A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 March 2015

Analysis: Who are the "third hand" people? វិភាគ ៖ ​អ្នកណា​ជា​ម្ចាស់​បាតដៃ​ទី​៣?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសុក្រ ទី6 មិនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
ហិង្សារវាង​កម្មកររោង​ចក្រ និង​អាជ្ញាធរ នៅក្បែរ​ស្ពាន​ស្ទឹង​មានជ័យ កាលពី​ពេល​កន្លងទៅ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ជា​ថ្មី​ទៀត​អំពី​សកម្មភាព​របស់​ក្រុម​បាតដៃ​ទី​៣​ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុ​ធមាន​វិធានកា​រតឹង​រឹង​ត្រៀម​ទប់ទល់​ជាមួយ​ក្រុម​នោះ ។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា បាន​អំពាវនាវ​ទៅ​កងកម្លាំង​រាជ​អាវុធហត្ថ​ឲ្យ​បន្ត​ចាត់​វិធានការ​ក្រុមមនុស្ស​ដែល​លោក​ចាត់ទុកថា​ជា បាតដៃ​ទី​បី​" ធ្វើ​បដិវត្តន៍​ពណ៌​ណាមួយ​ដែល​អាច​ធ្វើឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាពចលាចល ។​
​ពាក្យ​ "បាតដី​ទី​៣" លេចឮ​លើកដំបូង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣​គឺ​លោក ហ៊ុន សែន ព្រមាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ​ពី​រាប់សែន​ទៅ​រាប់លាន​នាក់ តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ប្រឆាំង​​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥ ។ លោក ហ៊ុន សែន ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មានការ​​ប្រុងប្រយ័ត្ន​ក្រុម​បាតដៃ​ទី​៣​ចេញ​បង្ក​ហិង្សា ។​

ទោះយ៉ាងណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់ថា បាតដៃ​ទី​៣​នោះ​មកពីណា ហើយ​ក្រុម​នោះ​ធ្វើ​សកម្មភាព​ដើម្បី​គោលបំណង​អ្វី​នោះទេ ។ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់ ហើយក៏​មិន​មាន​មន្ត្រី​ណា​មួយ​ចេញមុខ​បកស្រាយ ឬ​ពន្យល់​សាធារណៈឲ្យយ​ល់​ពាក្យ​បាតដៃ​ទី​៣​នោះទេ ។ 
បើ​ទោះ​ជា​ពាក្យ​បាតដៃ​ទី​៣ មិន​មាន​និយម​ពិតប្រាកដ​ក៏​ដោយ តែ​ក្នុង​អំឡុង​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​នោះ មាន​ហិង្សា​កើតឡើង និង​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ តែ​មិន​មាន​អ្នក​ទទួលខុស​ត្រូវ​ទេ​នោះ​ទេ ។​
កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​ហិង្សា​មួយ​កើតឡើង​រវាង​អ្នកធ្វើដំណើរ និង​កម្លាំងប្រដាប់អាវុធ​នៅ​​ស្ពាន​អាកាស​ក្បាលថ្នល់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខ​ចាន់ បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំ​ភ្លើង​ស្លាប់​។ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​ស្ពាន​ស្ទឹងមានជ័យ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ អេង សុខុម បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ។ នៅ​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា ឆ្នាំ​​​២០១៤ សមត្ថកិច្ច​បង្ក្រាប​កម្ម​ករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង​បណ្តាលឲ្យ​មនុស្ស​៥​នាក់​ស្លាប់ ។​
​ឃាតកម្ម​ស្លាប់​មនុស្ស​៧​នាក់ និង​មួយចំនួនទៀត​ធ្លាក់ខ្លួន​ពិការ​នោះ សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ជនដៃដល់ ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ឬ​ផ្តល់​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ទេ ។​
​ពាក្យ​​បាតដៃ​ទី​៣​នៅតែ​ស្ថិត​ក្នុង​ភាពអាថ៌កំបាំង បើ​ទោះ​ជា​ពាក្យ​នេះ​លេចឮ​ជាង​១​ឆ្នាំ​ហើយ​ក៏​ដោយ ។​
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​លោក សួន ប៊ុនស័ក្តិ ថ្លែងថា​រដ្ឋាភិបាល​ហាក់​មិន​មាន​ចេតនា​​ក្នុង​ការស្វែងរក​ជនដៃដល់​សម្លាប់​ពលរដ្ឋ ឬ​ហៅ​ជន​បាតដៃ​ទី​៣​នោះ​មក​ផ្តន្ទាទោស​ទេ ព្រោះ​ហេតុ​ការណ៍​កើត​ឡើង​ជាង​១​ឆ្នាំ​មកហើយ នៅ​រក​មិនឃើញ​អ្នកទទួលខុសត្រូវ ។ លោក​ថា «​ប្រសិន​ជា​យើង​ធ្វើការ​​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ រើសអើង​ផ្នែក​នយោបាយ​ទេ ខ្ញុំ​គិតថា ក្នុងឋានៈ​ជា​អាជ្ញាធរ​រឿង​អី​ដែល​រក​មិនឃើញ​ប៉ុណ្ណឹង សូម្បី​ឧក្រិដ្ឋជន​ខ្លះ​ដូច​លោក ហេង ពៅ រត់ចោលស្រុក ហើយ​នៅតែ​តាម​ចាប់​មក​វិញ​ទាល់តែ​បាន ចុះ​មនុស្ស​នៅក្នុង​ស្រុក ប៉ុណ្ណឹង​រក​មិនឃើញ​» ។​
​លោក សួន ប៊ុនស័ក្តិ បន្ត​ថា​ការ​មិន​មាន​ចេតនា​ស្វែងរក​ជនល្មើស​នេះ នាំ​ឲ្យ​ពលរដ្ឋ​នៅ​តែ​ភ័យខ្លាច ហើយ​អស់ជំនឿ​លើ​រដ្ឋាភិបាល «​ជា​អ្នកនយោបាយ​មួយ គឺថា​បើ​យើង​មិន​ចាត់​វិធានការ​ឲ្យបាន​ត្រឹមត្រូ​វ​ទេ ទី​១ គឺ​វា​ខាតបង់​ប្រជាប្រិយភាព​នយោបាយ​របស់​ខ្លួនឯង​ផ្ទាល់ នាំឲ្យ​ការកាន់កាប់​រដ្ឋាភិបាល​របស់​ខ្លួន​ គឺ​មិន​អាច​មាន​អាយុ​វែង​បាន ថ្ងៃ​ណា​មួយ​គឺ​ប្រជាពលរដ្ឋ នឹង​ធ្វើ​ការវិនិច្ឆ័យ​ទម្លាក់​ចុះ​តាម​រយៈ​ការបោះឆ្នោត​នេះ​ឯង​» ។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត លើកឡើងថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​ពាក្យ​បាតដៃ​ទី​៣​គ្រាន់តែ​ជា​ការ​គេចវេស​ពី​ការទទួលខុសត្រូវ​ចំពោះ​ហិង្សា​រវាង​កម្លាំង​រដ្ឋា​ភិបាល និង​អ្នក​តវ៉ា​ប៉ុណ្ណោះ ។​
ក្រោយ​ហិង្សា​កើតឡើង​បន្តបន្ទាប់​ជាង​១​ឆ្នាំ​រវាង​កម្លាំង​រដ្ឋ និង​អ្នក​តវ៉ា​នោះ រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្ម​កា​រ​ស៊ើបអង្កេត​ចំពោះ​ករណី​ហិង្សា និង​ឃាតកម្ម​ទាំងនោះ តែ​រហូតដល់​ពេល​នេះ​គណៈកម្មការ​នោះ​មិន​​ទាន់​ប្រកាស​លទ្ធផល​នៃ​ការស៊ើបអង្កេត​នោះ​នៅឡើយ​ទេ។ ឃាតកម្ម​កើតឡើង​បើក​ចំហ​នៅ​ទី​សាធារ​ណៈ​មិន​ទាន់​មាន​អ្នកទទួលខុសត្រូវ ហើយ​បែ​ជា​លេច​ពាក្យ​បាតដៃ​ទី​៣​នាំ​ឲ្យ​សាធារណជន​នៅ​តែ​មាន​​ចម្ងល់​ថា “​អ្នកណា​ជា​ម្ចាស់​បាតដៃ​ទី​៣” ៕
​សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: