A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 August 2014

Judge Ork Sokun Kanha regrets for dropping a blind contestant with a good voice from "The Voice - Cambodia" ឱក សុគន្ធ​កញ្ញា ខ្លាច​មានកំហុស​ទៀត​


ដោយ៖​ វង្ស សុ​ម៉ា​លីន​​ | ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014, VOD


​ឱក សុគន្ធ​កញ្ញា នៅពេល​កន្លង​មក (រូបភាព៖ វង្ស សុ​ម៉ា​លីន​)
​ការទម្លាក់​ចោល​បេក្ខជន​ពិការ​ភ្នែក​ម្នាក់ ពី​ក្នុង​កម្មវិធី The Voice Cambodia របស់​ទូរទស្សន៍​ហង្ស​មាស បាន​ធ្វើឲ្យ​គណកម្មការ​ទាំង​៤  ពិសេស​គឺ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា តែម្ដង ទទួលរង​នូវ​វិប្បសារ អម​ដោយ​ការរិះគន់​យ៉ាងខ្លាំង​។ តារា​រូប​នេះ សារភាពថា នាង​ពិតជា​បារម្ភ បើ​ការកាត់ក្ដី​របស់​នាង​លើក​ក្រោយ បង្ក​ឲ្យមាន​ការឈឺចាប់ និង​លេចចេញ​នូវ​កំហុសឆ្គង​សារជាថ្មី​។
​ជំនួប​មួយ​យ៉ាងខ្លី ក្នុង​វេទិកា​បើកសម្ពោធ​រោង​ភាព Major Cineplex កាលពី​ល្ងាច​ថ្ងៃទី​៦ សីហា នៅ​ផ្សារ Aeon Mall ឱក សុគន្ធ​កញ្ញា​ទទួលស្គាល់ថា ពិតជា​នៅ​សោកស្ដាយ​ដែល​បាន​រួមចំណែក​ធ្វើ​ឲ្យ​បេក្ខជន​ឈ្មោះ ប្រុក ចាន់ថន ជា​បុរស​ពិកា​ភ្នែក​ទាំង​សងខាង ដែល​មាន​ទឹកដម​សំឡេង​ល្អ​ម្នាក់ ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia ។​
​នាង​តប​នឹង​សំណួរ​ដោយ​ភាព​ប្រញាប់ប្រញាល់​ថា «​សម្រាប់​ខ្ញុំ​ពិតជា​មាន​វិប្បសារី ដែល​មិន​បាន​ផ្ដល់ឱកាស​ឲ្យ​បងប្រុស​ម្នាក់​នោះ បន្ត​នៅ​ក្នុង​កម្មវិធី ខ្ញុំ​ស្លុតចិត្ត​ជាងគេ នៅពេល​ឃើញ​ថា​គាត់​ពិការភ្នែក​ទាំង​សងខាង អ៊ីចឹង​ហើយ ទើប​ខ្ញុំ​កំពុង​ភ័យ ប្រសិនបើ​ខ្ញុំ​ភ្លាត់​ឲ្យមាន​កំហុស​បែប​នេះ​ម្ដងទៀត​»​។ នាង​ចាត់ទុកថា កំហុស​អ​ចេតនា​របស់​ខ្លួន បណ្ដាល​ឲ្យ​បុរស​ពិកា​ភ្នែក​ម្នាក់​ឈឺចាប់ និង​ធ្វើឲ្យ​នាង​ខ្លួនឯង​សោកស្ដាយ​។
​យោង​តាម​កម្មវិធី The Voice Cambodia ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​០៣ សីហា  បេក្ខជន ប្រុក ចាន់ថន មកពី​ខេត្ត​កំពង់ចាម មិន​មាន​ទឹកដម​សំឡេង​ណាមួយ​ចាញ់​ប្រៀប​អ្នក​ជាប់​នៅក្នុង​កម្មវិធី​នោះ​ទេ តាមរយៈ​បទ​ចម្រៀង «​រនោច​ខែប្រាំង​» ដែល​ជា​សំនៀង​ដើម​របស់​លោក ឈឿន ឧត្តម​។​


បេក្ខជន​ពិការ​ភ្នែក​លោក ប្រុក ចាន់ថន ដែល​បានធ្លាក់​ចេញ​ពីកម្មវិធី The Voice Cambodia 

​តាម​ការសន្និដ្ឋាន​របស់​មហាជន គឺ​ទំនង​មក​ពី​លោក មាន​របត់​សំឡេង​បែប​បុរាណ ដែល​ផ្ទុយ​ទាំងស្រុង​ពី​ជំនាញ​បែប​រ៉ក់ (rock) បែប​សម័យ​របស់​គ្រូបង្វឹក (coach) ទាំង​៤ ដែល​រួមមាន នាង ឱក សុគន្ធ​កញ្ញា លោក ឆន សុវណ្ណ​រាជ កញ្ញា ពេជ្រ សោភា និង​លោក ណុប បា​យ៉ារិទ្ធិ នោះ​តែម្ដង​។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​គ្រូបង្វឹក អង្គុយ​បែរខ្នង ហើយ​ចុច​សញ្ញា​ពេញចិត្ត ដើម្បី​មាន​សិទ្ធិ​បែរមុខ​មើល​អ្នក​ប្រឡង និង​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​បេ​ក្ខ​នារី បន្ត​ទៅ​វគ្គ​បន្ទាប់​។ ករណី​ដែល​បេក្ខជន​បេ​ក្ខ​នា​រីច្រៀង​ចប់ ហើយ​មិន​មាន​សញ្ញា​ពេញចិត្ត​ពី​គ្រូបង្វឹក​ណា​ម្នាក់ នឹង​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​ដោយ​ស្វ័យប្រវត្តិ​។​
​ឱក សុគន្ធ​កញ្ញា ត្រូវ​គេ​ផ្ដល់​កំហុស​ឲ្យ​ច្រើនជាងគេ ដោយសារតែ​នាង​គឺ​ជា​តារា​ល្បី​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​នាំមុខគេ ក្នុងចំណោម​តារា​ទាំង​៤ ប៉ុន្តែ​បែរជា​ខ្វះ​បច្ចេកទេស​ស្ដាប់​ដឹង​ពី​ទឹកដម​សំឡេង​របស់ លោក ប្រុក ចាន់ថន ដែល​មាន​របត់
​សំឡេង​បែប​បុរាណ ហើយ​ត្រូវ​អ្នកទស្សនា​ភាគច្រើន​សរសើរ​ថា​មាន​សំឡេង​ខ្ពស់ និង​ល្អ​ជាង​បេក្ខជន​ដែល​បាន​ជាប់ នៅក្នុង​ថ្ងៃ​បើកឆាក​នោះ​។​​តាម​គោលការណ៍ កម្មវិធី The Voice ផ្ដល់ឱកាស​ឲ្យ​អ្នក​មាន​សំឡេង​ល្អ​បង្ហា​ញ​ខ្លួន​ដោយ​មិន​ប្រកាន់​លក្ខណ្ឌ​។ ប៉ុន្តែ​នៅពេល​កម្មវិធី​ដំណើរការ គេ​កត់សម្គាល់​ថា គ្រូបង្វឹក ឬ  Coach  ហាក់​ជម្រើស​ឲ្យតែ​បេក្ខជន​បេ​ក្ខ​នារី​ដែល​បកស្រាយ​បទ​ចម្រៀង​បែប​សម័យ​ឲ្យ​ជាប់​ទៅ​វិញ​។​

​ក្រៅពី​សាង​កំហុស​មិន​ជ្រើស​ឲ្យ​បុរស​ពិការ​ភ្នែក​បាន​ជាប់​ស្រប​តាម​ទឹកដម​សំឡេង​ដ៏​ល្អ​របស់​លោក អ្នកទស្សនា​ជាច្រើន​ក៏​សង្កេតឃើញ​ចំណុច​ខ្វះ​ចន្លោះ​មួយទៀត​របស់​តារាចម្រៀង​នាង ឱក សុគន្ធ​កញ្ញា តាមរយៈ​ការកំណត់​ឲ្យ​បេ​ក្ខ​នារី​ម្នាក់​បាន​ជាប់​ភ្លាមៗ ដោយ​គ្រាន់តែ​បាន​ស្ដាប់​សំឡេង​របស់​នាង​ពីរ​បី​ឃ្លា ព្រោះ​តែ​អ្នក​ប្រឡង​នោះ​យក​បទ​របស់​ខ្លួន​មក​ប្រលង​នោះ​ទៀតផង​។ អ្នក​គ្រប់គ្រង​កម្មវិធី The Voice Cambodia មិនអាច​សុំ​ការបញ្ជាក់​បានទេ ។​
​កញ្ញា ស្រី​នាង ដែល​បាន​ចូលរួម​ក្នុង​វេទិកា​បើកសម្ពោធ​រោង​ភាព Major Cineplex និង​ជា​អ្នកតាមដាន​កម្មវិធី The Voice បង្ហាញ​ការយល់ឃើញ​របស់​នាង​ថា បើ​តាម​នាង​យល់ កម្មវិធី The Voice នៅ​ស្រុក​គេ អ្នក​កាត់សេចក្ដី ដែល​ធ្វើ​ជា​គ្រូបង្វឹក ប្រាកដជា​មាន​ការបណ្ដុះ​បណ្ដាល​ឲ្យ​ស្គាល់​ពី​បច្ចេកទេស​សំឡេង លើ​គ្រប់​ប្រភេទ​បទ​។ ប៉ុន្តែ​នៅ​កម្ពុជា នាង​មិន​ដឹង​ថា​តារា​ទាំង​៤ បាន​ទទួល​ការណែនាំ​កម្រិតណា ដើម្បី​កុំ​ឲ្យ​ខុសឆ្គង​នៅក្នុង The Voice ដែល​ជា​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ធំ​នៅ​លើ​ពិភពលោក​។​
​ឱក សុគន្ធ​កញ្ញា បញ្ជាក់​ចុងក្រោយ​ថា​នាង​ពិតជា​ភ័យ បើ​ភាព​ខុសឆ្គង ធ្វើឲ្យ​នាង​រង​នូវ​ការរិះគ​ន់​សារជាថ្មី ព្រោះតែ​ការ​កាត់សេចក្ដី​នៅក្នុង​កម្មវិធី​នេះ​៕ 
សូមសរសេរមកកាន់លោក វង្ស សុ​ម៉ា​លីន​ តាមរយៈ vongsomalin@yahoo.com

1 comment:

Anonymous said...

It is not fair to drop this disable person with an incredible voice. He deserves it.

So, why you called Voice Cambodia if you don't have a good judgement.

Ridiculous!!!

Khmer in the U.S.