A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 22 September 2014

Members of Land Dispute Resolution Commission of National Assembly plans to visits the site of land dispute with Energy Minister Suy Sem in Lorpeang village, Kampong Chhnang មន្ត្រី​គណៈកម្មការ​ទី​១​សភា​គ្រោង​ចុះ​អង្កេត​ទំនាស់​ដី​នៅ​ឡពាង​ក្រោយ​បុណ្យ​ភ្ជុំ

ជម្លោះ​ដី ឡពាង ៦២០
អ្នក​ភូមិ​ឡពាង និង​អ្នក​ភូមិ​បឹងកក់ នា​ខេត្ត​កំពង់ឆ្នាំង ដើរ​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​មក​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៤។
RFA/Chin Chetha
មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា គ្រោង​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​ជម្លោះ​ដីធ្លី​រវាង​លោកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម ជាមួយ​អ្នក​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​រួច។
គម្រោង​ចុះ​អង្កេត​ផ្ទាល់​នៅ​ភូមិ​ឡពាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​វិភាគ​សង្គម​ស្រាវជ្រាវ​រក​ឃើញ​ថា ទំនាស់​ដីធ្លី​នៅ​ឡពាង​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ធំៗ និង​អ្នក​មាន​អំណាច​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ប្រយោជន៍​របស់​ខ្លួន។ 
ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា កំពុង​ប្រមូល​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ រួម​មាន​ពី​អង្គការ​សង្គម​ស៊ីវិល ពី​ពលរដ្ឋ និង​ខាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដើម្បី​ត្រៀម​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​មូលដ្ឋាន។

អ្នក​ភូមិ​ឡពាង បាន​បោះបង់​ការ​តវ៉ា​នៅ​មូលដ្ឋាន បន្ទាប់ពី​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​បាន​វេច​បង្វេច​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ តាំង​ពី​ខែ​សីហា។ អ្នក​ភូមិ​ឡពាង បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​លើក​ទៅ​រដ្ឋ​សភា ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ជួយ​ដោះស្រាយ​វិវាទ​នេះ។
​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ទំនាស់​ដីធ្លី​នៅ​ឡពាង មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​លោក​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​មូលដ្ឋាន​មុន​នឹង​សម្រេច​បញ្ជូន​ករណី​នេះ​បន្ត​ទៅ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​អន្តរាគមន៍។ លោក​បញ្ជាក់​ថា អ្នក​ភូមិ​ឡពាង ចង់​បញ្ចប់​ករណី​វិវាទ​នេះ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ចង់​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​រឿង​នេះ។
​លោក អេង ឆៃអ៊ាង៖ «គណៈកម្មការ​ទី​១​នឹង​រៀបចំ​ក្រុម​ការងារ​ដើម្បី​ចុះ​ទៅ​អង្កេត​រឿង​ហ្នឹង​សិន អង្កេត​ឲ្យ​ដឹង​ច្បាស់​សិន រួច​ហើយ​បាន​គណៈកម្មការ​នឹង​ផ្ដល់​ព័ត៌មាន​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ បើ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​ក្រុមហ៊ុន ទាំង​ប្រជាពលរដ្ឋ លោក​ចង់​ឲ្យ​គណៈកម្មការ​ទី​១ ធ្វើ​ជា​អ្នក​សម្របសម្រួល យើង​នឹង​ដើរ​តួនាទី​ហ្នឹង តែ​បើ​ពលរដ្ឋ​អត់​ត្រូវការ​ទេ ចង់​ឲ្យ​និយាយ​រឿង​យុត្តិធម៌ និយាយ​ពី​រឿង​ឈ្នះ​ចាញ់ យើង​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ស្ថាប័ន​សម្រាប់​ការ​ដោះស្រាយ ធ្វើការ​ដោះស្រាយ ហើយ​គណៈកម្មការ​ទី​១​នេះ នឹង​ឃ្លាំមើល​ដំណើរការ​នេះ»
​អ្នក​ភូមិ​ឡពាង​ចំនួន ៨៣​គ្រួសារ នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង ទំហំ ១៨៣​ហិកតារ។ ជម្លោះ​នេះ​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ ហើយ​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់​ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ។
តំណាង​អ្នក​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី សង្ឃឹម​ថា ការ​ចុះ​ទៅ​ស្រាវជ្រាវ​របស់​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា​ពេល​ខាង​មុខ នឹង​ផ្ដល់​យុត្តិធម៌​ពិត​ដល់​អ្នក​ភូមិ ហើយ​អាច​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ដែល​ពួក​គាត់​រស់​នៅ និង​បាន​កាន់​កាប់​លើ​ដី​ទំនាស់​នោះ។
អ្នកស្រី អ៊ុំ សុភី៖ «បើ​គាត់​ស៊ើប​អង្កេត​ប៉ះចំ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ឬ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន គឺ​អាជ្ញាធរ​គាត់​មិន​គាំទ្រ​ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​ទេ។ ប៉ុន្តែ​បើ​គាត់​បាន​ចុះ​មក​ស៊ើប​សួរ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ គាត់​នឹង​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ត្រឹមត្រូវ»

របាយការណ៍​បឋម​ស្ដីពី​ទំនាក់ទំនង​អំពើ​ពុករលួយ និង​និទណ្ឌភាព​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​ក្រុម​របស់​លោក កែម ឡី រក​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡពាង មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ធំៗ និង​អ្នក​មាន​អំណាច​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ប្រយោជន៍​របស់​ខ្លួន។ រយៈពេល​ជិត ៨​ឆ្នាំ​កន្លង​មក មាន​អ្នកភូមិ​ឡពាង ១១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង ១១​នាក់​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​តាម​អំណាច​នៃ​ការ​ប្ដឹង​របស់​តំណាង​ក្រុមហ៊ុន ហើយ​បណ្ដឹង​ទាំង​នោះ​សុទ្ធតែ​បាន​ចាត់ការ​និង​មាន​ដីកា​កោះហៅ។ ចំណែក​ឯ​អ្នកភូមិ​ឡពាង​វិញ ក៏​បាន​ដាក់​​ពាក្យ​បណ្ដឹង​ជាង ១០០​បណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តុលាការ​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​ពាក្យ​បណ្ដឹង​នោះ​ត្រូវ​បាន​ចាត់ការ​តិចតួច​បំផុត។
​របាយការណ៍​ដដែល​ក៏​រក​ឃើញ​ថា ថ្នាក់ដឹកនាំ​បាន​ចូលរួម​តិចតួច​បំផុត​ក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ ដោយ​គ្រាន់តែ​ចេញ​លិខិត​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌​ចេញ​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដែល​លិខិត​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្អាក​ដំណើរការ​របស់​ក្រុមហ៊ុន ឬ​បាន​ដោះស្រាយ​លើ​ចំណុច​ណា​មួយ​ឡើយ។ ការ​ដាក់​កងកម្លាំង​ដើម្បី​ការពារ ប៉ុន្តែ​បែរ​ជា​រឹត​បន្តឹង​សេរីភាព​របស់​ពលរដ្ឋ។
ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​ធ្លាក់​ចុះ​ផ្នែក​ស្មារតី​និង​ជីវភាព រី​ឯ​ក្មេងៗ​តូចៗ​វិញ រង​ផល​ប៉ះពាល់​ដល់​សុខភាព​និង​ប្រាជ្ញា ក្រោយ​ពី​រង​របួស​ក្បាល​និង​រាង​កាយ​ក្នុង​ព្រឹត្តិការណ៍​ដែល​ក្រុម​កម្មករ​ក្រុមហ៊ុន និង​អ្នក​ភូមិ​ឡពាង ប្រយុទ្ធ​គ្នា​ដោយ​ចម្ពាម​កៅស៊ូ និង​ដំបង​កាលពី​ខែ​មិថុនា កន្លង​មក៕

No comments: