A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 October 2014

Brad Adams responds to Hun Sen's accusation of a "double standard" សម្ភាស​លោក ប្រេដ អាដាម ករណី​លោក ហ៊ុន សែន ចោទ​ថា​អនុវត្ត​ស្តង់ដារ​ពីរ

ប្រែត អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះ​គន់ លោក ប្រេដ អាដាម (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​ផ្នែក​អាស៊ី ថា​ជា​ភ្នាក់ងារ​សិទ្ធិ​មនុស្ស​ម្នាក់​អនុវត្ត​ស្តង់ដារ​ពីរ (Double Standard)។ គឺ​ជា​មនុស្ស​ដែល​អនុវត្ត​គោលការណ៍​មិន​ស្មើ​គ្នា រិះ​គន់​តែ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដទៃ ប៉ុន្តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​មាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឯង គឺ​សហរដ្ឋ​អាមេរិក មិន​រិះ​គន់​ទេ។
តើ លោក ប្រេដ អាដាម ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ?
សូម​អញ្ជើញ​ស្តាប់​ការ​បកស្រាយ​របស់ លោក ប្រេដ អាដាម (Brad Adams) តាម​ការ​សាកសួរ​របស់ លោក ជី វិតា ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖
លោក ជី វិតា៖ ជម្រាប​សួរ លោក ប្រេដ អាដាម! មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា លោក​តែង​តែ​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា ជាប់​ជានិច្ច។ ពួក​គេ​ថា លោក​មើល​ឃើញ​រដ្ឋាភិបាល​កម្ពុជា តែ​ក្នុង​ផ្លូវ​អាក្រក់ ពោល គឺ​មិន​ដែល​ល្អ​ត្រង់​ណា​ទេ។ តើ​លោក​ឆ្លើយ​យ៉ាង​ណា​ដែរ?
លោក ប្រេដ អាដាម៖ ខ្ញុំ​ធ្វើ​កិច្ចការ​ជា​សកម្មជន​សិទ្ធិ​មនុស្ស។ មុខងារ​របស់​ខ្ញុំ គឺ​ពិនិត្យ​មើល​ហេតុការណ៍​ពិត​ដែល​កើត​ឡើង។ ខ្ញុំ​ពិនិត្យ​មើល និង​បញ្ចេញ​យោបល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន​១៦ ជុំវិញ​តំបន់​អាស៊ី។ ខ្ញុំ​ត្រួត​មើល​ការងារ​នេះ​ចាប់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន រហូត​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង។ នៅ​ពេល​យើង​ឃើញ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​វិជ្ជមាន ឬ​ធ្វើ​កិច្ចការ​ការពារ​ប្រជាពលរដ្ឋ យើង​ស្វាគមន៍ និង​លើក​ទឹក​ចិត្ត។ នៅ​ពេល​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ យើង​សម្ដែង​មតិ​ប្រឆាំង។ យើង​ទាមទារ​អោយ​បញ្ឈប់​ការ​រំលោភ​នោះ។
សម្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ រដ្ឋាភិបាល​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​កម្ពុជា ជា​លក្ខណៈ​ប្រព័ន្ធ។ រាប់​ទសវត្សរ៍​មក​ហើយ អ្នក​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ តែង​ទទួល​បាន​និទ្ទណ្ឌភាព ឬ​រួច​ខ្លួន​ពី​ការ​ផ្ដន្ទាទោស។ ឧទាហរណ៍​ថ្មីៗ​នេះ កម្មករ និង​សកម្មជន​សហជីព ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ និង​ខែ​មករា ឆ្នាំ​នេះ នៅ​ពេល​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ហើយ​ពួក​គេ​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប។ ចំណែក​កម្លាំង​កង​រាជ​អាវុធហត្ថ និង​ក្រុម​ទាហាន​នៃ​អង្គភាព​ឆត្រ​យោង​៩១១ ដែល​យើង​បាន​ឃើញ​វាយ​បង្ក្រាប​កម្មករ​វិញ​នោះ មិន​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​សាកសួរ​នោះ​ទេ។ មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​អំពី​ការ​វាយ​បង្ក្រាប​បាញ់​សម្លាប់​កម្មករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ឃើញ​រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​បាន​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ទាំង​នេះ​ទៀត​ផង ដោយ​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើ​កិច្ចការ​បាន​ល្អ​វិសេសវិសាល។ នេះ គឺ​ជា​ទង្វើ​លើក​ស្ទួយ​និទ្ទណ្ឌភាព ជា​ទង្វើ​លើក​ទឹក​ចិត្ត​នូវ​ការ​ដែល​ពួក​គេ​បាន​បាញ់​សម្លាប់​កម្មករ ហើយ​ដែល​អ្នក​ខ្លះ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ទៀត​ផង។

ដូច្នេះ នៅ​ពេល​ឃើញ​នូវ​អំពើ​បែបៗ​នេះ​ហើយ វា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​រាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​លើ​ផ្លូវ​វិជ្ជមាន​នោះ។ ការ​ពិត​ទៅ ខ្ញុំ​ចង់​ណាស់ ចង់​រាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល។ ដូច្នេះ ប្រសិន​បើ​នៅ​ពេល​ណា​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ អោយ​ភ្នាក់ងារ​រដ្ឋ​ដែល​ល្មើស​ច្បាប់ ទទួល​ខុស​ត្រូវ​នូវ​អំពើ​របស់​ខ្លួន​ហើយ ខ្ញុំ​នឹង​ជា​មនុស្ស​ដំបូង​គេ ដើម្បី​និយាយ​សរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា។
លោក ជី វិតា៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា លោក​មើល​ឃើញ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​មិន​ឃើញ​រិះ​គន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក ទេ ពោល​គឺ​លោក​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​មាន​ស្តង់ដារ​ពីរ អនុវត្ត​គោលការណ៍​មិន​អោយ​ដូច​គ្នា។ ជា​ឧទាហរណ៍ លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ប្រើ​កម្លាំង​ប៉ូលិស​បង្ក្រាប​ទៅ​លើ​បាតុករ​នៅ​ទីក្រុង​ហ្វឺហ្កូសសាន់ (Ferguson) ក្នុង​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​អាមេរិក​ស្បែក​ស​ម្នាក់ បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ ម៉ៃខល ប្រោន (Michael Brown) កាល​ពី​ថ្ងៃ​ទី​៩ សីហា កន្លង​ទៅ។ ចំពោះ​ព្រឹត្តិការណ៍​នេះ លោក ហ៊ុន សែន ថា លោក​នៅ​ស្ងៀមស្ងាត់​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​សោះ។
សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​អំពី​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៤៖ «នៅ​អាមេរិក គ្រាន់​តែ​បាតុករ​គប់​ដប​ទឹក​សុទ្ធ​ដាក់​សមត្ថកិច្ច ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ។ អាមេរិក ដូច​អត់​ថា​អី។ ដល់​មក​ដល់​ស្រុក​យើង គេ​ដុត​ឡាន គេ​គប់​ដុំ​ថ្ម បាញ់​ចំពាម​គ្រាប់​ដែក ដល់​យើង​គ្រប់គ្រង​ស្ថានការណ៍ គេ​ថា​យើង​រំលោភ​សិទ្ធិ​មនុស្ស។ ខ្ញុំ​មិន​ថា​ដៀមដាម​អី​អោយ​អាមេរិក​ទេ ប៉ុន្តែ​ស្តង់ដារ​ខុស​គ្នា។ យើង​បាន​ចាត់​វិធានការ​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ទូទៅ ត្រឹម​តែ​បិទ​ដី​ជាង​កន្លះ​ហិកតារ​បន្តិច ថា​ផ្អាក​អា​ហ្នឹង​សិន ដោយសារ​តែ​ឃើញ​មាន​បញ្ហា គេ​ថា​យើង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ។ ដល់​អាមេរិក ដាក់​បំរាម​គោចរ​ពេញ​ម៉ា​ទីក្រុង ទៅ​ជា​អត់​អី។ ឥឡូវ​យើង​បកស្រាយ​ថា​ម៉េច​ហ្អក? តែ​អា​ហ្នឹង​ទុក​អោយ​អាមេរិក​ដោះស្រាយ​ខ្លួន​ឯង​ចុះ។ ហើយ​ស្រុក​អាមេរិក មិន​ងាយ​មាន​បាតុកម្ម​កើត​ឡើង​បែប​ហ្នឹង​ទេ។ ប៉ុន្តែ​អា​នេះ​កង​ត្រាច​កង​ធ្នង់។ ថ្ងៃ​នេះ​ប៉ះ​យើង ថ្ងៃ​ស្អែក​ប៉ះ​គេ។ រឿង​វា​អ៊ីចឹង។ អ៊ីចឹង​យើង​ត្រូវ​មាន​ស្តង់ដារ​មួយ​អោយ​ពិត​ប្រាកដ។ ដល់​គេ គេ​ធើ​ថា គេ​អ៊ីចេះ​គេ​អ៊ីចេះ ដើរ​ប្រដៅ​គេ។ ឥឡូវ​ខ្ញុំ​មិន​ទាន់​ឮ​អា​អ្នក​ដែល​ស្រែក​មក​យើង​នែ ជា​ពិសេស ប្រេដ អាដាម ស្រែក​ទៅ​រដ្ឋការ អូបាម៉ា (Obama) យ៉ាង​ម៉េច ប្រេដ អាដាម។ អ៊ីចឹង​អា​នោះ (អាច) ឆ្លើយ​មក​ថា ទេ​អញ​ធ្វើ​សិទ្ធិ​មនុស្ស​រឿង​អាស៊ី​ទេ​តើ (សើច)។ ចាំ​មើល! នឹង​ដោះស្រាយ​តាម​ច្រក​ហ្នឹង (គឺ​ថា) អញ​ធ្វើ​សិទ្ធិ​មនុស្ស​រឿង​អាស៊ី​ទេ​តើ អញ​មិន​មែន​ធ្វើ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​ឯណា។ នោះ​គឺ​ជនជាតិ​អាមេរិក​ចំ។ នៅ​លើ​ពិភពលោក​គ្មាន​ទេ​ស៊ិងហ្គឹល​ស្តង់ដារ (Single Standard) មាន​តែ​ដប់ប៊ល​ស្តង់ដារ (Double Standard) ឬ​រហូត​ដល់​ទ្រិបពោល​ស្តង់ដារ (Triple Standard)»
លោក ជី វិតា៖ តើ​លោក​ឆ្លើយ​តប​បែប​ណា​ដែរ?
លោក ប្រេដ អាដាម៖ បើ​តាម​ខ្ញុំ​ដឹង លោក ហ៊ុន សែន និយាយ​ត្រូវ​ត្រង់​ថា ខ្ញុំ​ជា​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​បន្ទុក​ផ្នែក​អាស៊ី។ ដូច្នេះ កិច្ចការ​របស់​ខ្ញុំ គឺ​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តំបន់​អាស៊ី។ ប៉ុន្តែ​ជា​ការ​ពិត ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក។ ទោះ​ជា​យ៉ាង​ណា អង្គការ​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាច្រើន​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​រដ្ឋ​មិសសូរី (Missouri) និង​ភាព​ឃោរឃៅ​របស់​ប៉ូលិស​ជាទូទៅ​នៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​បាន​ធំ​ដឹង​ក្តី​នៅ​ទីក្រុង​ឡសអេនចេល្លេស (Lose Angeles) ជា​ទី​ដែល​មាន​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​តែង​កើត​មាន​ឡើង។ ជា​ញឹកញាប់ អំពើ​ឃោរឃៅ​របស់​ប៉ូលិស​នៅ​ពេល​នោះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកាន់​ជាតិ​សាសន៍។ យើង​ឃើញ​ប៉ូលិស​បង្ក្រាប​វាយ​ដំ​ទៅ​លើ​ពលរដ្ឋ​អាមេរិកកាំង​ស្បែក​ខ្មៅ​ច្រើន​ណាស់ នៅ​ទីក្រុង​ឡសអេនចេល្លេស (Lose Angeles)។ ខ្លួន​ខ្ញុំ​ផ្ទាល់ បាន​ដើរ​ក្បួន​តវ៉ា និង​ចូលរួម​យ៉ាង​សកម្ម​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​ប៉ូលិស​នៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​រីករាយ​ណាស់​ដែល លោក ហ៊ុន សែន លើក​រឿង​នេះ​ឡើង។ ដូច​បាន​និយាយ​ហើយ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​នៅ​សហរដ្ឋ​អាមេរិក។
ទាក់ទង​នឹង​ការ​ចោទ​ថា ខ្ញុំ​មើល​ឃើញ​តែ​បញ្ហា​គេ តែ​បញ្ហា​ក្នុង​ប្រទេស​ខ្លួន​ឯង​មើល​មិន​ឃើញ​នោះ សូម​បញ្ជាក់​ថា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បោះពុម្ព​ផ្សាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កើត​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​នៅ​ប្រទេស​ណាៗ​ទាំងអស់​លើ​ពិភពលោក​នេះ។ បើ​ទោះ​ជា​ខ្ញុំ​គិត​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក វា​មិន​អាក្រក់​ជាង​គេ​នៅ​ក្នុង​ពិភពលោក​នេះ​ក៏ដោយ ក៏​យើង​គិត​ថា សហរដ្ឋ​អាមេរិក ក៏​ត្រូវ​ការ​ការ​ឃ្លាំ​មើល​ដែរ។ ខ្ញុំ​ចង់​ជូន​ឧទាហរណ៍​អោយ​លោក​យល់​ថា ខ្ញុំ​ជា​ញឹកញាប់​តែង​រិះ​គន់ លោក ហ៊ុន សែន ផ្ទាល់។ ពិត​ណាស់ គឺ​យើង​រិះ​គន់​មេ​ដឹក​នាំ​រដ្ឋាភិបាល នៅ​ពេល​ពួក​គេ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​ថា​នៅ​ក្នុង​ប្រទេស​ណា​ឡើយ។
អង្គការ​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ បាន​អំពាវនាវ​អោយ​មាន​ការ​ជំនុំ​ជម្រះ និង​ផ្ដន្ទាទោស លោក ចច ប៊ូស (George Bush) នៅ​ពេល​គាត់​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក ដូណាល់ រ៉ាំហ្វេល (Donald Rumsfeld) នៅ​ពេល​គាត់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ចំពោះ​បទឧក្រិដ្ឋ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត។ ដូច្នេះ យើង​មិន​បាន​ញញើត ឬ​ស្ទាក់ស្ទើរ​ក្នុង​ការ​រិះ​គន់​អ្នក​កាន់​អំណាច​ដ៏​មាន​ឥទ្ធិពល​នៅ​លើ​លោក​នេះ​ឡើយ។ គឺ​យើង​ធ្វើ​កិច្ចការ​របស់​យើង​ដោយ​មិន​មាន​ពុតត្បុត​អ្វី​ទេ។ យើង​ចង់​អោយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិធម៌ កើត​មាន​គ្រប់​ទីកន្លែង​ទាំងអស់។ មិន​ថា​ឡើយ​ប្រទេស​មហា​អំណាច​ដូច​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​តូច​ដូចជា​កម្ពុជា ឡើយ។
លោក ជី វិតា៖ តើ​វា​ខុស​ប្លែក​គ្នា​យ៉ាង​ណា​ដែរ​រវាង​ហេតុការណ៍​ប៉ូលិស​អាមេរិក បង្ក្រាប​បាតុករ​នៅ​ក្នុង​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក និង​ហេតុការណ៍​ប៉ូលិស​ខ្មែរ​បង្ក្រាប​បាតុករ​នៅ​ប្រទេស​កម្ពុជា?
លោក ប្រេដ អាដាម៖ រាល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​វា​មាន​ភាព​ខុស​ប្លែក​គ្នា ដែល​ត្រូវ​អោយ​មាន​ការ​ស៊ើប​អង្កេត​អោយ​បាន​ស៊ី​ជម្រៅ និង​ដោយ​ឯករាជ្យ។ ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក មនុស្ស​ម្នា​ដែល​តាម​ដាន​រឿង​នេះ​នៅ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​ថា ជន​រងគ្រោះ​ជា​បុរស​វ័យ​ក្មេង​ស្បែក​ខ្មៅ ដែល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​នោះ គឺ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ឡាន​ប៉ូលិស ហើយ​ប៉ូលិស​រូប​នោះ​ដើម្បី​ការពារ​ខ្លួន ប៉ូលិស​ក៏​បាញ់​ទៅ។ អ្នក​ផ្សេង​យល់​ថា ជន​រងគ្រោះ​បាន​ដើរ​ចេញ​ពី​ឡាន​ប៉ូលិស​ហើយ ហើយ​បែរ​មុខ​បក​មក​វិញ ក៏​ត្រូវ​ប៉ូលិស​បាញ់​តែ​ម្តង។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​អត់​ដឹង​ហេតុការណ៍​កើត​ឡើង​យ៉ាង​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប​អង្កេត​រឿង​នេះ​ដោយ​ផ្ទាល់។
អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​អំពី​កម្ពុជា វិញ​នោះ គឺ​ថា ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ គឺ​កម្លាំង​អាជ្ញាធរ​បាន​វាយ​បង្ក្រាប​ទៅ​លើ​បាតុករ។ បន្ទាប់​មក បាតុករ​ខ្លះ​គប់​ដុំ​ថ្ម និង​ដប​ទឹក​ត្រឡប់​ទៅ​វិញ។ ប៉ុន្តែ​កម្លាំង​ប៉ូលិស​បាន​ប្រើ​អាវុធ​ប្រល័យ​ជីវិត បាញ់​តប​ទៅ​ពួក​បាតុករ​វិញ ដែល​ក្រុម​អង្កេត​របស់​ខ្ញុំ និង​ក្រុម​អង្កេត​ដទៃ​ទៀត​រក​ឃើញ​ច្បាស់​ថា ស្ថានការណ៍​នា​ពេល​នោះ មិន​មាន​ការ​ចាំបាច់​ប្រើប្រាស់​អាវុធ​បាញ់​ទៅ​លើ​បាតុករ ដើម្បី​ការពារ​ខ្លួន​ឡើយ។ ពេល​នោះ ប៉ូលិស​អាច​ដក​ថយ​យ៉ាង​ងាយ​បំផុត។
ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក វិញ យើង​មិន​ទាន់​ដឹង​ថា ហេតុការណ៍​នោះ​កើត​ឡើង​របៀប​ម៉េច​ទេ ដោយសារ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ​បើ​ទោះ​ជា​យុវជន ម៉ៃខល ប្រោន (Michael Brown) អាច​បាន​ប្រើ​ហិង្សា​ណា​មួយ​ទៅ​លើ​មន្ត្រី​ប៉ូលិស​រូប​នោះ​ក៏ដោយ ក៏​មន្ត្រី​ប៉ូលិស​នោះ​គួរ​តែ​បាន​ប្រើ​វិធី​ដក​ថយ។ ហើយ​នៅ​មាន​វិធី​ផ្សេងៗ​ទៀត ដែល​មិន​ផ្តាច់​ជីវិត​មនុស្ស ដែល​មន្ត្រី​ប៉ូលិស​គួរ​បាន​អនុវត្ត ជា​ជាង​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​គាត់​នៅ​ពេល​នោះ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​ខុស​គ្នា​រវាង​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា នោះ គឺ​ថា នៅ​សហរដ្ឋ​អាមេរិក ដូចជា​ព្រឹត្តិការណ៍​នៅ​រដ្ឋ​មិសសូរី (Missouri) នេះ ជា​ឧទាហរណ៍ សាធារណជន​មាន​សេចក្តី​សង្ឃឹម ឬ​រំពឹង​ថា ការ​ស៊ើប​អង្កេត​ស្វែងរក​ការ​ពិត​ដោយ​ឯករាជ្យ​មួយ នឹង​ត្រូវ​ធ្វើ​ឡើង ហើយ​ប្រសិន​បើ​លទ្ធផល​ស៊ើប​អង្កេត​បង្ហាញ​ថា មន្ត្រី​ប៉ូលិស​ដែល​បាញ់ លោក ម៉ៃខល ប្រោន (Michael Brown) នោះ​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ មន្ត្រី​ប៉ូលិស​រូប​នោះ​នឹង​ត្រូវ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។ រីឯ​នៅ​កម្ពុជា វិញ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ឃើញ​មាន​សញ្ញា​នៃ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ណា​មួយ​កើត​ឡើង​នៅ​ឡើយ ហើយ​ក៏​ច្បាស់​ណាស់​ថា នឹង​មិន​មាន​ឡើយ។ មិន​ត្រឹម​តែ​មិន​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថែម​ទាំង​បាន​ចាប់​បាតុករ ២៣​នាក់ យក​ទៅ​ឃុំ​ដោយ​ខុស​ច្បាប់ ដាក់​អោយ​រស់នៅ​ក្នុង​លក្ខខណ្ឌ​អាក្រក់​អស់​រយៈពេល ៤​ខែ នៅ​ខេត្ត​កំពង់ចាម ទៀត​ផង។ ហើយ​ឥឡូវ យើង​ឃើញ​មាន​ការ​ចោទ​ប្រកាន់​សកម្មជន និង​មន្ត្រី​សហជីព​ថែម​ទៀត​ផង។
នៅ​សហរដ្ឋ​អាមេរិក ប្រាកដ​ណាស់​យើង​មិន​មាន​ប្រព័ន្ធ​យុត្តិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ខ្ញុំ​ផ្ទាល់ និង​អង្គការ​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ តែង​រិះ​គន់​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អំណាច​នេះ។ ទោះ​ជា​យ៉ាង​ណា នៅ​សហរដ្ឋ​អាមេរិក គេ​មាន​ប្រព័ន្ធ​ជួយ​ការពារ​សិទ្ធិ​របស់​ជន​រងគ្រោះ ប៉ុន្តែ​នៅ​កម្ពុជា វិញ ស្ទើរ​តែ​មិន​ឃើញ​មាន​ឡើយ។ យើង​ឃើញ​មាន​តែ​ប្រព័ន្ធ​នយោបាយ​ត្រួតត្រា និង​គ្រប់គ្រង​ដោយ​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។
លោក ជី វិតា៖ ជា​ចុង​ក្រោយ តើ​លោក​មាន​អ្វី​បន្ថែម​ទេ?
លោក ប្រេដ អាដាម៖ ខ្ញុំ​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ​ជា​មេ​ស្តង់ដារ​ពីរ។ គឺ​ស្តង់ដារ​មួយ​សម្រាប់​ខ្លួន​គាត់ និង​កម្លាំង​សន្តិសុខ​របស់​គាត់។ ស្តង់ដារ​មួយ​ទៀត គឺ​សម្រាប់​មនុស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស។ នេះ​ហើយ​ជា​បញ្ហា​ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ។ ពលរដ្ឋ​ក្រីក្រ​រស់នៅ​តាម​ខេត្ត ដែល​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ត្រូវ​បាន​រឹប​អូស​យក មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ពីព្រោះ​ងាក​ទៅ​រក​តុលាការ​អោយ​ជួយ តុលាការ​មិន​ឯករាជ្យ ងាក​ទៅ​រក​ប៉ូលិស​អោយ​ជួយ ប៉ូលិស​មិន​ឯករាជ្យ ហើយ​ងាក​ទៅ​រក​រដ្ឋាភិបាល​ដែល​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​នោះ បែរ​ជា​រំលោភ​សិទ្ធិ​របស់​ពួក​គេ​ទៅ​វិញ។
លោក ជី វិតា៖ អរគុណ!

2 comments:

Anonymous said...

Do we ever hear anything that come from Brad Adams to protect all minorities, Vietnamese Cambodians come to mind, who living in Cambodia? Nope, Nada, nothing. He's such a double standard guy for sure. For him to be credible, he must speak against all injustices.

Kim Ea said...

It is interesting argument . Traitor Hun Sen want to clear himself from conviction of murder and atrocity of innocent Khmer lives . Factories workers who are protest for better living wage got kill by vicious bloody hand soldiers order by Hun Sen , and 23 others have capture put in prison like animal . Right now he try to compare wolf and dog to clear his conviction . Khmer people know that wolf act in pack of more than one and have their gang leader too , bud dog bit you just act a lone by them self . We told Mr Hun Sen Yuon puppet that we Khmer never ever forget this inhumane , ferocious killing act that you did it to us Khmer innocents . We just request for a little more money to live in a dissent life , bud You order your slave wolf soldiers with automatic rifle to shoot and kill Khmer like animal .