A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 February 2015

The Commerce Ministry to borrow $300 from a Chinese bank top build a rice silo and rice processing factory ក្រសួង​ពាណិជ្ជកម្ម​គ្រោង​ខ្ចី​ថវិកា​៣០០​លាន​ដុល្លារ​ពី​ធនាគារ​ចិន

ស៊ុន ចាន់ថុល ៦២០
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​១​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Ouk Savborey
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​គម្រោង​នាំ​ស្រូវ​ចេញ​ពី​កម្ពុជា ឲ្យ​បាន ១​លាន​តោន បន្ទាប់​ពី​អង្ករ​កម្ពុជា បាន​ឈ្នះ​ពាន​រង្វាន់​ពិភពលោក ៣​ឆ្នាំ​ជាប់ៗ​គ្នា។ នៅ​ទន្ទឹម​នេះ សហព័ន្ធ​ស្រូវ​អង្ករ បារម្ភ​អំពី​គុណភាព​ស្រូវ​ដែល​កសិករ​ផលិត ដោយសារ​បញ្ហា​មួយ​ចំនួន រួមមាន ដាំ​ស្រូវ​ពូជ​មិន​ល្អ មិន​ត្រូវ​តាម​ស្តង់ដារ​និង​តម្រូវ​ការ​ទីផ្សារ។ ចំណែក​កសិករ​វិញ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​កម្ចី​យក​ការ​ប្រាក់​ទាប ឬ​មិន​យក​ការ​ប្រាក់។
ក្រសួង​ពាណិជ្ជកម្ម គ្រោង​ខ្ចី​ថវិកា ៣០០​លាន​ដុល្លារ​ពី​ធនាគារ​ចិន ដើម្បី​សង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួត​ស្រូវ ៤០​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ជំរុញ​ការ​នាំ​អង្ករ​ចេញ។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​១ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ យ៉ាង​ដូច្នេះ។ លោក​បន្ត​ថា ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួត​ស្រូវ ៤០​កន្លែង​នឹង​ត្រូវ​បាន​គេ​សង់​នៅ​ក្នុង​ខេត្ត​ចំនួន ៩ ដើម្បី​ជួយ​សម្រួល​ការ​រក្សា​ទុក​ដាក់​ស្រូវ​របស់​កសិករ​កុំ​ឲ្យ​ខូចគុណភាព​នៃ​ឱជារស និង​ធានា​គ្រាប់​អង្ករ​ល្អ ខណៈ​អង្ករ​កម្ពុជា កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​លើ​ពិភពលោក។
លោក ស៊ុន ចាន់ថុល៖ «សព្វថ្ងៃ​នេះ​យើង​ខ្វះ​ឃ្លាំង​ស្តុក ខ្វះ​ឡ​សម្ងួត ខ្វះ​ថវិកា​ដើម្បី​ទិញ​ស្រូវ​នេះ ដូច្នេះ​ស្រូវ​របស់​យើង​ហៀរ​​ទៅ​ក្រៅ​ប្រទេស​ច្រើន​ណាស់ វា​មិន​បាន​កិន​នៅ​ស្រុក​យើង​ទេ។ ដូច្នេះ​រាជ​រដ្ឋាភិបាល​ខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ចប់ ដើម្បី​យក​លុយ​ហ្នឹង​មក​សាងសង់​ឃ្លាំង និង​ឡ​សម្ងួត។ យើង​ស្តុក​ទុក​ផង ហើយ​ប្រជា​កសិករ​យើង​ដឹក​យក​ទៅ​កន្លែង​ភ្លាម បាន​លុយ​ភ្លាម នេះ​ជួយ​គាត់​អ៊ីចឹង។ឥឡូវ​កំពុង​តែ​រៀបចំ​ធ្វើ ចុះ​កិច្ចព្រមព្រៀង អឹម.អូ.យូ (MOU) ជាមួយ​ចិន រវាង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​​ធនាគារ​របស់​ចិន ដើម្បី​យក​មក​អនុវត្ត​គម្រោង​នេះ សម្រាប់​ជួយ​ប្រជា​កសិករ​របស់​យើង​បាន»

​នៅ​ក្នុង​មហា​សន្និបាត​នោះ​ដែរ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ ថ្លែង​ថា បរិមាណ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​មិន​ទាន់​សម្រេច​បាន​ដល់​គោលដៅ​រំពឹង​ទុក ១​លាន​តោន​របស់​​រដ្ឋាភិបាល​នៅ​ឡើយ។ លោក​ថា នៅ​ឆ្នាំ​២០១៤ បរិមាណ​អង្ករ​នាំ​ចេញ​បាន​តែ​ជាង ៣៨​ម៉ឺន​តោន គឺ​កើន​ឡើង ២% បើ​ធៀប​នឹង​ឆ្នាំ​២០១៣។
លោក​ថា បញ្ហា​នេះ ដោយសារ​ការ​ជ្រើសរើស​ពូជ​ស្រូវ​ដាំ​ដុះ​មិន​ត្រូវ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ។ ដើម្បី​ពង្រីក​ការ​នាំ​អង្ករ​ចេញ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កំពុង​ជួបប្រទះ ដូច​ជា​ការ​ស្វែង​រក​ទីផ្សារ​បន្ថែម ការ​ស្វែង​រក​ប្រភព​ឥណទាន​ដែល​មាន​ការ​ប្រាក់​សមរម្យ និង​បរិមាណ​គ្រប់គ្រាន់៖ «អ៊ីចឹង​ផែនការ​មាស​ស​នេះ គឺ​ផ្ដោត​ទៅ​លើ​សកម្មភាព​ដែល​យើង​នឹង​ធ្វើ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​​ជំរុញ​ចង្វាក់​ផលិតកម្ម​ទាក់ទង​ផ្ដល់​ទៅ​នឹង​គុណភាព​ស្រប​ទីផ្សារ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បាន​ការ​នាំ​ចេញ​ទៅ​ដល់​គោលដៅ»
​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នេះ តំណាង​សហគមន៍​កសិករ​ដែល​ផលិត​ស្រូវ​នៅ​ខេត្ត​កំពត និង​ខេត្ត​ព្រះវិហារ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​កម្ចី​ក្នុង​ការ​ធ្វើ​វិស័យ​កសិកម្ម​ឲ្យ​ការ​ប្រាក់​ទាប ឬ​មិន​យក​ការ​ប្រាក់​នៅ​ពេល​កសិករ​ជួយ​ប្រទះ​គ្រោះ​រាំង​ស្ងួត ឬ​ជំនន់ និង​ស្នើ​សុំ​ឲ្យ​ជួយ​ស្តា​ប្រព័ន្ធ​ធារាសាស្ត្រ និង​ហាម​លក់​ទឹក​ឲ្យ​កសិករ​ដែល​ត្រូវ​ការ​ទឹក​ស្រោចស្រព​ជាដើម។
​ប្រធាន​សហគមន៍​អភិវឌ្ឍ​កសិកម្ម​ពញ្ញាអង្គរចំរើនជ័យ លោក បិញ ឈិន មក​ពី​ភូមិ​ពញ្ញាអង្គរ ឃុំ​វត្ត​អង្គរខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ថ្លែង​ថា ទឹក​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់​នៅ​ឆ្នាំ​២០១៤ ការ​ធ្វើ​ស្រែ​វស្សា​យឺត នាំ​ឲ្យ​ស្រូវ​បាន​ផល​តិច ទើប​សហគមន៍​នោះ​សុំ​ឲ្យ​រដ្ឋាភិបាល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ស្តា​ប្រព័ន្ធ​ធារាសាស្ត្រ និង​ផ្ដល់​ប្រាក់​កម្ចី​ទៅ​កសិករ​ដាំ​ដុះ​យក​ការ​ប្រាក់​ទាប ឬ​មិន​យក​ការ​ប្រាក់៖ «បើ​សិន​ណា​សហព័ន្ធ ឬ​មួយ​ក៏​រដ្ឋាភិបាល​ជួយ​សម្រួល​ថា មិន​យក​ការ តែ​ជួយ​អ៊ីចឹង​គឺ​កសិករ គឺ​កសិករ​ខំ​ប្រឹង​ផលិត មិន​ឲ្យ​បាត់បង់​ដើម​ហ្នឹង​ទេ គឺ​ថា​ត្រូវ​ខំ​ប្រឹង​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​បាន​ដើម្បី​ឆ្លើយ​តប​នឹង​ទុន​របស់​រដ្ឋាភិបាល​ផ្ដល់»
​ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​កសិកម្ម ខេត្ត​ព្រះវិហារ លោក ធួន សាន ថ្លែង​ថា ផល​ស្រូវ​ឆ្នាំ​២០១៤ ធ្លាក់​ថ្លៃ ២០០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​កសិករ​នៅ​ទី​នោះ​ធ្វើ​ស្រែ​ប្រើ​ជីធម្មជាតិ​ផង លំបាក​ដាំ​ដុះ​ផង ហើយ​តម្លៃ​ស្រូវ​ចុះ​ថោក​ផ្ទុយ​ពី​ការ​លក់​ស្រូវ​ឆ្នាំ​មុនៗ បាន​តម្លៃ ១.២០០​រៀល​ចំពោះ​ស្រូវ​ផ្កា​រំដួល៖ «ឲ្យ​សហព័ន្ធ​ទាំង​អស់​ជួយ​ផ្ដល់​ពូជ​សុទ្ធ​ល្អ​សម្រាប់​កសិករ ព្រោះ​កសិករ​ឥឡូវ​មិន​ទាន់​បាន​ប្រើ​​ពូជ​សុទ្ធ​បាន​គ្រប់គ្នា​នៅ​ឡើយ»
​បំភ្លឺ​តប​ចំពោះ​ការ​ស្នើ​សុំ​របស់​កសិករ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​ថា ក្រសួង​នេះ​មិន​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​កម្ចី​ជូន​កសិករ​បាន​ទេ ជា​ភារកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ថា អង្ករ​កម្ពុជា​ទទួល​ជយលាភី​ល្អ​ជាង​គេ ៣​ឆ្នាំ​​​ជាប់​គ្នា ពី​ឆ្នាំ​២០១២ មក​នោះ។ សម្រាប់​ផែនការ​ត្រូវ​អនុវត្ត​ឆ្នាំ​២០១៥ រំពឹង​ថា អាច​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន ១​លាន​តោន តាម​ការ​គ្រោង​ទុក​របស់​រដ្ឋាភិបាល

1 comment:

Anonymous said...

I wonder how much he makes from the cut?.