A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 24 September 2014

President Barack Obama lauds praises on Mr. Chut Wutty, the slain environmentalist លោក​អូបាម៉ា​ថ្លែង​សរសើរ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​និង​ព្រៃឈើ​កម្ពុជា

Watch a video about Chut Wutty's life and his works.
បារ៉ាក់ អូបាម៉ា ៣០៥
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)
AFP/Photo
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​កោតសរសើរ ចំពោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​បាន​ខិតខំ​ធ្វើ​ការងារ​ដើម្បី លើក​កម្ពស់ ប្រជាធិបតេយ្យ និង​ការពារ​សិទ្ធិ​សេរីភាព​នៅ​លើ​ពិភពលោក។ ដោយឡែក​សម្រាប់​កម្ពុជា នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក អូបាម៉ា បាន​ឧទ្ទិស​នាម​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បាន​រម្លឹក​ឈ្មោះ​សកម្មជន​ការពារ​ព្រៃឈើ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ឃាតក​បាញ់ សម្លាប់​កាលពី​ឆ្នាំ​២០១២។ លោក អូ​បា​ម៉ា ថ្លែង​ថា សហរដ្ឋអាមេរិក នឹង​ឈរ​ខាង​ពួកគេ។
ថ្លែង​ទៅកាន់​អ្នកចូលរួម ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​នៅ​ឯ​កម្មវិធី​ផ្ដួចផ្ដើម​គំនិត​ពិភពលោក​ក្លីនតុ​ន (Clinton Global Initiative) នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​រម្លឹក​ឈ្មោះ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​របស់​កម្ពុជា​ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ខេត្ត​កោះកុង និង កោតសរសើរ​ចំពោះ​ការងារ​ការពារ​សិទ្ធិមនុស្ស​របស់​អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។
លោក​ប្រធានាធិបតី អូបាម៉ា មាន​ប្រសាសន៍ថា អាមេរិក​ឈរ​ជាមួយ​សកម្មជន​ដូចជា អ្នកស្រី ចក់ សុភាព នៅ​កម្ពុជា។ លោក អូបាម៉ា ថ្លែង​ដោយ​ស្រង់​សម្ដី​របស់​អ្នកស្រី ចក់ សុភាព ដែល​បាន​លើក​ឡើង​ថា អ្នកស្រី​សុបិន្ត ថា​ពលរដ្ឋ​ខ្មែរ​អាច​រីករាយ​នឹង​សេរីភាព ដែល​ពួកគេ​គួរ​ទទួល​បាន។ សម្ដី​នេះ​ហើយ ដែល លោក អូបាម៉ា ឆ្លើយតប​វិញ​ថា យើង​មិន​អាច​មិន​មាន​មោទនភាព​ចំពោះ​អ្នក​បានទេ ហើយ​យើង​ឈរ​ជាមួយ​អ្នក។
ទាក់ទង​នឹង​ប្រទេស​កម្ពុជា​ដែរ លោក អូបាម៉ា ថ្លែង​ថា សហរដ្ឋអាមេរិក​គាំទ្រ​អ្នក​ដែល ប្រយុទ្ធ​ប្រឆាំង​នឹង​ច្បាប់​ទាំងឡាយ​ណា ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​លើ​ក្រុម អង្គការ សង្គម​ស៊ីវិល។ លោក​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ធ្វើ​ការ ជាមួយ​គ្នា​ដើម្បី​រារាំង ការ​រឹត​ត្បិត​ថ្មីៗ​ទៅលើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។
ក្រៅពី​អ្នកស្រី ចក់ សុភាព សកម្មជន​ការពារ​សិទ្ធិមនុស្ស​៣​នាក់​ផ្សេងទៀត មកពី​ប្រទេស កេនយ៉ា (Kenya) ប្រទេស​ហុងឌុយរ៉ាស់ (Honduras)និង​ប្រទេស​អេហ្សី​ប (Egypt) ក៏​ត្រូវ បាន​លោក អូ​បា​ម៉ា ហៅ​ឈ្មោះ​និង​សរសើរ​អំពី​ការងារ​របស់​គេ​ដែរ។
លោក អូ​បា​ម៉ា ក៏បាន​លើកឡើង​អំពី​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន ផ្សេង​ទៀត ដែល​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ពួកគេ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន មាន ដូចជា លីអូប៉ូលដូ ឡូប៉ែស (Leopoldo Lopez) នៅ​វេណេហ្សូអេឡា (Venezuela) លោក ព្យែរ ក្លាវវ៉េ (Pierre Claver) នៅ​ប៊ូរុនឌី (Burundi) អាមេដ ម៉ាហើ (Ahmed Maher) នៅអេហ្សីប លោក លឺ ហ្សាវបូ (Liu Xiaobo) និង​លោក អីលឡា​ម តូទី (IIham Tohti)នៅ​ចិន និង​លោក​ឪពុក លី (Father Ly) នៅ​វៀតណាម។ លោក អូ​បា​ម៉ា ថ្លែង​ថា អ្នក​ទាំងអស់​នេះ​សម​ទទួល​បាន​សេរីភាព និង​គួរ​ទទួល​បាន​ការ​ដោះលែង។
វា​អាច​ជា​រឿង​កម្រ​មួយ​ដែល​មេដឹកនាំ​កំពូល​របស់​ប្រទេស​មហាអំណាច​បំផុត​លើ​ពិភព​លោក​ថ្លែង​កោតសរសើរ និង​ហៅ​ចំ​ឈ្មោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ព្រៃឈើ​នៅ​កម្ពុជា​។ ការ​យក​ចិត្ត​ទុកដាក់​របស់​ប្រធានាធិបតី​អាមេរិក​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នេះ ប្រាកដ​ណាស់​ថា នឹង​ត្រូវ​បាន​អបអរសាទរ​ដោយ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​វិញ មិន​ប្រាកដ​ថា ជា​រឿង​គួរ​ឲ្យ​ស្វាគមន៍​នោះ​ឡើយ។
ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​លោក ទិត្យ សុធា មាន​ប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​មិន​ចាប់អារម្មណ៍​ទៅ​នឹង ការថ្លែង​ណាមួយ ដែល​ធ្វើឡើង​ដោយ​មិន​មែន​ជា​ការពិត និង​សុក្រឹតភាព​នោះ​ឡើយ។ លោក ទិត្យ សុធា ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​ខ្លាំង​ណាស់ ឲ្យ​មានការ​ចូលរួម​ពី សង្គម ស៊ីវិល លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ដើម្បី រួមចំណែក​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការ គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​របស់​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពេលនេះ គឺ​ដោយសារ​លោក អូបាម៉ា ទទួល​ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ ហើយ សុទ្ធសឹងតែ​ជា​ព័ត៌មាន​ដែល​ក្លែងបន្លំ និង​មួលបង្កាច់ កិត្តិយស​របស់​កម្ពុជា៖ «ខ្ញុំ​ថា​ការ​យក​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់​ប្រទេស​មួយ ដែល​បាន​ប្រឹងប្រែង​កិត្តិយស កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​មួយ ដែល​បាន​ប្រឹងប្រែង​លើក​កម្ពស់ ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ហើយ​បែរជា​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ខ្វះ សុចរិត​ភាព​បែបនេះ ខ្ញុំ​យល់​ថា បណ្ដា​ប្រទេស​មួយ​ចំនួន​គេ​ជឿជាក់​ណាស់ នៅ​លើ​ការចូលរួម​ផ្ទាល់ ជាមួយ​នឹង​កម្ពុជា គឺ​គេ​នឹង​បាន​ដឹង មិនមែន​មានន័យថា គ្រប់​សារ​នយោបាយ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក សុទ្ធ​តែ​ជា​ការពិត ហើយ​ធ្វើ​ឲ្យ​គេ​ជឿ​បាន​ទាំងអស់​នោះ​ទេ យើង​មិន​ខ្វល់​នឹង​សេចក្ដី​ថ្លែង ការណ៍​ណា ដែល​ប្រាស់​ចាក​ពី​ការពិត​នោះ​ទេ»
ចំពោះ​ករណី​លោក ឈុត វុទ្ធី លោក ទិត្យ សុធា ថ្លែង​ថា វា​គឺជា​ជម្លោះ​រវាង​បុគ្គល​និង​បុគ្គល មិនមែន​នៅ​ក្នុង​បេសកកម្ម​ដែល​លោក ឈុត វុទ្ធី ទៅ​ការពារ​ព្រៃឈើ​នោះ​ឡើយ ហើយ លោក​ថា​ជន​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​រួចហើយ​ដែរ ដែល​នេះ លោក​ថា វា​មិនមែន​ជា​វប្បធម៌​និទណ្ឌ​ភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ នៅ​កម្ពុជា​នោះ​ទេ។ ទាក់ទង​បញ្ហា​ច្បាប់​វិញ លោក ទិត្យ សុធា ថា​សង្គម​ស៊ីវិល គួរ​ធ្វើ​អ្វីៗ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់។ លោក​ថា​កម្ពុជា​ប្រកាន់យក​គោលការណ៍​នីតិរដ្ឋ មិន​អាច​បណ្ដោយ​ឲ្យ​បុគ្គល​ណា​ម្នាក់ ធ្វើ​សកម្ម ភាព​ជិះ​សេះ​លែងដៃ​បាន​ឡើយ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល និង​សហគមន៍ អន្តរជាតិ​ពី​ការរំលោភ​សិទ្ធិមនុស្ស ដូចជា​ការ​បាញ់​សម្លាប់​លើ​កម្មករ​តវ៉ា​ដំឡើង​ប្រាក់ខែ ការ​ប្រើ​ហិង្សា​លើ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកកាសែត ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ការ​រឹត​បន្តឹង​លើ​សេរីភាព​ធ្វើបាតុកម្ម​និង​ការ​ប្រមូល​ផ្ដុំ ព្រមទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ គាបសង្កត់​លើ​ប្រធាន​សហជីព​ជាដើម។
លោក អូបាម៉ា បាន​ផ្ដាំផ្ញើ​ទៅ​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក​ថា ពួកគេ​នឹង​មិន នៅ​ឯកា​ឡើយ។ លោ​កថា​ដៃគូ​ពួកគេ​នឹង​ឈរ​ជាមួយ​ពួកគេ។ សហគមន៍​ពួកគេ​នឹង​ឈរ ជាមួយ​ពួកគេ។ មិត្ត​ភក្តិ​នៅ​លើ​សកលលោក​នឹង​ឈរ​ជាមួយ​ពួកគេ ហើយ​ជាពិសេស សហរដ្ឋអាមេរិក និង​ប្រធានាធិបតី​អាមេរិក នឹង​ឈរ​ជាមួយ​ពួកគេ៕

1 comment:

Anonymous said...

សំដីរដ្ឋាភិបាលខ្មែរពិតជាយង់គ្នង ងងិតងងល់ ព្រៃផ្សៃ មិនមានយុត្តិធ័ម៏ មិនទទួលការពិត បែរជារិះគន់រដ្ឋាភិបាលមហាប្រជាធិបតេយ្យពិភពលោក នេះសុទ្ធតែជាពួកអាល្ងើខំបំផ្លីការពិត ពួកនេះសុទ្ធតែជាពួកទមិលឥតសាស នា ។