ដោយ ហង្ស សាវយុត
2015-05-12 rfa
2015-05-12 rfa
រយៈពេលជិត ៥ខែហើយដែលតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបុរស ២នាក់ជាអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ឲ្យជាប់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយសារតែមានជម្លោះដីធ្លីជាមួយសហគមន៍វៀតណាម ឈ្មោះ តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម។
មេធាវីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) បានចាត់ទុកថា តុលាការដែលសម្រេចឃុំខ្លួនអ្នកភូមិជប់រំដេង ទាំង ២នាក់នោះ គឺជាចំណាត់ការមិនត្រឹមត្រូវ ដោយរំលោភនីតិវិធីទាំងអង្គហេតុ និងអង្គច្បាប់។ ក្រុមមេធាវីធ្លាប់ស្នើសុំឲ្យតុលាការ ដោះលែងអ្នកភូមិទាំងពីរនាក់នេះ ក៏ប៉ុន្តែតុលាការបានច្រានចោលការស្នើសុំឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ព្រមានថា គេនឹងដាក់ពាក្យប្ដឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រសួងយុត្តិធម៌ នៅពេលឆាប់ៗ ប្រឆាំងនឹងព្រះរាជអាជ្ញារង រួមទាំងចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប ខ្លះ ដែលសម្រេចឃុំខ្លួនប្រជាពលរដ្ឋនៅស្រុកស្វាយលើ ២នាក់ ដោយបំពានច្បាប់។
សមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា ក្នុងពាក្យបណ្ដឹងខាងមុខនេះ យ៉ាងហោចណាស់ក៏មានឈ្មោះព្រះរាជអាជ្ញារងម្នាក់ គឺលោក សុក កែវបណ្ឌិត និងចៅក្រមម្នាក់ទៀត គឺលោក គី ឬទ្ធី។ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក នី ចរិយា។ លោកមានប្រសាសន៍នៅក្នុងសន្និសីទកាសែតឯទីស្នាក់ការខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ថា សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម កំពុងតែព្យាយាមរំលោភយកដីធ្លីប្រជាពលរដ្ឋនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ក្នុងពេលដែលគេកំពុងស្នើសុំដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៤១៩ហិកតារ។ លោក នី ចរិយា ចាត់ទុកថា សហគមន៍តាខ្មៅនេះមិនមែនជាសហគមន៍ត្រឹមត្រូវតាមផ្លូវច្បាប់ទេ ពីព្រោះតាមគោលការណ៍ កាលណាគេបង្កើតសហគមន៍នៅតំបន់ណា គឺគេយកប្រជាពលរដ្ឋនៅទីនោះធ្វើជាសមាជិកឲ្យទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍ ប៉ុន្តែសហគមន៍នេះមានប្រវត្តិមកពីខេត្តកណ្ដាល បែរជាមកបង្កើតសហគមន៍នៅសៀមរាប ហើយយកជនជាតិវៀតណាម មកធ្វើការទៅវិញ។
លោក នី ចរិយា បញ្ជាក់បន្ថែមថា ការរកឃើញមួយទៀត គឺកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ អាជ្ញាធរខេត្តសៀមរាប បានចេញលិខិតដើម្បីផ្អាកសកម្មភាពសហគមន៍តាខ្មៅ មិនឲ្យធ្វើការអភិវឌ្ឍលើទំនាស់នោះទៀតទេ ដោយសារតែសហគមន៍នេះមិនទាន់មានសិទ្ធិផ្លូវច្បាប់ពេញលេញ ក្នុងការទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅឡើយ។ លោក នី ចរិយា ចោទសួរថា ប្រសិនបើសហគមន៍នេះមិនទាន់មានសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចផង តើតំណាងអយ្យការ និងចៅក្រមស៊ើបសួរនៃសំណុំរឿងទំនាស់ដីធ្លី មានភស្តុតាងពីណាថាសហគមន៍នេះជាម្ចាស់ដី ហើយចាប់ប្រជាពលរដ្ឋដាក់គុក?៖ «រឿងនេះសមាគមអាដហុក ពិនិត្យទៅលើសមត្ថកិច្ចរបស់តុលាការ ជាពិសេសពិនិត្យទៅលើសកម្មភាពព្រះរាជអាជ្ញា សុក កែវបណ្ឌិត ហើយនិងចៅក្រម និងព្រះរាជអាជ្ញាទាំងឡាយណាដែលពាក់ព័ន្ធនឹងសំណុំរឿង គឺយើងនឹងប្ដឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
ប្រតិកម្មរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនបុរសអ្នកភូមិជប់រំដេង ចំនួន ២នាក់ឈ្មោះ បឿន សុខ និង វ៉ែន ឡន ដាក់ពន្ធនាគារកាលពីថ្ងៃទី៣ ខែមករា កន្លងទៅ បន្ទាប់ពីមានជម្លោះដីធ្លីជាមួយសហគមន៍អភិវឌ្ឍន៍តាខ្មៅ។
ស្ត្រីឈ្មោះ យុង គឹមលាង ដែលសមត្ថកិច្ចចាប់ប្ដីរបស់គាត់ឈ្មោះ វ៉ែន ឡន ដាក់ពន្ធនាគារជាច្រើនខែមកហើយនោះអះអាងថា គាត់បានកាន់កាប់ដីទីនោះតាំងតែពីឆ្នាំ២០០៨ មក ឯសហគមន៍តាខ្មៅ ទើបតែចូលទៅឈូសឆាយនៅឆ្នាំ២០១៤ ប៉ុណ្ណោះ ប៉ុន្តែបែរជាតុលាការចោទប្រកាន់ប្ដីរបស់គាត់ថា រំលោភយកដីសហគមន៍ទៅវិញ៖ «ចាប់ប្ដីខ្ញុំទាំងខ្ញុំកូនតូច ខ្ញុំគ្មានកម្លាំងអីទៅរកស៊ីចិញ្ចឹមកូនទេ ខ្ញុំសូមឲ្យដោះលែងប្ដីខ្ញុំមក។ ចាប់គ្រួសារខ្ញុំហើយ បានយកត្រាក់ទ័រមកឈូសឆាយបំផ្លាញដំណាំខ្ញុំអស់»។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងស្វែងរកភស្តុតាងមួយចំនួនទៀត ស្ដីពីភាពមិនប្រក្រតីរបស់មន្ត្រីតុលាការខេត្តសៀមរាប ខ្លះ ជុំវិញរឿងឃុំខ្លួនប្រជាពលរដ្ឋខុសនីតិវិធីនេះ ថាតើបណ្ដាលមកពីការឃុបឃិតជាមួយសហគមន៍តាខ្មៅ ឬក៏យ៉ាងណា?
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងចៅក្រម និងព្រះរាជអាជ្ញារងនៃតុលាការខេត្តសៀមរាប ដើម្បីសុំប្រតិកម្មជុំវិញករណីនេះបានទេ។
ក៏ប៉ុន្តែ កាលពីថ្ងៃទី២ ខែមេសា កន្លងទៅ ចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីនេះ លោក គី ឬទ្ធី ធ្លាប់មានប្រសាសន៍ថា ព្រះរាជអាជ្ញាដែលដឹកនាំប៉ូលិសចុះទៅចាប់ខ្លួនបុរសទាំងពីរនាក់ ដោយសារតែគាត់ទៅកាប់បំផ្លាញដំឡូងមីរបស់ក្រុមហ៊ុន ហើយចូលទៅសង់ខ្ទមលើដីរបស់គេ។ កាលណោះ គឺប៉ូលិសបានបង្ក្រាបបទល្មើសជាក់ស្ដែង ដូច្នេះហើយបានជាតុលាការសម្រេចឃុំខ្លួនបុរសទាំងពីរនាក់ជាបណ្ដោះអាសន្ន៕
No comments:
Post a Comment