Post by Pich Sovann PS.
ដោយ៖ ញឹម សុខន | ថ្ងៃចន្ទ ទី26 មករា 2015
សាលាឧទ្ធរណ៍សម្រេចតម្ដល់សាលដីក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឲ្យស្ត្រីសកម្មជនដីធ្លី៥នាក់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ចំណែកស្ត្រីសកម្មជន២នាក់ទៀតត្រូវបានបន្ធូរបន្ថយទោសបន្តិច ។
សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះបានប្រកាសសាលដីកាប្រឆាំងនឹងស្ត្រីសកម្មជនដីធ្លី៧នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យប្រាក់ម្នាក់២លានរៀល ។
ស្ត្រីសកម្មជន៥នាក់ក្នុងចំណោម៧នាក់ត្រូវបានតុលាការសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានី ដោយឲ្យនៅបន្តជាប់ទោសម្នាក់១ឆ្នាំ តែបន្ថយប្រាក់ពិន័យពីម្នាក់២លានរៀល មកនៅម្នាក់១,៥លានរៀល ។ ចំណែកស្ត្រី២នាក់ទៀតគឺអ្នកស្រី ផាន់ ឈុនរ៉េត ត្រូវបានបន្ថយទោសមកឲ្យជាប់ពន្ធនាគារ១០ខែ និងពិន័យប្រាក់១លានរៀល និងអ្នកស្រី ង៉ែត ឃុន ត្រូវបានបន្ថយទោសមកត្រឹម៦ខែ និងពិន័យជាប្រាក់១លានរៀលដូចគ្នា ។
បន្ទាប់ពីអានសេចក្ដីសម្រេចលើករណីស្ត្រីសកម្មជនទាំង៧នាក់ តុលាការសាលាឧទ្ធរណ៍បន្តអានសេចក្ដីសម្រេចរបស់ខ្លួនលើករណីស្ត្រីសកម្មជនដីធ្លី៣នាក់ និងព្រះសង្ឃមួយអង្គទៀត ។
គួររំឮកថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ។ ចំណែកឯស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី៧នាក់ខាងលើ។ ស្ត្រីទាំង១០នាក់ និងព្រះសង្ឃ១អង្គខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ទោសភ្លាមៗនៅថ្ងៃបន្ទាប់ពីការចាប់ខ្លួន និងបានផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment