A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 September 2014

People locked in land dispute with a company in Koh Kong sought intervention from the provincial governor ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​កោះកុង​រក​អន្តរាគមន៍​ពី​អភិបាល​ខេត្ត

ជម្លោះ​ដីធ្លី កោះកុង ៦២០
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ តវ៉ា​មុខ​សាលា​ខេត្ត​កោះកុង សុំ​ឲ្យ​ចៅហ្វាយ​ខេត្ត​ជួយ​ដោះស្រាយ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។
Photo Provided
ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ឈ្មោះ យូញៀន ឌីវើឡុបមិន (Union Development) បាន​នាំ​គ្នា​ស្វែងរក​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត​កោះកុង ឲ្យ​រក្សា​ទុក​ដី​របស់​អ្នក​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។
ការ​ស្នើ​នេះ ពួក​គាត់​សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​ជូន​តាម​សំណើ​អ្នក​ភូមិ នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។
តំណាង​ពលរដ្ឋ ៥​នាក់ ក្នុង​ចំណោម​ពលរដ្ឋ ១១៥​គ្រួសារ មក​ពី​ភូមិ​ចំនួន​៣ នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន បាន​ដាក់​លិខិត​ឲ្យ​អភិបាល​ខេត្ត អន្តរាគមន៍​ឆ្វៀល​ដី​ឲ្យ​ពួក​គាត់​រស់នៅ និង​បង្កបង្កើនផល។
បុរស​វ័យ ៧០​ឆ្នាំ លោក ប្រាក់ ថន រស់នៅ​ចំណុច​ពយជប៉ុន ក្នុង​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា អ្នក​ភូមិ​ចំនួន​៣ គឺ​ភូមិ​ព្រែកស្មាច់ ចំនួន ២៩​គ្រួសារ ភូមិ​ពាមកាយ ១៩​គ្រួសារ និង​ភូមិ​កោះស្ដេច ៦៧​គ្រួសារ សរុប ១១៥​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន យូញៀន ឌីវើឡុបមិន តាំង​ពី​ឆ្នាំ​២០០៨ ដែល​ពាក់ព័ន្ធ​នឹង​ដី​លំនៅឋាន និង​ដី​ចម្ការ​របស់​ពួក​គាត់​ជាង ១​ពាន់​ហិកតារ។
លោក​ថា តាម​រយៈ​លិខិត​ដែល​បាន​ដាក់​ជូន​ទៅ​អភិបាល​ខេត្ត​នេះ សង្ឃឹម​ថា​នឹង​អន្តរាគមន៍​ជូន​ពួក​គាត់៖ «អា​យូញៀន​ហ្នឹង​វា​អត់​ដោះ​ទេ វា​គិត​តែ​ដណ្ដើម។ យើង​ដាក់​លិខិត​ឲ្យ​ខេត្ត​ហ្នឹង ដើម្បី​ឲ្យ​ដោះស្រាយ ចុះ​ទៅ​មើល​ពិនិត្យ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​យើង​នៅ​ធម្មតា​ដូច​ដើម​វិញ​ចឹង»
នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កោះកុង លោក សៅ ស៊ីធួន ដែល​បាន​ចេញ​មក​ទទួល​លិខិត​ពី​ពលរដ្ឋ មាន​ប្រសាសន៍​ថា លោក​នឹង​បញ្ជូន​លិខិត​នេះ​ទៅ​លោក​អភិបាល​ខេត្ត ឲ្យ​ពិនិត្យ​មើល​សំណើ​របស់​អ្នក​ភូមិ​នេះ៖ «គាត់​ស្ងប់​ចិត្ត​អ៊ុំ​ពូ​មីង ខ្ញុំ​ធ្លាប់​ស្គាល់​ធ្លាប់​ជួប​គាត់​ចឹង គាត់​ក៏​វិល​ត្រឡប់​ទៅ​វិញ រង់ចាំ​ការ​ណែនាំ​ពី​ឯកឧត្ដម​អភិបាល​ខេត្ត»
ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​វិវាទ​ដីធ្លី​នេះ​ចេះ​តែ​អូស​បន្លាយ​គ្មាន​ការ​ដោះស្រាយ​កន្លង​មក ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចាត់​ទុក​ថា​ពួក​គាត់​ជា​ក្រុម​អ្នក​ប្រឆាំង។
យ៉ាង​ណា​ក៏ដោយ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ មាន​ទស្សនៈ​ថា អ្នក​ភូមិ​គួរ​តែ​បាន​អ្វី​ដែល​ពួក​គាត់​ស្នើ​សុំ។ លោក​ថា បើ​ក្រឡេក​មើល​ទិដ្ឋភាព​ច្បាប់ អ្នក​ភូមិ​មាន​លក្ខណៈ​ពេញ​លេញ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់។ ហើយ​ពលរដ្ឋ​ទាំង​នេះ គឺ​ជា​អ្នក​រងគ្រោះ​ពិត​ប្រាកដ ដែល​កំពុង​រង់ចាំ​ការ​ដោះស្រាយ៖ «ពាក់ព័ន្ធ​បញ្ហា​ហ្នឹង យើង​ឃើញ​ថា ប្រជាពលរដ្ឋ​គាត់​បាន​ទន្ទឹម​រង់ចាំ​យូរ​ហើយ នៅ​ពេល​ដែល​គាត់​មើល​ឃើញ​ទូរទស្សន៍ ប្រសាសន៍​សម្ដេច​ទៅ គាត់​មាន​ក្ដី​សង្ឃឹម​ទៅ​លើ​ការ​ដោះស្រាយ ការ​អនុវត្ត​រូបមន្ត​ស្បែក​ខ្លា។ ដូច្នេះ​ហើយ ពួក​គាត់​មាន​ក្ដី​សង្ឃឹម​ចុង​ក្រោយ​មួយ យក​ពាក្យ​មក​ដាក់​នៅ​សាលា​ខេត្ត ដើម្បី​ស្នើ​សុំ​ឲ្យ​ថ្នាក់​ខេត្ត ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង។ ពួក​គាត់​មាន​ជំនឿ​មុតមាំ​ថា បញ្ហា​នេះ​នឹង​មាន​ផល​ប្រយោជន៍​ចំពោះ​ប្រជាពលរដ្ឋ ដែល​គាត់​ទន្ទឹង​រង់ចាំ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​គាត់​រង់ចាំ​អស់​រយៈពេល​ជាង ៦​ឆ្នាំ​មក​ហើយ»

គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន យូញៀន ឌីវើឡុបមិន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ ១.១៨៤​គ្រួសារ ដែល​រស់នៅ​បង្កបង្កើនផល​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ពាក់ព័ន្ធ​ផ្ទៃ​ដី ៣.៦០០​ហិកតារ។ ក្រុម​អ្នក​ភូមិ មាន​គម្រោង​ឡើង​មក​មន្ទីរ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ភ្នំពេញ​ទៀត ប្រសិន​ជា​ការ​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​លើក​នេះ មិន​មាន​ដំណោះស្រាយ៕

No comments: