A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 February 2015

An opposition MP Van Sam Oeun defected to the ruling CPP after he was offered a position within the government តំណាងរាស្ត្រ​បក្សប្រឆាំង វ៉ាន់ សំអឿន​លាលែង​មក​យក​តំណែង​ក្នុង​រដ្ឋាភិបាល

Read the article in English here.
លោក វ៉ាន់ សំអឿន តំណាងរាស្ត្រ​លាលែង​តំណែង​។
លោក វ៉ាន់ សំអឿន តំណាងរាស្ត្រ​លាលែង​តំណែង​។ រូប រដ្ឋសភា
ភ្នំពេញៈ មន្រ្តី​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា លោក វ៉ាន់ សំអឿន អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ដែល​បាន​ផ្តាច់​ខ្លួន​ទៅ​ចុះចូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​សុក្រ​នោះ បាន​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​សម្ងាត់ មុន​ដាក់​លិខិត​លាលែង​។
មន្រ្តី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក វ៉ាន់ សំអឿន បាន​ទទួល​តំណែង​ជាន់ខ្ពស់ ក្នុង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​។
អតីត​អ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​សម្រាប់​មណ្ឌល​ខេត្ត​កំពត ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ បាន​ប្រកាស​លាលែង ក្នុង​លិខិត​មួយ​ដែល​ផ្ញើជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក កឹម សុខា អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។
លោក​បញ្ជាក់​ក្នុង​នោះ​ថា លោក​បាន​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​លោក​មិន​អាច​បម្រើ​ប្រទេស​ជាតិ​តាម​ឆន្ទៈ និង​បទពិសោធ​របស់​លោក​បាន​។
មន្រ្តី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការ​ផ្តាច់​ខ្លួន​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ជំនួប​ផ្ទាល់​រយៈពេល ៣ ម៉ោង ជាមួយ​នឹង​លោក ហ៊ុន សែន នៅ​គេហដ្ឋាន​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ។
មន្រ្តី​រូប​នោះ​បាន​បញ្ជាក់​ថា​៖ «​គាត់​បាន​ជួប [លោក ហ៊ុន សែន] ៣ ម៉ោង [ពី​ថ្ងៃ​សុក្រ]។ គាត់​ប្រាប់​ថា គាត់​ចង់​ផ្តាច់​ខ្លួន​ដោយសារ​មាន​មូលហេតុ​ផ្ទាល់ខ្លួន»។
លោក វ៉ាន់ សំអឿន មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ។
លោក ជា ប៉ូច តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ខេត្ត​កំពត ដែល​ជា​ប្រធាន​គណបក្ស​នេះ​ប្រចាំ​ខេត្ត បាន​ថ្លែង​ថា លោក វ៉ាន់ សំអឿន ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ ជា​ទីភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល ដែល​មាន​លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ជា​ប្រធាន។
លោក ជា ប៉ូច បាន​អះអាង​ថា ៖ «​គាត់​បាន​លាលែង មិនមែន​ដោយសារ​គណបក្ស​ទេ។ គាត់​ថា គាត់​ចង់​បម្រើ​ប្រទេស ក្នុង​ជួរ​បក្សប្រជាជន​កម្ពុជា ព្រោះ​ថា គាត់​មិន​បាន​បម្រើ​ប្រទេស​ពេញលេញ​ទេ នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​»។
លោក​បញ្ជាក់​ថា គណបក្ស​មិន​ទាន់​បាន​សម្រេច​ថា តើ​អ្នក​ណា​នឹង​ត្រូវ​ជំនួស​តំណែង​អតីត​អ្នកតំណាងរាស្រ្ត​រូប​នេះ​នៅ​ឡើយ​ទេ​។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​លើក​ឡើង​ថា ការ​ផ្តាច់ខ្លួន​នេះ​មិន​សំខាន់​ទេ។
លោក​លើក​ឡើង​ថា៖ «​វា​មិន​ប៉ះពាល់​ដល់​គណបក្ស​ទេ។ យើង​ទទួល​បាន​សំឡេង​ឆ្នោត​កាន់តែ​ច្រើន រាល់​ការ​បោះឆ្នោត។ យើង​មិន​អាច​ដឹង​មូលហេតុ​នៃ​ការ​ផ្តាច់ខ្លួន​របស់​គាត់​ទេ។មាន​តែ​គាត់​ទេ ទើបដឹង​ការពិត​»។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច បាន​បញ្ជាក់​ថា លោក វ៉ាន់ សំអឿន ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ។
លោក ឈឹម ផលវរុណ បាន​លើក​ឡើង​ថា ៖ «គាត់​បាន​និយាយ​ហើយ​ថា គាត់​គណបក្ស​ប្រឆាំង គាត់​មិន​មាន​ឱកាស​បម្រើ​ប្រទេស​កម្ពុជា តាមឆន្ទៈ​និង​បទពិសោធ​ដែល​គាត់​មាន​។ ប្រសិន​បើ​យើង​ឈរ​លើ​សុចរិតភាព​ទាំង​សងខាង យើង​ត្រូវ​ផ្តល់​គុណតម្លៃ ដែល​ជា​បុព្វហេតុ​ធ្វើឲ្យ​គាត់​បោះបង់​តំណែង​តំណាងរាស្ត្រ​។ អ៊ីចឹង​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្តល់​គុណតម្លៃ​ហ្នឹង​។ អ៊ីចឹង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​តំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​មួយ​ដែល​ជា​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ជូន​ទៅ​ឯកឧត្តម វ៉ាន់ សំអឿន គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ឆន្ទៈ​របស់​សាមីខ្លួន ដែល​ចង់​ប្រើ​ឱកាស​ក្នុង​ការ​ចូលរួម​កសាង​ប្រទេស ដោយ​ភ្ជាប់ ជាមួយ​ឆន្ទៈ​និង​បទពិសោធ ដែល​គាត់​មាន ដូចនេះ​គឺជា​ការ​ត្រឹមត្រូវ​»៕ TK

No comments: