A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 February 2015

Human rights groups calls for the exclusion of police and military officials from politics អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​កុំ​ឲ្យ​មន្ត្រី​យោធា​និង​ប៉ូលិស​ចូល​ក្នុង​បក្ស​នយោបាយ

ទូច ណារ៉ុថ ៣០៥
អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ទូច ណារ៉ុថ ចាប់​ដៃ​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក្នុង​ពិធី​ដំឡើង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល​កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៥។
RFA/Van Vichar
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​កុំ​ឲ្យ​ដាក់​បញ្ចូល​មន្ត្រី​ជាន់​ខ្ពស់​យោធា កងរាជអាវុធហត្ថ និង​ប៉ូលិស ក្នុង​គណបក្ស​នយោបាយ​ដើម្បី​រក្សា​ឯករាជភាព និង​អព្យាក្រឹតភាព​របស់​មន្ត្រី​ប្រដាប់​អាវុធ​ទាំង​នោះ។
សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច (គណបក្ស​ប្រជាជន​កម្ពុជា) បាន​ធ្វើ​ការ​ពង្រឹង​អំណាច​ក្នុង​ប្រទេស​តាមរយៈ​ការ​ដាក់​បញ្ចូល​មេ​យោធា កងរាជអាវុធហត្ថ និង​ប៉ូលិស​ប្រមាណ ៨០​នាក់ និង​មន្ត្រី​សន្តិសុខ​ផ្សេង​ទៀត​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។
មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា កងទ័ព និង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា មិន​អាច​មាន​អព្យាក្រឹតភាព និង​គោរព​សិទ្ធិមនុស្ស​នោះ​បាន​ទេ នៅ​ពេល​ដែល​មេដឹកនាំ​របស់​ពួកគេ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​គណបក្ស​កាន់​អំណាច។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ថា ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ត្រូវ​តែ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​វប្បធម៌​តែងតាំង​មន្ត្រី​យោធា​កងរាជអាវុធហត្ថ និង​ប៉ូលិស​ក្នុង​គណបក្ស​កាន់​អំណាច ហើយ​ត្រូវតែ​បង្កើត​កងកម្លាំង​ទាំង​នោះ​ឲ្យ​ក្លាយ​កងកម្លាំង​ដែល​មាន​វិជ្ជាជីវៈ និង​មិន​ប្រកាន់​បក្ស​ពួក។
លោក ប្រ៊ែដ អាដាម បន្ត​ថា កងកម្លាំង​សន្តិសុខ​អាច​ធ្វើ​ជា​សមាជិក​បក្ស​សាមញ្ញ​បាន ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មាន​តួនាទី​គ្រប់គ្រង​កង​សន្តិសុខ​ទៅ​វិញ​នោះ ពួកគេ​មិន​អាច​កាន់​តួនាទី​ជាន់​ខ្ពស់​ក្នុង​បក្ស​បាន​ទេ។  និយាយ​រួម បើ​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​ផង និង​ជា​សមាជិក​ជាន់​ខ្ពស់​ក្នុង​បក្ស​នយោបាយ​ផង ពួកគេ​ប្រាកដ​ជា​មិន​អាច​គ្រប់គ្រង​តួនាទី​ក្នុង​កិច្ចការ​រដ្ឋ​ប្រកប​ដោយ​វិជ្ជាជីវៈ​បាន​ឡើយ។

កាល​ពី​ចុង​ខែ​មករា និង​ដើម​ខែ​កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សមាជ​ដោយ​ប​ញ្ជូល​សមាជិក​ថ្មី​បន្ថែម​ចំនួន ៣០៦​នាក់ រួម​ទាំង​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ សរុប​មក​គណៈកម្មាធិការ​នេះ​មាន​សមាជិក​ចំនួន ៥៤៥​នាក់។ ក្នុង​នោះ គណបក្ស​នេះ​បាន​តែងតាំង​កងកម្លាំង​យោធា កងរាជអាវុធហត្ថ ប៉ូលិស តាម​គ្រប់​ច្រកល្ហក រួម​ទាំង​នៅ​ថ្នាក់​ជាតិ តំបន់ និង​ខេត្ត ធ្វើ​ជា​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ ចំនួន​សមាជិក​នៃ​កម្លាំង​គ្រប់គ្រង​បញ្ជាការ​លើ​កង​សន្តិសុខ​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បង្កើន​ចំនួន​បី​ដង គឺ​ពី ៣៦​នាក់ ទៅ​យ៉ាង​តិច​ណាស់ ១១៦​នាក់ ហើយ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​មាន​តួនាទី​គ្រប់គ្រង​សន្តិសុខ​ជាតិ។
សេចក្ដី​ថ្លែងការណ៍​អង្គការ​សិទ្ធិមនុស្ស​ផ្សាយ កាល​ពី​ថ្ងៃ​ពុធ ទី​៤ កុម្ភៈ ឲ្យ​ដឹង​ថា មន្ត្រី​យោធា​នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ទទួល​តួនាទី​ថ្មី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដូចជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ក់ ជីតូ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក រ័ត្ន ស្រ៊ាង អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស។
ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា បញ្ជាក់​ថា កងកម្លាំង​ប្រដាប់​អាវុធ​មិន​ត្រូវ​លំអៀង ឬ​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​ណា​មួយ​ឡើយ។ ច្បាប់​នេះ ក៏​បាន​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​បង្កើន​រចនាសម្ព័ន្ធ​បក្ស​ក្នុង​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​ប្រាប់​អង្គការ​សិទ្ធិមនុស្ស​ថា មេបញ្ជាការ​យោធា​បាន​បង្កើត​បណ្ដាញ​បក្ស​កាន់​អំណាច​ក្នុង​ស្ថាប័ន​យោធា​ប៉ូលិស និង​កងរាជអាវុធហត្ថ។
អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ការ​ដាក់​បញ្ចូល​កងកម្លាំង​ប្រដាប់​អាវុធ​កងរាជអាវុធហត្ថ និង​ប៉ូលិស​ឲ្យ​មាន​តួនាទី​ជាន់​ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច​បាន​បង្កើត​ឲ្យ​មាន​ជម្លោះ​ផល​ប្រយោជន៍ ដោយសារ​តែ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​អនុវត្ត​គោលការណ៍ និង​សេចក្ដី​សម្រេច​របស់​គណបក្ស។
លោក ប្រ៊ែដ អាដាម បន្ថែម​ទៀត​ថា សមាជិក​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​រួច​ខ្លួន​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា សមត្ថកិច្ច​ជាន់​ក្រោម​ព្រះរាជអាជ្ញា និង​ចៅក្រម តែងតែ​ខ្លាច​អំណាច​របស់​មន្ត្រី​ជាន់​ខ្ពស់​គ្រប់គ្រង​ផ្នែក​សន្តិសុខ ហើយ​ការ​ដែល​មន្ត្រី​យោធា និង​ប៉ូលិស​ទាំង​នោះ​ចូល​ជា​សមាជិក​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ វា​កាន់តែ​ធ្វើ​អោយ​មន្ត្រី​តុលាការ​ភ័យ​ខ្លាច​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​បំពេញ ការងារ​ដោយ​វិជ្ជាជីវៈ។
ពាក់ព័ន្ធ​នឹង​សេចក្ដី​ថ្លែងការណ៍​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ថា ការ​ដាក់​អភិបាល​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ និង​ប៉ូលិស រាជធានី​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា​នោះ មិន​ប៉ះពាល់​ដល់​អព្យាក្រឹតភាព​របស់​មន្ត្រី​ទាំង​នោះ​ទេ៖ «អ្វី​ដែល​សំខាន់​ពួកគាត់​អនុវត្ត​ទៅ​តាម​តួនាទី​របស់​គាត់​នៅ​ក្នុង​ផ្លូវ​រដ្ឋ ការងារ​រដ្ឋ គាត់​អត់​ធ្វើ​ការ​ប្រលូក​នឹង​កិច្ចការ​បក្ស​ទេ។ សូម្បីតែ​ខ្ញុំ​អាជ្ញាធរ​ដែនដី​ដូច​គ្នា​ការងារ​បក្ស​ជា​រឿង​មួយ​ផ្សេង ជា​រឿង​ផ្ទាល់​ខ្លួន ប៉ុន្តែ​ការងារ​រដ្ឋ​ដែល​បំពេញ​ការ​ផ្តល់​សេវា​សាធារណៈ និង​ផ្តល់​ការងារ​សន្តិសុខ គាត់​ធ្វើ​តាម​តួនាទី»
​បច្ចុប្បន្ន មន្ត្រី​ជាន់​ខ្ពស់​ដឹកនាំ​កងទ័ព​កំពុង​មាន​តួនាទី​ក្នុង​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា រួច​ហើយ​រួម​មាន​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ អគ្គ​មេបញ្ជាការ​រង កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម និង​លោក មាស សុភា និង​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បន្ត​ថា អង្គភាព​ជា​ច្រើន​ដែល​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស ការ​បាញ់​សម្លាប់​បាតុករ បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង ឃាតកម្ម​នយោបាយ ធ្វើ​ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​យ៉ាង​អនាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស និង​រត់​ពន្ធ​មនុស្ស

No comments: