A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 February 2015

Civil society criticizes the government for incompetence in the elimination of cronyism and nepotism in government institutions សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ថា​អសមត្ថភាព​ក្នុង​ការ​បំបាត់​បញ្ហា​បក្ស​ពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ

ប្រជុំ​សភា ២០១៣ ៧៥
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA/Van Vichar
មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ស្ថានភាព​បក្ស​ពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ​មិន​មាន​ការ​ប្រែប្រួល​ឡើយ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​ប្រកាស​កែទម្រង់​ស៊ី​ជម្រៅ​មក​នេះ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កែទម្រង់​ស៊ី​ជម្រៅ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​សន្យា​ថា នឹង​បោសសំអាត​អំពើ​បក្សពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ។ លោក​ថែម​ទាំង​គំរាម​ដក​តំណែង​រដ្ឋមន្ត្រី​ណា​ដែល​យក​ក្រសួង​ស្ថាប័ន​រដ្ឋ​ជា​ទ្រព្យ​សម្បត្តិ​គ្រួសារ​របស់​ខ្លួន​ទៀត​ផង។
នៅ​អាណត្តិ​ទី​៥​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដើម​កែទម្រង់​ដោយ​ប្ដូរ​រដ្ឋមន្ត្រី​ចាស់​មួយ​ចំនួន​ជំនួស​វិញ​ដោយ​អ្នក​ថ្មី និង​ជំរុញ​ឲ្យ​មាន​វេទិកា​​សាធារណៈ​ក្នុង​ស្ថាប័ន​រដ្ឋ ដើម្បី​រក​ឲ្យ​ឃើញ​ពី​តម្រូវ​ការ​របស់​មន្ត្រី​រាជការ​តូចតាច។ កាល​ណោះ លោក ហ៊ុន សែន ថែម​ទាំង​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ហ៊ាន​រិះគន់​មេៗ​របស់​ខ្លួន​ទៀត​ផង។ ប៉ុន្តែ​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ វេទិកា​សាធារណៈ​ក្នុង​ស្ថាប័នរដ្ឋ​នោះ​មិន​សូវ​ឃើញ​មាន​ឡើយ រី​ឯ​អំពើ​បក្សពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ​ក៏​មិន​ប្រែប្រួល​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា រាជរដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​អំពើ​បក្សពួកនិយម​ក្នុង​ស្ថាប័ន​រដ្ឋ។
នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​រួច​ទៅ​ហើយ​ក្នុង​ការ​កាត់​បន្ថយ​វប្បធម៌​បក្សពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ។ លោក​បន្ថែម​ថា ស្ទើរ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​អស់ អ្នក​មាន​សែ មាន​បក្សពួក សុទ្ធតែ​អាច​ធ្វើ​ការ​បាន​ស្រួល រក​លុយ​បាន​ស្រួល ចំណែក​មន្ត្រី​ដែល​មិន​មាន​សែ​វិញ តែងតែ​រង​ការ​គាប​សង្កត់។ លោក​បញ្ជាក់​ថា វប្បធម៌​បក្ស​ពួក​និយម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​លើ​មន្ត្រី​រាជរដ្ឋាភិបាល។

កាល​ពី​ចុង​ឆ្នាំ​២០១៤ អនុ​ប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​រដ្ឋ​សភា លោក សុន ឆ័យ បាន​បញ្ចេញ​ឯកសារ​មួយ​បង្ហាញ​ថា ក្រុម​គ្រួសារ​អគ្គលេខាធិការ​រង​រដ្ឋ​សភា លោក មិត្ត ការ៉េន ជា​អ្នក​ក្ដោបក្ដាប់​សិទ្ធិ​អំណាច​ផ្នែក​ចាត់​តាំង​បុគ្គលិក ផ្នែក​កាន់​លុយ និង​ត្រួត​ពិនិត្យ​ក្នុង​រដ្ឋ​សភា​ទាំង​មូល។
លោក មិត្ត ការ៉េន ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​កាន់​ការ​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​រដ្ឋ​សភា​អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ។ រយៈពេល​ដែល​លោក​កាន់​ការ​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​រដ្ឋ​សភា លោក​បាន​តែង​តាំង​កូន​ប្រសា​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ មាន​កូន​ស្រី​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ កូន​ប្រុស​បង្កើត​ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង ឬ​នាយកដ្ឋាន​ត្រួត​ពិនិត្យ តែង​តាំង​ក្មួយ​ស្រី​បង្កើត​ជា​ប្រធាន​ការិយាល័យ​សវនកម្ម មាន​ប្អូនថ្លៃ​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​មាន​កូន​ប្រសា​ជា​អនុ​ប្រធាន​ការិយាល័យ​កាន់​ប្រាក់​បៀវត្ស​តំណាងរាស្ត្រ។ សំណុំរឿង​បក្សពួកនិយម​និង​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋសភា​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឡើយ។
នៅ​ដើមខែ​កុម្ភៈ​នេះ វិទ្យុ​អាស៊ីសេរី​បាន​ទទួល​សារ​អេឡិចត្រូនិក ឬ​អ៊ីម៉េល (E-mail) មួយ​ពី​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​រៀបរាប់​ពី​បក្សពួកនិយម​នៅ​ទី​នោះ។ សារ​នោះ​រៀបរាប់​ថា សកលវិទ្យាធិការ​សាកល​វិទ្យាល័យ លោក​វេជ្ជបណ្ឌិត សាផុន វឌ្ឍនៈ ជា​កូន​ធម៌​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង និង​ជា​មនុស្ស​ស្និទ្ធ​នឹង​កូន​ប្រសា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ វេជ្ជបណ្ឌិត សាផុន វឌ្ឍនៈ បាន​ចូល​ធ្វើ​ការ​នៅ​សាកលវិទ្យាល័យ​នៅ​ឆ្នាំ​២០១២ មាន​តួនាទី​ជា​សកលវិទ្យាធិការ​រង ហើយ​បន្ត​ឡើង​តំណែង​ជា​សកលវិទ្យាធិការ​នៅ​ឆ្នាំ​២០១៣។
សារ​នោះ​បន្ថែម​ថា ក្រោយ​ពី​កាន់​តំណែង​ជា​សកលវិទ្យាធិការ​រួច​មក លោក​ក៏​បាន​យក​មិត្ត​ភក្តិ​មួយ​ចំនួន​កាន់ការ​ជា​ប្រធាន​ការិយាល័យ​ស្ទើរ​គ្រប់​ផ្នែក​ទាំង​អស់​រួម​មាន​តែង​តាំង​កូន​ប្រុស លោក ម៉ម ប៊ុនហេង គឺ​លោក ម៉ម សុជាតិ ឲ្យ​ធ្វើ​ជា​ព្រឹទ្ធ​បុរស​រង​នៃ​សាកលវិទ្យាល័យ​តែងតាំង​លោក ម៉ម សុវត្ថា ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​គ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​មាន​ប្រធាន អនុ​ប្រធាន​ការិយាល័យ​ជា​ច្រើន​ទៀត។
ទន្ទឹម​នឹង​នេះ វិទ្យុ​អាស៊ីសេរី ក៏​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ដែល​និយាយ​ពី​បក្សពួក​និយម​មិន​ណយ​ទេ។ លិខិត​នោះ​រៀបរាប់​ពី​អំពើ​បក្សពួក​និយម​ក្នុង​នាយកដ្ឋាន​ប្រេង​ឥន្ធនៈ​នៃ​ក្រសួង​ការពារ​ជាតិ។ លិខិត​បន្ត​ថា នាយកដ្ឋាន​ប្រេង​ឥន្ធនៈ​ចាយ​វាយ​ប្រេង​ខ្ជះខ្ជាយ​បើក​ចែក​ឲ្យ​តែ​បក្សពួក និង​សាច់ញាតិ​របស់​ខ្លួន ពេល​ខ្លះ​បន្លំ​វិក្កយបត្រ​សាំង​ទៀត​ផង។ ក្រៅ​ពី​នោះ​ការ​តែងតាំង​តួនាទី​មន្ត្រី​នៅ​នាយកដ្ឋាន​ប្រេងឥន្ធនៈ ក៏​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី​ដែរ។ លិខិត​សរសេរ​ថា នាយក​នាយកដ្ឋាន​ប្រេងឥន្ធនៈ លោក​ឧត្ដមសេនីយ៍​ឯក សោម សុធា មាន​ប្អូន​ប្រុស​បង្កើត គឺ​លោក​ឧត្ដមសេនីយ៍​ត្រី សោម សុធី ជា​នាយករង​នាយកដ្ឋាន​ប្រេងឥន្ធនៈ។ លោក សោម សុធា មាន​កូន​ប្រុស​ម្នាក់​ពាក់​សក្ដិ​៤​ម្នាក់ ពាក់​សក្ដិ​៥ និង​ក្មួយ​ប្រុស ៤​នាក់​ទៀត​ក៏​ពាក់​សក្ដិ​៥​ដែរ។ លើស​ពី​នោះ ប្រធាន​ការិយាល័យ​ទាំង​៦ នៃ​នាយកដ្ឋាន​ប្រេងឥន្ធនៈ​សុទ្ធ​តែ​មាន​សាច់​ញាតិ​បង្កើត​កាន់​តួនាទី​ក្នុង​ការិយាល័យ​នីមួយៗ​ទាំង​អស់។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ទោះ​ជា​បែប​ណា​ក្តី នៅ​កម្ពុជា​មិន​មាន​ច្បាប់​កំណត់​មិន​ឲ្យ​សាច់​ញាតិ​ធ្វើការ​ក្នុង​ស្ថាប័ន​រដ្ឋ​ជាមួយ​គ្នា​ឡើយ។ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា វប្បធម៌​តែង​តាំង​សាច់​ញាតិ​សែស្រឡាយ​ឲ្យ​មាន​ការងារ​ធ្វើ​ក្នុង​ស្ថាប័ន​រដ្ឋ​នោះ ជា​វប្បធម៌​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ី​និយម​ប្រើ ប៉ុន្តែ​ប្រការ​នេះ​មិន​ល្អ​ប៉ុន្មាន​ឡើយ។ លោក​យល់​ថា ប្រទេស​កម្ពុជា កំពុង​រៀបចំ​ប្រព័ន្ធ​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​​មជ្ឈដ្ឋាន។
ចំណែក​ឯ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា ប្រទេស​កម្ពុជា មិន​អាច​លុប​បំបាត់​វប្បធម៌​បក្សពួកនិយម​ក្នុង​ស្ថាប័នរដ្ឋ​បាន​ឡើយ​ដ៏​រាប​ណា​អ្នក​នយោបាយ​មិន​ចាប់​ផ្ដើម​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​ឲ្យ​បាន​ល្អ​នោះ។ លោក​បន្ថែម​ថា អំពើ​បក្សពួកនិយម ពុករលួយ ជា​ឫសគល់​ចម្បង​នាំ​ឲ្យ​កើត​មាន​អយុត្តិធម៌​សង្គម និង​ភាព​ក្រីក្រ​នៅ​កម្ពុជា។
ក្រៅ​ពី​ស្ថាប័ន​រដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នៅ​កម្ពុជា ក៏​មិន​ញញើត​នឹង​តែងតាំង​សាច់​ញាតិ​របស់​ខ្លួន​ឲ្យ​កាន់​តំណែង​ធំៗ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​គ្រប់គ្រង​នោះ​ដែរ។ កូនៗ​របស់​មន្ត្រី​ធំៗ​គណបក្ស​កាន់​អំណាច​កាន់ការ​ជា​សមាជិក​គណៈកម្មការ​កណ្ដាល​បក្ស កូន​លោក ហ៊ុន សែន ជា​នាយ​ទាហាន​ជាន់​ខ្ពស់ ជា​តំណាងរាស្ត្រ កូន​ស្រី​លោក កឹម សុខា កាន់​ការ​ជា​សមាជិក​គណៈកម្មការ​នាយក​គណបក្ស។ មិន​តែ​ប៉ុណ្ណោះ អង្គការ​សង្គម​ស៊ីវិល​ខ្លះ ឪពុក​ជា​ប្រធាន​អង្គការ កូន​ជា​នាយក​រដ្ឋបាល កូនប្រសា​ជា​នាយក​ហិរញ្ញវត្ថុ ហើយ​អង្គការ​ខ្លះ​ទៀត​ប្តី​ធ្វើ​ប្រធាន​ប្រពន្ធ​កាន់​លុយ ឬ​ម្ដាយ​ធ្វើ​ប្រធាន កូន​ជា​នាយក​ប្រតិបត្តិ​ផង​ក៏​មាន។
​អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៤។ កម្ពុជា​មាន​ប្រជាជន​ជិត ២០% ឬ​ជិត ៣​លាន​នាក់ រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ហើយ​ប្រជាជន​រាប់​លាន​នាក់​ផ្សេង​ទៀត​កំពុង​រស់​នៅ​កៀក​បន្ទាត់​ក្រីក្រ៕

2 comments:

Anonymous said...

What is civil society going to do about it?
whether Your criticism will impact their decision making is purely simple that they don't give a shit about anything. All they have to do is to ignore your criticism. I admire your efforts made to criticize ,at least you can criticize them and how effective it is is a BIG question. Criticize is better than no criticism at all.

Anonymous said...

What do you call a bunch of people, like the ones who posed themselves on the red carpet infront of the parliament,who protect no sovereignty of their own country nor the well being of its own people,but only their own power?

How much do you think Hanoi would laugh behind their back?

True Khmer