A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 February 2015

The opposition MP intervened to help resolve land dispute for 600 families in Battambang តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​អន្តរាគមន៍​ជម្លោះ​ដីធ្លី​ពលរដ្ឋ​៦០០​គ្រួសារ​នៅ​ក្រុង​បាត់ដំបង

មូរ សុខហួរ ៦២០
អ្នកស្រី មូរ សុខហួរ (កាន់​មេក្រូ) អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​មាន​ជម្លោះ​នៅ​ភូមិ​អូរខ្ជាយ សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Hum Chamroeun
អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ចុះ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៦០០​គ្រួសារ ដែល​អាជ្ញាធរ​ក្រុង​បាត់ដំបង ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​រុះរើ​ផ្ទះ និង​ផល​ដំណាំ​ចេញ​ពី​កន្លែង​ស្នាក់នៅ ដើម្បី​នាំ​បញ្ហា​នេះ​ដាក់​ទៅ​រដ្ឋសភា និង​ក្រសួង​ពាក់ព័ន្ធ ឲ្យ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។
កិច្ច​អន្តរាគមន៍​របស់​អ្នក​តំណាង​រាស្ត្រ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ក្រុង​បាត់ដំបង ហើយ​អាជ្ញាធរ​មូលដ្ឋាន​ដឹក​នាំ​កម្លាំង​ទៅ​កាប់​បំផ្លាញ​ដើម​ឈើ និង​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ដែល​ប៉ះពាល់​ចេញ​ពី​លំនៅឋាន កាល​ពី​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២៦ មករា កន្លង​ទៅ។
ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ប្រាប់​អ្នក​តំណាង​រាស្ត្រ​នៅ​តំបន់​ដី​មាន​ជម្លោះ នៅ​ភូមិ​អូរខ្ជាយ សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា សកម្មភាព​របស់​អាជ្ញាធរ រួម​មាន​មន្ត្រី​ប៉ូលិស ទាហាន និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង បាន​បណ្ដេញ​ពួក​គេ​ឲ្យ​ចេញ​ដី​ពី​លំនៅឋាន​នេះ ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​មក​លើ​ប្រជាពលរដ្ឋ​ក្រីក្រ និង​គ្មាន​អំណាច៖ «កន្លង​មក​រដ្ឋាភិបាល​តែង​តែ​និយាយ​ថា​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ តែ​ពេល​នេះ​ហេតុ​អី​បាន​ជា​ពួក​អ្នក​មាន​លុយ​គាប​សង្កាត់​យក​ដី​ពី​អ្នក​ក្រ​ទៅ ហើយ​អាជ្ញាធរ​មិន​ដោះស្រាយ។ ហេតុ​អី​បាន​ជា​ធ្វើ​បាន​ពួក​ខ្ញុំ​អ្នក​ក្រ​អីចឹង។ បើ​សិន​ជា​រដ្ឋ​យក​ដី​នេះ​យក​ទៅ​ធ្វើ​ផ្លូវ​ថ្នល់ ខ្ញុំ​មិន​តវ៉ា​ទេ តែ​គេ​យក​ដី​ខ្ញុំ​ទៅ​ក្នុង​ផល​ប្រយោជន៍​ផ្សេង»
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ខណៈ​ជួប​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​មាន​ជម្លោះ​នោះ​ថា អ្នកស្រី​នឹង​នាំ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដាក់​ទៅ​រដ្ឋសភា និង​ក្រសួង​ពាក់ព័ន្ធ រួម​មាន​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ ជាដើម ដើម្បី​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ទាំង​នោះ ឲ្យ​បញ្ឈប់​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ដែល​ពួក​គាត់​ស្នាក់នៅ៖ «តើ​អាជ្ញាធរ​យក​ដី​ពី​ប្រជាពលរដ្ឋ​ដោយ​អះអាង​ថា​យក​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្រី​នោះ មាន​បាន​សួរ​នាំ​ពួក​គាត់​ទេ? ចំណុច​ត្រង់​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​នេះ គឺ​មិន​អាច​យក​ជា​ការ​បាន​ឡើយ។ ច្បាប់​អ្វី​ក៏ដោយ គឺ​ការ​អភិវឌ្ឍ​ត្រូវ​ផ្ដើម​ចេញ​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ទីកន្លែង​នោះ ដោយ​មាន​ការ​ឯកភាព​ពី​ពួក​គាត់ ទើប​អាច​ដំណើរ​ការ​ទៅ​បាន»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ក្រុង​បាត់ដំបង លោក សៀង ឯមវូនស្ហី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ ថា ដី​ដែល​ប្រជាពលរដ្ឋ​អះអាង​ជា​កម្មសិទ្ធិ​នោះ ជា​ដី​គម្រោង​សួន​សាធារណៈ​របស់​រដ្ឋ ហើយ​អ្នក​ភូមិ​ទៅ​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា សមត្ថកិច្ច​ពុំ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ ហើយ​យក​ដី​ទៅ​លក់​ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​នោះ​ទេ គឺ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​នោះ ដើម្បី​រៀបចំ​បែង​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​ក្នុង​ក្រុង ហើយ​ពុំ​មាន​ដីធ្លី៖ «ដី​ហ្នឹង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ធ្វើ​ឡើង​ដោយ​មាន​ការ​ឯកភាព​ពី​អភិបាល​ខេត្ត​បាត់ដំបង ហើយ​ម្យ៉ាង​ទៀត យើង​ក៏​បាន​ប្រកាស​ផ្សព្វផ្សាយ​ជូន​ពួក​គាត់​ហើយ​ដែរ»
តែ​យ៉ាង​ណា ជំទប់​ទី​២​សង្កាត់​ព្រែកព្រះស្ដេច លោក ខាន់ ប៊ុនផេង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដី​ដែល​អាជ្ញាធរ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ​នោះ មាន​ទំហំ​ទទឹង​ប្រមាណ ៤០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ១.៧០០​ម៉ែត្រ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦០០​គ្រួសារ ឋិត​នៅ​ចំណុច​ភូមិ​អូរខ្ជាយ ភូមិ​៧មករា និង​ភូមិ​ចម្ការឫស្សី សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ លោក​ថា ដើម​ឡើយ​ដី​នោះ​ជា​ដី​គម្រោង​សួន​សាធារណៈ​របស់​រដ្ឋ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក ដី​នៅ​តំបន់​នោះ​បាន​ប្ដូរ​ទៅ​ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដីធ្លី។
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សកម្មភាព​ទាំង​ឡាយ​ណា​ដែល​កាប់​បំផ្លាញ ឬ​រុះរើ​ផ្ទះ​សម្បែង និង​ធ្វើ​ឲ្យ​ខូច​ទ្រព្យ​សម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ ដោយ​ពុំ​មែន​ជា​សេចក្ដី​សម្រេច​របស់​តុលាការ ចាត់​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ខុស​ច្បាប់៕

No comments: