A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 March 2015

Human rights group Licadho canceledInternational Women's Day celebration inside jail due to too much restrictions by the government អង្គការ លីកាដូ លុបចោលកម្មវិធីទិវាសិទិ្ធនារីអន្តរជាតិនៅក្នុងពន្ធនាគារ ដោយសារការរឹតត្បិតរបស់រាជរដ្ឋាភិបាល


អង្គការ លីកាដូ លុបចោលកម្មវិធីទិវាសិទិ្ធនារីអន្តរជាតិនៅក្នុងពន្ធនាគារ ដោយសារការរឹតត្បិតរបស់រាជរដ្ឋាភិបាល

ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៥៖ នេះជាការសោកស្តាយយ៉ាងខ្លាំង ដែលអង្គការ លីកាដូ បាន​ប្រកាស​ថានឹង​មិន​ ប្រារព្ធកម្មវិធីប្រចាំឆ្នាំរបស់ខ្លួននៅក្នុងពន្ធនាគារកម្ពុជានាឆ្នាំនេះនោះទេ ក្នុងឱកាស​ទិវាសិទិ្ធនារី​អន្តរជាតិ ដែលជារៀងរាល់ឆ្នាំតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមិនា។

អស់រយៈពេល ១៥ឆ្នាំមកហើយ ដែលអង្គការ លីកាដូ បានប្រារព្ធកម្មវីធីនៅក្នុងពន្ធនាគារកម្ពុជា នាថ្ងៃទិវាសិទិ្ធនារីអន្តរជាតិ (IWRD) ដើម្បីផ្តល់នូវកញ្ចប់សម្ភារៈចាំបាច់បន្ថែមទៅអ្នកជាប់ពន្ធនាគារ​ជាស្ត្រី ឆ្មាំពន្ធនាគារជាស្ត្រី និងកុមារជាច្រើន ដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ។ នៅក្នុងរយៈ​ពេល ១០ឆ្នាំ ចុងក្រោយនេះ អង្គការ លីកាដូ បានរៀបចំកម្មវិធីសប្បាយៗពិសេសនៅក្នុងពន្ធនាគារ រួមមានការថ្លែងសុន្ទរកថា ល្បែងកំសាន្ត ការរាំរបាំប្រពៃណី និងការសំដែងរបស់អ្នកជាប់ពន្ធនាគារផង​ដែរ។ សកម្មភាពទាំងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងល្អដោយអ្នកជាប់ពន្ធនាគារជាច្រើន និងធ្លាប់​ត្រូវ​បានគាំទ្រដោយអាជ្ញាធរពន្ធនាគារផងដែរ។

ក៏ប៉ុន្តែ ការរឹតត្បិតលើសកម្មភាពអបអរសាទរទិវាសិទិ្ធនារីអន្តរជាតិនៅក្នុងពន្ធនាគារ បានចាប់​ផ្តើមកើតមានឡើងកាល​ពីឆ្នាំមុន ហើយការរឹតត្បិតចុងក្រោយបានរារាំង អង្គការ លីកាដូ ពីការប្រារព្ធ​ទិវាសិទិ្ធនារីអន្តរជាតិនៅក្នុងពន្ធនាគារ។ ការរឹតត្បិតនាឆ្នាំនេះ បានហាមឃាត់គ្រប់ទម្រង់នៃការកំសាន្ត​ ឬព្រឹត្តិការណ៍កំសាន្តទាំងឡាយ ដោយអនុញ្ញាតឲ្យអង្គការ លីកាដូ ត្រឹមតែផ្តល់នូវកញ្ចប់សម្ភារៈចាំបាច់​ប៉ុណ្ណោះ។ ដោយមានការរឹតត្បិតនាពេលបច្ចុប្បន្ននេះ គឺមិនមានការធានាទេថាស្ត្រីទាំងនោះនឹងអាច​ទទួលបាន​នូវ​កញ្ចប់សម្ភារៈទាំងនោះ​ ពេញលេញ ឬទទួលបានពេលវេលាចេញក្រៅបន្ទប់បន្ថែម​នាថ្ងៃ​នោះ។ 

កាលពីឆ្នាំកន្លងទៅ អង្គការ លីកាដូ ក៏បានមានឱកាសសំនេះសំណាលជាមួយស្ត្រីទាំងនោះ​អំពីអត្ថន័យនៃទិវាសិទិ្ធ​នារី​ អន្តរ​ជាតិ និងសិទិ្ធ​របស់​អ្នកទាំងនោះដែលជាស្ត្រីផង និងជាអ្នកជាប់​ពន្ធ​នាគារផង។ អាជ្ញាធរជាច្រើន បានប្រាប់អង្គការ លីកាដូ ថាសកម្មភាពទាំងនេះ នឹងមិនអាចធ្វើបាន​តទៅ​ទៀតទេនាឆ្នាំនេះ។

អ្នកនាង នូ សមអន អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធ​មនុស្ស “លីកាដូ” បានមានប្រសាសន៍ថា៖ “ដោយការកំណត់នូវលក្ខខណ្ឌទាំងនេះ រាជរដ្ឋាភិបាល កំពុងដកហូតសិទិ្ធក្នុងការចូលរួមប្រារព្ធ​ទិវាសិទិ្ធនារីអន្តរជាតិ​ របស់អ្នកជាប់ពន្ធនា​គារជាស្ត្រី។” អ្នក​នាង​បានបន្តទៀតថា៖ “ការដកចេញកម្មវិធីនេះ គឺត្រឹមតែធ្វើឲ្យភាគច្រើននៃស្ត្រីជាប់ពន្ធនាគារ​ទាំងនោះ​ដែលតែងតែនៅឯកោ និងដាច់ឆ្ងាយរាល់ថ្ងៃ កាន់នៅឯកោ និងដាច់ឆ្ងាយ​ថែមទៀត។”

ទិវាសិទិ្ធនារីអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងទូទាំងពិភពលោកសម្រាប់សិទិ្ធសង្គម សេដ្ឋកិច្ច សិទិ្ធពលរដ្ឋ និងនយោបាយរបស់ស្ត្រី ក៏ដូចជាដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងបន្តកើត​មាន​ឡើងទៅលើស្ត្រី។ នៅក្នុងប្រទេសកម្ពុជា ស្ត្រីដែលជាប់ពន្ធនាគារ នៅតែងាយរងគ្រោះខ្លាំង និងមិនត្រូវ​បាន​គេ​​អើពើ ហើយអង្គការ លីកាដូ បានរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរទិវានេះ និងធានាថាអ្នកជាប់ពន្ធនាគារជាស្ត្រី មិនស្ថិតនៅឯកោ ឬត្រូវបានគេបំភ្លេចចោលនោះទេ។

កាលពីឆ្នាំកន្លងទៀត ការកើនឡើងនៃការរឹតត្បិត ត្រូវបានដាក់មកលើសកម្មភាព​ប្រចាំឆ្នាំ​របស់​អង្គការ លីកាដូ ក្នុងការប្រារព្ធទិវាសិទិ្ធកុមារអន្តរជាតិ និងទិវាសិទិ្ធមនុស្សអន្តរជាតិ។ អង្គការ លីកាដូ មានការព្រួយបារម្ភជាខ្លាំង ថាសកម្មភាពនេះក៏អាចនឹងធ្វើឲ្យមានការលុបចោលសកម្មភាពនាពេល​ខាង​ មុខនាថ្ងៃដ៏សំខាន់ទាំងនេះផងដែរ។

លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវ កេក ប្រធានអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “យើងខ្ញុំសង្ឃឹមថា ការរឹតត្បិតទាំងនេះ នឹងមិនក្លាយជាបទដ្ឋាន ហើយនាពេលអនាគតយើង​ខ្ញុំ​នឹងអាច​បន្ត​ ធ្វើសកម្មភាពដ៏មានអត្ថន័យទាំងនេះនាថ្ងៃពិសេសៗនៅក្នុងពន្ធនាគារកម្ពុជាបានតទៅ ​ទៀត”។ “ជូន​ចំពោះ​ស្ត្រី​ទាំងឡាយដែលកំពុងជាប់ក្នុងពន្ធនាគារ និងស្ត្រីទាំងឡាយដែលកំពុងធ្វើការក្នុងពន្ធនាគារ អ្នកនៅតែស្ថិតនៅក្នុងបេះដូង និងចិត្តរបស់យើងខ្ញុំជានិច្ច។”


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក, ប្រធានអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៨០២ ៥០៦ (ភាសាខ្មែរ អង់គ្លេស បារាំង)
អ្នកនាង នូ សមអន, អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៤៩៣ ២៨៧ (ភាសាខ្មែរ)

No comments: