A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 February 2015

Mr. Hun Sen reacted to the accusation that he violates the judiciary លោក​នាយក​រដ្ឋ​មន្ត្រី​ប្រតិកម្ម​ថា លោក​បំពាន​ទៅ​លើ​អំណាច​តុលាការ

ឪពុក​លោក ថោង សារ៉ាត់ ត្រូវ​បញ្ជូន​មក​តុលាការ​ជា​ថ្មី។
ឪពុក​លោក ថោង សារ៉ាត់ ត្រូវ​បញ្ជូន​មក​តុលាការ​ជា​ថ្មី។ ហេង ជីវ័ន
ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​អ្នក​ដែល​រិះ​គន់​រូប​លោក​ថា បាន​ប្រើ​ប្រាស់​អំណាច​នីតិ​ប្រតិបត្តិ បំពាន​ទៅ​លើ​អំណាច​តុលាការ ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​របស់​លោក ទៅ​កាន់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម ករណី​សំណុំ​រឿង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អះអាង កំពុង​ស៊ើប​អង្កេត និង​សាក​សួរ​រាល់​អ្នក​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក ថោង សារ៉ាត់។
ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី បាន​ថ្លែង​ពី​កិច្ច​អន្តរាគមន៍​ក្រោយ​ការ​អំពាវនាវ​របស់​លោក ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន គឺ​មិន​មែន​ជា​ការ​បង្ហាញ​អំណាច​នីតិ​ប្រតិបត្តិ ជ្រៀត​ជ្រែក​លើ​អំណាច​តុលាការ ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​រិះគន់​នោះ​ទេ​។
លោក​ថា៖ «មាន​អ្នក​ខ្លះ​ក៏​ថា ខ្ញុំ​ល្អ​ទៅ អ្នក​ខ្លះ​ថា បំពាន​អំណាច​ហើយ ខ្ញុំ​មិន​បាន​បំពាន​អំណាច​ទេ ប៉ុន្តែ​សុំ​ឲ្យ​ពិនិត្យ​មើល​ពី​ទំនាក់​ទំនង​អង្គ​ទាំង ៣ អង្គ​នីតិ​បញ្ញត្តិ អង្គ​នីតិ​ប្រតិបត្តិ និង​អង្គ​តុលាការ វា​មិន​អាច​នៅ​ដាច់​ពី​គ្នា​ទេ»។
លោក ក៏​បាន​លើក​ការ​ប្រៀប​ធៀប ករណី​សំណុំ​រឿង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់៖ «ឥឡូវ​ឃើញ​រឿង​នៅ​ពី​ក្រោយ​ច្រើន​ទេ អាហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​និយាយ​ថា បិទ​ក្រោល​សេះ មុន​ពេល​សេះ​ចេញ​ផុត ឬ​ក៏​ទៅ​យក​សេះ ដែល​មិន​ទាន់​ទៅ​ឆ្ងាយ​ចូល​ក្នុង​ក្រោល​វិញ។ ខ្ញុំ​មិន​ចង់​អត្ថាធិប្បាយ​ច្រើន​ទេ ដើម្បី​កុំ​ឲ្យ​វា​ក្លាយ​ជា​បញ្ហា​ដាក់​បន្ទុក»។
លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​រិះ​គន់​ទៅ​កាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចៀស​វាង​ការ​ដើរ​តួនាទី​ធំ​ជាង​សភា ធំ​ជាង​រាជ​រដ្ឋាភិបាល និង​តុលាការ​ទៀត៖ «កុំ​អាង​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​អង្គុយ​លើ​ក្បាល​នីតិ​ប្រតិបត្តិ​ឲ្យ​សោះ»។

កាល​ពី​ថ្ងៃ​អាទិត្យ ទី២២ ខែ​កុម្ភៈ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR បាន​ចុះ​ផ្សាយ​នូវ​វិចារណកថា ដក​ស្រង់​សម្តី​របស់​អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ លោក សួន ប៊ុនធឿន ពាក់​ព័ន្ធ​នឹង​ការ​ព្រួយ​បារម្ភ ទៅ​លើ​ឥទ្ធិពល​ហួស​ហេតុ​នៃ​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ទៅ​លើ​ការ​បំពេញ​មុខ​ងារ​របស់​តុលាការ៖ «ទោះ​បី​ជា​មាន​សញ្ញា​បង្ហាញ​ថា ការ​ដោះ​លែង​លោក ថោង ចំរើន និង​អ្នក​ស្រី កែវ សារី អាច​បណ្តាល​មក​ពី​ការ​អនុវត្ត​ខុស​នីតិវិធី​នៅ​ក្នុង​តុលាការ​កម្ពុជា​ក្តី ក៏​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ»។
កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ប្រឆាំង​នឹង​ការ​ដោះលែង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ នៅ​ក្រៅ​ឃុំ ដោយ​លើក​ការ​សង្ស័យ​ថា ការ​ដោះ​លែង​នោះ អាច​នឹង​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ ហើយ​លោក​ក៏​បាន​ស្នើ​ភ្លាមៗ​ទៅ​កាន់​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ ដែល​ជា​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង។
ភ្លាមៗ​នោះ ក្រសួង ក៏​បាន​បើក​អធិការ​កិច្ច​លើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​លោក​ចៅក្រម លី សុខលេង កាន់​សំណុំ​រឿង​នោះ ចំណែក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ក៏​បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់ និង​ផ្លាស់​ប្តូរ​តួនាទី​របស់​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ដោយ​ដាក់​លោក តាំង ស៊ុន​ឡាយ ជា​ប្រធាន​ថ្មី។
យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ អ្នក​នាំ​ពាក្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម លោក សំ ប្រជា​មានិត បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​អធិការ​កិច្ច នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ការ​សម្រេច​ដក​លោក អំាង មាលតី គឺ​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​នៃ​សេវា​យុត្តិធម៌​ដល់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ។ លោក​ថា៖ «ឧត្តម​ក្រុម​ប្រឹក្សា​យើង មាន​ក្រុម​គណៈ​កម្មការ​វិន័យ ដែល​នឹង​ដាក់​ទោស​ទៅ​លើ​ចៅ​ក្រម ដែល​មាន​កំហុស អាស្រ័យ​ទៅ​តាម​កម្រិត​នៃ​កំហុស ដែល​រក​ឃើញ​នោះ»។
កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែរ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ថា ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​របស់​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ គឺ​អង្គភាព​នេះ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​តាំង​ពី ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បន្ទាប់​ពី​អំពើ​ឃាតកម្ម​លើ​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ បាន​កើត​ឡើង​ម៉្លេះ និង​បាន​ស្តាប់​នូវ​ចម្លើយ​របស់​មនុស្ស​សំខាន់ៗ​មួយ​ចំនួន រួម​មាន អ្នក​ស្រី កែវ សារី ម្តាយ​លោក ថោង សារ៉ាត់ អ្នក​ស្រី ទាវ ធីតា ប្រពន្ធ ទី២ ប្អូន​ស្រី​ពៅ លោក​ថោង សារ៉ាត់ ដែល​ជា​អ្នក​កាន់​លុយ​ក្រុម​ហ៊ុន និង​លោក​មេធាវី រស់ ផល្លា ការពារ​ក្តី​អ្នក​ស្រី ទាវ ផល្លា។
លោក ឱម យ៉ិនទៀង បាន​បន្ត​ថា៖ «យើង​ក៏​ត្រូវ​ការ​ជួប​មនុស្ស​ពីរ​បី​នាក់​ទៀត ក្នុង​នោះ មាន​លោក ពេជ្រ ព្រហ្ម​មុនី ​និង​លោក អំាង មាលតី ដើម្បី​ស្តាប់​ចម្លើយ​របស់​ពួក​គាត់​ដែរ។ នៅ​ពេល​ដែល​យើង​ខ្ញុំ ប្រមូល​បាន​ច្រើន​ជាង​នេះ​ដែរ យើង​ខ្ញុំ​ប្រហែល​ជា​មាន​វិធាន​ការ​ឆែក​មើល​បញ្ជី​ស្នាម លុយ​កាក់​ទាំង​អស់ នៅ​ក្នុង​ក្រុម​ហ៊ុន​មាន​ជ័យ របស់ ថោង សារ៉ាត់ ដែរ ដើម្បី​ឲ្យ​ឃើញ​ថា ការ​ចំណាយ ការ​គ្រប់​គ្រង លុយ​កាក់​ហ្នឹង វា​យ៉ាង​ម៉េច​លុយ​ណា​ចេញ​ទៅ​ណា លុយ​ណា​ចេញ​ទៅ​ណា?»៕

No comments: