង​វិញ​នោះ គឺ​គណបក្ស​កាន់​អំណាច​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: