A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 January 2015

Villagers in Phnom Penh's Dangkor district accused authority of demolishing their houses and robbing their land អ្នក​ភូមិ​ខ្វា​១៩​គ្រួសារ​ចោទ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ថា​ឈូស​បំផ្លាញ​ផ្ទះ​និង​ប្លន់​ដី

ជម្លោះ​ដីធ្លី ភូមិ​ខ្វា ៦២០
អ្នក​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លើក​បដា​ទាមទារ​រស់នៅ​លើ​ដី​របស់​ខ្លួន​ឡើង​វិញ ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥។
RFA/Ouk Savborey
ពលរដ្ឋ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ចោទ​អាជ្ញាធរ​ថា​ឈូស​បំផ្លាញ​ផ្ទះ ១១​ខ្នង​ដែល​ពួក​គាត់​បាន​តាំង​ទីលំនៅ​ក្នុង​ភូមិ​នោះ​ប្រមាណ​ជាង ៣០​ឆ្នាំ​មក​ហើយ ដើម្បី​ប្រកប​របរ​ដាំ​ត្រកួន កញ្ឆែត ជាដើម។ ការ​ចោទ​នេះ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លែង​ដែល​មាន​ផ្ទះ និង​ដើម​ឈើ​រលំ ដោយសារ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥។
អ្នក​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ ៣០​នាក់ បាន​លើក​បដា​ទាមទារ​រស់នៅ​លើ​ដី​របស់​ខ្លួន​ឡើង​វិញ ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ជាដើម។ ក្រៅ​ពី​នោះ ពួក​គេ​បាន​លើក​បង្ហាញ​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ដូចជា​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ។
លោកស្រី ទិល សារ៉ន អាយុ ៥៣​ឆ្នាំ ថ្លែង​ថា នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥ អាជ្ញាធរ​ខណ្ឌ​ដង្កោ មិន​បាន​ជូន​ដំណឹង​មុន​ទេ ស្រាប់​តែ​យក​គ្រឿងចក្រ​មក​ឈូស​ដើម​អង្កាញ់​ច្រើន​ដើម​កាច់​ឲ្យ​ដួល​រលំ​សង្កត់​លើ​ផ្ទះ សង្កត់​ងាប់​ឆ្កែ មាន់ ទា និង​សម្ភារៈ​ក្នុង​ផ្ទះ ដោយ​ពួក​គាត់​មិន​បាន​ដឹង​មូលហេតុ ព្រោះ​គាត់​ចេញ​ទៅ​ដាំ​ត្រកួន និង​កញ្ឆែត​នៅ​បឹង​ទំពុន៖ «ខ្ញុំ​ថា​វា​ជា​អំពើ​ប្លន់ មិន​មែន​មក​លួច មិន​មែន​មក​កៀង​មក​ដេញ​ដូច​ជំនាន់ ប៉ុល ពត ទេ នេះ​ប្លន់​តែ​ម្តង មក​វ៉ៃ​កម្ទេច​ប្លន់​យក​តែ​ម្តង គឺ​ប្លន់​ខ្ញុំ​តែ​ម្តង»

លោក ទិល សាម៉ន ថ្លែង​ថា គាត់​មក​តាំង​លំនៅ​ក្រោយ​សាលា​រៀន​កសិកម្ម​ចម្ការ​ដូង នៅ​ឆ្នាំ​១៩៨៥ ដី​កាល​នោះ​នៅ​ក្នុង​ខណ្ឌ​មានជ័យ នៅ​ឡើយ ហើយ​គាត់​ធ្វើ​របរ​ដាំ​ត្រកួន និង​ធ្វើ​ស្រែ​ប្រាំង​នៅ​ក្នុង​ទឹក​បឹង​ទំពុន។ នៅ​ឆ្នាំ​១៩៩៣-១៩៩៤ នាយក​សាលា​កសិកម្ម​ចម្ការ​ដូង បាន​សុំ​ដី​កាយ​អាចម៍​ដី​ស្រែ​ប្រាំង​របស់​គាត់​ទៅ​ធ្វើ​ជា​ទំនប់​ស្រះ​ចិញ្ចឹម​ត្រី។ គាត់​ឲ្យ​កាយ​ដី ដោយ​គិត​ថា​នឹង​បាន​ប្រឡាយ​មាន​ទឹក​ស្រោច​ស្រែ​ប្រាំង។ ប៉ុន្តែ​ការ​កាយ​ដី​នោះ ធ្វើ​ឲ្យ​ដី​ស្រែ​ប្រាំង​លែង​ប្រើ​បាន គាត់​ក៏​ដាំ​ត្រកួន កញ្ឆែត រហូត​មក។ នៅ​ពេល​ជិត​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដី​គាត់​ត្រូវ​គណៈកម្មការ​ជាតិ មក​វាស់វែង​ដើម្បី​ធ្វើ​កម្មសិទ្ធិ។ គណៈកម្មការ​ជាតិ ប្រាប់​ថា ដី​គាត់​មាន​ទំហំ​ជាង ៩​ពាន់​ម៉ែត្រ​ការ៉េ និង​ប្រាប់​ឲ្យ​រង់ចាំ​យក​ប្លង់​នៅ​ពេល​ក្រោយ។ ស្រាប់​តែ​ថ្មីៗ​នេះ ដី​គាត់​បែរ​ជា​នៅ​ក្នុង​ប្លង់ លោក ម៉ៅ សុផល ដែល​ទិញ​ដី​បឹង​ទំពុន លាត​មក​ដល់​ដី​គាត់​ឯណេះ​វិញ។ គាត់​ធ្វើ​ពាក្យ​តវ៉ា​ទៅ​សាលា​សង្កាត់ និង​ខណ្ឌ​ដង្កោ។ ស្រាប់​តែ​ថ្ងៃ​ទី​៥ ខែ​មករា ផ្ទះ​គាត់ និង​ផ្ទះ​អ្នក​ភូមិ ១១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រស់នៅ ១៩​គ្រួសារ ត្រូវ​គ្រឿងចក្រ​របស់​សមត្ថកិច្ច​ខណ្ឌ​ដង្កោ សម្រុក​ឈូស​ពង្រាប​យក​តែ​ម្តង។ គាត់​បាន​ស្ទុះ​ទៅ​រារាំង​មិន​ឲ្យ​គេ​ឈូស ក៏​រង​របួស​ទាំង ២​នាក់​ប្រពន្ធ៖ «មាន​ទំនាស់​មក​ពី​មាន​ឈ្មួញ​វា​ទិញ​ដី​នៅ​កណ្ដាល​បឹង​ឯណោះ វា​វាស់​មក​ដល់​គល់​ឈើ​ហ្នឹង​តែ​ម្តង»
បំភ្លឺ​ចំពោះ​ការ​ចោទ​ថា​អាជ្ញាធរ​ប្លន់​ដី​នោះ ចៅ​សង្កាត់​ដង្កោ លោក វើក សាមឿន ពន្យល់​ថា កន្លែង​ដែល​អ្នក​ភូមិ​ខ្វា អះអាង​ថា​ដី​កាន់​កាប់​ពី​ឆ្នាំ​១៩៨៥ នោះ គឺ​មិន​ពិត​ទេ។ លោក​ថា ដី​នោះ​ជា​ដី​របស់​រដ្ឋ។ នៅ​អំឡុង​ពេល​ជិត​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ក្រុម​គ្រួសារ លោក ទិល សាម៉ន ទើប​ទៅ​សង់​ផ្ទះ​រស់នៅ​លើ​ជើងទេរ​ទំនប់​ចុង​ទួល។ លោក​បន្ត​ថា បើ​គាត់​ពិត​ជា​តាំង​លំនៅ​ពី​ឆ្នាំ​១៩៨៥ មែន គឺ​មិន​មែន​នៅ​ជើងទេរ​ទំនប់​បែប​នេះ​ទេ ព្រោះ​ទំនប់​ជា​ដី​ខណ្ឌ​ព្រំប្រទល់​សាលា​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង និង​ទំនប់​បឹង​ទំពុន ហើយ​ក៏​មិន​ពាក់ព័ន្ធ​ដី លោក ម៉ៅ សុផល ដែរ៖ «ក្រោយ​មក​បាន​សាលា​ក្រុង​នេះ​ចេញ​លិខិត​បង្គាប់​ឲ្យ​រុះរើ​ចេញ ដោយ​បញ្ជា​ឲ្យ​សាលា​ខណ្ឌ​រុះរើ សាលា​ខណ្ឌ​ក៏​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ទៅ​រុះរើ ដោយ​មាន​ព្រះរាជ​អាជ្ញា​អម​ទៅ​ចូលរួម​ការ​រុះរើ​ហ្នឹង ហើយ​សំណល់​របស់​គាត់​ឈើ​អី​បន្តិចបន្តួច​ដែល​គាត់​មាន​តិចតួច​ហ្នឹង យើង​យក​មក​ទុក​នៅ​សាលា​ខណ្ឌ ខណ្ឌ​គាត់​អ្នក​រក្សា​ទុក»
នៅ​ក្នុង​ការ​ពិនិត្យ​កន្លែង​រស់នៅ​របស់​អ្នក​ភូមិ​ខ្វា ដែល​តវ៉ា​នោះ មន្ត្រី​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​អង្គការ​សិទ្ធិ​លំនៅឋាន រួម​ទាំង​អ្នក​សារព័ត៌មាន បាន​ឃើញ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​រើស​សម្ភារៈ​ពី​កន្លែង​ផ្ទះ​រលំ ដោយ​មាន​ដើម​ឈើ​ធំៗ​សង្កត់​ពី​លើ មក​ប្រក់​តង់​រស់នៅ​លើ​ខ្នង​ទំនប់​ចុង​ទួល ក្នុង​ភូមិ​ខ្វា តំបន់​ចម្ការ​ដូង សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។
មន្ត្រី​អង្គការ​សិទ្ធិ​លំនៅឋាន លោក ណន អូនី ថ្លែង​ថា បើ​មើល​តាម​ឯកសារ និង​ភូមិសាស្ត្រ​ដែល​អ្នក​ភូមិ​បង្ហាញ គឺ​ពួក​គាត់​ពិត​ជា​បាន​រស់នៅ​លើ​ដី​នោះ អំឡុង​ពេល​កងទ័ព​វៀតណាម ចូល​កាន់​កាប់​ប្រទេស​កម្ពុជា នោះ​ពិត​មែន ព្រោះ​មាន​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​មាន​រូប​កំពូល​ប្រាំ គឺ​គាត់​រស់នៅ​ស្រប​ច្បាប់​មុន​សម័យ​រដ្ឋ​កម្ពុជា ឬ​មុន​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​២​ទៅ​ទៀត។ លោក​ថា ការ​តាំង​លំនៅ​បែប​នោះ គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ មិន​គួរ​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ទេ៖ «របប​ប្រជាធិបតេយ្យ​គេ​មិន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ដែន​ដី​ធ្វើ​ការ​បំផ្លិចបំផ្លាញ​ប្រជាពលរដ្ឋ​ទេ ក៏ប៉ុន្តែ​រដ្ឋ​ត្រូវ​តែ​មាន​ភារកិច្ច​ការពារ​ប្រជាពលរដ្ឋ»
បញ្ហា​នេះ​ដែរ មន្ត្រី​អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស កំពុង​ឃ្លាំ​មើល​សកម្មភាព​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ១៩​គ្រួសារ ក្នុង​ភូមិ​ខ្វា ដែល​មាន​ជម្លោះ​ដីធ្លី​នោះ៕

No comments: