A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Opposition MPs prevented from visiting the 18 jailed political and land rights activists តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ជួប​សកម្មជន​ខ្លួន

តំណាង​រាស្ត្រ​បក្ស​ប្រ​ឆាំង​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជួបសួរសុខទុក្ខ​សកម្មជន​ខ្លួន​​​។ ផាក់ ស៊ាងលី
តំណាង​រាស្ត្រ​បក្ស​ប្រ​ឆាំង​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជួបសួរសុខទុក្ខ​សកម្មជន​ខ្លួន​​​។ ផាក់ ស៊ាងលី
ភ្នំពេញៈ តំណាង​រាស្រ្ត ​និង​សហការី​គណបក្ស​ប្រឆាំង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សាក​សួរ​សុខ​ទុក្ខ​សក​ម្មជន​ជាប់​ឃុំ​ឃាំង​របស់​ខ្លួន​ចំនួន​ ៨ ​រូប​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ម្សិល​មិញ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ការ​ឯកភាព​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​យ៉ាង​ណា​ក៏​ដោយ។
លោក​ហូរ ​វ៉ាន់ ​និង​លោក​គី​ វណ្ណ​ដារ៉ា ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​រួម​នឹង​សហការី​ចំនួន​​ ៦ ​​រូប​បាន​ទទួល​ការ​ឯកភាព​ពី​ព្រះ​រាជ​​អាជ្ញា​រង​ ស៊ឺ វណ្ណនី ​និង​លោក​តាំង ស៊ុន​ឡាយ​ចៅ​ក្រម​ជំនុំ​ជម្រះ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ ឲ្យ​ចូល​ជួប សាក​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​​ឃុំ​ឃាំង​ចំនួន​ ១៨ ​នាក់​នៅ​មណ្ឌល​អប់​រំកែ​ប្រែ​ ម ១ និង ២​ (ពន្ធនាគារ​ព្រៃ​ស) កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។
លោក ហូរ វ៉ាន់​បាន​បង្ហាញ​លិខិត​ឯកភាព​ពី​តុលាការ​នោះ ប៉ុន្តែ​អនុរក្ស​ពន្ធនាគារ​អាយុ​ ៤២​ ឆ្នាំ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​ក្រុម​តំណាង​រាស្រ្ត និង​អ្នក​សារ​ព័ត៌មាន​ឲ្យ​ចេញ​ក្រៅ​របង​បន្លា​លួស​ដែល​ដាក់​នៅ​​ចម្ងាយ​ប្រមាណ​ជា​ ១០០ ម៉ែត្រ​ពី​ខ្លោង​ទ្វារ​ពន្ធនាគារ ម២ ដោយ​បាន​និយាយ​ថា៖​ «ទោះ​មក​ថ្នាក់​ណា​ក៏​មិន​ឲ្យ​ចូល​ដែរ។ សុំ​យោបល់​អគ្គ [ពន្ធនាគារ]​សិន។ ថ្ងៃ​​នេះ​បុណ្យ​ជាតិ»។
បន្ទាប់​ពី​បាន​រង់​ចាំ​ប្រមាណជា​ ៣០ នាទី ដោយ​មន្រ្តី​អនុរក្ស​ពន្ធនាគារ​រត់​ឆ្ការ​ដៃ​ឆ្ការ​ជើង​ដើម្បី​សុំ​យោបល់​ពី​ក្រសួង​មហា​ផ្ទៃ​រួច​មក ​ពួក​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​​ឃុំឃាំង​ចំនួន​ ១០ ​នាក់​ដែល​ជា​សកម្មជន​ដីធ្លី​បឹងកក់​និង​បុរី​កីឡា​ប្រមាណ​ជា​ ៤០​នាទី។ ស្ត្រី​ទាំង​ ១០ រូប​ត្រូវបាន​​ឃុំ​ខ្លួន​បន្ទាប់​ពី​បាតុកម្ម​បិទ​ផ្លូវ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក។
លោក​ ហូរ វ៉ាន់ ថ្លែង​ថា ​អ្នក​ជាប់​ឃុំ​ខ្លះ​មាន​សភាព​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ​ នៅ​ក្នុង​​នោះ​ស្រ្តី​ឈ្មោះ​​​ផាន់ ​ឈុន​រ៉េត​កំពុង​មាន​​ជំងឺ​​បេះ​ដូង​និង​​កម្លាំង​ចុះ​ខ្សោយ។
តំណាងរាស្រ្ត​រូប​នេះ​​ថា៖ «ជា​ទូទៅ​​ខ្វះ​ថ្នាំ ខ្វះពេទ្យ​ពេល​ឈឺ។ ជួន​កាល​​រក​ពេទ្យ​មិន​ឃើញ​ទេ​។ ពិបាក​​រឿង​អនាម័យ។ ​បង្គន់​មួយ​ប្រើ​គ្នា​ ៧០ ​នាក់។​ តែ​ពួក​គាត់​ថា​ អត់ទ្រាំ​បាន»។

លោក​ ហូរ វ៉ាន់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អ្នក​ជាប់​ឃុំ​នឹង​អាច​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ន័យ​សាមគ្គី​ជាតិ ដោយសារ​តែ​ហេតុ​ផល​ទូទៅ​នៃ​នយោបាយ​កាន់​តែ​ល្អ​ប្រសើរ​តាម​រយៈ​ការ​បន្តការ​ចរចា​សម្រប​សម្រួល​នយោបាយ រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ។
បន្ទាប់​ពី​នោះ ​លោក​ហូរវ៉ាន់​និង​សហការី​បាន​បន្ត​ទៅ​សួរ​សុខ​ទុក្ខ​សកម្ម​ជន​នៅ​មណ្ឌល ម ១ ចំនួន ៨ នាក់​ផ្សេង​ទៀត ​ក្នុង​នោះ​មាន​លោក​ មាជ ​សុវណ្ណារ៉ា ​ដែល​ជា​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​ គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ស្វាគមន៍​ដោយ​របង​បន្លាលួស​ដែល​រាំង​បិទ​នៅ​​នឹង​ខ្លោង​​ទ្វារចូល​មណ្ឌល​ ម១ ​នោះ។
លោក ហូរ វ៉ាន់ បាន​បង្ហាញ​លិខិត​ឯកភាព​ដដែល​នោះ​ទៅ​អនុរក្ស​ពន្ធនាគារ ដើម្បី​បើក​ផ្លូវ។ មន្រ្តី​អនុរក្ស​បាន​យក​លិខិត​នោះ​ទៅ​​ឲ្យ​ប្រធាន​រប​ស់ខ្លួន​ពិនិត្យ​មើល ហើយ​បាន​ត្រឡប់​មក​វិញ ​មួយ​សន្ទុះ​ក្រោយ​មក ​ដោយ​និយាយ​ថា៖ «ថ្ងៃ​ឈប់​សម្រាក។ មិន​អាច​ចូល​ទេ។ ថ្ងៃ​នេះ​គឺ​ថ្ងៃ​បុណ្យ ៧ មករា ហើយ​ស្អែក​ឯកឧត្តម​​អាច​អញ្ជើញ​មក​បាន»។
លោក ហូរ វ៉ាន់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​យល់​ពី​ប្រព័ន្ធ​រដ្ឋបាល​គ្រប់​គ្រង​នេះ​ទេ ​ព្រោះ​ថា​បើ​ព្រះ​រាជ​អាជ្ញា ​និង​ចៅក្រម​អនុញ្ញាត​ទៅ​ហើយ ​ប៉ុន្តែ​បែរ​ជា​ខាង​ពន្ធនាគារ​ជំទាស់​ទៅ​វិញ។ លោក​បាន​សំណូមពរ​ឲ្យ​មាន​ការ​កែប្រែ​បញ្ហា​នេះ ​ឲ្យ​បាន​ការ​ស៊ី​ចង្វាក់​គ្នា​រវាង​ពន្ធនាគារ ​និង​ប្រពន្ធ​តុលាការ ដើម្បី​សុំកុំ​ឲ្យ​អ្នក​មក​សាក​សួរ​សុខ​ទុក្ខ​ទទួល​រងគ្រោះ​បែបនោះ។
លោក ស៊ុន លាន ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ ម១ ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​​កាល​​ពី​ម្សិល​មិញ។
ទោះយ៉ាងណា លោក​ គុយ​ ប៊ុន​សន ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​បាន​ប្រសាសន៍​ថា លិខិត​នោះ​បាន​​សុំ​ចូល​នៅ​ថ្ងៃទី​៧ មករា ដែល​ជា​ថ្ងៃ​ឈប់​សម្រាក។ ​ហេតុ​នេះ​មិន​អនុញ្ញាត​ឲ្យចូល​នោះ​ទេ។ ប៉ុន្តែ​ អ្នក​ស្នើ​សុំ​អាច​ចូល​សាក​សួរ​សុខ​ទុក្ខ​នៅ​ថ្ងៃ​បន្ទាប់​បាន​គឺ​ថ្ងៃ​ទី៨។
លោក​ថា៖ «ខ្ញុំ​ឲ្យ​ចូល​ថ្ងៃ​ទី​៨។ អត់​បញ្ហា​ ថ្ងៃ​ទី​៨​ចូល​ចុះ»។
សូម​បញ្ជាក់​ថា លោក សុវណ្ណារ៉ា និង​សកម្មជន​ចំនួន​ ១០ នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​តុលា​ការ​​រាជធានី​ភ្នំពេញ​ប្រកាស​សវនាការ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​​ពី​បទ​ល្មើស​ដឹក​នាំ​កុបកម្ម និង​​អំពើ​ចូល​រួម​ក្នុង​ចលនា​កុបកម្ម៕

No comments: