A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 May 2015

សហគមន៍​ព្រៃឡង់​៤​ខេត្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ព្រៃឡង់


ដោយ អ៊ុក សាវបូរី
2015-05-27 rfa

សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Ouk Savborey

សហគមន៍​ការពារ​ព្រៃឡង់ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ការពារ​ព្រៃឡង់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដែល​មាន​មនុស្ស​ជាង ១០០​នាក់​ចូល​រួម។ ​សហគមន៍​ការពារ​ព្រៃឡង់ ៤​ខេត្ត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ការពារ​ព្រៃឡង់។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដីពី​ព្រៃឡង់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដែល​មាន​ព្រះសង្ឃ មន្ត្រី​ក្រសួង​ពាក់ព័ន្ធ អង្គការ​ក្រៅ​រដ្ឋាភិបាល សហគមន៍​ការពារ​ព្រៃឡង់ និស្សិត​ជាង ១០០​នាក់ ពិភាក្សា​រក​វិធី​ការពារ​ដើមឈើ និង​ជីវចម្រុះ ក្នុង​ព្រៃឡង់ ឲ្យ​គង់វង្ស។

អ្នក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ព្រៃឡង់​នេះ គឺ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បណ្ឌិត តឹក វណ្ណារ៉ា ថ្លែង​ថា បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ក្នុង​តំបន់​ព្រៃឡង់ ត្រូវ​បាន​សហគមន៍​ព្រៃឡង់ ៤​ខែត្រ លើក​មក​បង្ហាញ​ក្នុង​ការ​ប្រជុំ​នេះ ហើយ​រក​វិធី​ដោះស្រាយ ព្រោះ​បញ្ហា​ឡើង​កម្ដៅ​ផែនដី គឺ​ដោយសារ​តែ​គម្រប​ព្រៃឈើ​បាន​ថយ​ចុះ៖ «ស្នើ​ឲ្យ​ដាក់​ព្រៃឡង់ ទៅ​ជា​ព្រៃ​តំបន់​ការពារ ដើម្បី​ធានា​ថា ព្រៃឡង់ គឺ​ត្រូវ​បាន​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព ហើយ​និង​អាច​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​សម្រាប់​ទាញ​ផលប្រយោជន៍​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​សម្រាប់​សហគមន៍ ហើយ​អាច​ជា​តំបន់​មាន​ការ​ប្រើប្រាស់​ព្រៃ​ប្រកប​ដោយ​និរន្តរភាព និង​អភិរក្ស​​សម្រាប់​ធានា​ប្រព័ន្ធ​ទឹក​គ្រប់គ្រាន់​ទៅ​ដល់​បឹង​ទន្លេសាប»។


​ក្នុង​សិក្ខាសាលា​នោះ​ដែរ បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក ជា សុខហឿន ថ្លែង​ថា ដើម​ឈើ​ក្នុង​ព្រៃឡង់ បាន​រង​នូវ​ការ​កាប់​ឲ្យ​រេចរឹល​ជា​ស្នាដៃ​ជន​ចំណូល​ថ្មី កាប់​រាន​យក​ដី និង​ឈើ​លក់ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ជាង ៥០​ក្រុមហ៊ុន​ឯកជន ឲ្យ​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម និង​រុករក​រ៉ែ។

ទន្ទឹម​នោះ សហគមន៍​ការពារ​ព្រៃឡង់ មិន​ទាន់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​ព្រៃ។ ទើប​សហគមន៍​ការពារ​ព្រៃឡង់ សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ទទួល​ស្គាល់​សហគមន៍ ដែល​ជួយ​ការពារ​ព្រៃឡង់​នេះ៖ «សម្បទាន​មួយ​លាត​សន្ធឹង​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ក្រុមហ៊ុន​កូរ៉េ ស៊ីបាយអូតិច លូក​ចូល​ទៅ​ដល់​មួយ​ចំណែក ដី​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ហើយ​ក្រុមហ៊ុន​មួយ​ទៀត​ជា​ក្រុមហ៊ុន​របស់​ចិន ប៉ុន្តែ​ខ្ញុំ​មិន​បាន​ស្គាល់​ឈ្មោះ​ទេ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​កូនជ្រូក ធ្វើ​អាជីវកម្ម​រ៉ែ​ដែរ វា​សណ្ដូក ៤​ឃុំ គឺ​ឃុំ​ស្រែឫស្សី ឃុំ​ចំការលើ ឃុំ​អន្លង់ភេ និង​​ឃុំ​អន្លង់ជ្រៃ។ ក្រុមហ៊ុន​ចិន ដែល​យក​ថ្មម៉ាប នៅ​ចំណុច​ក្បាល M ហ្នឹង គឺ​ឋិត​នៅ​ក្នុង​ឃុំ​ចំការលើ»។

​ចំណែក​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ក្រចេះ លោក ថៃ ប៊ុនលាង បន្ទោស​ថា មាន​ការ​ចូល​កាប់​ឈើ និង​ស៊ី​ឈ្នួល​ដឹក​ជញ្ជូន​ឈើ​លក់​ពី​ព្រៃឡង់ ក្រោម​លេស​សម្បទាន​ដី​សេដ្ឋកិច្ច ការ​រុក​រក​រ៉ែ​ក្នុង​ព្រៃឡង់ ការ​ទន្ទ្រាន​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​របស់​ឯកជន​នោះ ព្រៃឡង់​នឹង​វិនាស។

លោក​បញ្ជាក់​ថា ទំហំ​ព្រៃឡង់ បច្ចុប្បន្ន​នៅ​សល់​តែ​ប្រមាណ ៣៦​ម៉ឺន​ហិកតារ ដែល​ពី​មុន​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃឡង់ គឺ​មាន​ផ្ទៃដី​ទំហំ​ជាង ៦១​ម៉ឺន​ហិកតារ លាត​សន្ធឹង​ចាប់​ពី​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​ទៅ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​បែប​អានាធិបតេយ្យ ហើយ​និង​បំផ្លាញ​ឈើ​បែប​អានាធិបតេយ្យ​ផង​ដែរ»។

អគ្គលេខាធិការ​រង​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​សម្បទាន​សង្គមកិច្ច​ថ្នាក់​ជាតិ ក្រសួង​រៀបចំ​ដែនដី បណ្ឌិត សារេត បូរ៉ាមី ថ្លែង​ថា ព្រៃឡង់ រួម​តូច​ដោយសារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​ឯកជន តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទន្ទ្រាន​ព្រៃ​មាន​សិទ្ធិ​កាន់កាប់ និង​អាស្រ័យផល។

បណ្ឌិត សារេត បូរ៉ាមី៖ «អ៊ីចឹង​ខាង​សម្បទាន​ដី​សង្គមកិច្ច នៅ​ពេល​ដែល​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ ហើយ​ពួកគាត់​​ពិត​ជា​រស់​នៅ​លើ​ដី​ហ្នឹង​បាន ៥​ឆ្នាំ ហើយ​គាត់​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​បាន​ហើយ។ ចុង​ក្រោយ​បំផុត គឺ​គាត់​ក្លាយ​ទៅ​ជា​អ្នក​ដែល​មាន​ដី ពី​អត់​ដី​ទៅ​មាន​ដី គឺ​កម្មវិធី​នេះ​ជា​កម្មវិធី​​ដ៏​ល្អ​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ ក្រោយ​ពី​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន ដើម្បី​កុំ​ឲ្យ​មាន​ការ​​ចូល​ទៅ​ទន្ទ្រាន​ដី​រដ្ឋ ជាពិសេស​ដី​សាធារណៈ​របស់​រដ្ឋ»។

ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​នេះ​ដែរ តំណាង​ក្រសួង​បរិស្ថាន លោក ឃុន គឹមស្រេង ថ្លែង​ថា គោលនយោបាយ​ការពារ​ព្រៃឈើ និង​ការពារ​ធនធាន​ធម្មជាតិ គឺ​ប្រែប្រួល​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ លោក​ថា បច្ចុប្បន្ន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ រដ្ឋាភិបាល​​បាន​ចាត់​ទុក​វិស័យ​ឯកជន​ជា​ប្រភព​ចំណូល​សំខាន់៖ «ទេសចរ​ធម្មជាតិ គឺ​ភាគ​ច្រើន​ផ្ដោត​កន្លែង​ណា​ដែល​សំបូរ​ធនធាន។ អ៊ីចឹង​កន្លែង​ដែល​សំបូរ​ធនធាន គឺ​ជា​កន្លែង​ដែល​យើង​ចង់​ការពារ។ ឧទាហរណ៍​តំបន់​ដែល​មាន​សត្វ​ពង​កូន កន្លែង​បង្ក​ពូជ​កន្លែង​អី​ហ្នឹង​យើង​ងាយ​ឃើញ​សត្វ ប៉ុន្តែ​កន្លែង​តំបន់​ហ្នឹង​គឺ​ថា ភ្ញៀវ​ទេសចរ​ចង់​ទៅ​មើល​ឃើញ​សត្វ ហ្នឹង​គាត់​ចង់​ចូល​ទៅ​សត្វ​ហ្នឹង អ៊ីចឹង​ការ​អនុញ្ញាត​ឲ្យ​វិនិយោគ​នៅ​លើ​កន្លែង​ហ្នឹង គឺ​មាន​ចំនួន​តិច»។

ព្រៃឡង់​ត្រូវ​បាន​ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ព្រៃឈើ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង លោក វន មុនិន្ទ ពន្យល់​ថា ទំហំ​ព្រៃឡង់ រួម​តូច​ដោយសារ​អាជីវកម្ម​ព្រៃឈើ និង​ការ​បម្លែង​ដី​ព្រៃ​ឈើ។ ការ​បម្លែង​ដី​ព្រៃ​ឈើ​មាន ៤​ប្រភេទ គឺ​ការ​រីក​រាលដាល​នៃ​កសិកម្ម​ពនេចរ​នៅ​ក្នុង​ព្រៃ មិន​ទាន់​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់ ប្រពលវប្បកម្ម​លើ​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ដី​ព្រៃឈើ​ក្លាយ​ទៅ​ជា​ដី​កសិកម្ម​អចិន្ត្រៃយ៍ ការ​បម្លែង​ដី​ព្រៃ​ឈើ​ទៅ​ជា​វិស័យ​កសិកម្ម​អចិន្ត្រៃយ៍​ខ្នាត​តូច និង​ឧស្សាហកម្ម​ខ្នាត​ធំ ដែល​នាំ​ឲ្យ​គម្រប​ព្រៃឈើ​លើ​ពិភពលោក​ប្រែប្រួល។ លោក​ថា ព្រៃ​ធម្មជាតិ​​គឺ​បាត់បង់ ប៉ុន្តែ​វា​បាន​ជំនួស​មក​វិញ​ដោយ​ការ​ដាំ​ព្រៃ​ថ្មី ដូចជា​ចម្ការ​ដំឡូង ស្វាយ កៅស៊ូ​ជាដើម។

បញ្ហា​ព្រៃឡង់ ត្រូវ​បាន​សហគមន៍​ការពារ​ព្រៃឡង់ បង្ហាញ​ថា មនុស្ស​រុករាន​កាប់​ឈើ​លក់ និង​ទន្ទ្រាន​យក​ដី​កាន់កាប់ ដែល​នាំ​ឲ្យ​ព្រៃឡង់ វិនាស និង​រេចរឹល។ បញ្ហា​នេះ​អភិបាល​រង​ខេត្ត​កំពង់ធំ លោក ប្រាក់ សារ៉ាត ថ្លែង​ថា បច្ចុប្បន្ន​ទោះ​ជា​ល្បី​ថា ព្រៃឡង់​មាន​ការ​កាប់​ឈើ​អានាធិបតេយ្យ និង​ការ​ទន្ទ្រាន​យក​ដី​យ៉ាង​ច្រើន​ក៏ដោយ ប៉ុន្តែ​ព្រៃឡង់ ​នៅ​មាន​ព្រៃ និង​ដើម​ឈើ​ធំៗ​ច្រើន​ណាស់​ដែល​លោក​មិន​អាច​ដើរ​មើល​ក្នុង​ព្រៃ​ដោយ​គ្មាន​អ្នក​នាំ​ផ្លូវ​បាន​ទេ៖ «កសិករ​ពនេចរ គាត់​ទៅ​ពី​កន្លែង​ផ្សេង គាត់​កាប់​ព្រៃឈើ​ហ្នឹង​ធ្វើ​ស្រែ។ ដល់​ពេល​ដី​ហ្នឹង​ត្រូវ​ថ្លៃ គាត់​លក់​ឲ្យ​អ្នក​ដទៃ​ទៀត ហើយ​គាត់​ទៅ​កាប់​កន្លែង​ផ្សេង​ទៀត ហើយ​អាជ្ញាធរ​យើង​ប្រឹង​ទប់ស្កាត់​​ណាស់ ហើយ​ដល់​ទប់ស្កាត់​ពេក​ទៅ គាត់​ថា យើង​ហ្នឹង​ក៏​ចេះតែ​ថា​ទប់​គាត់​ពេកៗ»។

​បន្ថែម​លើ​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​វិភាគ​ឯករាជ្យ បណ្ឌិត កែម ឡី ថ្លែង​ថា ព្រៃឡង់​មាន​ទន្លេ​៣ ហូរ​កាត់​ក្នុង​ខេត្ត​ទាំង​៤​នោះ។ លោក​ថា ប្រសិន​បើ​ទុក​ព្រៃឡង់ ជា​តំបន់​អេកូ​ទេសចរណ៍ គឺ​ប្រសើរ​​បំផុត ព្រោះ​វា​បង្ក​ការ​ទាក់ទាញ​អ្នក​ទេសចរ​ដោយសារ​ព្រៃ​ធម្មជាតិ​ដុះ​អម​ដង​ទន្លេ​ទាំង​នោះ៖ «យើង​ចង់​ឲ្យ​ព្រៃឈើ​ហ្នឹង​គង់វង្ស​ភាគ​ច្រើន យើង​ដាក់​តំបន់​ព្រៃឡង់​ហ្នឹង ជា​ព្រៃ​អភិរក្ស​ពិសេស​ថែម​ទៀត​ទៅ ដូច​តំបន់​អភិរក្ស​សត្វព្រៃ តំបន់​ឧទ្យាន​ជាតិ​អ៊ីចឹង​ទៅ»។

​អតីត​និស្សិត​បរិស្ថាន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា សេរី រ័ត្ន ថ្លែង​ថា គាត់​ធ្លាប់​ឮ​អំពី​ព្រៃឡង់ ពី​ការ​តវ៉ា និង​ការ​ដណ្ដើម​ដី​គ្នា​កាន់កាប់។ ការ​ប្រជុំ​នេះ បាន​ធ្វើ​ឲ្យ​ពួកគាត់​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ព្រៃ​នៅ​ក្នុង​ស្រុក​ខ្មែរ និង​ការ​កាប់​បំផ្លាញ ដែល​ត្រូវ​រួម​គ្នា​ការពារ និង​អភិរក្ស។

​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បណ្ឌិត តឹក វណ្ណារ៉ា ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រមូល​យោបល់​ពី​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ក្ដី​បារម្ភ​របស់​សហគមន៍​ការពារ​ព្រៃឡង់ រួចរាល់ អង្គការ​នេះ​នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​សុំ​សហការ​ពន្លឿន​ចុះ​បញ្ជី​ព្រៃឡង់ ជា​តំបន់​ព្រៃ​ការពារ ពិសេស ជំរុញ​ការ​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បាន​ប្រសើរ បង្ការ​បាតុភូត​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​កម្ដៅ​ផែនដី​កំពុង​កើន​ឡើង ខ្យល់​កន្ទ្រាក់ និង​ការ​រីង​រាក់​នៃ​ដៃ​ទន្លេសាប​ទាំង ១១ ដែល​វា​ជា​តំបន់​ស្តុក និង​បង្កាត់​ពូជ​ត្រី​ធម្មជាតិ ដោយសារ​តែ​ការ​មិន​អាច​គ្រប់គ្រង​ការ​រុករាន​ព្រៃឈើ​នោះ​បាន៕

1 comment:

Kim Ea said...

It is a wast of time to ask the same group of forest devastate stealers , to enforce and protect the same forest .They can't do it, because you Khmer scum bag is not worth nothing to them . Yuon order them to keep you are Khmer as poor unprotected and vulnerable as possible for easy to control it . This land belong to Yuon and his slave and no longer belong to you .I suggest to all of you to stand up and use all necessary tool to protect your livelihood and your country .