A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

អ្នកនិពន្ធ៖ កម្ពុជា​គួរ​បញ្ចប់​វប្បធម៌​ចម្លង​ចម្រៀង​ពី​គេ



កន្លែង​លក់​ឌីស​មួយ​កន្លែង​នា​ផ្សារ​សាមគ្គី រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥
RFA/Sireymuny

ដោយ សិរីមុនី
2015-05-15


ចម្រៀង​គឺ​ជា​ចំណែក​សំខាន់​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​នៃ​ប្រទេសជាតិ​នីមួយៗ។ ចម្រៀង​មាន​តួនាទី​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌ និង​បង្កើន​សក្ដានុពល​សេដ្ឋកិច្ច និង​កិត្យានុភាព​ល្អ​ដល់​ប្រទេស​កម្ពុជា។ កវីនិពន្ធ​អាច​ប្រើប្រាស់​បទ​ចម្រៀង​អោយ​អន្ទង​យក​ភាព​សោកា​របស់​មនុស្ស​ម្នាក់ៗ​បាន និង​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សង្គម។

ប្រជាពលរដ្ឋ​ដែល​និយម​ស្ដាប់​ចម្រៀង​លើក​ឡើង​ថា បទ​ចម្រៀង​ភាគ​ច្រើន​ចម្លង​ពី​គេ​ដោយ​គ្មាន​ការ​និពន្ធ និង​ច្នៃប្រឌិត​ស្នាដៃ​ដោយ​ខ្លួន​ឯង។ ការ​មិន​បង្កើន​គុណភាព​សរសេរ​បទ​ចម្រៀង​នេះ​បាន​បណ្ដាល​ឲ្យ​មហាជន​រិះគន់​ថា បទ​ចម្រៀង​សម័យថ្មី​ល្បី​មិន​យូរ​ស៊ូ​នឹង​បទចម្រៀង​ចាស់​មិន​បាន។ បទ​ចម្រៀង​ដែល​ខ្វះ​គុណភាព​នេះ​ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​បាត់បង់​កិត្តិយស និង​កិត្យានុភាព​របស់​កម្ពុជា។

និស្សិត​នៃ​វិទ្យាស្ថាន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ លោក រក្សា លើក​ឡើង​ថា លោក​ចូលចិត្ត​ស្ដាប់​ចម្រៀង​ណាស់ ពិសេស​ពេល​ទំនេរ។ លោក​បន្ត​ថា នៅ​ពេល​យើង​ហត់​មាន​តែ​ចម្រៀង​ទេ​ដែល​ជា​ឱសថ​នៃ​អារម្មណ៍​ដ៏​ពូកែ។ ប៉ុន្តែ​លោក​ថា លោក​ចូលចិត្ត​ស្ដាប់​បទ​ចម្រៀង​សម័យ​ដើម​ជា​ជាង​សម័យ​ឥឡូវ​នេះ។



លោក​មិន​ចូលចិត្ត​បទ​ចម្រៀង​សម័យ​ឥឡូវ​ព្រោះ​ថា អ្នក​ចម្រៀង​មិនសូវ​ពីរោះ និង​មិន​សូវ​មាន​អត្ថន័យ៖ «ពេល​ខ្លះ​បទ​ថ្មី​ហ្នឹង​យក​ពី​គេ​មក​ស្ដាប់​ឆាប់​សាំ ស្ដាប់​បាន​ប៉ុន្មាន​សាំ និង​ធ្វើ​ឲ្យ​វប្បធម៌​ខ្មែរ​ធ្លាក់​ចុះ»។

​លោក​បន្ថែម​ថា បទចម្រៀង​បច្ចុប្បន្ន​ស្ដាប់​ឆាប់​ធុញ  និង​ហាក់​មិន​សូវ​យល់​ពី​អារម្មណ៍​នៃ​អ្នក​ស្ដាប់​នោះ​ទេ និង​ម្យ៉ាង​ខ្វះ​ខ្លឹមសារ​អប់រំ និង​មាន​លាយឡំ​រូបភាព​អវិជ្ជមាន​ច្រើន។ លោក​អះអាង​ថា វីដេអូ​នៃ​បទ​ចម្រៀង​ខ្លះ​មាន​បង្កប់​រូបភាព​អាសអាភាស​អំពើ​អត្តឃាត មាន​ចង​ក លេប​ថ្នាំ លោត​ទឹក​សម្លាប់​ខ្លួន និង​កាប់​ចាក់​គ្នា​ជាដើម ដែល​រូបភាព​ទាំង​នេះ​បណ្ដាល​ឲ្យ​យុវវ័យ​យក​ត្រាប់​តាម និង​មាន​ភាព​ឃោរឃៅ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​ស្ដាប់​នេះ លោក ស៊ូ ខេមរិន្ទ មាន​រហស្សនាម​ថា កវី​ពូកែ​ប៉ាកកា​រស់​ម្ចាស់​ស្ទឹងសែន បាន​និយាយ​ថា លោក​គាំទ្រ​ឲ្យ​អ្នក​និពន្ធ​ចម្រៀង​ស្រុក​ខ្មែរ​ត្រូវ​តែ​សរសេរ​បទ​ចម្រៀង និង​បទ​ភ្លេង​ដោយ​ខ្លួន​ឯង។ ការ​ហ្វឹកហាត់ និង​ការ​ពង្រឹង​គុណភាព​និពន្ធ​បទ​ចម្រៀង គឺ​ជា​ការ​បង្ហាញ​ពី​ទេពកោសល្យ និង​សមត្ថភាព​របស់​ជនជាតិ​ខ្មែរ។ លោក​លើក​ឡើង​ថា បើ​កវី​ខ្មែរ​គិតតែ​ចម្លង​ពី​គេ​មក​ធ្វើ​ជា​របស់​ខ្លួន​នោះ គឺ​គ្មាន​ន័យ គ្មាន​តម្លៃ និង​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​មាក់ងាយ​ថា អ្នក​និពន្ធ​ខ្មែរ​អន់ និង​គ្មាន​ចំណេះដឹង​ក្នុង​ការ​សរសេរ​ពិតប្រាកដ។

យ៉ាង​ណា​ក៏ដោយ កវី​ម្ចាស់​បទ "មេឃ​អើយ​ចន្ទ​អើយ" រូប​នេះ​បន្ត​ថា តាម​ពិត​មាន​អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន​ក៏​មាន​ចំណេះដឹង​ផ្នែក​និពន្ធ​គ្រាន់គ្រាប់ និង​សរសេរ​បាន​ល្អ​ប្រសើរ​ដែរ ប៉ុន្តែ​មិន​មាន​ឱកាស​សម្រាប់​បញ្ចេញ​ស្នាដៃ និង​ម្យ៉ាង​នៅ​ពេល​ចេញ​បទ​ចម្រៀង​លើ​ទីផ្សារ​ត្រូវ​បាន​គេ​លួច​ចម្លង​ទាំង​គឃ្លើន​មិន​រអា​នឹង​ច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា​បន្តិច​សោះ​ឡើយ។

លោក ស៊ូ ខេមរិន្ទ៖ «ចម្រៀង​វា​បម្រើ​ប្រយោជន៍​ច្រើន​ណាស់​ដល់​តម្លៃ​អប់រំ ដូចជា​ចម្រៀង​ស្នេហា​ជាតិ ទឹក​ដី សម្រែក​ឈាម​ខ្មែរ​អ្នក​ស្នេហា​ជាតិ​អី ឃើញ​ទេ? អា​ហ្នឹង​វា​ផ្ដល់​តម្លៃ​អប់រំ​ហើយ។ ក្រសួង​អប់រំ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រូវ​លើក​ទឹក​ចិត្ត។ យើង​ត្រូវ​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ដោយ​ឯករាជ្យ មិន​មែន​សម្រាប់​តែ​បម្រើ​នយោបាយ និង​កម្មវិធី​ប្រកួតប្រជែង​លុយ​ពីរ​បី​រយ​នោះ​ទេ ធ្វើ​អ៊ីចឹង​អ្នក​និពន្ធ​ដែល​មាន​ឧត្ដម​គតិ​ពិតប្រាកដ​គេ​មិន​ចង់​បាន​អា​លុយ​កំប៉ិកកំប៉ុក​ហ្នឹង​ទេ»។

លោក កវី ម្ចាស់​បទ "មេឃ​អើយ​ចន្ទ​អើយ" រូប​នេះ​បន្ថែម​ថា មាន​មធ្យោបាយ​មួយ​ទៀត​ដែល​អាច​លុបបំបាត់​ការ​ចម្លង​ចម្រៀង​ពី​គេ គឺ​អ្នក​ស្ដាប់​ត្រូវ​ឈប់​គាំទ្រ និង​មិន​ត្រូវ​ផ្ដល់​តម្លៃ​បទ​ចម្រៀង​ដែល​ចម្លង​ពី​គេ។ កវី​រូប​នេះ​អះអាង​ថា បើ​សិន​អ្នក​ស្ដាប់​បន្ត​គាំទ្រ​ដល់​បទ​ចម្រៀង​ចម្លង គឺ​រឹង​រឹតតែ​ជំរុញ​ដល់​ក្មេង​ដែល​ចេះ​និពន្ធ​ជំនាន់​ក្រោយ​ខ្ជិល និង​លែង​មាន​គំនិត​ខិតខំ​និពន្ធ​ដោយ​ខ្លួនឯង ហើយ​បន្ត​បង្កើន​វប្បធម៌​លួច​ចម្លង​ពី​គេ​ត​ទៅ​ទៀត។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​កវី​នេះ អាជីវករ​នៅ​ផ្សារ​សាមគ្គី​ម្នាក់ លោក សុង លាភ និយាយ​ថា បច្ចុប្បន្ន​លោក​លក់​ស៊ីឌី (CD) ចម្លង​ហ្នឹង​លែង​ដាច់​ដូច​មុន​ហើយ។ លោក​និយាយ​ថា ការ​លក់​មិន​ដាច់​នេះ ដោយសារ​តែ​អ្នក​ទិញ​លែង​ចូល​ចិត្ត​ប្រើ​ស៊ីឌី និង ឌីវីឌី (VCD) តែ​អ្នក​ស្ដាប់​ងាក​មក​ប្រើ​អ៊ីនធឺណិត ដើម្បី​បើក​ហ្វេសប៊ុក (Facebook) យូធូប (Youtube) និង​ស្ដាប់​តាម អឹមភីស្រ៊ី (MP3) វិញ​ម្ដង។

​លោក​បន្ត​ថា ដោយសារ​ការ​លក់​មិន​ដាច់ និង​ត្រូវ​បាន​ក្រុមហ៊ុន​គេ​ហាម​មិន​ឲ្យ​លក់​ស៊ីឌី ចម្លង​ផង​នោះ ឥឡូវ​លោក​បាន​បន្ថែម​មុខ​ទំនិញ​ដែល​ត្រូវ​លក់ ដូចជា​ត្រូវ​លក់​គ្រឿងទេស ឬ​ចាប់ហួយ​ផ្សំ​នឹង​ការ​លក់​ឌីស (Disk) ជាដើម ដើម្បី​បាន​លុយ​បង់ថ្លៃ​ជួល​តូប៖ «ចម្រៀង​ពី​ដើម​ស្ដាប់​ទៅ​នៅតែ​ពីរោះ អា​នេះ​ស្ដាប់​ទៅ​បាន​តែ​មួយ​ឆាវ ហើយ​ស្ងាត់​ឈឹង។ គ្នា​បញ្ចុះ​តម្លៃ​អស់​ពី​ចិត្ត​ហើយ ពី​មុន​លក់​ដាច់ តែ​ឥឡូវ​អត់​ដាច់​សោះ»។

លោក​អះអាង​ថា ការ​លក់​បទ​ចម្រៀង​មិន​ដាច់​នេះ មូលហេតុ​មួយ​ទៀត ដោយសារ​ចម្រៀង​ភាគ​ច្រើន​លួច​ចម្លង​ពី​គេ ហើយ​ភាគច្រើន​នៃ​អ្នក​ទិញ​ចង់​បាន​តែ​របស់​ថោក ប៉ុន្តែ​មាន​គុណភាព​ល្អ។

រី​ឯ​លោក យឹង យន កវី​ម្ចាស់​បទ "សម្រស់​ហ្វ្លរីដា (Florida)” និយាយ​ថា ចំពោះ​ការ​ផលិត​បទ​ចម្រៀង​លក់​មិន​ដាច់ និង​មិន​មាន​អ្នក​ស្ដាប់​គាំទ្រ​ប្រហែល​ដោយសារ​ការ​និពន្ធ​ចម្រៀង​មិន​មាន​ការ​ទាក់ទាញ​មនោសញ្ចេតនា​អារម្មណ៍​របស់​អ្នក​ស្ដាប់ និង​ការ​និពន្ធ​បទភ្លេង​នៅ​មាន​កម្រិត ឬ​លួច​ចម្លង​ពី​គេ​ដោយ​គ្មាន​ភាព​អៀនខ្មាស​ជាដើម។ ការ​សរសេរ​បទ​ចម្រៀង និង​បទភ្លេង ​នៅ​មាន​កម្រិត​ដោយសារ​អ្នក​និពន្ធ​ខ្វះ​សមត្ថភាព​ផ្នែក​សរសេរ​ចម្រៀង និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ចំពោះ​ឧស្សាហកម្ម​ចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​ចម្រៀង​នេះ​ធ្លាក់​ចុះ និង​ធ្វើ​ឲ្យ​កវីនិពន្ធ​ជំនាន់​ក្រោយ​បាត់បង់​ជំនឿ​ចិត្ត និង​លែង​ចង់​ចាប់​អាជីព​ជា​អ្នក​និពន្ធ៖ «ហើយ​បើ​គាត់​និពន្ធ​ល្អ មិន​មែន​គេ​ស្ដាប់​តែ​ក្នុង​ស្រុក​ទេ គឺ​ស្ដាប់​ទូទាំង​ពិភពលោក។ ចម្រៀង​ហ្នឹង​គឺ​អាច​ទាយ​ឧស្សាហកម្ម​ផ្សេង​ឲ្យ​ដើរ»។

លោក​លើក​ឡើង​ទៀត​ថា អ្នក​និពន្ធ​សព្វថ្ងៃ​ត្រូវ​គេ​បិទ​សិទ្ធិ​សេរីភាព និង​កំណត់​ដែន​ក្នុង​ការ​និពន្ធ។ លោក​បន្ត​ថា ការ​កំណត់​ដែន​នៃ​ការ​និពន្ធ​នេះ​ហើយ​ដែល​ហេតុ​បណ្ដាល​ឲ្យ​អ្នក​និពន្ធ​មិន​មាន​គំនិត​ទូលំទូលាយ និង​ម្យ៉ាង​ដោយសារ​ស្នាដៃ​នៃ​អ្នក​និពន្ធ​មិន​មាន​ការ​ការពារ​ត្រឹមត្រូវ​ដោយ​ច្បាប់។ លោក​អះអាង​ថា កម្ពុជា​មាន​ច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា តែ​ច្បាប់​នេះ​មាន​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​អត់​មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

ទាក់ទង​នឹង​ករណី​នេះ លោក​បណ្ឌិត ហង់ ជួនណារ៉ុន  រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ឆ្លើយ​តប​ថា ការ​រំលោភ​កម្មសិទ្ធិបញ្ញា​នៃ​​ស្នាដៃ​និពន្ធ អ្នក​និពន្ធ​ត្រូវតែ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ហើយ​រដ្ឋាភិបាល​នឹង​ជួយ​អន្តរាគមន៍​ជុំវិញ​បញ្ហា​នេះ។ លោក​បន្ត​ថា មិនមែន​ក្រសួង​ដែល​ពាក់ព័ន្ធ​ជា​អ្នក​ដាក់​ពាក្យ​ប្ដឹង​នោះ​ទេ។

វិញ​ការ​និពន្ធ​នេះ​ដែរ លោក​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ទីផ្សារ​តូច ប្រជាជន​តិច និង​មិន​មាន​វប្បធម៌​នៃ​ការ​អាន​និង​ស្ដាប់។ ចំណែក​ឯ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា​វិញ កម្ពុជា​កំពុង​រឹត​បន្តឹង និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​ទាំង​អស់ សូម​កុំ​បាក់​ទឹក​ចិត្ត​និង​បន្ត​ការ​និពន្ធ​របស់​ខ្លួន​ត​ទៅ​ទៀត៖ «សិទ្ធិ​អ្នកនិពន្ធ​ជាមួយ​នឹង​សិទ្ធិ​អ្នក​និពន្ធ​ចម្រៀង គឺ​យើង​ត្រូវ​មាន​ការពារ​ដោយ​ច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា»។

លោក​បន្ថែម​ថា លោក​ក៏​ជា​អ្នក​និពន្ធ​មួយ​រូប​ដែរ ដូច្នេះ​លោក​យល់​ពី​ទឹក​ចិត្ត​របស់​អ្នកនិពន្ធ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​អប់រំ​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គុណភាព​អប់រំ​នៅ​កម្ពុជា ឲ្យ​មាន​គុណភាព ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា ភ្លេច​គិត​ដល់​អ្នក​និពន្ធ​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី កវី​និពន្ធ​ដែល​ផលិត​ស្នាដៃ​ដោយ​ខ្លួន​ឯង បាន​ទទូច​ទៅ​កាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​និពន្ធ ដោយ​ត្រូវ​ការពារ​ស្នាដៃ​និពន្ធ លើក​ទឹក​ក្នុង​ការ​និពន្ធ និង​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​និពន្ធ។ កវីនិពន្ធ​បន្ត​ថា បើ​សិន​រដ្ឋាភិបាល​នៅតែ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ ការ​និពន្ធ​នឹង​មាន​ការ​ធ្លាក់​ចុះ ហើយ​ស្នាដៃ​នៃ​ការ​សរសេរ​នឹង​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​ស្នាដៃ​បរទេស​បាន​ឡើយ។

​អ្នកនិពន្ធ​សង្កត់​ធ្ងន់​ថា ចម្រៀង​មួយ​បទ​ដែល​ពីរោះ និង​មាន​ការ​គាំទ្រ​ពី​មហាជន ការ​និពន្ធ​ត្រូវ​ប្រកប​ដោយ​អត្ថរស មាន​ន័យ​ពីរោះ​រណ្ដំ​ចិត្ត អត្ថន័យ​មាន​ន័យ​សម្រាប់​ការ​អប់រំ និង​អត្ថរូប​ដោយ​ផ្សារភ្ជាប់​ទិដ្ឋភាព​ជាក់ស្ដែង​ក្នុង​សង្គម៕

No comments: