A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 February 2015

The activities of the Vietnamese people in Cambodia during the Chinese New Year សកម្មភាព​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន

វត្ត​ចិន-វៀតណាម ៦២០
វត្ត​ចិន-វៀតណាម មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥. A Chinese-Vietnamese temple in Phnom Penh. Photo 20th February 2015.
RFA/Yeang Socheametta
ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​ចូល​ឆ្នាំ​វៀតណាម នេះ បើ​ទោះ​ជា​ជនជាតិ​វៀតណាម មួយ​ចំនួន​មិន​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួក​គេ​នៅ​ប្រទេស​វៀតណាម ដើម្បី​ជួបជុំ​សាច់ញាតិ​ក្តី ក៏​ពួក​គេ​បាន​រៀបចំ​ធ្វើ​ពិធី​បុណ្យ​នេះ​ទៅ​តាម​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​ពួក​គេ​តែ​រៀងៗ​ខ្លួន។
លោក យាង សុជាមេត្តា ដែល​បាន​ចុះ​ទៅ​សង្កេត​មើល​សកម្មភាព​របស់​ជនជាតិ​វៀតណាម ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​សង្កាត់​ច្បារអំពៅ មាន​សេចក្តី​រាយការណ៍​អំពី​សកម្មភាព​ជនជាតិ​វៀតណាម នៅ​ទីនោះ​ដូច​ត​ទៅ៖
ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ដឹង​ហើយ​ថា នៅ​ក្នុង​សង្កាត់​ច្បារអំពៅ តាម​បណ្តោយ​ច្រាំង​ទន្លេ​ត្រើយ​ខាង​កើត​ទន្លេ​បាសាក់ គឺ​ជា​សម្បុក​នៃ​ជនជាតិ​វៀតណាម ដ៏​ធំ​បំផុត​មួយ​នៅ​ចំ​កណ្ដាល​ទីក្រុង។ នៅ​ទីនោះ មិន​ថា​នៅ​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​បុណ្យ​ទាន​នោះ​ទេ បើ​គេ​ជិះ​ចូល​ទៅ​កាន់​តំបន់​ដែល​មាន​ជនជាតិ​វៀតណាម រស់នៅ​នោះ គេ​តែង​ឮ​ចម្រៀង​វៀតណាម ចាក់​លាន់​ឮ​រំពង ជាពិសេស​នៅ​តាម​ហាង​កាហ្វេ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម។
នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន វិញ ទិដ្ឋភាព​នៅ​ទីនោះ​ហាក់​ដូចជា​ប្លែក​ជាង​ថ្ងៃ​ធម្មតា​បន្តិច។ នៅ​តាម​ផ្ទះ​ជនជាតិ​វៀតណាម នីមួយៗ មិន​ថា​ផ្ទះ​តូច ឬ​ធំ​ឡើយ ក្រៅ​តែ​ពី​ឃើញ​មាន​តុបតែង​លំអ​ដោយ​ផ្កា​ស្បៃរឿង​ពណ៌​លឿង និង​ផ្ទះ​ខ្លះ​ទៀត​មាន​ចង​ដើម​អំពៅ​ខ្មៅ​នៅ​មុខ​ផ្ទះ លំអ​ដោយ​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត គេ​ក៏​ឃើញ​មាន​មនុស្ស​អង្គុយ​ជុំ​គ្នា​លេង​បៀ​ជា​ហូរហែ។ អ្នក​ខ្លះ​ទៀត​អង្គុយ​ផឹក​ស៊ី និយាយ​ស្រែក​សប្បាយ។ ឯ​អ្នក​ខ្លះ​ទៀត​នាំ​គ្នា​ច្រៀង​ខារ៉ាអូខេ​រីករាយ​ក្នុង​ក្រុម​គ្រួសារ។
«សំឡេង​រៀបរាប់​របស់​ជនជាតិ​វៀតណាម ជា​ភាសា​វៀតណាម»
នេះ​ជា​ការ​រៀបរាប់​របស់​បុរស​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ លី សុខា។ លោក​ប្រាប់​ថា ក្នុង​ពេល​ចូល​ឆ្នាំ​កន្លង​មក លោក​ក៏​បាន​ទៅ​ស្រុក​កំណើត​ជួបជុំ​ញាតិ​មិត្ត​នៅ​ប្រទេស​វៀតណាម ដែរ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​លោក​មិន​បាន​ទៅ​ទេ។ លោក លី សុខា អាយុ ៦៩​ឆ្នាំ ដែល​មិន​ត្រឹម​តែ​ចេះ​និយាយ​ភាសា​ខ្មែរ​នោះ​ទេ ប៉ុន្តែ​លោក​ថា​លោក​ចេះ​ទាំង​អាន និង​សរសេរ​អក្សរ​ខ្មែរ​ជ្រៅជ្រះ​ទៀត​ផង ព្រោះ​ថា លោក​បាន​ឡើង​មក​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៨០ មក​ម្ល៉េះ។
ស្រដៀង​ទៅ​នឹង​ផ្ទះ​ជនជាតិ​វៀតណាម ដទៃ​ទៀត​នៅ​ក្នុង​តំបន់​នោះ ផ្ទះ លោក លី សុខា មាន​តុបតែង​ដោយ​ក្រដាស​លំអ និង​មាន​ដាក់​ផើង​ផ្កា​ស្បៃរឿង​មួយ​ជួរ​នៅ​មុខ​សំយាប​ផ្ទះ ហើយ​នៅ​លើ​ទ្វារ​ចូល​ផ្ទះ​របស់​លោក​នោះ មាន​ដាក់​អក្សរ​វៀតណាម ថា CHÚC MỪNG NĂM MỚI 2015 ដែល​មាន​ន័យ​ជា​ខ្មែរ​ថា សួស្តី​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥។

ផ្ទះ​វៀតណាម ច្បារអំពៅ ៦២០
ជនជាតិ​វៀតណាម ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម នា​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA/Yeang Socheametta
និយាយ​គ្នា​លេង​ជាមួយ​ខ្ញុំ ខណៈ​ដែល​កូនស្រីៗ​របស់​លោក​ពីរ​បី​នាក់​កំពុង​ច្រៀង​ខារ៉ាអូខេ​ជា​ភាសា​វៀតណាម នៅ​ក្នុង​ផ្ទះ ដែល​ឋិត​នៅ​ជាប់​មាត់​ច្រាំង​ទន្លេ លោក លី សុខា អះអាង​ថា បើ​ទោះ​ជា​លោក​មិន​បាន​ទៅ​ស្រុក​ជួប​ជុំ​សាច់ញាតិ​នៅ​វៀតណាម ក៏ដោយ ក៏​លោក​នៅ​តែ​សប្បាយ ព្រោះ​ថា​កូន​ចៅ​លោក​បាន​មក​ជួបជុំ​រីករាយ​ជាមួយ​គ្នា​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ៖ «កូន​ចៅ​មក​ផ្ទះ​លេង ការ​ធ្វើ​បុណ្យ​នៅ​វៀតណាម និង​នៅ​ស្រុក​ខ្មែរ​ប្រហាក់​ប្រហែល​គ្នា​ដែរ​ហ្នឹង។ វៀតណាម ក៏​អ៊ីចឹង ខ្មែរ​ក៏​អ៊ីចឹង ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដូច​តែ​គ្នា​ហ្នឹង បង​ប្អូន​គេ​នៅ​ឆ្ងាយៗ​មក​ជួប​ជុំ​គ្នា​លេង​ទៅ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ គេ​ទៅ​ស្រុក​គេ​វិញ​ទៅ ដូចជា​អ្នក​នៅ​កំពង់ចាម នៅ​ព្រៃវែង ស្វាយរៀង មួយ​ថ្ងៃ​ពីរ​ថ្ងៃ គេ​ទៅ​វិញ​ទៅ»
ដើរ​ចេញ​ពី​ផ្ទះ លោក លី សុខា ប្រហែល​ជា ១០​ម៉ែត្រ ខ្ញុំ​បាន​ជួប​បុរស​ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​គ្នា​ប្រហែល ១០​នាក់។ ពួក​គេ​កំពុង​អង្គុយ​ហូប​ចុក​ជុំ​គ្នា។ នៅ​ពេល​សួរ​ថា តើ​ពួក​គេ​សប្បាយ​អត់​នៅ​ឆ្នាំ​នេះ? ពួក​គេ​ឆ្លើយ​ភ្លាមៗ​ថា សប្បាយ​ខ្លាំង​ណាស់។ ពួក​គេ​ហាក់​ដូចជា​មិន​មាន​ភាព​ញញើត​ញញើម​អ្វី​ឡើយ​នៅ​ពេល​ដឹង​ថា មាន​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន​អំពី​សកម្មភាព​របស់​ពួក​គេ​ក្នុង​ពេល​ចូល​ឆ្នាំ​ដូច្នេះ។ ពួក​គេ​បាន​និយាយ​រាក់ទាក់​ធម្មតា​ទៅ​កាន់​អ្នក​កាសែត។ តែ​តាម​មើល​ទៅ​អាច​មក​ពួក​គេ​ស្រវឹង​ខ្លះ។
នៅ​ពេល​សួរ​ថា តើ​ពួក​គេ​មក​ប្រទេស​កម្ពុជា យូរ​ហើយ​ឬ​នៅ? ពួក​គេ​ភាគ​ច្រើន​បាន​ឆ្លើយ​ថា បាន​មក​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​ខ្លះ​ហាក់​នៅ​មិន​ទាន់​និយាយ​ភាសា​ខ្មែរ​បាន​ច្បាស់​នោះ​ទេ ប៉ុន្តែ​យល់​ពាក្យ​សម្ដី​ដែល​អាច​ឆ្លើយឆ្លង​គ្នា​បាន។ ពួក​គេ​ថា ឆ្នាំ​នេះ​ពួក​គេ​មិន​បាន​ទៅ​ស្រុក​កំណើត​នៅ​វៀតណាម ទេ ដោយសារ​ពួក​គេ​រក​ស៊ី​ពុំ​សូវ​សល់​ផល ឬ​សល់​លុយ​កាក់​ច្រើន។ ពួក​គេ​និយាយ​ហាក់​ដូចជា​លេង​សើច​ផង​ថា អ្នក​មាន​គេ​ទៅ​ស្រុក​អស់​ហើយ នៅ​តែ​អ្នក​ក្រ​ប៉ុណ្ណោះ​ដែល​មិន​ទៅ៖ «អ្នក​ខ្លះ​ទៅ អ្នក​ខ្លះ​នៅ អ្នក​ក្រ​នៅ​ហ្នឹង អ្នក​មាន​គេ​ទៅ​អស់​ហើយ»
បុរស​ជនជាតិ​វៀតណាម ទាំង​នេះ​ដែល​ភាគ​ច្រើន​អះអាង​ថា ប្រកប​របរ​ជា​អ្នក​ទិញ​លក់​សម្ភារៈ​អេតចាយ​នោះ និយាយ​ថា ក្រៅ​តែ​ពី​មាន​កម្មវិធី​ហូប​ចុក​ជុំ​គ្នា​នៅ​ផ្ទះ ពួក​គេ​ពេល​ខ្លះ​ក៏​នាំ​កូន​ចៅ​ទៅ​លេង​កម្សាន្ត​នៅ​តាម​មណ្ឌល​កម្សាន្ត​នានា ដូចជា​នៅ​កោះ​ពេជ្រ ឬ​ទៅ​លេង​នៅ​មុខ​ព្រះបរមរាជវាំង​ជាដើម។ លើស​ពី​នេះ ពួក​គេ​ក៏​នាំ​គ្នា​ទៅ​វត្ត​វៀតណាម ដែល​នៅ​ក្បែរ​នោះ ដើម្បី​យក​របស់​របរ​ទៅ​វត្ត និង​សែន​ព្រេន​ថ្វាយ​ជីដូន​ជីតា​ផង​ដែរ៖ «ខ្លះ​ទៅ​បងប្អូន​ពួក​ម៉ាក់​មក​ផឹក​ស៊ី​ជុំ​គ្នា រាំ​សប្បាយ ទៅ​វត្ត យើង​សែន​បន្តិចបន្តួច​ឲ្យ​កុងម៉ា ពុក​ម៉ែ​បង​ប្អូន​ឲ្យ​សុខ​សប្បាយ​ទាំងអស់»
នៅ​ក្បែរ​កន្លែង​ហូប​ចុក​របស់​បុរស​ជនជាតិ​វៀតណាម ទាំង​នោះ​មាន​វង់​បៀ​ពីរ​បី​វង់​ជាប់ៗ​គ្នា។ ប៉ុន្តែ​អ្នក​ចូលរួម​លេង​បៀ​នោះ ពុំ​សូវ​មាន​បុរស​ទេ តែ​ភាគ​ច្រើន​ជា​ស្ត្រី និង​មាន​ក្មេងៗ​ផង​ដែរ។ មើល​ទៅ​ពួក​គេ​ហាក់​ពុំ​សូវ​ប្រកែ​ប្រកាន់​អ្វី​ឡើយ នៅ​ពេល​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​សួរ និង​ថត​សំឡេង​ពួក​គេ​នោះ។
ជនជាតិ​វៀតណាម ទាំង​នេះ​និយាយ​ថា ពួក​គេ​មិន​មាន​ការ​បារម្ភ ឬ​ខ្លាច​ក្រែង​មាន​ការ​រើសអើង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​អ្វី​ឡើយ នៅ​ពេល​ពួក​គេ​ជួប​ជុំ​គ្នា​រៀបចំ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​ចូល​ឆ្នាំ​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ។ ពួក​គេ​និយាយ​ថា ពួក​គេ​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​ទៅ​ហើយ។ ពួក​គេ​បញ្ជាក់​ថា មិន​ថា​តែ​ចូល​ឆ្នាំ​ចិន នោះ​ទេ ឲ្យ​តែ​គ្រប់​ចូល​ឆ្នាំ​ទាំងអស់ រាប់​ទាំង​ចូល​ឆ្នាំ​ខ្មែរ​ផង ក៏​ពួក​គេ​ចូលរួម​ប្រារព្ធ និង​អបអរ​សាទរ​ដូច​គ្នា​អ៊ីចឹង​ដែរ

2 comments:

Anonymous said...

Sam ma Sam Put tho, I thought it is the vietnamese prostitutions house, that the Bejing president go to buy sex. The CPP should send the authority to inspect this illegal vietnamese girls sex trafficking instead of Wat Samagi raingsey. Lol! Turboman

Anonymous said...

ចំពោះខ្មែរណា ដែលមើលឃើញថាយួនមានសិទ្ធីសេរីភាព ហើយលើកយករឿងយួន មកនិយាយថា អញ្ចេះ អញ្ចុះនោះ ច្បាស់ជារដ្ធាភិបានខ្មែរមិនសប្បាយចិត្តទេ ព្រោះគេមិនចង់ឲ្យអ្នកណា និយាយដូច្នោះទេ គេថាបង្កើតរឿង អុច​អាល គេរង់ចាំដល់យួនកាន់កាប់ខ្មែរទាំងស្រុង ហើយត្រួតត្រាទាំងក្បាលគេទៀត នោះបានវាត្រឹមត្រូវ ចាំមើលទៅច្បាស់ជាមិនយូរប៉ុន្មានទៀតទេ ព្រោះយួនឈ្មោះខ្មែរទាំងអស់ហើយ រួចចេះខ្មែរជាងខ្មែរទៅទៀត។