A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 May 2015

ប្រទះឃើញ​រូប​ព្រះ​ពុទ្ធបដិមា​បិណ្ឌបាត​ពេល​ធ្វើ​កំណាយ​នៅ​ប្រាសាទ​នាគព័ន្ធ



ដោយ ហង្ស សាវយុត
2015-05-27 rfa
ប៉ូលិស​ការពារ​បេតិកភណ្ឌ​និង​ក្រុម​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា វាស់​ខ្លួន​របស់​ព្រះពុទ្ធបដិមា​ទ្រង់​បិណ្ឌបាត ដែល​គេ​ប្រទះ​ឃើញ​នៅ​ជិត​ប្រាសាទ​នាគព័ន្ធ។ រូបថត​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៥
RFA/Hang Savyouth

រយៈពេល​ប្រហែល ២​ខែ​មក​ហើយ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​អប្សរា បាន​ធ្វើ​កំណាយ ១​កន្លែង នៅ​ជិត​ប្រាសាទ​នាគព័ន្ធ ដើម្បី​សិក្សា​អំពី​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​នេះ ក្នុង​បំណង​ការពារ​ហានិភ័យ​នានា កុំ​ឱ្យ​គំរាមកំហែង​ដល់​ប្រាសាទ​សម្រាប់​អនាគត។ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ជីក​ដី​ធ្វើ​កំណាយ​កំពុងតែ​ដំណើរការ ក៏​បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ខ្លះ ដែល​ជាប់​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា​កប់​ជ្រៅ​នៅ​ខាង​ក្រោម​ដី​ទី​នោះ។

មន្ត្រី​អាជ្ញាធរ​អប្សរា អះអាង​ថា គេ​ទើបតែ​រក​ឃើញ​រូប​ព្រះពុទ្ធ​បដិមា​បុរាណ ១​ព្រះអង្គ ដែល​ជា​រចនាបថ​សិល្បៈ​ដ៏​កម្រ​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​នាគព័ន្ធ។ ការ​រក​ឃើញ​ព្រះពុទ្ធ​បដិមា​ឈរ​ទ្រង់​បាត្រ ធ្វើ​អំពី​ថ្មភក់​នេះ ដោយសារ​តែ​ក្រុម​អ្នក​ជំនាញ​ធ្វើ​កំណាយ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នាគព័ន្ធ ដើម្បី​សិក្សា​អំពី​រចនាសម្ព័ន្ធ​របស់​ប្រាសាទ ហើយ​ឈាន​ទៅ​រក​កិច្ច​ការពារ​ចំពោះ​ហានិភ័យ​នានា។

បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​អប្សរា​ម្នាក់ ដែល​ជា​អ្នកធ្វើ​កំណាយ​នោះ គឺ​អ្នកស្រី ហ៊ីង ច័ន្ទថន។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​ឧសភា ថា គាត់​បាន​ប្រទះ​ឃើញ​រូប​ព្រះ​ពុទ្ធ​បដិមា​បុរាណ​ធ្វើ​អំពី​ថ្មភក់ ១​អង្គ​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា កន្លង​ទៅ នៅ​ពេល​ជីក​ដី​ចុះ​ទៅ​ក្រោម​ជម្រៅ​ជិត ២​ម៉ែត្រ។


បុគ្គលិក​អាជ្ញាធរ​អប្សរា​ដដែល​បញ្ជាក់​ថា នៅ​ពេល​ដែល​គាត់​ជីក​ដី​ដំបូង គឺ​បាន​ប៉ះ​នឹង​ព្រះកេស (ក្បាល) របស់​ព្រះ​ពុទ្ធ​បដិមា​នោះ ហើយ​ក៏​ប៉ះចំ​ដង​ខ្លួន​ដែរ ក៏ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍​ថា ជា​វត្ថុ​បុរាណ​ទេ៖ «ដំបូង​ឡើយ​ខ្ញុំ​ឃើញ​ជា​ដុំ ហើយ​ខ្ញុំ​គិត​ថា ប្រហែល​ជា​ដុំ​ថ្ម​ធម្មតា ដល់​ពេល​ខ្ញុំ​សំអាត​ទៅ​បាន​ឃើញ​មាន​ក្បាច់​ខាង​ក្រោយ​ដូចជា​ក្បាំង ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​ធ្វើ​ការ​បោសសំអាត​បន្ថែម​ទៀត​ទៅ»។

វត្ថុ​បុរាណ​ដែល​គេ​ប្រទះ​ឃើញ​ពី​ការ​ជីក​កំណាយ​នោះ គឺ​ជា​រូប​ព្រះពុទ្ធ​បដិមា​ទ្រង់​បិណ្ឌបាត​ធ្វើ​ពី​ថ្មភក់ ដោយ​ព្រះ​កេស​មាន​ពាក់​មកុដ ទទឹង​ខ្លួន​ទំហំ​ជាង ២​តឹក និង​កម្ពស់​ប្រមាណ ៧​តឹក។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ លោក លី វណ្ណា ពន្យល់​ថា តាម​លោក​ដឹង រូប​ព្រះពុទ្ធ​បដិមា​ដែល​មាន​ពាក់​មកុដ​នោះ គឺ​ព្រះពុទ្ធ​សាសនា​និកាយ​មហាយាន។រចនាបថ​នៃ​ព្រះ​ពុទ្ធរូប​បែប​នេះ គឺ​មាន​នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​ព្រះអង្គ​បាន​គោរព​ព្រះពុទ្ធ​សាសនា​មហាយាន​ជា​ចម្បង។ ក៏ប៉ុន្តែ​អ្វី​ដែល​អ្នក​សិក្សា​ជា​ច្រើន​កម្រ​បាន​ជួប​នោះ គឺ​រចនាបថ​ព្រះពុទ្ធ​បិណ្ឌបាត៖ «ចំពោះ​រូប​ចម្លាក់​ដែល​យើង​នៅ​ទី​នេះ វា​ចម្លែក​ត្រង់​ថា នៅ​ក្នុង​ប្រវត្តិ​សិល្បៈ​ខ្មែរ​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា យើង​មិន​ដែល​រក​ឃើញ​រូប​ព្រះពុទ្ធ តែ​មាន​កាយវិការ​ទ្រ​បាត្រ​អ៊ីចឹង​ទេ ដែល​យើង​ហៅ​ថា ប៉ាត្រាមូត្រា ហ្នឹង​ជា​កាយវិការ​មួយ​ដែល​យើង​ធ្លាប់​តែ​ឃើញ​នៅ​តាម​គំនូរ​បុរាណ​ទេ»។

ជា​ញឹកញាប់​ក្រុម​អ្នក​អភិរក្ស​ប្រាសាទ​បុរាណ តែង​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​គេ​ជីក​ដី ដូចជា​នៅ​ប្រាសាទ​បន្ទាយក្ដី គេ​បាន​រក​ឃើញ​ព្រះពុទ្ធ​បដិមា​ជា​ច្រើន​អង្គ និង​នៅ​ប្រាសាទ​តាព្រហ្ម គេ​បាន​ប្រទះឃើញ​មកុដ​មាស កាល​ពី ៣​ឆ្នាំ​មុន៕

No comments: