A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 January 2015

Cambodian court sentenced Sourn Serey Ratha, leader of the U.S-based Khmer People Power Movement, in absentia to 7 years jail for treason តុលាការ​ផ្ដន្ទាទោស​លោក សួន សេរីរដ្ឋា ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​ក្បត់​ជាតិ

សួន សេរីរដ្ឋា ៦១០
ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤ នៅ​សហរដ្ឋ​អាមេរិក។
Photo: RFA
ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនហេង នៅ​ថ្ងៃ​ទី​១៤ មករា ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​សមាជិក ៣​នាក់​ទៀត ឲ្យ​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​ពី​បទ​រួមគំនិត​ក្បត់​ជាតិ។
មន្ត្រី​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) គិត​ថា ការ​សម្រេច​របស់​តុលាការ​នេះ មិន​បាន​ផ្នែក​លើ​ការ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។
ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា នៅ​មិន​ទាន់​បញ្ជាក់​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ប្ដឹង​ទាស់​ចំពោះ​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ពី​បទ​ក្បត់ជាតិ។
​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនហេង សម្រេច​ផ្តន្ទាស​ទោស​កំបាំងមុខ​ឲ្យ​លោក សួន សេរីរដ្ឋា ជាប់​ពន្ធនាគារ ៧​ឆ្នាំ និង​ពិន័យ​ប្រាក់ ២៥​លាន​រៀល។ ក្រៅ​ពី​លោក មាន​សមាជិក ៣​នាក់​ទៀត រួមមាន​លោក សេរី ប៊ុនឡុង និង​លោក សេង សុខម៉េង ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ឆ្នាំ និង​លោក អ៊ុំ ភារុន ត្រូវ​ផ្ដន្ទាទោស ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ៗ ៥​លាន​រៀល និង​ត្រូវ​ដកហូត​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត។ ពួកគេ​ទាំង ៣​នាក់​នោះ ជាប់​ចោទ​ពី​បទ​ចំនួន​៣ រួម​មាន​ទី​១ បទ​ចោទ រួម​គំនិត​ក្បត់ ឬ​ក្បត់​ជាតិ។ ទី​២ បទ​រារាំង​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត និង​ទី​៣ បទ​បង្ក​ការ​រំខាន​ដល់​អ្នក​មាន​សិទ្ធិ​បោះឆ្នោត តាម​មាត្រា ១២៤ នៃ​ច្បាប់​រៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ។ អ្នក​ទាំង​៣​នោះ ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ រយៈពេល​មួយ​ខែ មុន​ពេល​បោះឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ បន្ទាប់ពី​បាន​ចែកចាយ​នាឡិកា វិទ្យុ ឌីវីឌី (DVD) និង​អាវយឺត​ដែល​មាន​រូប​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ដោយ​គេ​យល់​ថា ការ​រៀបចំ​បោះឆ្នោត​នោះ​អយុត្តិធម៌។ រី​ឯ​លោក សួន សេរីរដ្ឋា ត្រូវ​ជាប់​ចោទ ថា​ជា​មេខ្លោង​នៃ​បទល្មើស​ទាំង​នោះ។
​លោក សួន សេរីរដ្ឋា ត្រូវ​បាន​ជាប់​ចោទ​ផ្សេង​ទៀត​ថា ជា​មេខ្លោង​នៃ​សកម្មភាព​ចែកចាយ​ផ្កា​កុលាប និង​ខិត្តប័ណ្ណ​ច្រើន​រយ​សន្លឹក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣ ដែល​មាន​ខ្លឹមសារ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​ជាប់​ចោទ​បទមជ្ឈិម​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ប៉ុន្តែ​ត្រូវ​លោក តុប ឈុនហេង ជា​ចៅក្រម​សម្រេច​បង្វែរ​បទ​ចោទ​ពី​មជ្ឈិម​ទៅ​ជា​បទឧក្រិដ្ឋ គឺ​បទ​ក្បត់ជាតិ។
លោក សួន សេរីរដ្ឋា ដែល​កំពុង​ឋិត​នៅ​ប្រទេស​ក្បែរ​កម្ពុជា បាន​បដិសេធ​មិន​ទទួល​យក​សាលក្រម​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់​ទុក​ថា សាលក្រម​នេះ​ជា​រឿង​នយោបាយ។ លោក​បញ្ជាក់​ថា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ប្រកាន់​ជំហរ​អហិង្សា​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ឡើយ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា សាលក្រម​នេះ​អត់​យុត្តិធម៌​ចំពោះ​ខ្ញុំ​ទេ ហើយ​ក៏​អត់​យុត្តិធម៌​សម្រាប់​សកម្មជន​បី​នាក់​របស់​អំណាច​ពលរដ្ឋ​ខ្មែរ​នៅ​ភ្នំពេញ​នោះ​ដែរ។ គេ​ចោទ​យើង​ថា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ហិង្សា​នោះ ខ្ញុំ​ធ្លាប់​បកស្រាយ​ហើយ គឺ​ថា​ចលនា​អំណាច​ពលរដ្ឋ​ធ្វើ​មិន​មែន​ហិង្សា យើង​ធ្វើ​ដូច​រដ្ឋាភិបាល​ដែរ គឺ​យើង​ប្រឆាំង​នឹង​អំពើ​ហិង្សា។ អ្វី​ដែល​យើង​ធ្វើ​នោះ យើង​ចង់​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​នយោបាយ​ដូចជា​ករណី​ថា ករណី​យើង​ផ្សព្វផ្សាយ​ពលរដ្ឋ​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត គឺ​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​ដែល​ទម្រង់​មិន​សេរី និង​យុត្តិធម៌។ ក្រោយ​ការ​បោះ​ឆ្នោត ហើយ​ពលរដ្ឋ​រាប់​សែន​នាក់ និង​គណបក្ស​ប្រឆាំង ក៏​បាន​ចេញ​មក​ប្រឆាំង​ពី​រឿង​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​នេះ​ដែរ»

លោក សួន សេរីរដ្ឋា បន្ត​ថា មេធាវី​របស់​លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​សាលក្រម​តុលាការ​បន្ត​ទៀត។ លោក សួន សេរីរដ្ឋា ជា​ខ្មែរ-អាមេរិកាំង កាល​ពី​ពេល​ថ្មី​នេះ បាន​ស្នើ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​បដិសេធ ហើយ​ស្នើ​ឲ្យ​កែ​តម្រូវ​ឈ្មោះ​គណបក្ស។ បន្ទាប់​ពី​កែ​តម្រូវ​មក គណបក្ស​របស់​លោក​មាន​ឈ្មោះ​ថា គណបក្ស​អំណាច​ខ្មែរ។ លោក សួន សេរីរដ្ឋា បញ្ជាក់​ថា សាលក្រម​សាលា​ដំបូង​នេះ​មិន​អាច​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​បង្កើត​គណបក្ស​របស់​លោក​ឡើយ។
​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សួន សេរីរដ្ឋា គឺ​លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា លោក​បាន​ផ្ដល់​ដំណឹង​ពី​ការ​សម្រេច​របស់​តុលាការ​នេះ​ទៅ​លោក សួន សេរីរដ្ឋា រួច​ហើយ។ ប៉ុន្តែ​លោក សួន សេរីរដ្ឋា នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ណា​មួយ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ​នៅ​ឡើយ​ទេ៖ «មិន​ទាន់​ច្បាស់​ទេ​តែ​ប្រហែលជា​ប្ដឹង​មើល​ទៅ និយាយ​រួម​គាត់ (សួន សេរីរដ្ឋា) ចាំ​មើល​គេ​ចេញ​សាលក្រម​ឲ្យ​បាន​ច្បាស់​សិន»
​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនហេង សម្រេច​បើកផ្លូវ​ឲ្យ​ជន​ជាប់​ចោទ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​រយៈ​មួយ​ខែ និង​ត្រូវ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើប​មុនៗ។
មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត គិត​ថា ការ​សម្រេច​របស់​តុលាការ​នេះ មិន​បាន​ផ្នែក​លើ​ការវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ៖ «ពាក្យ​ថា​រួម​គំនិត​ក្បត់​លុះត្រាតែ​បង្ក​ចលាចល​ប្រឆាំង​រដ្ឋាភិបាល ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​បាន​ជា​មាន​បទល្មើស​ចូលរួម​ក្បត់។ តែ​ភស្តុតាង​នោះ​ចៅក្រម​គួរតែ​ពិចារណា​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ»
​លោក សួន សេរីរដ្ឋា គឺជា​គូ​ទំនាស់​សម្ដី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ប្រើ​សម្ដី​ឌឺដង និង​រិះគន់​នយោបាយ​របស់​លោក ហ៊ុន សែន រហូត​និយាយ​ចំៗ​ថា លោក ហ៊ុន សែន ជា​មនុស្ស​កំសាក។ រីឯ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា វិញ ក៏បាន​ព្រមាន​តាម​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា ដែរ ក្រោម​ហេតុផល​ថា លោក​គឺ​ជា​មេខ្លោង​នៃ​ក្រុម​មួយ​ដែល​មានបំណង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល។ សព្វ​ថ្ងៃ​នេះ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន ៣​លើក​មក​ហើយ តាម​ចាប់​លោក សួន សេរីរដ្ឋា ខណៈ​ដែល​លោក​កំពុង​រស់នៅ​សហរដ្ឋអាមេរិក៕​

No comments: