A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 12 October 2014

International lawyer Morton Sklar petitions World Bank to suspend financial loans to Cambodia មេធាវី​អន្តរជាតិ​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក​សុំ​ឲ្យ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ទៅ​កម្ពុជា

មេធាវី មូរតុន ក្លា ៦១០
មេធាវី​តំណាង​ឲ្យ​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល លោក មូរតុន ក្លា (Morton Sklar)។
RFA
មេធាវី​អាមេរិកាំង តំណាង​ឲ្យ​ជន​រងគ្រោះ​នៃ​ការ​រំលោភ​ដីធ្លី​នៅ​កម្ពុជា បាន​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក (World Bank) ស្នើសុំ​ឲ្យ​ធនាគារ​នេះ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​វិបត្តិ​ដីធ្លី និង​ការ​បង្ខំ​ចេញ​នៅ​កម្ពុជា កំពុង​បន្ត​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឡើយ។
ធនាគារ​ពិភពលោក បាន​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ពីព្រោះ​តែ​គោល​នយោបាយ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ធនាគារ​បាន​ប្រកាស​ចង់​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា ឡើង​វិញ។
សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ជា​មេធាវី​អាមេរិក លោក មូរតុន ក្លា (Morton Sklar) ដាក់​ញត្តិ​ទៅ​ប្រធាន​ធនាគារ​ពិភពលោក លោក ជីម យ៉ុងគីម (Jim Yong Kim) កាល​ពី​ចុង​សប្ដាហ៍​នេះ ឲ្យ​ផ្អាក​គម្រោង​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​កម្ចី​ប្រមាណ ២៥​លាន​ដុល្លារ។
លោក មូរតុន ក្លា៖ «ញត្តិ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ធនាគារ​ពិភពលោក កំពុង​ពិចារណា​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ដាក់​កាល​ពី​ឆ្នាំ​២០១១។ មូលហេតុ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នោះ ដោយសារ​តែ​ធនាគារ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​គោល​នយោបាយ​បង្ខំ​បណ្ដេញ​របស់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​នៅ​ពេល​ថ្មី​នេះ ធនាគារ​ពិចារណា​ចង់​លើក​លែង​ទណ្ឌកម្ម​នេះ​វិញ ទោះ​បី​គ្មាន​កែប្រែ​ណា​មួយ​ជុំវិញ​ការ​បង្ខំ​បណ្ដេញ​ចេញ ហើយ​ថែម​ពី​លើ​នេះ​ទៅ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា ស្ថានភាព​នៃ​ការ​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី កំពុង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ថែម​ទៀត។ គ្មាន​មូលហេតុ​អ្វី​ទាំងអស់​ដែល​ត្រូវ​ឲ្យ​ធនាគារ​លើក​លែង​ទណ្ឌកម្ម​នេះ​ឡើយ»
លោក​បញ្ជាក់​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​គោល​នយោបាយ​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​យក​ដីធ្លី​ទាំង​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ និង​មន្ត្រី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល។ រដ្ឋាភិបាល លោក ហ៊ុន សែន បន្ត​បដិសេធ​មិន​ផ្តល់​សំណង​ត្រឹមត្រូវ​ជូន​ពលរដ្ឋ​ជា​ជន​រងគ្រោះ និង​ជំនួយ​ក្នុង​ការ​សាងសង់​លំនៅឋាន​ថ្មី។

ញត្តិ​របស់ លោក មូរតុន ក្លា ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើ (Richard Rogers) បាន​ដាក់​បណ្ដឹង​មួយ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ស្នើសុំ​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពី​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។ ពាក្យ​បណ្ដឹង​នេះ មិន​បាន​ចោទ​ចំ​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ឡើយ ដោយ​ស្នើ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ។
កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ លោក មូរតុន ក្លា ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ប្រឆាំង​នឹង លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​បាតុករ និង​ការ​បង្ខំ​បណ្ដេញ។ បច្ចុប្បន្ន តុលាការ​កំពុង​ពិនិត្យ​បណ្ដឹង​នេះ​មុខ​នឹង​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ។
លោក មូរតុន ក្លា បន្ថែម​ទៀត​ថា បញ្ហា​បង្ខំ​បណ្ដេញ​នៅ​កម្ពុជា ត្រូវ​ការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​សំណាក់​សហគមន៍​អន្តរជាតិ មិន​មែន​ត្រឹម​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ។
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ធនាគារ​ពិភពលោក មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ញត្តិ​របស់ លោក មូរតុន ក្លា នៅ​ឡើយ​ទេ។
ឯកសារ​សិក្សា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​ពី​ផ្ទៃដី​ប្រមាណ ៤៩​លាន​ហិកតារ ស្មើ​នឹង​ទំហំ​នឹង​ប្រទេស​អេស្ប៉ាញ (Spain)។ ឯកសារ​បង្ហាញ​ទៀត​ថា មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រួម​មាន ការ​ធ្វើ​ឃាត ការ​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ រំលោភ​ផ្លូវ​ភេទ និង​គំរាម​កំហែង​ប្រឆាំង​ទៅ​នឹង​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ពី​ការ​បង្ខំ​បណ្ដេញ​ចេញ៕

1 comment:

Anonymous said...

What benefit you or cnrp or national for stopping aid ? I hate the cheater and I hate the people like you that allows to be cheated by politicians if you still believe the fish could climb the tree I think you are a biggest foolish. ..aren't you.?