A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 February 2015

​The two parties disagreed over voting locations of Cambodian migrant workers ក្រុម​កំណែទម្រង់ គ​.​ជ​.​ប មិន​ឯកភាព​គ្នា​លើ​ការកំណត់​ទីតាំង​បោះឆ្នោត​សម្រាប់​ពលករ​ចំណាកស្រុក​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី9 កុម្ភៈ 2015, 

ប្រធាន​ក្រុម​ចរចារ​មកពីគណបក្សសង្រ្គោះជាតិ លោក គួយ ប៊ុន​រឿន និងប្រធាន​ក្រុម​ចរចា​មក​ពី​គណបក្សប្រជាជនកម្ពុជា ​លោក ប៊ិន ឈិន
​ក្រុម​ការងារ​កំណែទម្រង់​ការ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ចន្ទ​នេះ ស្នើ​ទៅ​ភាគី​ចរចា​របស់​ខ្លួន​កំណត់​ទីតាំង​សម្រាប់​បម្រើ​ឲ្យ​អ្នកបោះឆ្នោត​នៅ​តាម​ច្រកព្រំដែន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលករ​ចំណាកស្រុក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តំបន់​នោះ ។​
​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ពេល​ក្រុម​ការងារ​កំណែទម្រង់​នៃ​បក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ជួប​ជជែក​គ្នា​ដោយ​យក​ចំណុច​សេសសល់​ចាស់​មក​ជជែក​ជាថ្មី ចាប់ពី​ជំពូក​ទី​១​ដល់​ជំពូក​ទី​៨ មុននឹង​បញ្ជូន​ចំណុច​សេសសល់​ទាំងនោះ​ទៅ​ថ្នាក់ដឹកនាំ​សម្រេច ។ ថ្ងៃនេះ​ក្រុម​ការងារ​កំណែទម្រង់​ទាំងពីរ​បាន​ជជែក​បញ្ចប់​ជំពូក​ទី​៦ ។​

​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួ​យ ប៊ុន​រឿន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា មូលហេតុ​ដែល​លោក​ស្នើ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​ការិយាល័យ​នៅ​តាម​ច្រកព្រំដែន​ជា​ពិសេស​ប្រទេស​ថៃ​នោះ ព្រោះ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​៨០​ម៉ឺន​នាក់ ធ្វើការ​ចំណាកស្រុក​ទៅ​ប្រទេស​មួយ​នេះ ។ លោក​បញ្ជាក់ថា ការបង្កើត​ការិយាល័យ​នៅតាម​ព្រំដែន​ងាយស្រួល​ឲ្យ​ពលករ​ទាំងនោះ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដែល​ពេញចិត្ត ។​
​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ប៊ិន ឈិន ថ្លែងថា កន្លង​មក​ការចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ ស្រុក មាន​ការលំបាក ។ លោក​ថា ទម្រាំ​នឹង​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​តាម​ព្រំដែន នោះ​នឹង​ធ្វើឲ្យ​កាន់តែ​ពិបាក​ថែមទៀត ហេតុនេះ​លោក​ចង់​ពួកគេ​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុកកំណើត​របស់​ខ្លួន​ទៅ​វិញ ដើម្បី​ទទួលបាន​សិទ្ធិ​បោះឆ្នោត​។​
​លោក ប៊ិន ឈិន បញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​នោះដែរ ក្រុម​ការងារ​ក៏​បាន​ឯកភាព​គ្នា​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​អត្តសញ្ញាណប័ណ្ណ​ថ្មី​ត្រូវ​មាន​ស្នាម​ម្រាមដៃ​ទាំង​១០ និង​រូបថត​របស់​បុគ្គល​នោះ ។ ដោយឡែក អ្នក​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ចាស់ គឺ​មាន​ស្នាម​មេដៃ​មួយ ក៏​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដែរ ព្រោះ​អ្នក​នោះ​ធ្លាប់​ស្កេន​មេដៃ នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ​។ សម្រាប់​ជនពិកា​ដែល​មិន​មាន​ម្រាមដៃ គ​.​ជ​.​ប ប្រើ​វិធី​ដៅ​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត​ដែល​មានតែ​មួយគត់ ដូចជា រូបថត ស្នាម​ប្រជុយ ឬ​ស្លាកស្នាម​ផ្សេងៗ​ដើម្បី​សម្គាល់​ជាដើម ។ រី​ឯ​ករណី​ប្រជាពលរដ្ឋ​មិន​មាន​អត្តសញ្ញាណប័ណ្ណ គឺ​គណបក្ស​ប្រជាជន​ចង់ឲ្យ​ប្រើ​ទម្រង់​១០.១៨ ព្រោះ​មាន​រូបថត​សម្គាល់ តាម​ច្បាប់​ចាស់ ។ តែ​បក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​ប្រើ​ប័ណ្ណបោះឆ្នោត​ជំនួស​វិញ ។​
​ក្រុម​កំណែទម្រង់​នៃ​បក្ស​ទាំង​ពីរ​នឹង​បន្ត​ជជែក​នូវ​ចំណុច​សេសសល់​នៅ​ជំពូក​ទី​៧ និង​ទី​៨ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ សប្តាហ៍​នេះ​ទៀត មុននឹង​បញ្ជូន​ចំណុច​សេសសល់​ទៅ​ថ្នាក់ដឹកនាំ​សម្រេច បន្ទាប់​ពី​ឈានដល់​ការជជែក​បន្ត​ជំពូក​ទី​៩ ទី​១០ និង​ទី​១១​ទៀត ព្រោះ​ជំពូក​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី និង​ការកំណត់​ទោស​ការផាកពិន័យ​ជាដើម ៕
សូម​សរសេរ​មក​លោក ណាត សុភាព​ តាម​រយៈ sopheap@vodhotnews.com

No comments: