A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 February 2015

Children of senior CPP officials admitted as members of party Central Committee [Cambodia is owned by the CPP's officials] យុវជន​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់​ត្រូវ​បញ្ចូល​ក្នុង​គណៈកម្មាធិការ​កណ្តាល CPP

សមាជិក​គណបក្ស​​ប្រ​ជា​ជន​​ ពេលចេញ​ពី​​មហា​សន្និ​បាត​វិ​សាមញ្ញ​ កាលពីថ្ងៃម្សិលមិញ​។
សមាជិក​គណបក្ស​​ប្រ​ជា​ជន​​ ពេលចេញ​ពី​​មហា​សន្និ​បាត​វិ​សាមញ្ញ​ កាលពីថ្ងៃម្សិលមិញ​។ ហុង មិនា
ភ្នំពេញៈ សមាជិក​ជា​យុវជន​ប្រមាណ​២០​រូប ត្រូវ​កត់​សម្គាល់​ឃើញ​នៅ​ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​ទាំង ៣០៦ រូប​ដែល​ទើប​នឹង​ទទួល​បាន​ការ​គាំទ្រ​ក្នុង​មហា​សន្និបាត​វិសាមញ្ញ​បក្ស​បី​ថ្ងៃ ដែល​បាន​បញ្ចប់​កាលពី​ល្ងាច​ម្សិលមិញ ជាមួយ​នឹង​ការ​ដាក់​ចេញ​សេចក្តី​សម្រេច​ចិត្ត ៩ ចំណុច ដែល​ក្នុង​នោះ​ក៏​ជំរុញ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្ងៃទី​២២ កក្កដា ឲ្យ​បាន​ពេញ​លេញ និង​ដំណើរការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ដែល​សេស​សល់​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ផង។ តែ​យ៉ាងណា ក្នុង​សេចក្តី​សម្រេច​នោះ មិន​មាន​និយាយ​ដល់​ការ​គាំទ្រ​លោក ហ៊ុន សែន សម្រាប់​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​បន្ត​បន្ទាប់​ដូច​មុនៗ​នោះ​ទេ។
មហា​សន្និបាត​វិសាមញ្ញ​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​ដែល​មាន​សមាជិក ១៣៥៩​នាក់​ចូលរួម​និង​បិទ​បញ្ចប់​នៅ​ម៉ោង ៦:៣០​នាទី​ល្ងាច​ថ្ងៃទី១ ខែ​កុម្ភៈ​បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​បី​ថ្ងៃ​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​មាន​៩ ចំណុច ក្នុង​នោះ​មាន​ការ​ប្តេជ្ញា​ខ្ពស់ ក្នុង​ការ​កែទម្រង់​ស៊ី​ជម្រៅ និង​បាន​វាយ​តម្លៃ​ល្អិតល្អន់​លើ​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ លើ​ការងារ​បោះឆ្នោត​កន្លង​មក​ដើម្បី​បង្កើន​ប្រៀប​ឈ្នះ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។
តាម​សេចក្តី​សម្រេច​ចិត្ត ៩ ចំណុច មាន​ជាង​៣ទំព័រ មហាសន្និបាត​ក៏​បាន​បោះឆ្នោត​ជ្រើស​តាំង​បន្ថែម​សមាជិក​ថ្មី​ចំនួន ៣០៦ រូប ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​បក្ស​ដែរ។ ក្នុង​បញ្ជី​ឈ្មោះ​ដែល​អ្នក​ព័ត៌មាន​ទទួល​បាន ក្នុង​ចំណោម​សមាជិក​បន្ថែម​ថ្មី ៣០៦​រូប​ឃើញ​មាន​សមាជិក​ជា​យុវជន ជា​កូន​មន្ត្រី​ជាន់​ខ្ពស់​ប្រមាណ​១៩​រូប និង​អភិបាល​ខេត្ត​ឡើង​ថ្មី​គ្រប់​ខេត្ត ត្រូវ​ដាក់​បញ្ចូល​ក្នុង​គណៈ​កម្មាធិការ​កណ្តាល​បក្ស ដែល​មាន​ការ​កែប្រែ​រចនា​សម្ព័ន្ធ​ពី ២៨៤ ឡើង​ដល់ ៥៤៥ រូប​ផង​ដែរ។

តាម​សេចក្តី​សម្រេច​ចិត្ត ក្នុង​ចំណុច​ទី៦ ក្នុង​សមាជិក​ជ្រើស តាំង​ថ្មី​ទាំង​៣០៦​រូប មាន ២៧ រូប​ជំនួស​អ្នក​ទទួល​មរណភាព ១​រូប ជំនួស​អ្នក​ត្រូវ​បញ្ចេញ​ពី​បក្ស ១ រូប ជំនួស​អ្នក​លាលែង និង​ក្រៅ​ពី​នោះ​ជា​សមាជិក​ជ្រើស​តាំង​ថ្មី​បន្ថែម។
តាម​បញ្ជី​ឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​ជ្រើស​តាំង​បន្ថែម មាន​១៩ រូប កត់​សម្គាល់​ឃើញ​មាន​ក្រុម​យុវជន​កូន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ដូច​ជា លោក​ឧត្តម​សេនីយ៍​ឯក​កងទ័ព ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ, លោក ហ៊ុន មានិត ជា​កូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក យឹម លាង ប្រធាន​កង​អង្គរក្ស លោក ជា ស៊ីម ប្រធាន​គណបក្ស ជា​កូន​លោក​ឧបនាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី,លោក​ឌិត ទីណា មន្ត្រី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ជា​កូន​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល លោក ឆាយ ឫទ្ធិសែន កូន​ទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ​លោក ឆាយ ថន, លោក សាយ សំអាល់ កូន​លោក សាយ ឈុំ អគ្គលេខាធិការ​គណបក្ស​និង​ជា​អនុប្រធាន​ទី១ ព្រឹទ្ធសភា, លោក គឹម រិទ្ធី កូន​ប្រុស​លោក គន់ គីម អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ, លោក ស សុខា កូន​លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ,លោក ទៀ ទីហា កូន​លោក​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់, លោក ជាម ច័ន្ទ​សោភ័ណ កូន​បណ្ឌិត​រដ្ឋ ជាម យៀប តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង,លោក សំហេង បុរស កូន​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ អ៊ិត សំហេង, លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ ជា​កូន​ប្រុស​លោក ស៊ូ ភិរិន្ទ​ហើយ​និង លោក កើត រិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌, លោក​ស្រី គឹម សេដ្ឋានី មន្ត្រី​នៅ​ក្រសួង​អប់រំ, លោក កែវ រតនៈ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា, លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី សុទ្ធ​ជា​យុវជន​មាន​សមត្ថភាព ហើយ​ស្និទ្ធ​នឹង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់។

ក្រៅ​ពី​នេះ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​ទាំង ៩ ចំណុច​នោះ ក្រៅ​ពី​វាយ​តម្លៃ​ខ្ពស់​លើ​ការ​វិវត្ត​ដ៏​ល្អ​លើ​គ្រប់​ផ្នែក ក៏បាន​លើក​ឡើង​បន្ត​អនុវត្ត​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី៣ ក្រោម​ការ​ដឹក​នាំ​អនុវត្ត​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​មាន​បញ្ហា​សន្តិភាព ស្ថិរភាព​នយោបាយ បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ ការ​រក្សា​កំណើន​សេដ្ឋកិច្ច ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់ ៧​ភាគរយ និង​អតិផរណា​ត្រឹម ៣-៤​ភាគរយ ជំរុញ​ការ​ដំឡើង​បៀវត្សរ៍​មន្ត្រី​រាជការ​ឲ្យ​ដល់​១លាន​រៀល និង​បង្កើន​ប្រាក់​ឈ្នួល​គោល​កម្មករ​ឲ្យ​ដល់ ១៦០​ដុល្លារ។ល។ ចំណុច​ផ្សេង​ទៀត មាន​ការ​ជំរុញ​ធ្វើ​កំណែ​ទម្រង់​បក្ស,ពង្រឹង​សាមគ្គី​ផ្ទៃ​ក្នុង​ឲ្យ​កាន់​តែ​រឹងមាំ ព្រម​ទាំង​សន្យា​រក្សា​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ថ្ងៃ ២២ កក្កដា ២០១៤ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពង្រីក​វប្បធម៌​សន្ទនា​ជា​ចម្បង​ផង។
លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ជម្រាប​ក្រុម​អ្នក​កាសែត​ក្រោយ​បញ្ចប់​មហា​សន្និបាត​នៅ​កោះ​ពេជ្រ​ថា គណបក្ស​បាន​បង្កើន​សមាជិក​គណៈកម្មាធិការ​កណ្តាល​សម្រាប់​អ្នក​ជំនាន់​ថ្មី ប៉ុន្តែ​ក៏ត្រូវ​រក្សា​ទុក​នូវ​សមាជិក​ចាស់ ដែល​មាន​បទពិសោធ​ផង​ដែរ។
លោក​បន្ត​ថា៖«យើង​មិន​ចង់​ឱ្យ​មាន​គម្លាត​រវាង​អ្នក​ជំនាន់​ថ្មី​និង​ចាស់ៗ​ទេ។ គោលការណ៍​របស់​យើង​គឺ​ស្មារតី​នៃ​ការ​ឯកភាព​គ្នា និង​វប្បធម៌​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ការ​ប្រមូល​អ្នក​ជំនាន់​ថ្មី និង​ចាស់ ដើម្បី​បំពេញ​កាតព្វកិច្ច [ដើម្បី​និរន្តរភាព​នៃ​គណបក្ស»។
លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា ក្នុង​អំឡុង​មហាសន្និបាត​រយៈពេល ៣ ថ្ងៃ នេះ មន្ត្រី​គណបក្ស​ប្រជាជន​បាន​បង្ហាញ​ភាព​ចាស់​ទុំ​ខាង​នយោបាយ ដែល​បាន​សម្តែង​ពី​សេរីភាព​ដោយ​មិន​វាយ​ប្រហារ​លើ​គណបក្ស​ណា​ទេ»។
លោក​បញ្ជាក់ថា គណបក្ស​ប្រជាជន​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិត ស្និទ្ធ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធានា​នូវ​វប្បធម៌​សន្ទនា​គ្នា ហើយ​ថ្មីៗ​នេះ​លោក សម រង្ស៊ី (ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ)​បាន​បញ្ជាក់​ជា​ថ្មី ពី​គោលបំណង​របស់​លោក​ក្នុង​ការ​ពង្រីក​វប្បធម៌​សន្ទនា​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​គណបក្ស​ប្រជាជន​សូម​ស្វាគមន៍។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខួប​ជ័យជម្នះ ៧ មករា កន្លង​ទៅ​និង​ក្នុង​សេចក្តី​សម្រេច​ចិត្ត​ក្នុង​មហា​សន្និបាត​បក្ស​កាលពី​ម្សិលមិញ ត្រូវ​ក្រុម​អ្នក​វិភាគ​និង​តាម​ដាន​នយោបាយ​កត់​សម្គាល់​ឃើញ​ថា មិន​ឃើញ​មាន​ការ​ប្រកាស​គាំទ្រ​លោក​ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​បន្ត​បន្ទាប់​ដូច​លើក​មុនៗ​នោះ​ទេ។
លោក កែម ឡី អ្នក​វិភាគ​សង្គម​កត់​សម្គាល់​ឃើញថា គណបក្ស​ប្រជាជន​មិន​លើក​បញ្ហា​ដាក់​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ខុសពី​មុន​ដែល​ធ្លាប់​តែ​យក​ជីវិត​នយោបាយ​លោក ហ៊ុន សែន ជា​ចម្បង​ទៀត​ឡើយ ដែល​ពេល​នេះ​គណបក្ស​ប្រជាជន​មិន​មែន​មិន​ដឹង​ថា ប្រជាជន​ឈប់​គាំទ្រ​លោក ហ៊ុន សែន ទេ។ ហេតុនេះ គណបក្ស​អាច​នឹង​ប្តូរ​យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៧ - ២០១៨។ លោក​បន្តថា គណបក្ស​នេះ​មិនទាន់​ប្រកាស​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី ដោយ​សារ​មិន​ទាន់​មាន​ការ​ស្រុះស្រួល​ក្នុង​បក្ស​នៅ​ឡើយ​ផង ហើយ​អាច​ថា លោក ហ៊ុន សែន មិន​ទាន់​មាន​ការ​គាំទ្រ​ពេញ​លេញ​ផង​ដែរ។
ប៉ុន្តែ លោក កែម ឡី មើល​ឃើញ​ចំណុច​ថ្មី​មួយ គឺ​ការ​ផ្លាស់​ប្តូរ​ក្នុង​ជួរ​មេ​ដឹក​នាំ​បក្ស​ប្រជាជន ដោយ​ផ្ទេរ​អំណាច​ទៅ​ក្រុម​យុវជន​ជំនួស​វិញ។ លោក​ថ្លែង​ថា៖«បើ CPP ដាក់​សមាសភាព​យុវជន​ជំនួស​ក្នុង​មុខ​តំណែង​នៅ​គណៈ​រដ្ឋ​មន្ត្រី និង​ថ្នាក់​ដឹក​នាំ​ខេត្ត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នោះ ខ្ញុំ​គិតថា គណបក្ស​នេះ​នឹង​ដាក់​នាយក​រដ្ឋ​មន្ត្រី​ជា​យុវជន​ដើម្បី​បង្កើន​ប្រជាប្រិយភាព​ជំនួស​លោក​ហ៊ុន សែន»។
លោក​បន្ត​ថា៖«បើ​សិន CPP នៅ​តែ​មើល​មិន​ឃើញ​រឿង​នេះ​ទេ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ CPP នឹង​មាន​វាសនា​មិន​ខុស​ពី​ហ្វ៊ុនស៊ិនប៉ិច​ឡើយ»៕

1 comment:

Kmenhwatt said...

Children's of Youn party that cause khmer's Koh tral folks,please take a good look at them,this next generations of Hanoi's party will cause Khmer "Cambodia" Cambodia that we all love will be CHAMPA kingdom if not Laos or Kampuchea krom.Their parents all Khmer Rouge left over gave Koh tral to Hanoi to get power and wealth and now their childrens will follows their parents footsteps giving whole Cambodia to Hanoi an exchange for protections,after Hanoi succeeds Hanoi will kill them all... Why can we learn from CHAMPA -KINDOM?