A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 February 2015

Human Rights Watch criticizes the inclusion of police and military chiefs into the CPP's Central Committee [HRW រិះ​គន់​ការ​បញ្ចូល​មេ​ប៉ូលិស​ ទាហាន​ក្នុង​គណៈកម្មាធិការ​កណ្តាល CPP]

សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម​ក្នុង​មហា​សន្និបាត ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន។
សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម​ក្នុង​មហា​សន្និបាត ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន។
ភ្នំពេញៈ យោង​តាម​ការ​វិភាគ​របស់​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើន​ចំនួន​សមាជិក​ក្នុង​គណៈកម្មាធិ​ការ​កណ្តាល​របស់​ខ្លួន​​ដល់​ទៅ ៣ ដង ដែល​មាន​ប្រតិបតិ្ត​ការ​បញ្ជា​លើ​កង​កម្លាំង​​សន្តិ​សុខ​របស់​រដ្ឋ។
អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ថា ក្នុង​មហា​សន្និបាត​ទូទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន កាល​ពី​ចុង​សប្តាហ៍​មុន ដែល​គួរ​កត់​សម្គាល់​ដោយ​សារ​តែ​ការ​បង្កើន​ចំនួន​សមាជិក​ក្នុង​គណៈកម្មាធិការ​កណ្តាល ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ សមាជិក​ដែល​មាន​សិទិ្ធ​អំណាច​បញ្ជា​លើ​កង​កម្លាំង​សន្តិសុខ បាន​កើន​ឡើង​ពី ៣៦ ទៅ​យ៉ាង​ហោច​ណាស់ ១១៦ នាក់។
អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​បាន​បន្ថែម​ថា៖ «មហាសន្និ​បាត​គណបក្ស​បាន​តែង​តាំង​រាល់​​​មន្រ្តី​ថ្នាក់​ខេត្ត ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ​សំខាន់ៗ ដែល​បញ្ជា​លើ​កង​កម្លាំង​សន្តិសុខ​​ឲ្យ​មក​ធ្វើ​​ជា​សមាជិក​ក្នុង​គណៈកម្មា​ធិការ​​កណ្តាល​របស់​ខ្លួន»។
អង្គការ​​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ​សមាជិក​ថ្មី​រួម​បញ្ចូល​កង​ទ័ព កង​រាជ​អាវុធហត្ថ និង​មន្រ្តី​នគរបាល ព្រម​ទាំង​អភិបាល​ខេត្ត​និង​ក្រុង​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។
អង្គការ​​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ដែល​តែង​តែ​ធ្វើ​ការ​រិះ​គន់​ញឹក​ញាប់​លើ​គណបក្ស​កាន់​អំណាច​ដែល​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា បាន​មាន​​ទស្សនៈ​លម្អៀង​ចំពោះ​កម្ពុជា​នោះ បាន​បន្ត​ថា សមាជិក​ជា​ច្រើន​ដែល​បញ្ជា​កង​សន្តិសុខ ធ្លាប់​មាន​ប្រវតិ្ត​រំលោភ​សិទិ្ធ​មនុស្ស។
លោក Brad Adams ​នាយក​ប្រចាំ​អាស៊ី​របស់​អង្គការ​នេះ បាន​ថ្លែង​ថា៖ «ការ​កាន់​តំណែង​ខ្ពស់​ក្នុង​គណបក្ស​កាន់​អំណាច​របស់​កម្ពុជា បាន​បញ្ជាក់​ថា គឺ​ជា​វិធី​ងាយ​ស្រួល​សម្រាប់​អ្នក​រំលោភ​សិទិ្ធ​មនុស្ស​គេច​ផុត​ពី​ប្រព័ន្ធ​យុតិ្តធម៌»។

លោក​បន្តថា៖ «មន្រ្តី​នគរ​បាល​ថ្នាក់​ទាប ​ព្រះ​រាជ​អាជ្ញា និង​ចៅក្រម​ខ្លាច​កម្លាំង​សន្តិ​សុខ ប៉ុន្តែ ឥឡូវ​នេះ គេ​ក៏​ត្រូវ​ព្រួយ​បារម្ភ ចំពោះ​ការ​សង​សឹក ពី​សំណាក់​គណបក្ស​ប្រជាជន​ផង​ដែរ ប្រសិន​បើ​ពួកគេ​បំពេញ​ការងារ​របស់​ខ្លួន»។
លោក​បាន​បន្ត​ទៀត​ថា មិន​អាច​ទេ ដែល​​កម្ពុជា​នឹង​មាន​ «កង​​កម្លាំង​​សន្តិសុខ​ដែល​មិន​លម្អៀង គោរព​សិទិ្ធ​មនុស្ស​ ដរាប​ណា​មេ​បញ្ជា​ការ​របស់​ពួកគេ ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​កាន់​អំណាច»។
ប៉ុន្តែ លោក ម៉ក់ ជីតូ អគ្គស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​សមាជិក​ថ្មី​ម្នាក់​ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​បាន​ថ្លែង​ថា សមាជិក​កង​សន្តិសុខ មាន​សិទិ្ធ​ទទួល​តំណែង​ក្នុង​គណបក្ស​​នយោបាយ។
លោក​បាន​បន្ត​ថា៖​ «យើង​មុខងារ​សាធារណៈ​ដឹង​ច្បាស់​​ពី​មុខងារ​ ការងារ​និង​​បញ្ហា​ច្បាប់​​របស់​យើង​។ ខ្ញុំ​មិន​គិត​ថា [ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន]​ មាន​ឥទិ្ធពល​លើ​សេចក្តី​សម្រេច​ដែល​យើង​ធ្វើ​នោះ​ទេ»។ «យើង​គ្រាន់​តែ​អនុវត្ត​ច្បាប់ ហើយ​អ្នក​ណា​ធ្វើ​ខុស​នឹង​ប្រឈម​​ចំពោះ​មុខ​ច្បាប់»។
លោក ម៉ក់ ជីតូ បាន​បន្ថែម​ថា គណបក្ស​ប្រជាជន​ មិន​គាំទ្រ​មន្រ្តី​រាជការ ឬ​សមាជិក​កង​កម្លាំង​ប្រដាប់​អាវុធ បំពេញ​​ភារកិច្ច​របស់​គណបក្ស ក្នុង​អំឡុង​ម៉ោង​ធ្វើ​ការ​ទេ។
លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ ប្រសិន​បើ​ពួកគេ​ធ្វើ​ការ​ក្រៅ​ម៉ោង​ធ្វើ​ការ វា​ជា​សិទិ្ធ​របស់​ពួកគេ»។
ទោះ​ជា​យ៉ាងណា លោក ម៉ក់ ជីតូ បាន​​បញ្ជាក់​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស គ្មាន​តម្លៃ​ទេ ព្រោះ​ពួកគេ​គ្រាន់​តែ «ប្រមូល​របាយការណ៍​អាក្រក់​ពី​តាម​ផ្លូវ និងពី​​ព្រៃ​មក​និយាយ»។ «ខ្ញុំ​មិន​​ជឿ​ជាក់​លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទេ ព្រោះ​របាយការណ៍​របស់​ពួកគេ​មក​ពី​ក្រុម​មនុស្ស ដែល​មិន​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​មាន​សុភមង្គល»។
នៅក្នុង​មហា​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ចុង​សប្តាហ៍​មុន ដែល​កោះ​ប្រជុំ​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៧ និង​ ២០១៨ នោះ អ្នក​នយោបាយ​វ័យ​ក្មេង​ជា​ច្រើន​នាក់ ក៏​​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈកម្មា​ធិការ​​កណ្តាល​ផង​ដែរ​ ធ្វើ​ឲ្យ​គណៈកម្មាធិការ​នេះ កើន​សមាជិក​រហូត​ដល់​​ចំនួន​​សរុប​ ៥៤៥ នាក់​៕ TK

No comments: