A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 September 2014

Kem Sokha visits grassroots supporters in the provinces លោក កឹម សុខា បន្ត​ចុះ​តាម​ខេត្ត

Sat, 6 September 2014
 
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/20140906_11.jpg?itok=BCfV_l_3
ស្ត្រី​ចំណាស់​ម្នាក់​ថើប​លោក កឹម សុខា ក្នុង​ពិធី​នៅ ខេត្ត​កំពត ពី​ថ្ងៃ​ព្រហស្បតិ៍។ សហការី
 
បន្ទាប់​ពី​បាន​ចូល​កាន់​តំណែង​ជា​អនុ​ប្រធាន ទី១ រដ្ឋសភា លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្តើម​ចុះ​ជួប​សកម្ម​ជន​របស់​លោក នៅ​តាម​ខេត្ត​ជា​ថ្មី​ទៀត ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក ជា​អ្វី​ដែល​លោក​បាន​លើក​ឡើង​ថា ដើម្បី​ពន្យល់​ប្រាប់​ប្រជា​ពលរដ្ឋ​អំពី​មូល​ហេតុ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ ព្រម​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា​បន្ទាប់​ពី​បាន​ធ្វើ​ពហិការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ។
តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា លោក កឹម សុខា បាន​ចុះ​ទៅ​ជួប​សកម្ម​ជន​របស់​លោក​នៅ ខេត្ត​កំពត និង ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ លោក​នឹង​ទៅ​ជួប​សកម្ម​ជន​នៅ ក្រុង​សៀមរាប និង​នៅ​ថ្ងៃ​អាទិត្យ​ស្អែក ទៅ​ជួប​សកម្មជន​នៅ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។
នៅ​ក្នុង​គេហទំព័រ ហ្វេស​ប៊ុក លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ពេល​នេះ គឺ​ដើម្បី ទី១ ស្ដាប់​មតិ​ប្រជា​ពលរដ្ឋ​ពី​មូលដ្ឋាន ទាក់​ទង​នឹង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន និង ទី២ ជម្រាប​ប្រជា​ពលរដ្ឋ​អំពី​ថា តើ​ហេតុ​អ្វី​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​រដ្ឋសភា និង​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែន​ការ​អ្វី​ខ្លះ​ទៅ​ថ្ងៃ​អនាគត?
លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​សកម្ម​ជន និង​ប្រជា​ពលរដ្ឋ​ប្រមាណ ១០០០ នាក់​ដែល​មក​ចូល​រួម​សំណេះ​សំណាល​ជាមួយ​លោក​នៅ ខេត្ត​កំពត៖ «...តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ពារ​ប្រយោជន៍​ប្រជា​ពលរដ្ឋ និង​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​ពិត​ប្រាកដ និង​ត្រឹម​ត្រូវ​ជូន​ប្រជា​ពលរដ្ឋ»
ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ព្រម​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា​មក មាន​សាធារណ​ជន​ជា​ច្រើន​បាន​ធ្វើ​ការ​រិះគន់​គណបក្ស​ប្រឆាំង​នេះ​ថា ក្បត់​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​បោះ​ឆ្នោត​ឲ្យ ហើយ​កំពុង​ដើរ​លើ​ផ្លូវ​ចាស់​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច។ ប៉ុន្តែ លោក កឹម សុខា បាន​ថ្លែង​ថា មាន​មនុស្ស ៣ ប្រភេទ​ដែល​បាន​រិះគន់​និង​ព្រួយ​បារម្ភ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​បាន​ថ្លែង​ថា៖ «ក្រុម ទី១ គឺ​អ្នក​ស្នេហា​ជាតិ ពួកគេ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ល្អ។ គេ​ខ្លាច​ក្រែង​យើង​ដូច​គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ ក្រុម ទី២ គឺ​គេ​មាន​ផែន​ការ​របៀប​វារៈ ដើម្បី​បង្កើត​គណបក្ស​នយោបាយ​របស់​ខ្លួន។ គេ​រង់​ចាំ​មើល​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​រដ្ឋសភា បន្ទាប់​មក​គេ​បន្ទាប​បន្ថោក ដើម្បី​បង្កើត​គណបក្ស​របស់​ខ្លួ»
ចំណែក​ក្រុម ទី៣ ពួក​គេ​គឺជា​សមាជិក​គណបក្ស​ប្រជាជន ដែល​ពួក​គេ​ធ្វើ​ពុត​ជា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ហើយ​គេ​បាន​រិះ​គន់ ឬ​វាយ​ប្រហារ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា។
លោក​បាន​បន្ថែម​ថា ក្រុម​ទី៣ របស់​គណបក្ស​ប្រជាជន បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា គេ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ប៉ុន្តែ តាម​ពិត​ទៅ គេ​មិន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។
លោក កឹម សុខា គូស​បញ្ជាក់​ទៀត​ថា សមាជិក​ក្រុម​ប្រឹក្សា​ទាំង​អស់​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ប្រជុំ​សភា ដោយ​ថា គេ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ក្នុង​រដ្ឋសភា ដើម្បី​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា ជាមួយ​នឹង​គណបក្ស​ប្រជាជន ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ។
យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បាត់​បង់​ប្រជាប្រិយ​ភាព ប្រសិន​បើ​គណបក្ស​នេះ មិន​បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​រដ្ឋសភា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ជា​ពិសេស​បញ្ហា​ដី​ធ្លី៕

No comments: