A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 February 2015

Tourists arrival to Sihanoukville increased 30% during the Vietnamese-Chinese New Year ទេសចរ​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម​​កើន​ជិត​៣០%

ទេសចរណ៍ ក្បាលឆាយ កំពង់សោម ៦២០
ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ក្បាលឆាយ នា​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Den Ayuthyea
មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ចំនួន​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម រយៈពេល ៣​ថ្ងៃ មាន​ចំនួន​កើន​ច្រើន។ រី​ឯ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​កក​ស្ទះ​វិញ មន្ត្រី​នគរបាល​ចរាចរណ៍​អះអាង​ថា មិន​កើត​មាន​បញ្ហា​ធំដុំ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។
ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក នូ សុផល មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កុម្ភៈ ថា កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-​វៀតណាម បាន​កើន​ជិត ៣០​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៤។ លោក​បន្ត​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ មាន​ភ្ញៀវទេសចរ​ចំនួន​ជិត ៦​ម៉ឺន ៣​ពាន់​នាក់ (៦២.៩៧៦) គឺ​កើន​ឡើង​ជិត ៣០​ភាគរយ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន​ជាង ៥​ម៉ឺន ៦​ពាន់​នាក់ (៥៦.០៦០) និង​ភ្ញៀវ​អន្តរជាតិ​មាន​ជិត ៧​ពាន់​នាក់ (៦.៩១៦) កើន​ជិត ១២​ភាគរយ។
លោក​បន្ត​ថា ឆ្នាំ​នេះ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ គេ​និយម​ទៅ​ទស្សនា​ដី​កោះ មាន​កោះរ៉ុង ជាដើម ដោយ​ក្នុង​មួយ​ថ្ងៃៗ មាន​ចំនួន​រាប់​ពាន់​នាក់៖ «»។
ទន្ទឹម​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ លោក នូ សុផល បញ្ជាក់​ថា ក៏​នៅ​មាន​បញ្ហា​ដំឡើង​តម្លៃ​សេវា​ស្នាក់​នៅ​របស់​ម្ចាស់​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ជាដើម មាន​តម្លៃ​ខ្ពស់ គឺ​កើន​គុណ​នឹង​២។
លោក​មាន​ជំនឿ​ថា កំណើន​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ អាច​នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត បើ​ម្ចាស់​បម្រើ​សេវាកម្ម​ទេសចរណ៍​បាន​កំណត់​តម្លៃ​សេវា​ស្នាក់​នៅ ឬ​អាហារ​ហូប​ចុក​ឲ្យ​មាន​តម្លៃ​ថេរ​ទៅ​តាម​ការ​ណែនាំ​របស់​សាលា​ខេត្ត ឬ​មន្ទីរ​ទេសចរណ៍៖ «»។
ទាក់ទិន​បញ្ហា​នេះ លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ មាន​ប្រសាសន៍​ថា បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម ៣​ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍​នាំ​ឲ្យ​បាត់បង់​អាយុ​ជីវិត​មនុស្ស​ទេ។ លោក​ថា គ្រោះថ្នាក​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន ៣​ករណី និង​មាន​មនុស្ស​រង​របួស​ចំនួន ២​នាក់។
ចំណែក​បញ្ហា​ស្ទះ​ចរាចរណ៍​ក៏​មិន​មាន​ធំដុំ​ដែរ ទោះ​បី​ចំនួន​ភ្ញៀវ​ទេសចរ​មាន​ចំនួន​ច្រើន​បែប​ណា​ក្តី ព្រោះ​មន្ត្រី​នគរបាល​ចរាចរណ៍ ឬ​កម្លាំង​កងរាជអាវុធហត្ថ​ជាដើម បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​កែង ពិសេស​ផ្លូវ​មាន​មនុស្ស​ឆ្លង​កាត់​ច្រើន មាន​ទីផ្សារ និង​តំបន់​ឆ្នេរ​មាន​ភ្ញៀវ​និយម​ទៅ​ទស្សនា​ជាដើម៖ «»។

បញ្ហា​នេះ​ដែរ សម្រាប់​​អាជីវករ​លក់​ម្ហូបអាហារ នៅ​តាម​ភោជនីយដ្ឋាន​ភាគ​ច្រើន នា​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​មាន​អតិថិជន ឬ​ភ្ញៀវ​ចូល​ទទួល​ទាន​អាហារ​នៅ​ក្នុង​ហាង​របស់​ពួកគេ​ពេញៗ​ហាង។
ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​មាន​ទីតាំង​នៅ​ម្តុំ​កែងរ៉ារទេះភ្លើង ជិត​កំពង់ផែ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម ឆ្នាំ​នេះ ក្នុង​១​ថ្ងៃៗ មាន​ភ្ញៀវ​កុម្ម៉ង់​បាយ​ភ្លៅ​មាន់​ចៀន​ទទួល​ទាន​ជិត ១​ពាន់​ចាន។ ចំនួន​នេះ​មិន​ទាន់​គិត​ពី​ការ​កុម្ម៉ង់​គុយទាវ ឬ​បាយ​មុខ​ម្ហូប​ផ្សេងៗ​ទៀត​នោះ​ទេ។ ម្ចាស់​ហាង​រូប​នេះ​ថ្លែង​ថា តម្លៃ​ម្ហូប​អាហារ​ពួកគេ​លក់​ក្នុង​តម្លៃ​ដូច​ថ្ងៃ​ធម្មតា គឺ​មិន​ដំឡើង​តម្លៃ​ទេ ទោះ​ជា​ថ្ងៃ​បុណ្យ​ទាន​បែប​ណា​ក្តី។
ត្រង់​ចំណុច​នេះ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា នឹង​មាន​កិច្ច​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​សាលា​ខេត្ត​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ទេសចរណ៍ និង​វិស័យ​ឯកជន ដើម្បី​ពង្រឹង​តម្លៃ​សេវា​ផ្សេងៗ​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​សមរម្យ ដើម្បី​ជា​ការ​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ទេសចរណ៍​មួយ​នេះ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត

No comments: