A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Analysis: How did the CPP protect the achievements of the 7th January Day? បទ​វិភាគ៖ តើ​បក្ស​ប្រជាជន​​ប្រើ​វិធី​បែប​ណា​ខ្លះ​ដើម្បី​ការពារ​សមិទ្ធផល​នៃ​ថ្ងៃ​៧ មករា?

ហ៊ុន សែន ហេង សំរិន ៧​មករា ៦២០
ប្រធាន​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន (ឆ្វេង) និង​អនុ​ប្រធាន​គណបក្ស លោក ហ៊ុន សែន ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​ទី​៣៦ នៃ​ថ្ងៃ​៧ មករា (១៩៧៩-២០១៥) នា​ទីស្នាក់ការ​គណបក្ស​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​៧ មករា ២០១៥។
RFA/Brach Chev
អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧ មករា គឺ​ជា​សម្ពន្ធ​មិត្ត​របស់ ប៉ុល ពត។ លោក​ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ពុះពារ​គ្រប់​ឧបសគ្គ​ហ៊ាន​ប្ដូរ​ជីវិត​ដើម្បី​ការពារ​សមិទ្ធផល ៧ មករា នេះ​ឲ្យ​ស្ថិតស្ថេរ​ជា​រៀង​រហូត។
តើ​បក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​បែប​ណា​ខ្លះ​ដើម្បី​ការពារ​សមិទ្ធផល​នៃ​ថ្ងៃ​៧ មករា?
បើ​ចង់​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​បែប​ណា​ខ្លះ​ដើម្បី​ការពារ​សមិទ្ធផល ៧ មករា នោះ យើង​ត្រូវ​ដឹង​ជា​មុន​ថា អ្វី​ខ្លះ​ជា​សមិទ្ធផល ៧ មករា សិន។ ថ្ងៃ​៧ មករា ៧៩ ជា​ថ្ងៃ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ឃោរឃៅ អាវ​ខ្មៅ ប៉ុល ពត។ ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា និង​ជា​ថ្ងៃ​ដែល​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ បាន​ធ្វើ​ធំ​ដឹកនាំ​ប្រទេស​ក្រោម​ការ​លើក​បន្តុប​ពី​វៀតណាម។
គណបក្ស​កាន់​អំណាច​អះអាង​ថា សមិទ្ធផល​ធំ​មួយ​របស់​ខ្លួន​នោះ​ជា​ការ​នាំ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជូន​ប្រជាជាតិ​កម្ពុជា។ ហេតុ​នេះ​ការ​រក្សា​សន្តិភាព​ជា​កាតព្វកិច្ច​ចាំបាច់​របស់​ខ្លួន។ ពេល​ដែល​ខ្មែរ​ក្រហម​រត់​ចេញ​ពី​ភ្នំពេញ​ទៅ កម្ពុជា​សំបូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​សព្វ​បែប​សព្វ​យ៉ាង​ទាំង​ពី​ព្រៃ​ឈើ សត្វព្រៃ ធនធាន​រ៉ែ ធនធាន​មច្ឆជាតិ​ជាដើម។ ត្រង់​ចំណុច​នេះ បក្ស​កាន់​អំណាច​លើក​ឡើង​ថា ប្រទេស​កម្ពុជា ឆ្នាំ​១៩៧៩ ជា​ឆ្នាំ​សូន្យ ឬ​ជា​ឆ្នាំ​គំនរ​ផេះផង់។ គណបក្ស​ប្រជាជន​កម្ពុជា អួត​ថា ខ្លួន​អភិវឌ្ឍ​ប្រទេស​តាំង​ពី​បាតដៃ​ទទេ​រហូត​មាន​ការ​អភិវឌ្ឍ​​ដូច​សព្វថ្ងៃ។

ធាតុ​ពិត​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៣ ការ​អភិវឌ្ឍ​វិស័យ​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា មិន​បាន​ប្រែប្រួល​ជា​ដុំកំភួន​នោះ​ទេ។ មូលហេតុ​នេះ ព្រោះ​តែ​រដ្ឋការ​ខ្មែរ​ក្រហម​នៅ​កាន់​អំណាច​នៅ​ក្នុង​ព្រៃ ពេល​ខ្លះ​ចេញ​មក​វាយ​ប្រហារ​ឆក់​ប្លន់​នៅ​ទីប្រជុំជន​ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​រដ្ឋ​កម្ពុជា ទៀត​ផង។ គណបក្ស​ប្រជាជន​កម្ពុជា ទប់​ទល់​នឹង​ខ្មែរក្រហម​ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម ឈរ​ជើង​នៅ​កម្ពុជា និង​ដាក់​ជំនាញការ​គ្រប់​ក្រសួង​គ្រប់​ខេត្ត គ្រប់​តំបន់ ទូទាំង​ប្រទេស​កម្ពុជា។
រហូត​ដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ រវាង​រដ្ឋាភិបាល​ត្រីភាគី​ដែល​ដឹកនាំ​ដោយ​សម្ដេច នរោត្តម សីហនុ និង​ភាគី​រដ្ឋ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ភាគី​ទាំង​អស់​ព្រមព្រៀង​គ្នា​ចូល​រួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់។
​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​លើក​ដំបូង​ឆ្នាំ​១៩៩៣។ តែ​បក្ស​នេះ​បាន​ឡាំប៉ា​ទាមទារ​កាន់​អំណាច​រួម​ជាមួយ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ។ បើ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​ព្រម​ចែក​អំណាច​ទេ​នោះ រដ្ឋាភិបាល​ថ្មី​មួយ​ទៀត​អាច​នឹង​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ​ជា​មិន​ខាន។
សម្ដេច នរោត្តម សីហនុ ដោះស្រាយ​បញ្ហា​នេះ ដោយ​បង្កើត​រដ្ឋាភិបាល​ក្បាល​ពីរ​ចម្លែក​ជាងគេ​លើ​ពិភពលោក ប្រសូត​ឡើង​នៅ​កម្ពុជា។ ប្រការ​នេះ​ទំនង​ជា​បក្ស​កាន់​អំណាច​គិត​ថា មានតែ​ក្រុម​ខ្លួន​ទេ​មើល​ទៅ​ដែល​អាច​ការពារ​សន្តិភាព​ជូន​កម្ពុជា​បាន។
ក្នុង​ហេតុផល​ការពារ​សមិទ្ធផល ៧ មករា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ច្បាំង​គ្នា​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ថ្ងៃ​ទី​៥ និង ៦ កក្កដា ឆ្នាំ​១៩៩៧។ ចម្បាំង​មួយ​ចម្អិន​កំពឹស​នោះ​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់។ ដៃ​ម្ខាង​ប្រើ​យុទ្ធសាស្ត្រ​នេះ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម ជើង​ម្ខាង​ទៀត​ប៉ែង​ហ្វ៊ុនស៊ិនប៉ិច ឲ្យ​ដួល​ងើប​មុខ​លែង​រួច។ ក្រៅ​ពី​ប្រយុទ្ធ​គ្នា​ដណ្ដើម​អំណាច លោក ហ៊ុន សែន ក៏​ថែម​ទាំង​ប្រើ​កម្លាំង​បង្ក្រាប​បាតុកម្ម​ទៀត។ បាតុករ​រាប់​សិប​នាក់​ស្លាប់ និង​រាប់​រយ​នាក់​ទៀត​រង​របួស​ដោយសារ​អាជ្ញាធរ​បង្ក្រាប និង​ស្នាដៃ​ជន​អនាមិក​គប់​គ្រាប់​បែក​នៅ​មុន​ឆ្នាំ​២០០០។ ក្រៅ​ពី​សម្លាប់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់ មន្ត្រី​សង្គម​ស៊ីវិល សហជីព អ្នក​កាសែត និង​ពលរដ្ឋ​ជា​ច្រើន​ក៏​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ក្រោម​លេស​ថា​រក្សា​សុវត្ថិភាព​សង្គម។
សង្គម​មាន​សុវត្ថិភាព​ដែល​លោក ហ៊ុន សែន ឲ្យ​និយម​ន័យ​នោះ គឺ​ជា​សង្គម​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ប្រទេស ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ជា​សង្គម​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ ប្រហែលជា​មើល​ឃើញ​បែប​នេះ​ហើយ ទើប​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ថ្នាក់​លោក​ខែ រហូត​ដល់​ជំនួយការ​ប្រធាន​ភូមិ តែងតែ​ទទូច​ទារ​សគុណ​មិន​ដាច់​ពី​មាត់​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​នេះ​ថែម​ទាំង​បំភ័យ​ពលរដ្ឋ​ថា បើ​បក្ស​ប្រឆាំង​ជាប់​ឆ្នោត​នឹង​មាន​សង្គ្រាម​ជាដើម។ នៅ​មុន​ពេល​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា បើ​លោក​ចាញ់​ឆ្នោត​លោក​នឹង​ឈប់​ធ្វើ​បុណ្យ​ទៀត​ផង។ លោក​ថែម​ទាំង​បញ្ជាក់​ថា បើ​ចង់​សងគុណ ៧ មករា គឺ​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។
បំភ័យ សម្លុត គំរាម​បែប​ហ្នឹង​មិន​គ្រប់​គ្រាន់ តែ​លោក ហ៊ុន សែន ក៏​ចូលចិត្ត​ប្រើ​វិធី​ទិញ​ទឹកចិត្ត ឬ​សមត្ថភាព​អ្នក​នយោបាយ​ពី​ខាងក្រៅ​មក​ជួយ​ខ្លួន។ តាម​រយៈ​យុទ្ធសាស្ត្រ​ទិញ​នេះ​ហើយ ធ្វើ​ឲ្យ​លោក​មាន​ទីប្រឹក្សា​ពូកែៗ​រាប់​សិប​នាក់​នៅ​ជុំវិញ​ខ្លួន និង​ទិញ​រហូត​គណបក្ស​រាជា​និយម​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​នោះ​រលាយ​បាត់​អាសនៈ​សភា​គ្មាន​សល់។ បើ​គ្រាន់តែ​ធ្វើ​ឲ្យ​គូប្រជែង​ចុះ​ខ្សោយ​នោះ មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​គណបក្ស​កាន់​អំណាច។ បក្ស​នេះ​បាន​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ទាំង​ផ្នែក​នយោបាយ និង​មាន​បក្ស​ដែល​មាន​កម្លាំង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ទៀត។
គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រក​ស៊ី​អ្វី​បន្តិច​ទេ តែ​បក្ស​នេះ​មិន​ខ្វះ​លុយ​ចាយ​ឡើយ។ បក្ស​នេះ​ដើរ​តួ​ជា​តា​ណូអែល ចាំតែ​ចែក​អំណោយ។ អ្វី​ដែល​ខុសប្លែក​បន្តិច​នោះ គឺ​តា​ណូអែល​មែនទែន​លួច​ប្លុង​អំណោយ​ស្ងាត់ៗ រី​ឯ​តា​ណូអែល​នៃ​គណបក្ស​ប្រជាជន ចែក​អំណោយ​នៅ​ពី​មុខ​ម៉ាស៊ីន​ថត​រូប។
គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ចាំបាច់​ត្រូវការ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​ដើម្បី​បាន​លុយ​ជាតិ​មក​ឃោសនា​បោះ​ឆ្នោត​នោះ​ដែរ។ លុយ​ទាំង​អស់​នោះ​បាន​មក​ពី​ណា? ចម្លើយ​វា​គឺ​បាន​មក​ពី​រក។ រដ្ឋមន្ត្រី​ប្រាក់ខែ​ជាង ៤​លាន ជិះ​ឡាន​សុទ្ធតែ​ឡិចស៊ីស ៥៧០ (Lexus 570) ផ្ទះ​ធំ​ស្កឹមស្កៃ​តម្លៃ​រាប់​លាន​ដុល្លារ។ គាត់​រក​លុយ​បាន​ដោយ​វិធី​ណា? ចម្លើយ​គឺ​មាន​វិធី​ច្រើន​ណាស់ តែ​ចម្លើយ​មួយ​ដែល​គេ​និយម​និយាយ​គឺ​មក​ពី​អ្នក​ទាំង​នោះ​ជំនាញ​រក​ក្រៅ។ ឧកញ៉ាៗ​ទាំង​នោះ មាន​សិទ្ធិ​ស្របច្បាប់​យក​ដី​រដ្ឋ​លក់ រដ្ឋ​ប្រគល់​ដី​សាធារណៈ​ឲ្យ​ដោយ​បណ្ដេញ​អ្នក​ក្រ​ចេញ បូម​ខ្សាច់ រក​ស៊ី​រ៉ែ កាប់​ឈើ​លក់ សម្បទាន​ដី​ព្រៃ​ឈើ បើក​រោងចក្រ​ជាដើម។ លុយ​ដែល​មិន​សូវ​មាន​ប្រភព​ច្បាស់​លាស់​នេះ​ហើយ​ដែល​ជា​គ្រឹះ​សម្រាប់​ជ្រោមជ្រែង​សមិទ្ធផល​ថ្ងៃ​៧ មករា។
ទោះ​យ៉ាង​ណា​ក៏ដោយ យុវជន​ស្រករ​ក្រោយ​ច្រើន​ណាស់​ដែល​ចង់​បាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ផ្អែក​លើ​ផែនការ​ច្បាស់លាស់។ នៅ​ថ្ងៃ​៧ មករា ឆ្នាំ​២០១៥ នេះ យុវជន​អ្នកលេង​ហ្វេសប៊ុក (Facebook) ជា​ច្រើន​នាក់ ដែល​មិន​ពេញចិត្ត​នឹង​របៀប​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​បដិសេធ​សងគុណ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩។ អ្នក​ខ្លះ​ផ្ញើ​សារ​រិះគន់ អ្នក​ខ្លះ​ផ្ញើ​សារ​ចំអក ហើយ​ក៏​មាន​អ្នក​ខ្លះ​ជេរ​បញ្ចោរ​តែម្ដង។ ពួកគេ​មិន​ពេញ​ចិត្ត​ប្រហែល​ជា​មិន​មែន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ទេ ប៉ុន្តែ​អំពើ​អយុត្តិធម៌​សង្គម ពុករលួយ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ និង​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញទ្រាន់​នឹង​គុណ​បំណាច់​ថ្ងៃ​៧​ មករា៕

No comments: