A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 November 2014

People in Ratanakiri claim that Vietnamese people illegally enter Cambodia to log timber near a Cambodian border checkpoint ពលរដ្ឋ​នៅ​រតនគិរី​អះអាង​ថា​ជនជាតិ​វៀតណាម​ចូល​កាប់​ឈើ​ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ

ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី
Photo: RFA
ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី អះអាង​ថា មាន​ពលរដ្ឋ​វៀតណាម មួយ​ក្រុម បាន​ឆ្លង​ដែន​ចូល​ដី​ខ្មែរ ហើយ​អារ​រំលំ​ឈើ​មូល​ដឹក​ជញ្ជូន​ចូល​ដី​វៀតណាម ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ។
ក្រុម​សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​កែត ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ចាត់​វិធានការ​បង្ក្រាប​ករណី​ជនជាតិ​វៀតណាម ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​ជា​បន្ទាន់ និង​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​រក​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ។
ការ​ទាមទារ​នេះ កើត​ឡើង​បន្ទាប់​ពី​សហគមន៍​មាន​គ្នា ៩​នាក់ រួម​ជាមួយ​ប្រជា​ការពារ​ភូមិ កាល​ពី​ដើម​ខែ​វិច្ឆិកា បាន​ប្រទះ​ឃើញ​ពលរដ្ឋ​វៀតណាម មាន​គ្នា ៨​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យ​ប្រវត្តិ ៦​គ្រឿង និង​អាវុធ​វែង​មួយ​ដើម បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ការពារ​ព្រំដែន​អូរ​សេដ្ឋី មក​អារ​រំលំ​ឈើ​មូល រួម​ទាំង​ប្រើប្រាស់​រថយន្ត​ពីរ​គ្រឿង ដឹក​ជញ្ជូន​ឈើ​ទៅ​ទឹក​ដី​វៀតណាម វិញ។ ក្នុង​ហេតុការណ៍​នេះ ក្រុម​ល្បាត​សហគមន៍ បាន​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​ពីរ​គ្រឿង​មក​រក្សា​ទុក​នៅ​សាលា​ភូមិ​របស់​សហគមន៍។
បញ្ជាក់​ពី​ហេតុការណ៍​នេះ ប្រធាន​ភូមិ​កែត លោក រចំ ពៀន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ថា សហគមន៍​មិន​មាន​លទ្ធភាព​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​បាន​ទេ ពីព្រោះ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​មាន​អាវុធ​ការពារ​ខ្លួន។ ហេតុ​នេះ សហគមន៍​ខ្លាច​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា ទើប​ដក​ខ្លួន​មក​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ឃុំ។ លោក​បន្ត​ថា អ្នក​ភូមិ​សង្ស័យ​ទៅ​លើ​មន្ត្រី​តម្រួត​ការពារ​ព្រំដែន​នៅ​តំបន់​នោះ ឃុបឃិត​ជាមួយ​ពលរដ្ឋ​វៀតណាម ទើប​មិន​ឃើញ​សមត្ថកិច្ច​ការពារ​ព្រំដែន​ទាំង​នោះ​បង្ក្រាប​សកម្មភាព​ខុស​ច្បាប់​នេះ​ឡើយ៖ «គាត់​កាប់​ដើម​ស្រឡៅ ដើម​គគីរ ដើម​ឈើ​ក្រំ ដើម​ផ្ដៀក។ គេ​ទៅ​ថ្ងៃ​ម្សិលមិញ គេ​ថា​បើ​ឃើញ​អ្នក​ភូមិ​ឈ្លោះ​គ្នា ប្រកែក​គ្នា វាយ​តប់​គ្នា ខាង​សហគមន៍​គេ​អត់​ហ៊ាន​ទៅ​ទេ ប៉ុន្តែ​ខាង​មេ​ឃុំ​គេ​ថា​ផ្អាក​សិន​ទៅ យើង​ទៅ​រាយការណ៍​ឲ្យ​ថ្នាក់​លើ​ទៅ»
នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​ឆ្នាំ​២០១៤ ដែល​សហគមន៍​រក​ឃើញ​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​ជា​ថ្មី​ក្នុង​ទឹក​ដី​ខ្មែរ នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស។ ករណី​ដូច​គ្នា​នេះ ធ្លាប់​កើត​មាន​ច្រើន​លើក​កាល​ពី​ឆ្នាំ​២០១២ គឺ​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ ហើយ​ប្រើប្រាស់​ម៉ូតូ​កែច្នៃ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម។
ទាក់ទិន​សេចក្តី​រាយការណ៍​នេះ​ដែរ អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ ទទួល​ស្គាល់​ថា មេ​ឃុំ​ញ៉ាង បាន​រាយការណ៍​តាម​ទូរស័ព្ទ​មក​អាជ្ញាធរ​ស្រុក ពី​ករណី​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​នេះ​ហើយ ក៏ប៉ុន្តែ​លោក​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ ធ្វើ​របាយការណ៍​ជាក់​លាក់​ដើម្បី​អាជ្ញាធរ​ស្រុក​ចាត់​វិធានការ​បង្ក្រាប​ករណី​នេះ៖ «កំពុង​មើល ចាំ​ពេល​ស្ងាត់​ទៅ​ក្រញឹប​តែ​ម្តង មាន​តែ​ប៉ុណ្ណឹង​ទេ មិន​បាច់​ទៅ​ណែនាំ​ស្អី​ច្រើន​ទេ។ ចាំ​មើល​ខ្ញុំ​ឲ្យ​ឃុំ​ធ្វើ​របាយការណ៍​ឲ្យ​ខ្ញុំ​មក បាន​ខ្ញុំ​ចាត់​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​សិន មែន​ឬ​អត់ ដើម្បី​យក​របាយការណ៍​មក​វិញ​ធ្វើ​តែ​ម្តង»

ផ្ទុយ​ពី​ការ​អះអាង​របស់​អភិបាល​ស្រុក​អណ្ដូងមាស មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (adhoc) លោក ប៉ែន ប៊ុណ្ណារ៍ កត់​សម្គាល់​ថា មិន​មាន​តែ​ឃុំ​ញ៉ាង ទេ នៅ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ក៏​មាន​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ជាច្រើន​ក្រុម។ ចំណែក​សហគមន៍ ក៏​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម និង​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​បាន​ជា​បន្តបន្ទាប់ ប្រគល់​ជូន​ស្ថាប័ន​ជំនាញ​ព្រៃ​ឈើ ក៏ប៉ុន្តែ សមត្ថកិច្ច​ជំនាញ​មិន​បាន​ស្រាវជ្រាវ​រក​ឃើញ​មន្ត្រី​ការពារ​ព្រំដែន​ណា​ម្នាក់​ធ្វេសប្រហែស ឬ​បណ្តែតបណ្តោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ខ្មែរ​ជា​ថ្នូរ​នឹង​អំពើ​ពុក​រលួយ​ឡើយ។ លោក​សម្ដែង​ទុទ្ទិដ្ឋិនិយម​ថា និទ្ទណ្ឌភាព គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន៖ «ច្បាប់​ព្រៃ​ឈើ គឺ​មន្ត្រី​នគរបាល​យុត្តិធម៌​ឃុំ នគរបាល​ប៉ុស្តិ៍ គឺ​ជា​អ្នក​ចូលរួម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ។ ទោះ​បី​សហគមន៍​គាត់​ប្រឹងប្រែង​យ៉ាង​ណា ក៏​យើង ប៉ុន្តែ​ការ​ព្រងើយ​កន្តើយ​របស់​មន្ត្រី​ជំនាញ បាន​ធ្វើ​ឲ្យ​បទល្មើស​ចេះ​តែ​កើន​រហូត។ រដ្ឋ​យើង​មិន​ទាន់​បាន​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​បាន​គ្រប់គ្រាន់»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​ព្រំដែន​ប៉ុស្តិ៍​អូរ​សេដ្ឋី សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា៕

No comments: