A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Prince Ranariddh: "The royal family paid a pension in exchange for not entering politics" "ក្រុម​គ្រួសារ​រាជវង្ស​ទទួល​ប្រាក់​ជា​ថ្នូរ​មិន​ធ្វើ​នយោបាយ"

នរោត្ដម រណឫទ្ធិ ៦២០
សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៦ មករា ២០១៥។
RFA/Uon Chhin
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​ក្រុមគ្រួសារ​រាជវង្សានុវង្ស​ធ្វើ​នយោបាយ  ប៉ុន្តែ​ថ្មីៗ​នេះ​លោក​ស្វាគមន៍​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ យាង​ចូល​ឆាក​នយោបាយ និង​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើង​វិញ។
បើ​ទោះ​បី​សម្ដេច​ក្រុមព្រះ​បដិសេធ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​នេះ​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​អះអាង​ថា ព្រះអង្គ​ទ្រង់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើការ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា តាម​បណ្តាំ​របស់​អតីត​ព្រះមហាក្សត្រ។
ថ្វីត្បិតតែ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បន្ត​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ខ្វះ​សមត្ថភាព​មិន​អាច​ជួយ​អោយ​ពលរដ្ឋ ១៤​លាន​នាក់ មាន​ជីវភាព​រស់​នៅ​សមរម្យ ព្រម​ទាំង​បង្ក​បញ្ហា​រំលោភ​ទន្ទ្រាន​យក​ផ្ទះសម្បែង និង​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ក៏ដោយ ក៏​ព្រះអង្គ​បញ្ជាក់​ថា គណបក្ស​របស់​ព្រះអង្គ​នឹង​បន្ត​សហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
ព្រះអង្គ​បន្ត​ថា ការ​យាង​ចូល​ឆាក​នយោបាយ​នៅ​ពេល​នេះ ដោយសារ​ព្រះអង្គ​មិន​អាច​បន្ត​បិទ​ភ្នែក​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ទុក្ខវេទនា​ពលរដ្ឋ​ឡើយ៖ «ខ្ញុំ​គ្រាន់តែ​សួរ​មួយ​យ៉ាង​ខ្លី​បំផុត ស្រុក​ខ្មែរ​មាន​ណាស់ មិន​មែន​ក្រ​ទេ​ណាស់! ស្រុក​ខ្មែរ​ប៉ុណ្ណឹង​ចិញ្ចឹម​មនុស្ស ១៤​លាន​នាក់​អត់​បាន»។
ព្រះអង្គ​ស្តី​បន្ទោស​ថា សែ​រាជវង្សានុវង្ស​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ឡើយ។ សម្ដេច​ក្រុមព្រះ​បញ្ជាក់​ថា សែ​រាជវង្សានុវង្ស​ខ្លះ​បាន​ទទួល​ប្រាក់​ប្រចាំខែ​ពី​រដ្ឋាភិបាល​ដើម្បី​បំបិទ​មាត់​មិន​ឲ្យ​និយាយ​ពី​រឿង​នយោបាយ៖ «ស្តេច​ដូច​មិន​សូវ​រវល់​រឿង​ជាតិ​ទេ។ លោក​មាន​បាន​ឃើញ​ឪពុក​ខ្ញុំ​ពាក់​ផ្កាយ​ពីរ​ដេញ​យួន មើល​ជុំវិញ​មាន​ស្តេច​ប៉ុន្មាន? ឥឡូវ​នេះ​ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ អ្នក​ខ្លះ​ថា​គេ​បាន​មួយ​ខែ ៦​ពាន់ អ្នក​ខ្លះ​បាន ៣៤០ (ដុល្លារ) ក្នុង​ឋានៈ ក ខ គ។ អ្នក​ខ្លះ​គេ​អួត​ថា ខ្ញុំ​គេ​ទិញ គេ​ឲ្យ​លុយ​ខ្ញុំ»

ទោះ​បី​ជា​មាន​គំនាប​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដោយ ព្រះអង្គ​អះអាង​ថា មាន​តែ​លោក ហ៊ុន សែន និង​ព្រះអង្គ​ទេ​អាច​ការពារ​របប​រាជា​និយម​នៅ​កម្ពុជា។
ការ​យាង​ចូល​ប្រឡូក​នយោបាយ​ឡើង​វិញ​របស់​សម្តេច​ព​ក្រុមព្រះ​នេះ លោក ហ៊ុន សែន ក៏​បាន​ស្វាគមន៍​ដែរ ទោះបី​កន្លង​មក​លោក​គំរាម​ចង់​បង្កើត​ច្បាប់​ហាមឃាត់​សែ​រាជវង្សានុវង្ស​មិន​ឲ្យ​ធ្វើ​នយោបាយ​ក៏ដោយ។
លោក ហ៊ុន សែន ធ្លាប់​រិះគន់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ កាល​ពី​ឆ្នាំ​២០១៣ ថា ការ​យាង​ចូល​ធ្វើ​នយោបាយ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តាំ​អតីត​ព្រះមហាក្សត្រ ដែល​បាន​ផ្ដាំ​មិន​ឲ្យ​សមាជិក​រាជវង្សានុវង្ស​ធ្វើ​នយោបាយ។ ក្រោយ​ពី​ការ​រិះគន់​របស់​លោក ហ៊ុន សែន ព្រះអង្គ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​បាត់បង់​តួនាទី​ក្នុង​ព្រះ​បរម​រាជវាំង។
សែ​រាជវង្សានុវង្ស​ដែល​ធ្លាប់​មាន​តួនាទី​សំខាន់ៗ ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​១ រួម​មាន​ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ និង​ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ បាន​ឈប់​ធ្វើ​នយោបាយ។ ព្រះអង្គម្ចាស់​ទាំង​ពីរ បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ។
ចំណែក​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា និង​សហរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បច្ចុប្បន្ន​មិន​មាន​តួនាទី​អ្វី​ទេ​ក្នុង​ជួរ​រាជរដ្ឋាភិបាល។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន កាលពី​ថ្ងៃ​ទី​៧ មករា បញ្ជាក់​ថា សែ​រាជវង្ស​លែង​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ហើយ។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​មាន​តួនាទី​ជាទី​ប្រឹក្សា​ព្រះបរមរាជវាំង និង​ជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ព្រះអង្គ​ទទួល​បាន​ប្រាក់​ខែ ៥០០​ដុល្លារ សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ពី​ព្រះបរមរាជវាំង៖ «យើង​មិន​ដែល​តិះទៀន​រដ្ឋាភិបាល។ អ្វី​ធ្វើ​មិន​ល្អ​យើង​អត់​និយាយ។ យើង​មិន​និយាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​ដែល​និយាយ​អ្វី គេ​ធ្វើ​មិន​ល្អ មិន​ដែល​និយាយ»
ព្រះអង្គ​បញ្ជាក់​ថា ប្រាក់ខែ​នោះ​មិន​មែន​សម្រាប់​បំបិទមាត់​ព្រះអង្គ​មិន​ឲ្យ​រិះគន់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ព្រះអង្គ​មិន​ហ៊ាន​បញ្ចេញ​មតិផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល។ សែ​រាជវង្ស​ជា​ច្រើន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បន្ថែម​ទៀត​ថា ការ​វិល​ត្រឡប់​របស់​សម្តេចក្រុមព្រះ​មក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​មិន​អាច​ជួយ​ឲ្យ​គណបក្ស​នេះ​កែប្រែ​មុខមាត់​ប៉ុន្មាន​ទេ ពីព្រោះ​គណបក្ស​នេះ​បន្ត​មាន​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​មក​ដដែល។
​អ្នក​វិភាគ​ឯករាជ្យ​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​៧ មករា មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន គាំទ្រ​សម្ដេច​ក្រុមព្រះ​ឲ្យ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​នោះ ដោយ​សង្ឃឹម​ថា គណបក្ស​នេះ​អាច​បំផ្លាញ និង​បំបែក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រឆាំង ប៉ុន្តែ​ក្តី​សង្ឃឹម​នេះ​មិន​អាច​ក្លាយ​ជា​ការ​ពិត​បាន​ទេ ដោយសារ​ពលរដ្ឋ​ហាក់​បាត់​ជំនឿ​លើ​គណបក្ស​រាជានិយម​ហើយ៖ «ការ​គិត​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​គិត​ថា អត់​ត្រូវ​ទេ ការ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​នយោបាយ​នេះ ការ​គិត​នេះ អត់​ទាន់​សម័យ ពលរដ្ឋ​ភ្លេច​ទៅ​ហើយ​ពី​ប្រជាប្រិយភាព​រាជវង្សានុវង្ស»
លោក កែម ឡី បន្ត​ថា កន្លង​មក លោក ហ៊ុន សែន ចង់​ហាម​ឃាត់​រាជវង្ស​មិន​ឲ្យ​ធ្វើ​នយោបាយ​ដោយសារ​តែ​លោក​ភ័យ​ខ្លាច​ពី​ប្រជាប្រិយភាព​របស់​អតីត​ព្រះមហាក្សត្រ ហើយ​ខ្លាច​សែ​រាជវង្ស​ចូល​រួម​នឹង​គណបក្ស​ប្រឆាំង។
ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​នយោបាយរ​បស់​សម្ដេច​ក្រុមព្រះ​ឡើង​វិញ​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ  ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​កាល​ពី​ថ្ងៃ​ទី​៦ មករា ថា យុទ្ធសាស្ត្រ​រុញ​សម្ដេច​ក្រុមព្រះ​ចូល​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ នឹង​គ្មាន​ប្រសិទ្ធភាព ពីព្រោះ​សម្ដេច​ក្រុមព្រះ​មិន​អាច​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​បាន​ឡើយ៖ «សម្តេច​ក្រុមព្រះ​គិត​ថា អូសទាញ​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខុស​ហើយ! មក​ពី​អ្វី? ព្រោះ​អ្នក​ធ្លាប់​បោះ​ឆ្នោត​ឲ្យ​ហ្វ៊ុនស៊ិនប៉ិច បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ៩០​ភាគរយ»
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បន្ត​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដើម្បី​គាប​សង្កត់​សែ​រាជវង្សានុវង្ស​មួយ​ចំនួន​មិន​ឲ្យ​ធ្វើ​នយោបាយ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នឹង​យាង​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅ​ខែ​មករា​នេះ ដើម្បី​ជួប​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ពន្យល់​ពី​យុទ្ធសាស្ត្រ​គណបក្ស។ ព្រះអង្គ​បញ្ជាក់​ថា ព្រះអង្គ​យាង​ទៅ​ជួប​សកម្មជន​គណបក្ស​ក្នុង​នាម​ជា​អ្នក​នយោបាយ មិន​មែន​ជា​សែ​រាជវង្ស​ឡើយ៕

No comments: