A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 13 October 2014

"Hun Sen's Cambodia" - a book written by independent journalist Sabastian Strangio

VOA Khmer added 2 new photos.
ទែន សុខស្រីនិត 11 តុលា 2014 

វ៉ាស៊ីនតោន—កំណត់និពន្ធ៖ ថ្មីៗ​នេះ​លោក Sebastian Strangio អ្នក​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ជា​អតីត​អ្នករាយការណ៍ និង​កែ​សម្រួល​ឲ្យ​កាសែត​ជា​ភាសា​អង់គ្លេស​ឈ្មោះ The Phnom Penh Post បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​កម្ពុជា​របស់​ហ៊ុន សែន»។ សៀវភៅនេះ ឆ្លុះ​បញ្ចាំង​ពី​សង្គម​ទំនើប​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្សរ៍។ នៅក្នុង​សៀវភៅ​នេះ លោក Sebastian Strangio បាន​លើកឡើង​អំពី​ទិដ្ឋភាព​ជាច្រើន​របស់​សង្គម​កម្ពុជា​ក្នុង​នោះ​រួមមាន កេរ្តិ៍តំណែល​នៃ​របប​ខ្មែរក្រហម តួនាទី​បរាជ័យ​របស់​អាជ្ញាធរ​អន្តរកាល​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា UNTAC របប​គ្រប់គ្រង​អំណាច​ផ្តាច់ការ​បែប​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ថ្មីៗ​នេះ​របស់​ប្រទេស​កម្ពុជា គម្លាត​ប្រាក់​ចំណូល អំពើ​ពុក​រលួយ ជំនួយ​អន្តរជាតិ និង​បញ្ហា​សិទ្ធិ​មនុស្ស។ ក្រោយ​ពី​បាន​ចំណាយ​ពេល​ជិត​៧ឆ្នាំ​បំពេញ​ការងារ និង​សរសេរ​អត្ថបទ​អំពី​ប្រទេស​កម្ពុជា លោក Sebastian Strangio សម្រេច​ចិត្ត​សរសេរ​សៀវភៅ​អំពី​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កំពុង​តែ​ជួប​ប្រទះ​ការ​ផ្លាស់ប្តូរ​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ជា​ប្រទេស​ដែល​កំពុង​តែ​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច។ លោក​បានរាយការណ៍​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ជុំវិញ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ របាយ​ការណ៍​របស់​លោក​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​បោះពុម្ព​ផ្សព្វផ្សាយ​ចំនួន២០​ជុំវិញ​ពិភព​លោក។ សៀវភៅ​ដែល​មាន​ចំនួន៣៤៤​ទំព័រនេះ គ្រោង​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤​នេះ ​ក្រោម​ការ​បោះពុម្ព​ផ្សាយ​របស់​សាកល​វិទ្យាល័យ Yale និង​ក្រុមហ៊ុន​សៀវភៅ​ឈ្មោះ Silkworm Books របស់​ប្រទេស​ថៃ។
សំណួរ៖ តើ​លោក​អាច​បកស្រាយ​ថាតើ​ហេតុអ្វី​បាន​ជា​លោក​សរសេរ​សៀវភៅ​នេះ?
ចម្លើយ៖ អ្វី​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​នៅពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង​នៅ​ឆ្នាំ២០០៨ គឺ​ថា វា​នៅ​មាន​ចន្លោះ​ប្រហោង។ មាន​សៀវភៅ​ជាច្រើន​បាន​សរសេរ​អំពី​អំឡុង​ពេល​របប​ខ្មែរក្រហម និង​អំឡុង និង​ចុង​ទសវត្ស៩០។ គ្មាន​សៀវភៅ​ណា​មួយ​ដែល​វិភាគ​លើ​របប​គ្រប់គ្រង​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្ស​នេះ​ឡើយ។ ហើយ​ម្យ៉ាង​វិញ​ទៀត មាន​ព័ត៌មាន​ជាច្រើន​ដែល​សារ​ព័ត៌មាន​បាន​ផ្តល់​របាយការណ៍​របស់​អ្នក​ជំនាញ​ជាច្រើន ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក៏​បាន​បង្កើត​ឯកសារ​ជាច្រើន​អំពី​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​ដែរ។ ប៉ុន្តែ វា​មិន​ទាន់​មាន​ឯកសារ ឬ​សៀវភៅ​ណា​មួយ​ដែល​រួម​បញ្ចូល​ព័ត៌មាន​សំខាន់​ទាំងអស់​នេះ​ទៅ​ជា​អត្ថបទ​ស៊ី​សង្វាក់​មួយ​ដែល​សិក្សា​ទាំង​ការផ្លាស់ប្តូរស្ថានភាព​ក្នុង​ស្រុក និង​បរិបទ​អន្តរជាតិ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។
សំណួរ៖ តើ​បញ្ហា​អ្វី​ខ្លះ​ដែល​លោក​បាន​យកមក​ពិភាក្សា​នៅក្នុង​សៀវភៅ​នេះ?
ចម្លើយ៖ សៀវភៅ​របស់​ខ្ញុំ​ផ្តល់​ជា​ការវិភាគ​ប្រវត្តិសាស្ត្រ​បែប​នយោបាយ​របស់​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ១៩៧៩។ ពាក់​កណ្តាល​នៃ​សៀវភៅ​នេះ​គឺ​និយាយ​អំពីបញ្ហា​ខាងលើ​នេះ។ ហើយ​ពាក់កណ្តាល​មួយ​ទៀត​នៃសៀវភៅ​នេះ គឺ​និយាយ​អំពី​វិស័យ​នីមួយៗ​នៃ​សង្គម និង​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ។ ដូច្នេះ ខ្ញុំ​សម្លឹង​មើល​បញ្ហា​ដីធ្លី បញ្ហា​សង្គមស៊ីវិល បញ្ហា​ជំនួញ និង​សេដ្ឋកិច្ច បញ្ហា​ជំនួយ និង​ការ​អភិវឌ្ឍ និង​ទំនាក់ទំនង​អន្តរជាតិ។
សំណួរ៖ ប្រហែល​ដូច​លោក​បាន​ពិភាក្សា​នៅក្នុង​សៀវភៅ​របស់​លោក ប្រទេស​កម្ពុជា​កំពុង​តែ​ឆ្លងកាត់​ការ​ផ្លាស់ប្តូរ​វិស័យ​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​ដែល​គណបក្ស​ប្រឆាំង​ស្ទើរតែ​ទទួល​បាន​ជោគជ័យ​ក្នុង​សម័យ​បោះឆ្នោត​កាលពី​ខែកក្កដា ឆ្នាំ២០១៣ កន្លង​ទៅនេះ។ តាម​ទស្សនៈ​របស់លោក តើ​លោក​យល់​យ៉ាង​ដូចមេ្តច​ដែរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ?”
ចម្លើយ៖ ខ្ញុំ​យល់ថា​ការ​ផ្លាស់ប្តូរ​ខាង​នយោបាយ​ពេលថ្មីៗ​នេះគឺ​បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​ដ៏​ស៊ី​ជម្រៅ​នៃ​ប្រជា​សាស្ត្រ និង​សង្គម។ ប្រសិន​បើ​យើង​ក្រឡេក​មើល​អ្នក​បោះឆ្នោត​កាល​ពី ឆ្នាំ​មុន យើង​ឃើញ​ថា ១៥ភាគរយ​គឺជា​អ្នក​បោះឆ្នោត​លើក​ដំបូង ហើយ​លើស​ពី​នេះគឺ​ក្រុម​នេះ​មាន​អាយុ​ចន្លោះ​ពី​១៥ឆ្នាំ ទៅ​៣០ឆ្នាំ។ ដូច្នេះ ប្រទេស​កម្ពុជា​គឺ​ពិត​ជា​ប្រទេស​វ័យ​ក្មេង​យ៉ាង​ប្រាកដ​មែន ហើយ​នេះ​មាន​ន័យ​ថា ចាប់​តាំង​ពី​ការ​គ្រប់គ្រង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៩​មក និង​ជា​ពិសេស​ចាប់​តាំង​ពី​បេសកកម្ម​របស់ UNTAC មក ការ​ផ្លាស់ប្តូរ​នយោបាយ​នេះ​ឆ្លុះ​បញ្ចាំង​ថា​ការ​គ្រប់គ្រង​នយោបាយ​កំពុង​តែ​ចាប់ផ្តើម​ចុះ​ខ្សោយ។ ចាប់​តាំង​ពី​ឆ្នាំ១៩៧៩​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​មក​លើ​ការណ៍​ដែល​ថា​ខ្លួន​បាន​ជួយ​ផ្តួល​រលំ​របប​ខែ្មរ​ក្រហម ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេង​ជាច្រើន​ដែល​បាន​កើត​ក្នុង​អំឡុង​ទសវត្ស៩០ ការណ៍​នេះ​មិន​បាន​ជះ​ឥទ្ធិពល​មក​លើ​ពួកគេ ដូច​ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​របស់គេ​ឡើយ ដែល​អ្នក​ទាំងអស់​នេះ​ធ្លាប់​មាន​បទពិសោធន៍​ព្រាត់ប្រាស់​គ្នា ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​យក​មក​ធ្វើ​នយោបាយ និង​សង្កត់​ធ្ងន់​បាន។ ទិដ្ឋភាព​មួយ​ផ្សេង​ទៀត​គឺ ខ្ញុំ​យល់​ថា របប​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ទសវត្ស​កន្លង​ទៅ​នេះ​បាន​កែប្រែ​ប្រទេស​កម្ពុជា​ទាំង​ផ្នែក​សង្គម​កិច្ច និង​ទាំង​ផ្នែក​សេដ្ឋកិច្ច។ បញ្ហា​កាប់​ព្រៃឈើ​ខុសច្បាប់ ការ​រឹបអូស​ដីធ្លី និង​គម្រោង​អភិវឌ្ឍ​កសិកម្ម​ទ្រង់ទ្រាយ​ធំ​បាន​រំខាន​ដល់​សេដ្ឋកិច្ច​នៅ​តាម​តំបន់​ជនបទ។ ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់រយ​រាប់ពាន់​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស និង​ស្វះស្វែង​រក​ឱកាស​ធ្វើ​ជា​ជន​អន្តោប្រវេសន៍​ខុស​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ និង​កំពុង​តែ​ភ័យខ្លាច​ជា​បន្តទៀត។ ដូច​ដែល​អ្នក​បាន​ដឹង បើ​ទោះបី​ជា​យើង​បាន​ឃើញ​ទ្រព្យ​សម្បត្តិ​កំពុង​តែ​សាយ​ភាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ទីក្រុង​ភ្នំពេញ​ក៏​កំពុង​តែ​ផ្លាស់ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គម្លាត​ប្រាក់​ចំណូល​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​ឡើង។ ដូច្នេះ បើ​ទោះបី​ជា​មាន​កំនើន​សេដ្ឋកិច្ច​ក៏​ដោយ ក៏​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់ អនាគត​របស់​គេ​គឺ​នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ។ ខ្ញុំ​យល់​ថា បញ្ហា​មួយ​ទៀត​ដែល​ចាំបាច់​យក​មក​ពិភាក្សា​គឺ​ការ​វិឌ្ឍន៍​នៃ​វិស័យ​ទូរ​គមនាគមន៍ និង​ការ​សាយ​ភាយ​នៃ​ប្រព័ន្ធ​អ៊ីនធឺណែត។ ប្រព័ន្ធ​អ៊ីនធឺណែតបាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ហើយ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ជា​ការ​តតាំង​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទាក់ទង​អំពី​ទស្សនៈ​នយោបាយ។ ហើយ​ប្រជា​ពលរដ្ឋ​កំពុង​តែ​ចាប់ផ្តើម​មើល​ឃើញ​ពី​ករណី​អំពើ​ពុក​រលួយ និង​ភាព​លំអៀង​ដែល​ជា​ផ្នែក​នៃ​បញ្ហា​សង្គម​ធំៗ ហើយ​ខ្ញុំ​យល់​ថា​ប្រជា​ពល​រដ្ឋ​កំពុង​តែ​ផ្សារ​ភ្ជាប់​បញ្ហា​ទាំងអស់​នេះ។
សំណួរ៖ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​គឺ​ថា​តើ​លោក​បាន​វិភាគ​អំពី​ភាព​ខ្លាំង និង​ខ្សោយ​របស់​គណ​បក្ស​ប្រឆាំង​ដែរ​ឬ​ទេ?
ចម្លើយ៖ បាទ ខ្ញុំ​ពិត​ជា​បាន​ពិភាក្សា​អំពី​ភាព​ខ្លាំង និង​ខ្សោយ​របស់​គណបក្ស​ប្រឆាំង​ដែរ។ ខ្ញុំ​យល់​ថា គណបក្ស​ប្រឆាំង​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​ពន្យល់​ពី​ខ្លឹមសារ​នៃ​ការ​បោះឆ្នាត​ដល់​ក្រុម​កម្មករ​រោងចក្រ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ចាស់ៗ ដូច​ជា​ការ​ផ្តល់​ជា​ប្រាក់​បៀរវត្ស៍​ខ្ពស់ និង​ប្រាក់​សោធន។ ហើយ​គណបក្ស​ប្រឆាំង​បាន​ដឹង​ថា ប្រជា​ពលរដ្ឋ​ដែល​ជា​កម្មករ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ទីក្រុង​ធំៗ​តាម​ខេត្ត​នានា ជា​ពិសេស​គឺ​ក្រុម​យុវជន​ជំនាន់​ក្រោយ​មិន​ទទួល​យក​ឥទ្ធិពល ឬ​ការ​គ្រប់គ្រង​របស់​មន្ត្រី​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ ប្រជា​ពលរដ្ឋ​ក្រុម​នេះ​គឺ​ពិត​ជា​អ្នក​ស្តាប់​ខាង​នយោបាយ​ដែល​ងាយ​នឹង​ទទួល​យក​មតិ​ថ្មី ហើយ​ខ្ញុំ​យល់​ថា ប្រជា​ពលរដ្ឋ​ក្រុម​នេះ​គឺ​ជា​គោលដៅ​របស់​គណបក្ស​ប្រឆាំង ដោយ​ផ្តល់​ជា​ការ​សន្យា​ការ​តម្លើង​ប្រាក់​បៀរវត្ស៍។ ខ្ញុំ​គិត​ថា ចំណុច​ដែល​គណបក្ស​ប្រឆាំង​មាន​ភាព​ទន់ខ្សោយ​គឺ​ការ​លាប​ពណ៌​មក​លើ​បញ្ហា​ជនជាតិ​វៀតណាម។ ខ្ញុំ​យល់​ថា ក្នុង​អំឡុង និង​ក្រោយ​ពេល​បោះឆ្នោត​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សេចក្តី​ថ្លែងការ​ក្នុង​ខ្លឹមសារ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ទៅ​កាន់​ក្រុម​សារ​ព័ត៌មាន និង​អ្នក​បោះឆ្នោត​កម្ពុជា​ក្នុង​ពេល​ថ្លែង​សន្ទុរកថា​ជា​សាធារណ។ ហើយ​សម្រាប់​ខ្ញុំ បញ្ហា​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍ ប៉ុន្តែ​ជាមួយគ្នា​នោះ វា​ក៏​ប៉ះពាល់​ដល់​ភាព​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​របស់​គេ​ក្នុង​នាម​ជា​គណបក្ស​ប្រកាន់​លទិ្ធ​ប្រជាធិបតេយ្យ​សេរី​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​យល់​ថា នេះ​គឺ​ជា​បញ្ហា​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​តែ​បោះបង់​ចោល ប្រសិន​បើ​គេ​ចង់​រក្សា​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។
សំណួរ៖ តើ​លោក​មាន​គោល​បំណង​អ្វី​ក្នុង​ការ​បោះពុម្ព​សៀវភៅ​នេះ? តើ​លោក​យល់​ថា​សៀវភៅ​របស់​លោក​អាច​ឲ្យ​ដល់​ពិភព​លោក​ស្វែង​យល់​អ្វីខ្លះ​អំពី​ប្រទេស​កម្ពុជា?
ចម្លើយ៖ រឿង​មួយ​អំពី​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​បាន​ពិភាក្សា​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ​គឺ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ ដែល​នៅ​ពេល​ជន​បរទេស​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ភ្លាមៗ​ពួកគេ​គិត​អំពី​របប​វាល​ពិឃាត ហើយ​ពួកគេ​មាន​ការ​គិត​ទុក​ជា​មុន​មួយ​ចំនួន​ទាក់ទង​នឹង​របប​មួយ​នេះ។ ហើយ​ការ​យល់​ឲ្យ​ច្បាស់​អំពី​ប្រទេស​កម្ពុជា​គឺ​នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ ហើយ​ចំពោះ​បញ្ហា​នយោបាយ​មនុស្ស​ទូទៅ​ទំនង​ជា​ដើរ​តាម​វិធី​បែក​ចែក​បក្ខ​ពួក ជា​ក្រុម​គាំទ្រ​គណបក្ស​ប្រឆាំង និង​ក្រុម​គាំទ្រ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល។ ប៉ុន្តែ យើង​មិន​សូវ​ឃើញ​មាន​ក្រុម​កណ្តាល​អព្យាក្រិត្យ​ប៉ុន្មាន​ទេ។ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​គឺ សំយោគ​គោល​ជំហរ​នយោបាយ​ទាំង​ពីរ​នេះ ហើយ​ព្យាយាម​បង្ហាញ និង​ផ្តល់​ជា​ទស្សនៈ​ដ៏​ពិត​អំពី​ប្រទេស​កម្ពុជា។ ដូច្នេះ គោល​បំណង​របស់​សៀវភៅ​នេះ គឺ​ជួយ​ឲ្យ​មនុស្ស​ទូទៅ​ទទួលបាន​ព័ត៌មាន​ដ៏​ប្រសើរ ហើយ​បើ​វា​អាច​នឹង​ជួយ​ដល់​គម្រោង និង​អនុសាសន៍​អភិវឌ្ឍ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ នោះ​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ។
សំណួរ៖ តើ​លោក​មាន​សុទិដ្ឋិ​និយម​ថា​តើ​ការ​ផ្លាស់ប្តូរ​ដ៏​ប្រសើរ​អាច​នឹងកំពុង​តែ​កើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា​ដែរ​ឬទេ?
ចម្លើយ៖ ប្រាកដ​ណាស់ ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋ​និយម​ថា និន្នាការ​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​នឹង​ចង្អុល​ទិសដៅ​នៃ​ការ​ផ្លាស់ប្តូរ​របស់​ប្រទេស​នេះ។ ចំពោះ​ការ​ផ្លាស់ប្តូរ​មួយ​ដែល​ប្រទេស​លោក​ខាង​លិច​ចាត់​ទុក​ថា​ជា​លទ្ធិ​ប្រជាធិបតេយ្យ ខ្ញុំ​មិន​សូវ​ច្បាស់​ចំពោះ​រឿង​នេះ​ទេ។ ប៉ុន្តែ ខ្ញុំ​ពិត​ជា​យល់​ថា អនាគត​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ភ្លឺ​ស្វាង។ ខ្ញុំ​គិត​ថា វា​អាច​មាន​ឱកាស​ល្អ​មួយ ដែល​ថា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​កាន់​អំណាច​ក្នុង​រយៈពេល​វែង ឬ​ក៏​រយៈពេល​ខ្លី ហើយ​វា​ចាំ​បាច់​ដែល​គណបក្ស​ដឹកនាំ​នេះ​ត្រូវតែ​ដោះ​ស្រាយ​ក្តី​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ។ ខ្ញុំ​មិន​រំពឹង​ថា​ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ភ្លាមៗ​នោះ​ទេ ហើយ​ខ្ញុំ​ច្បាស់​ជា​ឆោត​ល្ងង់ បើ​សិន​ជា​ខ្ញុំ​រំពឹង​ដូច្នេះ ប៉ុន្តែ​ខ្ញុំពិត​ជា​សង្ឃឹម​ថា​អំណាច​របស់​រដ្ឋាភិបាល​អាច​នឹង​បង្កើត​ប្រព័ន្ធ​មួយ​ដែល​មាន​ភាព​យុត្តិធម៌ និង​ត្រឹមត្រូវ​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ទោះ​បី​ជា​មាន​នយោបាយ​លាប​ពណ៌​យ៉ាង​ណា​ក្តី៕

2 comments:

Kmenhwatt said...

Mr strangio should study about geopolitics of Cambodia and Yieknam before criticizes NCRP as racism toward Yuon Hanoi.

If you [Strangio] knew that Hanoi wants to takes Cambodia like they did to haft part of Cambodia called Kampuchea krom (Makong delta) he shouldn't open his mouth or writing about NCRP as the racism; in fact Hanoi was the reason why all Khmers worry about losing our land like Kampuchea krom and Champa (Muslim country in central Yieknam) today.

Hanoi/yuon were the reasons why we had killing field in Cambodia,Hanoi communist party that created Cpp party in Cambodia today it start from Khmer yiekminh/Khmer yiekcong/Khmer Rouge and Cpp Hun sen.So please (Mr Strangio) study the roots causes of the problems and why all Khmers didn't wants yuon to illegally stay in Cambodia.We are not racist nor hated yuon in any way shape or form; Yieknam was a thief nation that was why we have to defend and protect ourself from became another CHAMPA or Kampuchea krom.

Kmenhwatt said...

Mr strangio should study about geopolitics of Cambodia and Yieknam before criticizes NCRP as racism toward Yuon Hanoi.

If you [Strangio] knew that Hanoi wants to takes Cambodia like they did to haft part of Cambodia called Kampuchea krom (Makong delta) he shouldn't open his mouth or writing about NCRP as the racism; in fact Hanoi was the reason why all Khmers worry about losing our land like Kampuchea krom and Champa (Muslim country in central Yieknam) today.

Hanoi/yuon were the reasons why we had killing field in Cambodia,Hanoi communist party that created Cpp party in Cambodia today it start from Khmer yiekminh/Khmer yiekcong/Khmer Rouge and Cpp Hun sen.So please (Mr Strangio) study the roots causes of the problems and why all Khmers didn't wants yuon to illegally stay in Cambodia.We are not racist nor hated yuon in any way shape or form; Yieknam was a thief nation that was why we have to defend and protect ourself from became another CHAMPA or Kampuchea krom.