ដោយ៖ ណាត សុភាព និងស៊ុន ណារិន | ថ្ងៃពុធ ទី22 តុលា 2014,
មន្រ្តីជំនាញការបោះឆ្នោតរបស់ជប៉ុន នៅថ្ងៃពុធនេះ ស្នើឲ្យមានការធ្វើកំណែទម្រង់បញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បីធានាថាការបោះឆ្នោតនៅអាណត្តិក្រោយៗ មិនមានវិបត្តិជាប់គាំងដូចអាណត្តិមុនៗ ។
ការប្រកាសបែបនេះធ្វើឡើងក្រោយពីជំនួបរវាងក្រុមការងារកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ជាមួយអ្នកជំនាញការបោះឆ្នោតរបស់គណៈប្រតិភូជប៉ុនដែលដឹកនាំដោយលោកAzuma KOSHIISHI អនុប្រធានព្រឹទ្ធសភា។ នេះជាជំនួបថ្មីមួយទៀតក្រោយពីជំនួបកាលពីខែឧសភា និងខែសីហា ឆ្នាំ២០១៤។
ក្រោយពីជំនួបជិត៣ម៉ោង ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា លោកKumamaru Yuji តំណាងឲ្យក្រុមជំនាញការជប៉ុនមានប្រសាសន៍ថាប្រទេសជប៉ុនចង់ឲ្យមានការបោះឆ្នោតមួយទទួលស្គាល់ដោយគ្រប់ភាគី និងប្រជាជនកម្ពុជា។លោកបន្តថាបញ្ហាមួយចំនួនដែលត្រូវធ្វើកំណែទម្រង់ គឺសមត្ថភាពរបស់អង្គបោះឆ្នោតក្នុងការរៀបចំការបោះឆ្នោត ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត និងការចុះបញ្ជីឈ្មោះបោះឆ្នោត។លោកបន្តប្រទេសជប៉ុនមានឆន្ទៈក្នុងកំណែទម្រង់កិច្ចការនេះ ដើម្បីឲ្យការបោះឆ្នោតលើកក្រោយប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងមានទុកចិត្តពីប្រជាពលរដ្ឋ។លោកស្នើឲ្យក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរបន្តពិភាក្សា និងធ្វើកិច្ចការរៀបចំអង្គបោះឆ្នោត និងច្បាប់នានា ដោយរលូន និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
ភាគីគណបក្សប្រជាជនកម្ពុជាមិនបានបើកឲ្យមានការសួរសំណួរភ្លាមៗក្រោយពីកិច្ចប្រជុំនោះទេ។
ចំណែកប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាន៍ថា ជប៉ុនបានរកឃើញចំណុចខ្វះខាតមួយចំនួនដូចអ្វីដែលគណបក្សសង្រ្គោះជាតិ និងសង្គមស៊ីវិលបានរកឃើញ។លោកបន្តថាជប៉ុនបានលើកឡើងពីកង្វះខាតមន្រ្តីបោះឆ្នោត និងការមិនទុកចិត្តលើគជប។លោកថាជប៉ុនចង់ឲ្យមានការបោះឆ្នោតមួយអាចទទួលយកបាន និងចៀសវាងវិបត្តិនយោបាយកើតឡើងជាបន្តទៀត។
លោក គួយ ប៊ុនរឿន បញ្ជាក់ថាភាគីជប៉ុនរង់ចាំភាគីគណបក្សទាំងពីរស្រុះស្រួលគ្នាលើកំណែទម្រង់ផ្សេងៗ និងអាចស្នើទៅប្រទេសជប៉ុនក្នុងការជួយកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។លោកថាគណបក្សសង្រ្គោះជាតិបារម្ភពីបញ្ហាបញ្ជីឈ្មោះបោះឆ្នោតចាស់ ដែលទាមទារឲ្យក្រុមការងារទាំងពីរធ្វើការនេះឲ្យបានឆាប់ និងអាចឈានទៅរកបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។
លោក គួយ ប៊ុនរឿន ឲ្យដឹងទៀតថាក្រោយពេលគជបថ្មីត្រូវបានបង្កើតឡើង សមាជិកគជបនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីសិក្សា និងរៀបចំផែនការកំណែទម្រង់។ទោះជាយ៉ាងណាលោកថាប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនមានឆន្ទៈពិតប្រាកដក្នុងកំណែទម្រង់ នោះភាពជាប់គាំងនឹងកើតមានឡើងជាបន្តបន្ទាប់។
កាលពីថ្ងៃទី២២ខែសីហា មន្ត្រីគណៈប្រតិភូជប៉ុនបានសន្យាថានឹងផ្តល់ជំនួយបច្ចេកទេស និងអ្នកជំនាញខាងកិច្ចការបោះឆ្នោតមកកាន់កម្ពុជា ស្របតាមសំណើរបស់គណបក្សទាំងពីរដែលមានអាសនៈក្នុងសភា។
កាលពីខែឧសភាកន្លងទៅ ប្រទេសជប៉ុនបានបញ្ជូនអ្នកជំនាញខាងកិច្ចការបោះឆ្នោតមកកាន់កម្ពុជាផងដែរ ដើម្បីជួយរៀបចំកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ហើយប្រតិភូជប៉ុនពេលនោះក៏បានជួបក្រុមមន្ត្រីជាន់ខ្ពស់ខាងកិច្ចការបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។
ថ្មីៗនេះ ក្រុមការងារធ្វើកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សជាប់ឆ្នោតទាំងពីរអះអាងថាចំណុចដែលនៅមិនទាន់ព្រមព្រៀងគ្នាសល់តែប្រមាណ១០ភាគរយប៉ុណ្ណោះ គឺការព្រមព្រៀងការប្រើប្រាស់ពាក្យពេចន៍ និងចំណុចលម្អិតមួយចំនួនប៉ុណ្ណោះ ដូចជាលក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប. ជាដើម៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment