ដោយ៖ ឡាយ សាមាន | ថ្ងៃអាទិត្យ ទី17 ឧសភា 2015,
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះ ដឹកនាំនិស្សិតជាង១៥០នាក់ ចុះពិនិត្យព្រំដែនកម្ពុជា វៀតណាមស្ថិតនៅឃុំ ជាំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីវៀតណាមបានបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរ និងអះអាងថា តំបន់នោះជាដីរបស់ខ្លួន ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក ម៉ៅ ពិសេស ប្រាប់ VOD នៅថ្ងៃទី ១៧ ខែ ឧសភានេះថា ការដែលលោកដឹកនាំនិស្សិតចុះពិនិត្យព្រំដែននេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ថាដីនោះពិតជារបស់វៀតណាម ឬរបស់ខ្មែរ។ លោកបន្តថា មួយវិញទៀត ដើម្បីបណ្តុះគំនិតយុវជនខ្មែរឲ្យចេះស្រឡាញ់ទឹកដីកម្ពុជា និងស្នេហាជាតិ ។
បើតាមលោក ម៉ៅ ពិសេស បន្ទាប់ពីចុះពិនិត្យព្រំដែននេះ ក្រុមនិស្សិតក៏ដូចជារូបលោក នឹងប្រជុំគ្នាធ្វើជារបាយការណ៍មួយស្តីពីអ្វីដែលពួកគាត់បានរកឃើញ បន្ទាប់នឹងមានវិធានការបន្តទៀត ។
ការចុះពិនិត្យព្រំដែននេះ បន្ទាប់ពី អាជ្ញាធរវៀតណាមបាននាំពលរដ្ឋរបស់ខ្លួនចុះធ្វើសកម្មភាពបាញ់ថ្នាំពុលបំផ្លាញ កាលពីថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៥ បណ្តាលឲ្យពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមាន៩គ្រួសារ និង៣២គ្រួសារទៀតប៉ះពាល់តិចតួច ។
យ៉ាងណាក៏ដោយ ទាំងរដ្ឋមន្ត្រី និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា ដីដែលពលរដ្ឋខ្មែរបានដាំដំណាំនោះជាដីររបស់វៀតណាម ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment