ដោយ៖ ញឹម គឹមសាន | ថ្ងៃអង្គារ ទី24 កុម្ភៈ 2015,
ក្រុមហ៊ុនចិនសម្រុកទៅតំបន់អារ៉ែង ជាតំបន់សំបូរទៅដោយធនធានធម្មជាតិ ដើម្បីសិក្សា ស្របពេលរដ្ឋាភិបាលចាប់បញ្ជូនលោក អាឡិច ជាអ្នកការពារធនធានធម្មជាតិនៅតំបន់នោះទៅប្រទេសអេស្ប៉ាញវិញ កាលពីយប់ម្សិលមិញ។
សកម្មជនការពារធនធានធម្មជាតិនៅតំបន់អារ៉ែងលោក ស៊ីម សំណាង ឲ្យដឹងថា តាំងពីថ្ងៃទី២៣ម្សិលមិញរហូតដល់ថ្ងៃអង្គារនេះ មានបុគ្គលិកក្រុមហ៊ុនចិន៩នាក់ ក្នុងនោះចិន៤នាក់ និងខែ្មរ៥នាក់ បានទៅសិក្សាករណីសាងសង់ទំនប់វារីអគ្គិសនីនៅអារ៉ែង។ លោកបន្តថា ប្រជាសហគមន៍នៅតំបន់ មិនជឿថា បុគ្គលិកក្រុមហ៊ុនចិនទាំងនេះ ទៅសិក្សាផលប៉ះពាល់ គឺប្រាកដជារៀបចំពីការធ្វើទំនប់វារីអគ្គិសនី។
មន្ត្រីអង្គការលីកាដូប្រចាំខេត្តកោះកុងលោក អ៊ិន គង់ជិត ប្រាប់VODថា លោកបានដឹងអំពីបញ្ហានេះដែរ តែមិនទាន់ដឹងថាក្រុមហ៊ុនដែលទៅនោះ ជាក្រុមហ៊ុនចិនស៊ីណូហាយដ្រូ(Shynohydro) ឬក៏ក្រុមហ៊ុនសាវ៉ាក់ដែលជាក្រុមហ៊ុនមួយសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គម ។ លោកមានប្រសាសន៍ថា «វាជារឿងមួយដែលក្រុមហ៊ុនចេះតែព្យាយាមចូលទៅយើងមិនទាន់ដឹងថា វាមានការអនុញ្ញាតច្បាប់កម្រិតណា ព្រោះឥឡូវលោកនាយករដ្ឋមន្ត្រីហ៊ុនសែន គាត់ប្រកាសថាគម្រោងទំនប់វារីអគ្គិសនីហ្នឹងមិនមានទេ មិនមានទេនៅក្នុងអាណត្តិទី៥ហ្នឹង អញ្ចឹងបើមិនមានតើក្រុមហ៊ុនគួរទៅធ្វើអ្វី បា៎ទៅធ្វើអីបើមិនទាន់នឹងមានការអនុញ្ញាតផ្លូវច្បាប់ជាផ្លូវការជានៅឡើយ អញ្ចឹងរឿងនេះយើងមើលឃើញថាប្រហែលជាមានរឿងអីអាថ៌កំបាំង ឬក៏អីនៅពីក្រោយនៃការជម្រុញគម្រោងហ្នឹងឲ្យដើរទៅមុខ»។
ចំណែកអភិបាលខេត្ត កោះកុង លោក ប៊ុន លើត បានប្រាប់ VODថា លោកមិនបានដឹងពីបញ្ហានេះទេ ព្រោះលោកកំពុងចូលរួមសន្និបាតនៅភ្នំពេញ។
ខ្លឹមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅលោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៥ បានឲ្យដឹងថា ព្រៃនៅតំបន់អារ៉ែងមានជាង ១០ម៉ឺនហិកតា ហើយការធ្វើវារីអគ្គិសនីនឹងប៉ះពាល់ព្រៃជាង៩ពាន់ហិចតា ស្មើនឹង៩ភាគរយនៃផ្ទៃដីព្រៃសរុប ។ ចំណែកឯថាមពលអគ្គិសនីដែលអាចផលិតបានគឺ ១០៨មេហ្គាវ៉ាត់ និងដំណើរការស្ទើរពេញមួយឆ្នាំ ដែលធ្វើឲ្យបរិមាណថាមពលផលិតបានប្រចាំឆ្នាំមានរហូតដល់៥៩៥លាន គីឡូវ៉ាត់ម៉ោង។
របាយការណ៍ចលនាមាតាធម្មជាតិ បានឲ្យដឹងថា គម្រោងវារីអគ្គិសនីអារ៉ែងជាគម្រោងដែលគ្មានភ្លើងគ្រប់គ្រាន់ ហើយវានឹងប៉ះពាល់ដល់តំបន់ដែលមានទេសភាពស្អាតជាងគេនៅក្នុងប្រទេស មានសត្វកម្រជាង៣០ប្រភេទ ព្រៃឈើធំៗ មានទំហំជាង ៤០ម៉ឺនហិកតា។
សូមសរសេរមកកាន់លោក ញឹម គឹមសាន តាមរយៈ nhimkimsan2012@gmail.com
No comments:
Post a Comment