A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 February 2015

Civil society: Vietnamese nationals come to perform rituals on Bokor Mountain because of Cambodia's lack of law-enforcements សង្គម​ស៊ីវិល៖ ជនជាតិ​វៀតណាម​មក​ភ្នំបូកគោ​បាន​ដោយសារ​កម្ពុជា​ខ្វះ​ការ​អនុវត្ត​ច្បាប់

ភ្ញៀវ​ទេសចរ​វៀតណាម ៦១០
ភ្ញៀវ​ទេសចរ​វៀតណាម ចូល​មក​បន់​ស្រន់​នៅ​វត្ត​សំពៅប្រាំ លើ​ភ្នំ​បូកគោ ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Morm Moniroth
អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​នៅ​ក្នុង​តំបន់ ហៅ​ការ​ចូល​មក​បន់​ស្រន់​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​លើ​ភ្នំបូកគោ​ថា ដោយសារ​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់។
ការ​ចុះ​ទៅ​ពិនិត្យ​ភ្នំបូកគោ របស់​គណៈកម្មការ​ជំនាញ​សភា​បន្ទាប់​ពី​ប្រជាពលរដ្ឋ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម បាន​ប្រើប្រាស់​ភ្នំ​បូកគោ សម្រាប់​ធ្វើ​ជា​ទីតាំង​គោរព​បូជា​តាម​បែប​សាសនា និង​ធ្វើ​សមាធិ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ប្រជាពលរដ្ឋ​សង្ស័យ​ថា ការ​​ជ្រើសរើស​តំបន់​បូកគោ ដើម្បី​ធ្វើ​ជា​ទីតាំង​សម្រាប់​សក្ការបូជា​នេះ អាច​ធ្វើ​ឡើង​ក្រោម​ហេតុផល​អ្វី​មួយ​មិន​ល្អ។
សំឡេង​មន្ត្រី​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់៖ «យើង​គិត​ទៅ​ថា តំបន់​នោះ វា​មិន​ងាយ​ចូល​ទៅ​បាន​ទេ។ បើ​សិន​ជា​ពលរដ្ឋ​ខ្មែរ​យើង ដែល​ក្រីក្រ​ចូល​អត់​មាន ដោយសារ​តែ​ពួក​គាត់​ត្រូវ​ទិញ​សំបុត្រ​ម្នាក់ ២​ដុល្លារ»
មន្ត្រី​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​ប្រចាំ​តំបន់​នៃ​ខេត្ត​កំពត ចាត់​ទុក​ថា មូលហេតុ​នៃ​ការ​ហូរ​ចូល​យ៉ាង​សន្ធឹកសន្ទាប់​នៃ​ជន​ជាតិ​វៀតណាម នៅ​លើ​ភ្នំបូកគោ ក្រោម​ហេតុផល​ទេសចរណ៍ និង​សាសនា​នេះ គឺ​ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា នៅ​ទន់​ខ្សោយ ជាពិសេស​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន អាច​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ ជា​ថ្នូរ​នឹង​បាន​ចូល​មក​កម្ពុជា ដោយ​ងាយៗ​ដូច​នេះ។
លោក យន់ ផល្លី មន្ត្រី​ស្រាវជ្រាវ និង​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត និយាយ​ថា កម្ពុជា​ហាក់​ងាយ​ចេញ​ចូល​ខ្លាំង​ណាស់​សម្រាប់​ជន​អន្តោ​ប្រវេសន៍ ជាពិសេស​ពលរដ្ឋ​វៀតណាម។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ហូរ​ចូល​ជនជាតិ​វៀតណាម នៅ​តំបន់​ភ្នំ​​បូកគោ​នេះ គឺ​ដោយ​សារ​តែ​ភាព​ធូររលុង​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​តាម​ច្រក​ព្រំដែន៖ «វា​សំខាន់​គឺ​អាជ្ញាធរ​ដែនដី​នៅ​តាម​​ច្រក​នីមួយៗ។ អ៊ីចឹង​ត្រូវ​តែ​រឹត​បន្តឹង ធ្វើ​ការ​ត្រួត​ពិនិត្យ»

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​​មួយ​ចំនួន​នៃ​ខេត្ត​កំពត ក្នុង​នោះ​ដោយ​រួម​ទាំង អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហួរ ស្នងការ និង​ស្នងការ​រង​បាន​ព្យាយាម​បដិសេធ​ក្នុង​ការ​ផ្ដល់​ចម្លើយ​អំពី​ការ​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ។
បើ​ទោះ​ជា​បែប​ណា ប្រធាន​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា-​វៀតណាម ប្រចាំ​ច្រក​ទាន់ហន់ លោក អែម សុភា ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤ ថា ពលរដ្ឋ​វៀតណាម ដែល​ឆ្លងកាត់​ទៅ​ភ្នំ​បូកគោ ទាំង​អស់ គឺ​សុទ្ធ​តែ​មាន​លិខិត​ឆ្លងដែន និង​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ភាគ​ច្រើន គឺ​គេ​ប្រើ​លិខិត​ឆ្លងដែន។ ភ្ញៀវ​ទាំង​អស់​ហ្នឹង​គឺ​មិន​អាច​ហ៊ាន​ឆ្លង​ដោយ​គ្មាន​ឯកសារ​បាន​ទេ»
ការ​ថ្លែង​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋ​សភា បាន​ចុះ​ត្រួត​ពិនិត្យ​ជា​ថ្មី​ទៀត​នៅ​ភ្នំ​បូកគោ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ។ យុទ្ធនាការ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្រាវជ្រាវ​ម្ដង​រួច​មក​ហើយ​ដែរ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។ ប៉ុន្តែ​កាល​ណោះ ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ​​ថា ការ​ធ្វើ​សមាធិ​របស់​ជនជាតិ​វៀតណាម​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​កម្ពុជា​ទេ។
ដោយ​ឡែក ការ​ចុះ​អង្កេត​លើក​នេះ​របស់​សមាជិក​​រដ្ឋ​សភា​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​ទទួល​បន្ទុក​វប្បធម៌ ទេសចរណ៍ អប់រំ និង​សាសនា ហាក់​រក​ពុំ​ឃើញ​អ្វី​ជា​ដុំ​កំភួន​ឡើយ។
នៅ​តាម​ដំបន់​គោលដៅ​មួយ​ចំនួន​ដែល​ធ្លាប់​តែ​​មាន​ព្រះសង្ឃ​វៀតណាម និង​រោង​ស្នាក់អាស្រ័យ​របស់​ជនជាតិ​វៀតណាម គឺ​ពុំ​មាន​អ្វី​ទៀត​ទេ ជាពិសេស រូបសំណាក​ព្រះពុទ្ធ​តាម​បែប​សាសនា​វៀតណាម រូប​ព្រះ​នាង គង់ ស៊ីអ៊ីម និង​រូបថត​របស់​លោក ហូ ជីមិញ ជា​ដើម ដែល​ធ្លាប់​ដាក់​តាំង​នៅ​ក្នុង​រោង​ថ្ម​នៃ​តំបន់​ភ្នំ​បូកគោ​នេះ ដូច​ជា​ទីតាំង​ប្រវាំងកូន វាលស្រែ ៥០០ និង​តំបន់​ម៉ុង ១០០ ជា​ដើម គឺ​នៅ​ពេល​នេះ ពុំ​មាន​ទៀត​ឡើយ។ មាន​រូប​​សំណាក​មួយ​ចំនួន​ដែល​ពលរដ្ឋ​វៀតណាម ចាត់​​ទុក​ថា ជា​វត្ថុ​ស័ក្ដិសិទ្ធិ និង​តែង​គោរព​បូជា​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​មុន​គណៈកម្មការ​ទៅ​ដល់ និង​ចុះ​ត្រួតពិនិត្យ។
ជុំវិញ​រឿង​នេះ ក្រុម​អ្នក​សង្កេតការណ៍​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​ចុះ​ស្រាវជ្រាវ​ដោយ​ចំហ​ដូច​នេះ​របស់​គណៈកម្មការ​នៃ​រដ្ឋ​សភា​ដែល​ដឹកនាំ​ដោយ យ៉ែម បុញ្ញឫទ្ធ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ គឺ​ពុំ​អាច​រក​ឃើញ​អ្វី​ជា​លទ្ធផល​ឡើយ។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត​នៅ​ត្រង់​ថា ការ​ចុះ​អង្កេត​លើក​នេះ គឺ​ត្រូវ​បាន​​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ជា​ច្រើន​ថ្ងៃ​មុន​នឹង​ចុះ​ធ្វើ​សកម្មភាព។
បន្ថែម​​ពី​លើ​នេះ បេសកកម្ម​នេះ​ទៀតសោត គឺ​ជា​ការ​ចំណាយ​ស្ទើរ​ទាំង​ស្រុង រួម​ការ​ស្នាក់​នៅ ថ្លៃ​ម្ហូប​អាហារ និង​រថយន្ត​ដឹក​ជញ្ជូន​ជុំវិញ​បរិវេណ​នៃ​តំបន់​គោលដៅ​ដែល​សង្ស័យ​ថា មាន​ជនជាតិ​វៀតណាម ទៅ​ធ្វើ​សមាធិ​នៅ​លើ​ខ្នង​ភ្នំ​បូកគោ គឺ​ជា​បន្ទុក​ក្រុមហ៊ុន​របស់​លោក សុខ គង់ ផ្ទាល់។
យ៉ាង​ណា ក្នុង​រយៈពេល​នៃ​ការ​ស្រាវជ្រាវ ១​យប់​២​ថ្ងៃ​របស់​គណៈកម្មការ​នៃ​រដ្ឋ​សភា​នេះ គឺ​សង្កេត​ឃើញ​​ថា ពុំ​មាន​វត្តមាន​នៃ​ជនជាតិ​​វៀតណាម ឡើង​ចុះ​ភ្នំ​បូកគោ​សូម្បី​ម្នាក់​ឡើយ។
ភាព​ស្ងប់ស្ងាត់​នេះ បើ​ប្រៀប​ធៀប​នឹង​ថ្ងៃ​ផ្សេង​វិញ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម ឡើង​ចុះ​ភ្នំ​បូកគោ​តាម​រយៈ​រថយន្ត​ប្រភេទ ១២​កៅអី និង​តាម​​ម៉ូតូ គឺ​មាន​ច្រើន​នាក់​ជាប់​ជានិច្ច។ ចំណែក​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​លើ​ភ្នំ​បូកគោ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ជា​ទម្លាប់​ក្នុង​មួយ​ក្រុមៗ ពលរដ្ឋ​វៀតណាម តែង​ឡើង​ចុះ​ជា​ហូរហែ មាន​គ្នា​ពី ១០ ទៅ ២០​នាក់ គឺ​ប្លែក​​តែ​ថ្ងៃ​នៃ​ការ​ចុះ​ត្រួតពិនិត្យ​របស់​គណៈកម្មការ​នៃ​រដ្ឋ​សភា​នេះ​ប៉ុណ្ណោះ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ទទួល​បន្ទុក​​វប្បធម៌ ទេសចរណ៍ អប់រំ និង​សាសនា ដែល​ដឹកនាំ​គណៈប្រតិភូ​ចុះ​អង្កេត​ចាត់​ទុក​ថា ថ្វី​បើ​វិស័យ​​ទេសចរណ៍ គឺ​ជា​ផ្នែក​មួយ​ដែល​​អាទិភាព​ក្នុង​ការ​រក​ចំណូល​សម្រាប់​ជាតិ តែ​ថា ភាព​ចន្លោះ​ប្រហោង​មួយ​របស់​កម្ពុជា នៅ​ពេល​នេះ គឺ​ពុំ​បាន​​រៀបចំ​ទីតាំង​កម្សាន្ត​ឲ្យ​ទៅ​តាម​រចនាបថ​របស់​ខ្លួន​នៅ​ឡើយ​ទេ។
បើ​ទោះ​ជា​បែប​ណា លោក យ៉ែម បុញ្ញឫទ្ធិ នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​នឹង​មាន​វិធានការ​បែប​ណា ក្រោយ​ពី​ត្រួត​ពិនិត្យ​រួច​នេះ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា អាច​នឹង​កោះ​​អញ្ជើញ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត​ក្នុង​រឿង​នេះ​ប៉ុណ្ណោះ៖ «យើង​នឹង​ពិនិត្យ​មើល​ពេល​វេលា ហើយ​ខ្ញុំ​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ក្រសួង​ធម្មការ​សាសនា ហើយ​និង​ក្រសួង​ទេសចរណ៍។ អាច​នឹង​ក្រសួង​អប់រំ​ជា​មួយ​គ្នា​ទៀត»
ទាំង​លោក ស្វាយ វុត្ថា នាយក​នីតិកម្ម និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន សុខា ឋានសួគ៌​បូកគោ និង​កូន​ប្រសា​របស់​លោក សុខ គង់ គឺ​លោក សាយ សុភក្រ្តា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ បាន​បដិសេធ​ថា លំហូរ​នៃ​ជនជាតិ​វៀតណាម ដែល​ឡើង​ភ្នំបូកគោ ក្រោម​ហេតុផល​នៃ​សាសនា​នេះ គឺ​ខាង​ក្រុមហ៊ុន​មិន​ស្ថិត​នៅ​ពីក្រោយ​រឿង​នេះ​ទេ។
លោក សាយ សុភក្រ្តា ដែល​ជា​កូន​ប្រសា​របស់​លោក សុខ គង់ និយាយ​ថា ការពិត​ផ្នូរ​បូរាណ​នេះ មាន​តាំង​ពី​មុន​ក្រុមហ៊ុន​ចាប់​វិនិយោគ​ទៅ​ទៀត។ លោក​បន្ត​ថា អ្វី​ដែល​ក្រុមហ៊ុន​កំពុង​តែ​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ជា​ពិសេស​នៅ​លើ​ភ្នំបូកគោ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​ឲ្យ​មក​ទស្សនា មិន​ថា ភ្ញៀវ​វៀតណាម ឬ​ជាតិ​សាសន៍​ដទៃ​នោះ​ទេ៖ «យើង​ផ្សព្វផ្សាយ​ជា​គេ​ហៅ​ថា ជា​តំបន់​ទេសចរណ៍​ឋានសួគ៌​បូកគោ ហើយ​ភ្នំបូកគោ​ព្រះមុនីវង្ស ហ្នឹង តំបន់​បូកគោ​ហ្នឹង។ អ៊ីចឹង​ជនជាតិ​វៀតណាម​ក្ដី ជនជាតិ​ថៃ​ក្ដី ជនជាតិ​ខ្មែរ​យើង​ក្ដី គឺ​យើង​ស្វាគមន៍​គាត់​ទាំង​អស់»
បើ​ទោះ​ជា​ដូច​នេះ​ក៏ដោយ​ចុះ ក៏​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពត នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​តំបន់​រក​ឃើញ​ថា គឺ​វា​មិន​ដូច​អ្វី​ដែល​តំណាង​​ភាគី​ក្រុមហ៊ុន​របស់​លោក សុខ គង់ លើក​ឡើង​នោះ​ឡើយ។
អ្នកស្រី សម ចរិយា មាន​ប្រសាសន៍​ថា ក្រោយ​ពី​​ក្រុមហ៊ុន​របស់​លោក សុខ គង់ ចាប់​វិនិយោគ និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រួច​មក ជា​ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្វីៗ​នៅ​ជុំវិញ​បរិវេណ​ភ្នំបូកគោ គឺ​មិន​បម្រើ​ឲ្យ​​សាធារណជន​ឡើយ ពោល​​គឺ​ទីតាំង​នោះ ហាក់​ប្រែក្លាយ​ទៅ​ជា​តំបន់​ស្វយ័ត​ផ្ដាច់​មុខ​របស់​លោក សុខ គង់ តែ​ម្នាក់​ប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​គាបសង្កត់ សូម្បី​តែ​អីវ៉ាន់​តិចតួច ក៏​មិន​ឲ្យ​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ ហើយ​ទៅ​ធ្វើ​នៅ​ហ្នឹង។ គាត់​រឹតត្បិត​តាំង​ពី​អ៊ីចឹង វា​ហាក់​ដូច​ជា​ជ្រុល​ពេក»
បន្ថែម​ពី​លើ​នេះ ស្ត្រី​ដែល​មាន​របរ​លក់ដូរ​នៅ​ក្បែរ​តំបន់​ភ្នំបូកគោ ដែល​​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា មិន​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​លក់​ដូរ​ដូច​មុន និង​ដឹក​សម្ភារៈ​សំពីងសំពោង ឬ​បើ​ថា ឲ្យ​លក់ដូរ​វិញ គឺ​ទារ​ក្នុង​តម្លៃ​មួយ​ដែល​ខ្ពស់​រហូត​ដល់ ៥០០​ដុល្លារ​ក្នុង​មួយ​ខែ។ ផ្ទុយ​ពី​នេះ​វិញ បើ​ពលរដ្ឋ​​វៀតណាម គឺ​​អាច​បើក​អាជីវកម្ម​បាន​ដោយ​ងាយ៖ «អ្នក​លក់​ហ្នឹង​វៀតណាម ខាង​ខ្សែ​គេ សុខ គង់។ យើង​អត់»
ឆ្លើយ​តប​រឿង​នេះ កូន​ប្រសា​របស់​លោក សុខ គង់ គឺ​លោក សាយ សុភក្រ្តា អះអាង​ថា មូលហេតុ​នៃ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​លក់ដូរ​នោះ គឺ​ដើម្បី​បញ្ចៀស​ភាព​មិន​ស្មោះត្រង់ របស់​អ្នក​រកស៊ី​ប៉ុណ្ណោះ ។ លោក សាយ សុភក្រ្តា បន្ត​ថា ព្រោះ​កន្លង​ទៅ​មាន​អ្នក​ដែល​មិន​ស្មោះត្រង់ ហើយ​បង្ក​ជា​បញ្ហា​នៅ​លើ​ភ្នំ​បូកគោ​នេះ។
យ៉ាង​ណា នៅ​រមណីយដ្ឋាន​ភ្នំ​​បូកគោ​បច្ចុប្បន្ន អ្នក​ដែល​ឡើង​ទស្សនា​ត្រូវ​បាន​ក្រុមហ៊ុន​រឹតត្បិត ដូច​ជា​ហាម​ចត​នៅ​តាម​ផ្លូវ​ឡើង​ចុះ និង​អ្នក​បរិភោគ​អាហារ​តាម​ផ្លូវ​ត្រូវ​ផាក​ពិន័យ ៥០​ដុល្លារ​ជា​ដើម

No comments: