A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 24 January 2015

People react to Sao Sokha's using Hitler as a role model ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ការ​យក​គំរូ​របស់​លោក​សៅ​សុខា​តាម​ជន​ផ្ដាច់ការ​ហ៊ីត្លែរ

កាល​ពី​ពេល​ថ្មីៗ​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន ថ្លែង​ថា ក្នុង​ការ​អនុវត្ត​ការងារ​របស់​លោក លោក​បាន​រៀន​សូត្រ​ពី​កងទ័ព​ពី​ប្រទេស​ចំនួន​២ គឺ​ពី​អតីត​មេដឹកនាំ​ផ្ដាច់ការ​របស់​អាល្លឺម៉ង់ លោក ហ៊ីត្លែរ (Hitler) និង​ពី​កងទ័ព​ឈ្លប​របស់ ប្រទេស​វៀតណាម។ ការ​ថ្លែង​អំពី​ការ​យក​គំរូ​តាម​មេដឹកនាំ​ផ្ដាច់ការ ដូចជា ហ៊ីត្លែរ របស់ លោក សៅ សុខា បែបនេះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បញ្ញវន្ត អ្នកនយោបាយ បក្ស​ប្រឆាំង ប្រជា ពលរដ្ឋ មានការ​ភ្ញាក់ផ្អើល និង​សម្ដែង​ការ​បារម្ភ​យ៉ាង​ខ្លាំង។
តើ​មជ្ឈដ្ឋាន​ខ្មែរ​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​ការ​ថ្លែង​របស់​លោក សៅ សុខា នេះ?
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ចាត់​ទុក​របប ប៉ុល ពត ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត​២​លាន​នាក់ ថា​ជា​របប​យង់ឃ្នង ឃោរឃៅ អមនុស្ស ធម៌ និង​ផ្ដាច់ការ​។ ប៉ុន្តែ​នៅ​ពេល​នេះ ស្រាប់តែ​លោក សៅ សុខា ដែល​ជា​មន្ត្រី​ជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្ពុជា​ផង​នោះ បែរជា​លើក​ឡើង​ថា លោក​រៀន​សូត្រ​ពី​លោក ហ៊ីត្លែរ ដែល​មនុស្ស​ភាគ ច្រើន​នៅ​លើ​ពិភពលោក​ចាត់ទុកថា ជា​មេដឹកនាំ​មហា​សែន​ផ្ដាច់ការ​នេះ​ទៅវិញ។
«សំឡេង​ដើម​របស់​លោក សៅ សុខា ទាំង​ស្រុង»
ឆ្លើយតប​ចំពោះ​ការ​ថ្លែង​របស់​លោក សៅ សុខា បែប​នេះ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់ វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​២០ មករា មាន​ប្រសាសន៍​ថា លោក​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​លោក លឺ​លោក សៅ សុខា ថ្លែង​ដូច្នេះ។ លោក​ថា គំរូ​ដែល​លោក សៅ សុខា កំពុង​រៀន​សូត្រ​តាម​នេះ គឺជា​គំរូ​ដែល​ពិភពលោក​បាន​កប់​ចោល​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។

ប្រហែល​ជា​ដោយសារ​លោក ហ៊ីត្លែរ តែងតែ​ប្រើ​នយោបាយ​សម្លាប់​មនុស្ស​ដែល​ក្រុម​ខ្លួន យល់ថា​ជា​អ្នកប្រឆាំង​ខ្លួន​នេះ​ហើយ ទើប​លោក​បណ្ឌិត រស់ រ៉ាវុធ កត់​សម្គាល់​ថា ការ​ប្រើ ប្រាស់​កម្លាំង​តាម​បែប ហ៊ីត្លែរ វា​នឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គេ​យល់ថា រដ្ឋាភិបាល​កម្ពុជា​ជា​រដ្ឋាភិបាល ឃោរឃៅ រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ តែ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​កំពុងតែ​ដើរ​ថយក្រោយ ខណៈ​ដែល​កម្ពុជា​ខ្លួនឯង គឺជា​ប្រទេស​ហត្ថលេខី​នៃ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។
លោក ហ៊ីត្លែរ គឺជា​អតីត​មេដឹកនាំ​របស់​ប្រទេស​អាល្លឺម៉ង់ ពី​ឆ្នាំ​១៩៣៣ រហូត​ដល់​ឆ្នាំ ១៩៤៥។ ក្រោម​ការដឹកនាំ​របស់​លោក លោក​បាន​ខិតខំ​ធ្វើ​ឲ្យ​អាល្លឺម៉ង់ ក្លាយ​ជា​ប្រទេស មហាអំណាច​យោធា​មួយ​យ៉ាង​ឆាប់រហ័ស។ ក្នុង​សង្គ្រាម​លោក​លើក​ទី​២ លោក​បាន​ដឹកនាំ ការឈ្លានពាន​ទៅលើ​ប្រទេស​ជាច្រើន នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ការ​ឈ្លានពាន​នោះ​បាន​ធ្វើ​ឲ្យ បាត់បង់​ជីវិត​មនុស្ស​ជាច្រើន​លាន​នាក់។ ដោយឡែក ជនជាតិ​ជ្វីប(Jewish) ប្រមាណ​៦​លាន​នាក់ ក៏​ត្រូវ​បាន​ទាហាន​របស់​លោក ហ៊ីត្លែរ សម្លាប់​ដោយ​សារ​រដ្ឋាភិបាល​លោក ហ៊ីត្លែរ យល់​ថា ពួកគេ​ជា​ឈ្លើង​ជញ្ជក់​ឈាម ជនជាតិ​អាល្លឺម៉ង់។
សម្រាប់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ លោក​មានប្រសាសន៍​ថា គ្រាន់តែ​លឺ​ថា​លោក សៅ សុខា រៀន​សូត្រ​តាម​លោក ហ៊ីត្លែរ គឺ​លោក​ព្រឺ​ខ្នង​តែម្ដង។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ តាម​រម្លឹក​ឲ្យ​ដឹង​ត្រួសៗ ពី​របៀប​ដឹកនាំ​របស់​លោក ហ៊ីត្លែរ ថា កាល​ធ្វើជា​មេដឹកនាំ​គណបក្ស ណា​ស៊ី (Nazi) លោក ហ៊ីត្លែរ តែង​ប្រើ​កង​សន្តិសុខ​បក្ស​របស់​ខ្លួន គំរាម​កំហែង វាយ ប្រហារ ឬ​សម្លាប់ សមាជិក​បក្ស​ទាំងឡាយ​ណា​ដែល​ហ៊ាន​ប្រឆាំង​ខ្លួន ឬ​បញ្ជូន​សន្តិសុខ បក្ស​ណា​ស៊ី របស់​លោក ទៅ​ឆាឆៅ​ការប្រជុំ​របស់​គណបក្ស​ផ្សេងទៀត ដែល​លោក ហ៊ីត្លែរ គិត​ថា​ប្រឆាំង​នឹង​លោក។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ កត់​សម្គាល់​ថា យុទ្ធសាស្ត្រ​បែបនេះ ប្រហែលជា​ត្រូវ​បាន​បក្ស កាន់​អំណាច​នៅ​កម្ពុជា ប្រើប្រាស់​យូរ​ណាស់​មក​ហើយ ដើម្បី​ពង្រឹង​អំណាច​របស់​បក្ស​និង កម្ទេច​បក្ស​ប្រឆាំង។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍​បន្ត​ថា គឺ​ដោយសារ​តែ​មាន​អំពើ​ឃោរឃៅ អមនុស្សធម៌​ប្រព្រឹត្ត​ដោយ​លោក ហ៊ីត្លែរ ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន ទៅលើ​ជនជាតិ​ដទៃ និង​អំពើ​ប្រល័យពូជសាសន៍​នេះ​ហើយ ទើប​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ពិភពលោក​បាន​បង្កើត​ឲ្យ​មាន សេចក្ដី​ថ្លែងការណ៍​ជាស​កល​ស្ដីពី សិទ្ធិមនុស្ស ដើម្បី​ជៀសវាង​កុំ ឲ្យ​មាន​ព្រឹត្តិការណ៍​បែបនេះ​កើតឡើង​ជា​ថ្មី​ទៀត។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ លោ​កថា​កម្ពុជា​បែរជា ទៅ​រៀន​សូត្រ​ពី​របៀប​ឃោរឃៅ​នេះ​ទៅវិញ។ ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​លោក​ថា កម្លាំង សមត្ថកិច្ច​កម្ពុជា​មិនសូវ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នោះ​ទេ តែ​បែរ​ទៅ វាយ​បង្ក្រាប​ពលរដ្ឋ​ទៅវិញ។
ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខ​ហួរ ដែល​គណបក្ស​អ្នកស្រី បាន​ដឹកនាំ​អ្នក​គាំទ្រ​របស់​ខ្លួន ចុះ​ថ្នល់​ធ្វើបាតុកម្ម​ប្រឆាំង​បក្ស​កាន់អំណាច ហើយ​ត្រូវ​រង​ការ វាយប្រហារ​ជា​ញឹកញយ​នោះ បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​លើកឡើង​របស់​លោក សៅ សុខា ព្រោះ​ថា​លោក សៅ សុខា មិន​មែន​ជា​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ ប៉ុន្តែ​លោក​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ដែល​ក្ដោបក្ដាប់​កម្លាំង​លើ​អង្គភាព​នេះ ទូទាំង​ផ្ទៃ​ប្រទេស។
អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍ថា តួនាទី​របស់​កងរាជអាវុធហត្ថ គឺ​ថែរក្សា​សន្តិសុខ និង​ការពារ​ពលរដ្ឋ​ទូទៅ បើ​ទោះ​ជា​ក្នុង​ពេល​ពួកគេ ធ្វើ​ការ​តវ៉ា​ទាមទារ​អ្វី​ក៏ដោយ ជាពិសេស នៅ​ពេល​ការ​តវ៉ា​នោះ​ធ្វើឡើង​ដោយ​សន្តិវិធី។
ដោយសារ​មានការ​បង្ក្រាប​តាម​គ្រប់​រូបភាព ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ ពី​សំណាក់​សមត្ថកិច្ច​ដូចដែល​អ្នកស្រី មួរ សុខ​ហួរ លើកឡើង​នេះ​ហើយ ទើប​លោក​បណ្ឌិត រស់ រ៉ាវុធ មើល ឃើញ​ថា សកម្មភាព​របស់​សមត្ថកិច្ច​ទាំងអស់​នេះ បាន​ធ្វើ​ឲ្យ​យុវជន​កម្ពុជា មាន ការ​ព្រួយបារម្ភ ហើយ​ខ្លះ​ខ្លាចរអា​ក្នុង​ការ​ចូលរួម​សម្ដែង​មតិ បើ​ទោះ​ជា​ការចូលរួម​នោះ ធ្វើ​ឡើង ដោយ​សន្តិវិធី និង​ស្របច្បាប់​ក្ដី។
ទាក់ទង​ការ​យក​គំរូ​តាមរបៀប​លោក ហ៊ីត្លែរ នេះ ពលរដ្ឋ​ឈ្មោះ ស្រី ម៉ៅ ដែល​បាន​ទូរស័ព្ទ ចូល​វេទិកា​អ្នក​ស្ដាប់ បាន​បញ្ចេញ​ទស្សនៈ​ថា ប្រសិនបើ​អ្នកស្រី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ អ្នកស្រី​នឹង​កោះហៅ​លោក សៅ សុខា មក​ណែនាំ​អំពី​ក្រមសីលធម៌ ក្នុងនាម លោក​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ត្រឹមត្រូវ​ឡើងវិញ។ អ្នកស្រី ស្រី ម៉ៅ ក៏បាន​លើកឡើង នូវ​ពំនោល​ខ្មែរ​មួយ​ដែល​និយាយ​ថា «ស្លាប់រស់​ព្រោះ​មាត់»។ ទោះ​យ៉ាង​ណា អ្នកស្រី​កត់​សម្គាល់​ថា នេះ​គឺ​ដោយសារតែ​លោក សៅ សុខា ប៉ុន្តែ​បើ​ពលរដ្ឋ​ធម្មតា និយាយ​ខុស​វិញ ពួកគេ​ប្រាកដជា​ស្លាប់​មិន​ខាន​ឡើយ៕

No comments: