A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Representatves of the ethnic Phnong people plan to expose land-grabbing by the Vietnamese companies តំណាង​ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​បក​អាក្រាត​ក្រុមហ៊ុន​វៀតណាម​ពី​ការ​រំលោភ​ដីធ្លី

ជម្លោះ​ដី មណ្ឌលគិរី ៦២០
ប្រជាពលរដ្ឋ​ព្នង​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លើក​គ្នា​មក​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ប៊ិញ ភឿក១ ដែល​នាំ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​សហគមន៍​កាល​ពី​ថ្ង​ទី​១៧ ខែ​ធ្នូ ២០១៤។
Adhoc Photo
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ចាត់​តំណាង ៩​នាក់ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ដើម្បី​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់ និង​អំពើ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ ចំណែក​មន្ត្រី​អាជ្ញាធរ​ខេត្ត​អះអាង​ថា នឹង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​សំណូមពរ​ឲ្យ​អ្នក​ភូមិ​គោរព​ច្បាប់។
ប្រធានបទ​សំខាន់​ដែល​សហគមន៍​ភូមិ​ចក់ចារ គ្រោង​បក​អាក្រាត​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៨ ខែ​មករា គឺ​ផល​ប៉ះពាល់​សិទ្ធិ​រស់នៅ និង​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន ប៊ិញ ភឿក ១។
តំណាង​អ្នក​ភូមិ លោក ប្រប់ ជីប មាន​ប្រសាសន៍​ថា អ្នក​ភូមិ​អស់​ជំនឿ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន ទាក់ទិន​ការ​ទាមទារ​សិទ្ធិ​ដីធ្លី និង​ការ​ទប់ស្កាត់​ការ​ឈូស​ឆាយ​ព្រៃ​ឈើ។ ហេតុ​នេះ អ្នក​ភូមិ​សម្រេច​ចិត្ត​ចាត់​តំណាង​មាន​ចាស់​ទុំ មេ​កន្ទ្រាញ​ជនជាតិ​ដើម​ព្នង ធ្វើ​ដំណើរ​មក​ទីក្រុង ដើម្បី​បង្ហាញ​ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ ជា​សារ​ជូន​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ។
លោក​កត់​សម្គាល់​ថា អ្នក​ភូមិ​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ក្នុង​បទ​ព្រហ្មទណ្ឌ និង​ចោទ​អ្នក​ភូមិ​ទាក់ទិន​និន្នាការ​គណបក្ស​ប្រឆាំង ដើម្បី​បំបាក់​ស្មារតី​មិន​ឲ្យ​តវ៉ា។ ករណី​នេះ អ្នក​ភូមិ​ចាត់​ទុក​ថា ជា​ការ​លាប​ពណ៌ និង​ជា​អំពើ​អយុត្តិធម៌​ចំពោះ​ពួក​គាត់​ជា​ជនជាតិ​ដើម​ភាគ​តិច៖ «តវ៉ា​យក​ដី​ខ្លួន​ឯង បែរ​ជា​គេ​ចោទ​ថា​ប្លន់​ដី​ក្រុមហ៊ុន ថា​ប្លន់​យក​គ្រឿងចក្រ​គេ។ ទី​៣ គេ​ចោទ​ថា​បក្ស​នេះ​បក្ស​នោះ»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា តំណាង​អ្នក​ភូមិ​ចក់ចារ ១៦​នាក់ បាន​នាំ​គ្នា​មក​សាលា​ខេត្ត​មណ្ឌលគិរី ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​ការ​តវ៉ា​ទាមទារ​ដី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ​ពី​ក្រុមហ៊ុន ប៊ិញ ភឿក ១ ដែល​បាន​ឈូស​ឆាយ​យក​ជា​ដី​សម្បទាន ក៏ប៉ុន្តែ​មិន​មាន​មន្ត្រី​អាជ្ញាធរ​ខេត្ត​ណា​ម្នាក់​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​នោះ​ឡើយ។
ឆ្លើយ​តប​ការ​អះអាង​នេះ អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអៀង ថ្លែង​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួល​ញត្តិ​ពី​អ្នក​ភូមិ​រួច​ហើយ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​ជូន​អ្នក​ភូមិ​បាន​ភ្លាមៗ​នោះ​ទេ ដោយសារ​ថ្នាក់​ដឹក​នាំ​ខេត្ត​មិន​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត ជាពិសេស​អាជ្ញាធរ​ជាប់​រវល់​រៀបចំ​បុណ្យ ៧ មករា។ លោក​អះអាង​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ក៏ប៉ុន្តែ​ដំណោះស្រាយ​នោះ គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់៖ «អត់​មាន​ដោះ​ទៅ​តាម​ទម្លាប់​អាក្រក់​រំលោភ​លើ​ច្បាប់​ទេ អា​ហ្នឹង​និយាយ​គ្នា​ឲ្យ​ហើយ។ ខ្ញុំ​ឃើញ​ហើយ​ឃើញ​ពី​ម្សិល ថ្ងៃ​នេះ​សម្រាក យើង​អត់​ទាន់​ដោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ទទួល​ហើយ»
កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា អ្នក​ភូមិ​ប្រមាណ ៧០​នាក់ បាន​រឹប​អូស​គ្រឿងចក្រ​ក្រុមហ៊ុន ប៊ិញ ភឿក ១ ​កំពុង​ឈូស​ឆាយ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​អតីត​ដី​ចម្ការ​វិល​ជុំ​ពួក​គាត់ បន្ទាប់​ពី​អ្នក​ភូមិ​មិន​អាច​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន បញ្ឈប់​ការ​ឈូស​ឆាយ​នោះ​បាន។ ក៏ប៉ុន្តែ ពីរ​ថ្ងៃ​បន្ទាប់​មក អាជ្ញាធរ​បាន​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ដក​ហូត​គ្រឿងចក្រ​ពី​ប្រជាពលរដ្ឋ ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ និង​គំរាម​ឲ្យ​អ្នក​ភូមិ​ចាក​ចេញ​ពី​ដី​មាន​ទំនាស់ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​ប្រើ​វិធានការ​ក្តៅ​បណ្ដេញ​អ្នក​ភូមិ​ចេញ។
ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ហៅ​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត ថា​ជា​ចេតនា​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។ លោក​កត់​សម្គាល់​ថា គោលការណ៍​ច្បាប់ គឺ​ជា​បំណង​ប្រាថ្នា​របស់​អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ៖ «បើ​គាត់​ឈរ​លើ​គោលការណ៍​ច្បាប់ ទន្ទឹម​ក្រុមហ៊ុន​សម្បទាន​មក​អនុវត្ត​នៅ​ស្រុក​ខ្មែរ ត្រូវ​អនុវត្ត​កាតព្វកិច្ច​ច្បាប់​ខ្មែរ អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន​ដែល​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ព្រៃ»
អ្នក​ភូមិ​ចក់ចារ ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា អាជ្ញាធរ​ឃុំ​បាន​អញ្ជើញ​អ្នក​ភូមិ​មក​ដោះស្រាយ ដោយ​សម្រប​សម្រួល​ឲ្យ​អ្នក​ភូមិ​ទទួល​យក​ដំណោះស្រាយ​ចាស់ គឺ​ទទួល​យក​ដី ៣៧៥​ហិកតារ​ជា​ដី​ថ្ម​គ្មាន​ជីវជាតិ ហើយ​ប្រគល់​ដី​ចម្ការ​វិល​ជុំ និង​ដី​ព្រៃ​ឈើ​ប្រមាណ ៥០០​ហិកតារ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ ប៉ុន្តែ​អ្នក​ភូមិ​មិន​ទទួល​យក​ដំណោះស្រាយ​បែប​នេះ​ឡើយ។ រហូត​មក​ទល់​នឹង​ពេល​នេះ អ្នក​ភូមិ​បាន​នាំ​គ្នា​សង់​រោង​ប្រក់​សំពត់​កៅស៊ូ នៅ​លើ​ដី​មាន​ទំនាស់​ជាង ១០​រោង​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​រុះរើ​ដុត​រោង​អ្នក​ភូមិ​បំផ្លាញ​ចោល កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ៕

No comments: