A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 18 April 2015

លោក សម រង្ស៊ី ថា​វប្បធម៌​សន្ទនា​ពេល​នេះ​គឺ​ខុស​ពី​ជំនាន់​បក្ស​ហ៊្វុនស៊ិនប៉ិច



ដោយ សេក បណ្ឌិត
2015-04-17


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ក្រោយ​ជំនួប​ស្និទ្ធស្នាល​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​មមែ នៅ​ខេត្ត​សៀមរាប។ លោក សម រង្ស៊ី បញ្ជាក់​ថា ដើម្បី​ជំរុញ​ឲ្យ​វប្បធម៌​សន្ទនា​បាន​ជោគជ័យ​លឿន​ទៅ​មុខ​បាន​ជា​ប្រយោជន៍​ជាតិ​នោះ លោក​បាន​បង្ហាញ​ជំហរ ឬ​នយោបាយ​ទន់ភ្លន់​ជាមួយ​មេ​ដឹក​នាំ​រដ្ឋាភិបាល តែ​មិន​ទន់​ជ្រាយ​ទេ មិន​ពុក​រលួយ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចុះ​ដុនដាប​ដូច​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ឡើយ។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ថ្មី​ថា វប្បធម៌​សន្ទនា​បង្កើត​ឡើង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា ការ​គំរាម​កំហែង​តាម​រូបភាព​នានា​មក​លើ​អ្នក​នយោបាយ ជាពិសេស​បក្ស​ប្រឆាំង។ លោក​សង្ឃឹម​ថា វប្បធម៌​នេះ​កាន់​តែ​មាន​ភាព​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​បន្ត​ទៅ​គ្នា​គ្រប់​ជំនាន់ អាច​ទទួល​ជោគជ័យ​យូរ​អង្វែង ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សង្គម ហើយ​អ្វីៗ​ត្រូវ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «បើ​ថ្ងៃ​ក្រោយ​មាន​អំពើ​ហិង្សា​ណា​កើត​ឡើង​ទៀត នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំ សម រង្ស៊ី ទទួល​ខុស​ត្រូវ ពីព្រោះ​យើង​បាន​សម្រេច​រួម​គ្នា​ថា​ខិតខំ​បញ្ចប់​អំពើ​ហិង្សា»។

លោក​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​ជាតិ និង​អន្តរជាតិ និង​អ្នក​គាំទ្រ​រាប់​រយ​នាក់ ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា វប្បធម៌​សន្ទនា​នៅ​ពេល​នេះ ខុស​គ្នា​ស្រឡះ​ពី​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ចរចា​គ្នា​គិត​តែ​ពី​រឿង​បែង​ចែក​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល សម្រាប់​តែ​ក្រុម​បក្ខពួក​របស់​ខ្លួន ដែល​ចុង​ក្រោយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចុះ​ដុនដាប​រហូត​សព្វថ្ងៃ​នេះ៖ «សម្ដេច ហ៊ុន សែន ប្រាប់​ខ្ញុំ​ថា ព្រះអង្គម្ចាស់​រណឫទ្ធិ ពេល​ជជែក​ជាមួយ ហ៊ុន សែន ទារ​តែ​តំណែង គឺ​ពុះ​ជា​ពីរ ជជែក​គ្នា​បែប​ហ្នឹង​មិន​មែន​វប្បធម៌​សន្ទនា​ទេ អា​ហ្នឹង​វប្បធម៌​បំផ្លាញ វប្បធម៌​ពុក​រលួយ»



ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​ខ្លួន​ឯង និង​បញ្ហា​ជាតិ​មិន​បាន ទើប​ឆ្លើយ​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ។ លោក​បន្ត​ថា តាម​ពិត​ផ្លូវ​ដែល លោក សម រង្ស៊ី កំពុង​ដើរ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មិន​ខុស​ពី​សម្ដេច​ក្រុមព្រះ​ប៉ុន្មាន​ឡើយ ដោយ​គ្រាន់​តែ​ដូរ​ពាក្យ​និយាយ​ប៉ុណ្ណោះ៖ «គាត់​ឃើញ ៥៥​កៅអី​របស់​គាត់​អត់​បាន​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ជាតិ គាត់​យក​គំរូ​ដោយ​ប្រើ​ពាក្យ​ថា​សន្ទនា គាត់​ថា​មិន​ដូច​កាល​សម្ដេច​ក្រុមព្រះ​ចែក​អំណាច គាត់​យល់​ច្រឡំ​កាល​ដែល​យើង​អង្គុយ​ចរចា​អាណត្តិ​ទី​មួយ និង​ទី​២ យើង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ច្រើន​ណាស់»។

តែ​ទោះ​យ៉ាង​ណា អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច គាំទ្រ​ឲ្យ​អ្នក​នយោបាយ​បន្ត​ដើរ​លើ​ផ្លូវ​អហិង្សា ដូចជា​ការ​ប្រកាន់​យក​វប្បធម៌​សន្ទនា​គ្នា​នេះ​ជាដើម ពីព្រោះ​កម្ពុជា កំពុង​ត្រូវ​ការ​វប្បធម៌​នេះ​ខ្លាំង​ណាស់ ដើម្បី​កុំ​ឲ្យ​កម្ពុជា វិល​ទៅ​រក​សង្គ្រាម​ដូច​នៅ​ក្នុង​ទសវត្ស​ទី​៧០ ដែល​ខ្មែរ​ហែកហួរ​គ្នា​ដោយ​សង្គ្រាម​ប្រដាប់​អាវុធ​បង្ហូរ​ឈាម​គ្នា​ឯង៖ «អ៊ីចឹង​វប្បធម៌​សន្ទនា​នេះ​មាន​ន័យ​ថា ជា​វប្បធម៌​មួយ​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​មិន​ប្រើប្រាស់​កម្លាំង»។

ជុំវិញ​វប្បធម៌​សន្ទនា​នេះ អ្នក​នយោបាយ អ្នក​វិភាគ​សង្គម​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ ក្នុង​ការ​វាយ​តម្លៃ​ថា តើ​វប្បធម៌​នេះ​នឹង​រឹងមាំ​ប៉ុណ្ណា ឬ​មាន​អាយុកាល​វែង ឬ​ខ្លី​ប៉ុណ្ណា​នោះ​ទេ?

យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ថា វប្បធម៌​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ភាព​កក់ក្តៅ មាន​ពេល​ធ្វើ​ការ​បាន​នឹងន​ជាង​ពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: