A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 December 2014

Dr. Mao Monivann gave up a medical career for a political career ព្រោះ​តែ​មហិច្ឆតា​នយោបាយ ម៉ៅ មុនីវណ្ណ លះបង់​អាជីព​ជា​វេជ្ជបណ្ឌិត

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ផា លីណា
ទឹក​ចិត្ត​ស្រឡាញ់​ការងារ​នយោបាយ​និង​មហិច្ឆតា​ចង់​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​ដឹក​នាំ​តាម​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិត​ប្រាកដ តាំង​តែ​ពី​ដឹង​ក្តី​មក​នោះ បាន​ជំរុញ​ឲ្យ​លោក ម៉ៅ មុនីវណ្ណ បោះ​បង់​អាជីព​ជា​វេជ្ជបណ្ឌិត ផ្នែក​វះកាត់ នៅ​ក្នុង​ពេទ្យ​យោធា​ទាំង​ស្រុង​នៅ​ក្នុង ឆ្នាំ​១៩៩៧ ហើយ​ងាក​មក​ប្រឡូក​ក្នុង​អាជីព​នយោបាយ​យ៉ាង​ងប់ងុល រហូត​សព្វ​ថ្ងៃ​លោក​ក្លាយ​ជា​តំណាង​រាស្ត្រ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ម៉ៅ មុនីវណ្ណ បាន​រៀបរាប់​ថា ក្រោយ​ពី​ជាប់​បាក់ឌុប លោក​ប្រឡង​ចូល​សាលា​ពេទ្យ ឆ្នាំ​១៩៨៦ រហូត ឆ្នាំ​១៩៩២ លោក​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ត្រូវ​បាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ ខេត្ត​កំពង់ចាម ក្នុង​អង្គភាព​ពេទ្យ​យោធា​ប្រចាំ​នៅ​ភូមិភាគ (ឬ​តំបន់)។ លោក​ធ្វើ​ការ​ទី​នោះ​បាន​មួយ​រយៈ​ខ្លី ទើប​សុំ​ផ្លាស់​មក​ភ្នំពេញ​វិញ។ លោក​បម្រើ​ការងារ​ជា​គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​យោធា​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី ឆ្នាំ​១៩៩៣ ដល់ ឆ្នាំ​១៩៩៧ ក្នុង​ជំនាញ​ផ្នែក​វះកាត់​ពោះ​និង​ទ្រូង។
ក្នុង​អំឡុង​ពេល​សិក្សា​នៅ​មហា​វិទ្យាល័យ​ពេទ្យ​លោក​បាន​រំឭក​ថា៖ «ខ្ញុំ​បាន​ប្រឡូក​ក្នុង​នយោបាយ​រួច​ទៅ​ហើយ គឺ​ពេល​នោះ​ខ្ញុំ​ជួយ​ដោយ​ប្រយោល​ដល់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច»។
លោក ម៉ៅ មុនីវណ្ណ ពេល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន កម្ពុជា-​វៀតណាម ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម កាល​ពី ឆ្នាំ​២០១០។
លោក ម៉ៅ មុនីវណ្ណ ពេល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន កម្ពុជា-​វៀតណាម ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម កាល​ពី ឆ្នាំ​២០១០។ ហេង ជីវ័ន
លោក ម៉ៅ មុនីវណ្ណ បាន​រៀបរាប់​ប្រាប់​កម្ពុជា​ចុង​សប្ដាហ៍​ថា នៅ​ក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៩០ លោក​បាន​ដឹក​នាំ​ក្រុម​និស្សិត​ពេទ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​នា​ពេល​នោះ គឺ​សម័យ​រដ្ឋ​កម្ពុជា ខណៈ​ក្រុម​មន្ត្រី​បាន​ឃុប​ឃិត​គ្នា​លក់​ទ្រព្យ​សម្បត្តិ​ជាតិ។
លោក​បន្ត​ថា៖ «កាល​នោះ​ខ្ញុំ​នៅ​យុវជន​អាយុ​ប្រមាណ​ជា ៣០​ឆ្នាំ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មេ​ដឹក​នាំ ៥​នាក់ ដែល​ដឹក​នាំ​និស្សិត​ពេទ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការ​លក់​ទ្រព្យ​សម្បត្តិ​ជាតិ ជា​ច្រើន ដូច​ជា ការ​លក់​ក្រសួង មន្ទីរ សាលារៀន ជាដើម... ទើប​ក្រុម​និស្សិត​ស្នេហា​ជាតិ​ប្រមូល​យុវជន​និស្សិត​ពេទ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច​ទាមទារ​យុត្តិធម៌»។
ការ​ប្រឈម​ដាក់​គ្នា​រវាង​និស្សិត​ពេទ្យ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ពេល​នោះ​លោក មុនី​វណ្ណ អះអាង​ថា បាន​ធ្វើ​ឲ្យ​និស្សិត​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន ដែល​តាម​លោក​នៅ​ចាំ គឺ​មាន​ស្លាប់ ៣ នាក់​បាត់​ខ្លួន​និស្សិត ២០ នាក់។
លោក​ថ្លែង​ថា ក្នុង​អំឡុង​ពេល​នោះ យប់​ឡើង​លោក​មិន​ដែល​ហ៊ាន​ដេក​នៅ​ផ្ទះ​ទេ លោក​តែង​តែ​ចល័ត​កន្លែង​ស្នាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​សុវត្ថិភាព។
លោក ម៉ៅ មុនី​វណ្ណ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា សង្គម​ខ្មែរ​ពេល​នោះ ជា​របប​កុម្មុយនីស្ត រណប​បរទេស ហើយ​ពុំ​មាន​អ្នក​ទប់ស្កាត់​ការ​លក់​ទ្រព្យ​សម្បត្តិ​ជាតិ ទើប​បាន​មាន​ការ​ដឹក​នាំ​ជា​បាតុកម្ម​នេះ​ឡើង»។
លោក​និយាយ​ទៀត​ថា ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ​ចូល​មក​បោះ​ឆ្នោត​នា ឆ្នាំ​១៩៩៣ ក្រោម​ការ​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ ដោយ​មើល​ឃើញ​ឱកាស​ល្អ​មក​ដល់ លោក​ក៏​បាន​រុញ​ចលនា​បាតុកម្ម​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​សកម្មភាព​នយោបាយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​ការ​បោះ​ឆ្នោត។
លោក ម៉ៅ មុនីវណ្ណ បន្ត​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ឲ្យ​ដឹក​នាំ​ប្រទេស ដែល​ពេល​នោះ​ខ្ញុំ​គិត​ថា មាន​តែ​គណបក្ស​មួយ​នេះ​ទេ ជា​ដៃ​គូ​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន»។

លោក​បាន​បន្ត​ថា៖ «កាល​នោះ​លោក សម រង្ស៊ី ដែល​ជា​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ និង​ទ្រង់ នរោត្តម សិរីវុឌ្ឍ ជា​រដ្ឋ​មន្ត្រី​ការ​បរទេស បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម ក្នុង​បេសកកម្ម​បំបាត់​អំពើ​អសកម្ម​និង​អំពើ​ពុក​រលួយ គាត់​មាន​ភាព​ក្លាហាន ខ្ញុំ​ពេញ​ចិត្ត​គាត់​ណាស់។ ប៉ុន្តែ ដោយ​សារ​មើល​ឃើញ​ភាព​អកុសល​របស់​ហ៊្វុន​ស៊ិន​ប៉ិច ដែល​ដក​តំណែង​មនុស្ស​ពីរ​នាក់​នេះ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ដឹក​នាំ​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មិន​គោរព​តាម​គោល​នយោបាយ​របស់​ខ្លួន ខ្ញុំ​ក៏​ឈប់​គាំទ្រ​ពី​ពេល​នោះ​មក»។
លោក ម៉ៅ មុនីវណ្ណ (រូប ទី២ ខាង​ស្ដាំ) ក្នុង​សកម្ម​ភាព​នយោបាយ​នា​ពេល​កន្លង​មក។
លោក ម៉ៅ មុនីវណ្ណ (រូប ទី២ ខាង​ស្ដាំ) ក្នុង​សកម្ម​ភាព​នយោបាយ​នា​ពេល​កន្លង​មក។ ហេង ជីវ័ន
លោក ម៉ៅ មុនីវណ្ណ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ស្ទើរ​តែ​បាត់​ឱកាស​ចូល​រួម​សកម្មភាព​នយោបាយ​ទៅ​ហើយ ស្រាប់​តែ​លោក សម រង្ស៊ី បង្កើត​គណបក្ស​នយោបាយ​ថ្មី​ធ្វើ​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើម​យក​អំណាច តាម​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​នៅ ឆ្នាំ​១៩៩៨។ លោក​ក៏​ងាក​មក​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​នឹង​លោក សម រង្ស៊ី វិញ​ម្តង នៅ​ក្នុង​អំឡុង ឆ្នាំ​១៩៩៦។
លោក​បន្ត​ថា៖ «ពេល​នោះ​ខ្ញុំ​បាន​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ តែ​ពេល​រដ្ឋ​ប្រហារ ១៩៩៧ ថ្នាក់​ដឹក​នាំ​គណបក្ស​បាន​ភៀស​ខ្លួន​ទៅ ប្រទេស​ថៃ ខ្ញុំ​មើល​ឃើញ​ថា បញ្ហា​ស្រុក​ទេស​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ទៀត​ទេ ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​ទៀត។ តែ​ដឹង​អី​ស្រាប់​តែ​លោក សម រង្ស៊ី អាច​ត្រឡប់​ចូល​ស្រុក​បាន ខ្ញុំ​ក៏​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​យ៉ាង​សកម្ម​ជា​ប្រធាន​បក្ស​នៅ ខេត្ត​កំពង់ចាម រហូត​ថ្ងៃ​ដែល​ខ្ញុំ​ចាក​ចេញ​នៅ ឆ្នាំ ​២០១១ ហើយ​មក​ចូល​រួម​នឹង​គណបក្ស​សិទ្ធិ​មនុស្ស​ជាមួយ​នឹង​លោក កឹម សុខា ម្តង។
លោក ម៉ៅ មុនី​វណ្ណ បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី នៅ​ក្នុង ឆ្នាំ​២០១១ នោះ​ថា គឺ​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា នៅ​ក្នុង​គណបក្ស សម រង្ស៊ី អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​បក្ស គេ​មិន​សូវ​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ទេ។
លោក​ថ្លែង​ថា៖ «ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​អ្នក​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​មាន​ការ​បង្រួប​បង្រួម​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ឈ្នះ​គណបក្ស​ប្រជាជន ហើយ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​និយាយ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​ដើម្បី​ឲ្យ​មាន​ការ​បង្រួប​បង្រួម​គ្នា ទើប​មាន​ថ្ងៃ ទី១៧ ខែ​៧ (កក្កដា) ឆ្នាំ​២០១២ នៅ​ម៉ានីល បាន​ឯកភាព​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ឡើង។ ខ្ញុំ​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​តាំង​ពី ឆ្នាំ​ ២០០៣ គឺ​គណបក្ស សម រង្ស៊ី ពីរ​អាណត្តិ រហូត​មក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ទៀត»។
លោក ម៉ៅ មុនី​វណ្ណ បច្ចុប្បន្ន ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មការ ទី៩ រដ្ឋសភា​ទទួល​បន្ទុក​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហ​កម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់។
លោក​បន្ត​ឲ្យ​ដឹង​ថា លោក​ជា​កូន​កសិករ មាន​ឪពុក​ឈ្មោះ ម៉ៅ ហាក់ ធ្វើ​ការ​ក្នុង​ហាង​បារី ក្នុង​ទី​រួម ខេត្ត​កំពង់ចាម ម្ដាយ​ជា​កម្មករ​នៅ​ចម្ការ​កៅស៊ូ​ជប់។ លោក​មាន​កំណើត​កើត​នៅ​ក្នុង​មន្ទីរពេទ្យ​ជប់ គីឡូ​ម៉ែត​លេខ ៤៦ ដែល​ទីនោះ​ជា​ផ្ទះ​របស់​លោក។ លោក​កើត​នៅ ឆ្នាំ​១៩៦៤ ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ មាន​បង​ប្អូន ៦​នាក់ (ស្រី​បី​នាក់)។
នៅ​ពេល​គ្រប់​អាយុ​ចូល​រៀន​ប្រទេស​ជាតិ​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល ក្នុង ឆ្នាំ​១៩៧០ គ្រួសារ​លោក​បាន​ភៀស​ខ្លួន​មក​កាន់​ទី​រួម ខេត្ត​កំពង់ចាម លោក​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ដីដុះ រហូត​ដល់​ថ្នាក់ ទី៩ ទើប​ខាង​ខ្មែរ​ក្រហម​បាន​វាយ​ចូល​ក្រុង​កំពង់ចាម ហើយ​ក៏​បាន​កៀរ​ប្រជាជន​ចេញ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​តំបន់​រំដោះ គ្រួសារ​លោក​បាន​ទៅ​រស់​នៅ​ស្រុក​កំណើត​នៅ​សួង​ចាប់​តាំង​ពី ឆ្នាំ​១៩៧៣ រហូត​ដល់ ១៩៧៥ ទើប​ខ្មែរ​ក្រហម​វាយ​បែក​ភ្នំពេញ។
លោក​បន្ត​ថា ក្នុង​របប​ខ្មែរ​ក្រហម លោក​ទើប​មាន​អាយុ​ប្រហែល ១៣ ឆ្នាំ​និង​គ្រាន់​តែ​ជា​ក្មេង​ឃ្វាល​គោ​ក្របី​ម្នាក់​ប៉ុណ្ណោះ។ គ្រួសារ​លោក​បន្ត​រស់​នៅ​សួង រហូត​ដល់​យួន​រំដោះ​ប្រទេស​ពី​ខ្មែរ​ក្រហម​នៅ ឆ្នាំ​១៩៧៩។
លោក​រំឭក​ពី​សម័យ​ក្រោយ​រំដោះ ៧ មករា ១៩៧៩ ថា នៅ ឆ្នាំ​១៩៨១ សាលា​រៀន (អនុ​វិទ្យាល័យ​សួង) ត្រូវ​បាន​បើក​ឡើង​វិញ លោក​ក៏​បាន​ចូល​រៀន​បន្ត​រហូត​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​កម្រិត ២ នា​ពេល​នោះ​រហូត​ដល់ ឆ្នាំ​១៩៨៣ ទើប​ផ្លាស់​មក​រៀន​នៅ​ភ្នំពេញ នៅ​វិទ្យាល័យ​ដូនពេញ ដែល​បច្ចុប្បន្ន​ហៅ «វិទ្យាល័យ​ព្រះស៊ីសុវត្ថិ» រហូត​ប្រឡង​ជាប់​បាក់​ឌុប និង​បន្ត​ចូល​រៀន​សាលា​ពេទ្យ។
លោក មុនីវណ្ណ បន្ត​ឲ្យ​ដឹង​ថា លោក​បាន​រៀបការ​ប្រពន្ធ​នៅ ឆ្នាំ​ ២០០០ សព្វ​ថ្ងៃ​មាន​កូន​បី​នាក់ (ស្រី​ពីរ​នាក់)។
សម្រាប់​ថ្ងៃ​អនាគត​លោក​គិត​ថា នឹង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ក្នុង​អាជីព​នយោបាយ របស់​លោក​ក្នុង​ការ​កសាង​ជាតិ​រហូត​ប្រជា​ពលរដ្ឋ​ទទួល​បាន​ភាព​សុខ​សប្បាយ។
លោក​ប្តេជ្ញា​ដែរ​ថា៖ «ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ទេ ហើយ​ខ្ញុំ​ចង់​ឲ្យ​យុវជន​ទាំង​អស់​ចាប់​អារម្មណ៍​រឿង​នយោបាយ ព្រោះ​នេះ​ជា​មហិច្ឆតា​សម្រាប់​ជីវិត​របស់​ខ្ញុំ»៕

No comments: