A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 5 January 2015

Cambodian films that earned the most money in 2014 ភាពយន្ត​កម្ពុជា​​ដែល​រក​ចំណូល​បាន​​ច្រើន​បំផុត​​ប្រចាំ​ឆ្នាំ ២០១៤

កម្មវិធី​សម្ពោធ​រឿង​អាព្រឿង​ងាប់ហើយ កាល​ពី​ពេល​កន្លង​មក​។​ រូប​ថត សេត គឹមសឿន
កម្មវិធី​សម្ពោធ​រឿង​អាព្រឿង​ងាប់ហើយ កាល​ពី​ពេល​កន្លង​មក​។​ រូប​ថត សេត គឹមសឿន
ខណៈ​ពេល​ដែល​វិស័យ​​សិល្បៈ​ភាពយន្ត​មាន​សន្ទុះ​បន្តិច រោង​ភាព​យន្ត​ទំនើប​ៗ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​អំឡុង​ឆ្នាំ ២០១២។ ភាព​ប្រទាក់​ក្រឡា​គ្នា​នេះ ជា​កម្លាំង​ចលករ​យ៉ាង​ពិសេស​លើក​ទឹក​ចិត្ត​ឲ្យ​ផលិតករ​នៅ​ក្នុង​ផលិត​កម្ម​ភាព​យន្ត​ផ្សេង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​​ការ​ផលិត​ភាពយន្ត​ឡើង​វិញ។
នៅ​ក្នុង​ឆ្នាំ ២០១៤ ​កន្លង​មក​នេះ គេ​អាច​និយាយ​បាន​ថា ជា​យុគ​សម័យ​មួយ​ដែល​វិស័យ​ភាព​យន្ត​កម្ពុជា​ទាំង​ភាគ និង​ដុំ ខ្នាត​តូច ខ្នាត​ធំ​រីក​លូត​លាស់​យ៉ាង​ខ្លាំង ហើយ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​តែង​មាន​ភាពយន្ត​ខ្មែរ​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​ជា​និច្ច។ ជាមួយ​គ្នា​នោះ គេ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា ការ​គាំទ្រ​របស់​ទស្សនិកជន​ក៏​មាន​សន្ទុះ​កើន​ខ្លាំង​​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​ធំ​បាន​ទទួល​ការ​ចូល​ទស្សនា​ច្រើន​ជា​រឿង​ខ្នាត​ធំ​នាំ​ចូល​ពី​បរទេស​ទៀត​ផង។
ជាមួយ​នឹង​ភាព​រីក​រាយ​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នេះ ទើប​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ធ្វើ​ការ​វាយ​តម្លៃ​តាម​ភាព​ជាក់​ស្តែង​ថា នៅ​ក្នុង​ចំណោម​ភាព​យន្ត​ខ្មែរ​ជា​ច្រើន​ភាពយន្ត​ខ្មែរ​ចំនួន ៦​រឿង មក​ពី​ផលិតកម្ម​ ៤ ផ្សេង​គ្នា ​អាច​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​នៅ​ឆ្នាំ ២០១៤ កន្លង​មក​ថ្មីៗ​នេះ។
ឈុត​មួយ​ក្នុង​រឿង 2Brothers។​ រូប​ថត សហ​ការី
ឈុត​មួយ​ក្នុង​រឿង 2Brothers។​ រូប​ថត សហ​ការី
តាម​រយៈ​ទិន្ន​ន័យ​ដែល​ទទួល​បាន លោក ស៊ិន ចន្ទសាយ៉ា បាន​លើក​ឡើង​ថា ​មក​ទល់​នឹង​ពេល​នេះ​ លោក​ទទួល​បាន​ទិន្ន​ន័យ​​ជាក់​លាក់​មួយ​ថា ភាព​យន្ត​ខ្មែរ​ចំនួន​បី​រឿង​រក​ចំណូល​បាន​ខ្ពស់​ក្នុង​ឆ្នាំ ២០១៤ ពោល​គឺ​អាច​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ ក្នុង​នោះ​មាន​រឿង ស្បែក​គង់ រឿង 2brothers និង​រឿង​ ក្រឡ​អី​ហ្នឹង។
មន្ត្រី​ប្រធាន​នាយក​ដ្ឋាន​នៅ​ក្រសួង​វប្បធម៌​រូប​នេះ​ បាន​និយាយ​ថា៖ «តាម​រយៈ​ទិន្នន័យ​ដែល​នាយកដ្ឋាន​របស់​ខ្ញុំ​ទទួល​បាន ពេល​នេះ​យើង​បាន​ដឹង​ថា រឿង​ ៣ ដែល​អាច​រក​ចំណូល​ប្រចាំ​ឆ្នាំ ២០១៤ ខ្ពស់​ជាង​គេ។ រឿង​នោះ​មាន រឿង 2brothers ស្បែក​គង់ និង​រឿង ក្រឡ​អី​ហ្នឹង។ ដោយ​ឡែក​រឿង​បន្ត​បន្ទាប់​ទៀត​ យើង​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខាង​រោង​កុន​ដឹង​ច្បាស់​រឿង​នេះ»។
បើ​តាម​ការ​វាយ​តម្លៃ​ពី​រោងភាព​យន្ត​ធំ​ៗ តែ​មិន​ទាន់​អាច​កំណត់​ច្បាស់​ ១០០ ​ភាគរយ​នោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា រឿង «អាព្រឿង​ងាប់​ហើយ» រឿង «​ខ្មោច​អាសង្ហា» និង​រឿង​ «​អាចារ្យ​ ៣​ សាសន៍» ជា​រឿង​បន្ត​បន្ទាប់​ដែល​អាច​រក​ចំណូល​បាន​ច្រើន​។
អ្នក​គ្រប់​គ្រង​ផ្នែក​រោង​ភាព​យន្ត​ម្នាក់​សុំ​និយាយ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​ «​រឿង ស្បែក​គង់ ​រឿង 2brothers និង​រឿង​ ក្រឡ​អី​ហ្នឹង ទី​ផ្សារ​នៅ​ក្នុង​ស្រុក គឺ​អាច​រក​ចំណូល​បាន​ស្របាល​ៗ​គ្នា​​ខ្ទង់​ ៣០ ម៉ឺន​ដុល្លារ​។ រីឯ​រឿង​បី​ទៀត ដែល​មាន​រឿង អាព្រឿង​ងាប់​ហើយ រឿង ខ្មោច​អាសង្ហា និង​រឿង​ ​អាចារ្យ​ ៣​សាសន៍ គឺ​អាច​រក​ចំណូល​បាន​ប្រហាក់​ប្រហែល​គ្នា​ដែរ​ខ្ទង់​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក»។
យោង​តាម​ទិន្ន​ន័យ​របស់​ក្រសួង គណៈ​គ្រប់​គ្រង​រោង​ភាព​យន្ត និង​ផលិតករ​ភាពយន្ត​បាន​ឲ្យ​ដឹង​ថា ភាព​យន្ត​ចំនួន​ ៦ ​រឿង​ដែល​អាច​រក​ចំណូល​បាន​ខ្ពស់​ក្នុង​ឆ្នាំ​២០១៤ មាន​​ រឿង ស្បែក​គង់ ជា​ស្នាដៃ​ផលិត​​របស់​ផលិត​កម្ម Angkor Picture ភាព​យន្ត រក​ចំណូល​បាន​​ប្រមាណ ៣០ ​ម៉ឺន​ដុល្លារ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។ ដោយ​ឡែក​ទីផ្សារ​ក្រៅ​ប្រទេស​ដូច​ជា​ការចាក់​បញ្ចាំង​នៅ​ថៃ និង​អាមេរិក​មិន​ទាន់​បូក​បញ្ចូល​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រឿង​នេះ​ប្រើ​​ដើម​ទុន​ក្នុង​ការ​ផលិត​រហូត​ដល់ ៦៨ ​ម៉ឺន​ដុល្លារ។

រឿង​បន្ទាប់​គឺ​រឿង 2brothers ជា​វណ្ណកម្ម​​របស់​ផលិតកម្ម LD Picture ដែល​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ២៥ ទៅ​ជាង​ ៣០ ​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​ភាព​យន្ត​នេះ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ប្រើ​ដើម​ទុន​ផលិត​ចន្លោះ​ពី​ ៣ ម៉ឺន​ដុល្លារ​ទៅ ៤ ​ម៉ឺន​ដុល្លារ។ រឿង​ទី​ ៣​ គឺ រឿង ក្រឡ​អី​ហ្នឹង ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម LD Picture ​រក​ចំណូល​​ចន្លោះ​ពី​ ២៥​ ​ទៅ ២៨ ​ម៉ឺន​ដុល្លារ​ ឯ​ដើម​ទុន​ក្នុង​ការ​ផលិត​ពី ​៣ ​ម៉ឺន​​ទៅ ៥ ​ម៉ឺន​ដុល្លារ។
រឿង​​ទី​៤ គឺ​រឿង អា​ព្រឿង​ងាប់​ហើយ ជា​វណ្ណ​កម្ម​​របស់​ផលិតកម្ម មាតុចក្រ​ហ្វីលម៍ សហការ​នឹង​ផលិតកម្ម មហាហង្ស។ រឿង​នេះនៅ​មិន​ទាន់​បញ្ចប់​ការ​ចាក់​បញ្ចាំង​នៅ​ឡើយ តែ​អាច​រក​ចំណូល​បាន​​ជាង​១០​ម៉ឺន​ដុល្លារ​ហើយ។ រឿង​នេះ​ប្រើ​ដើម​ទុន​ក្នុង​ការ​ផលិត ចន្លោះ​ពី៤​ម៉ឺន​ដុល្លារ​ទៅ៥​ម៉ឺន​ដុល្លារ។
ចំណែក​ឯ​រឿង ខ្មោច​អា​សង្ហា ជា​វណ្ណកម្ម​របស់​ផលិតកម្ម ភូមិ​ពេជ្រ​ភាពយន្ត និង​រឿង «អាចារ្យ​បី​សាសន៍» ស្នាដៃ​របស់​ផលិត​កម្ម​ រ៉ុក​។ រឿង​ទាំង​ពីរ​អាច​រក​ចំណូល​បាន​ប្រហាក់​ប្រហែល​គ្នា​ប្រមាណ​ខ្ទង់​ជិត​ ១០ ​ម៉ឺន​ដុល្លារ ខណៈ​ការ​ផលិត​ចំណាយ​ប្រមាណ​ ៣ ​ម៉ឺន​ដុល្លារ៕
Content image - Phnom Penh Post

No comments: