ដោយ៖ ជន ស្រីណុច | ថ្ងៃព្រហស្បតិ៍ ទី17 កក្កដា 2014, VOD
ក្រុមសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ស្នើឲ្យសមត្ថកិច្ចធ្វើការចោទប្រកាន់ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជូន សុវណ្ណ និងអភិបាលរងខណ្ឌដូនពេញ លោកសុខ ពេញវុធ ដែលត្រូវទទួលខុសត្រូវលើ ការប៉ះទង្គិចហិង្សានៅជិតទីលានប្រជាធិបតេយ្យ។
លិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង របស់សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ចុះថ្ងៃទី១៦ខែកក្កដានេះ បានស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ការពិតនូវមូលហេតុសំខាន់ពីរ ដែលនាំឲ្យមានការប្រឈម និងការប៉ះទង្គិចហិង្សារវាងកម្លាំងសន្តិសុខសណ្តាប់ និងក្រុមសម្តែងមតិ(បាតុករ)នៅថ្ងៃទី១៥ខែកក្កដានេះ។ មូលហេតុទី១ គឺការបិទទីលានប្រជាធិបតេយ្យ ដោយមូលហេតុមិនច្បាស់លាស់ និងអូសបន្លាយពេលវេលាមិនមានទីបញ្ចប់។ មូលហេតុទី២ គឺនៅក្នុងសង្គមប្រជាធិបតេយ្យ ការសម្តែងមតិ មិនអាចខ្វះបាន។ លិខិតបន្តថា ក្រោយពីការបិទទីលានប្រជាធិបតេយ្យ បណ្តាលឲ្យក្រុមសម្តែងមតិទទួលការរារាំង បង្ក្រាប បង្ករបួសស្នាម ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាហូរហែ។
នៅក្នុងលិខិតរបស់សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ស្នើឲ្យថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលចង់ឲ្យការចរចាបញ្ចប់នូវការខ្វែងគំនិតគ្នា ដើម្បីរបបប្រជាធិបតេយ្យ សេរីពហុបក្ស មានដំណើរការជាធម្មតាឡើងវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា ខ្លឹមសារនៃការស្នើនោះ នឹងមិនអាចទៅរួចទេ ព្រោះហួសដែនសមត្ថកិច្ចរបស់ក្រសួង ហើយថារឿងរ៉ាវទាំងនោះធ្លាក់ទៅដល់ដៃតុលាការ។
កន្លងទៅតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ធ្លាប់ប្តឹងលោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ករណីបញ្ជាឲ្យក្រុមសន្តិសុខប្រើដំបងវាយបង្ក្រាបដល់ក្រុមប្រជាពលរដ្ឋ ដែលព្យាយាមទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ កាលពីជាង២ខែមុន។
ប៉ុន្តែមកដល់ពេលនេះ តុលាការមិនបានកោះហៅមន្ត្រីរដ្ឋាភិបាលរូបនេះសាកសួរទេ ខណៈលោក សុខ ពេញវុធ នៅតែដើរបញ្ជាក្រុមសន្តិសុខឲ្យបង្ក្រាបលើក្រុមអ្នកតវ៉ានៅឡើយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
No comments:
Post a Comment