ពលរដ្ឋខេត្តព្រៃវែង រិះគន់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តនេះ ថាគ្មានឆន្ទៈបង្ក្រាបបទល្មើសនេសាទដែលបង្កឡើងដោយជនជាតិវៀតណាម តាមដងទន្លេមេគង្គក្រោម ម្តុំជិតស្ពានអ្នកលឿង។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីសហគមន៍នេសាទតាមដងទន្លេមេគង្គ ឃើញសកម្មភាពនេសាទបែបនេះកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែពុំឃើញមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយរហូតមកដល់ពេលនេះ។
ចំណែកមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការព្រងើយកន្តើយលើរឿងនេះជាសញ្ញាអវិជ្ជមានធ្ងន់ធ្ងរ នៃវិនាសកម្មធនធានមច្ឆជាតិនៅទន្លេមេគង្គ ហើយជាឧបសគ្គចំពោះជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋម្ចាស់ស្រុក។
ពលរដ្ឋរស់នៅភូមិឧត្តម ឃុំព្រែកសាយក ស្រុកពាមរ៍ នៅតែបារម្ភពីសកម្មភាពនេសាទជាទ្រង់ទ្រាយធំដោយប្រើឧបករណ៍អួនមានប្រវែងទទឹង ២០០ម៉ែត្រ បណ្តោយជាង ៥០០ម៉ែត្រ និងជម្រៅដល់បាតទន្លេដែលអាចចាប់ត្រីបានគ្រប់ប្រភេទ។ អ្នកភូមិអះអាងថា សកម្មភាពនេសាទខុសច្បាប់របស់ជនជាតិវៀតណាម ធ្វើឡើងរៀងរាល់យប់ ដោយមិនខ្លាចរអាសមត្ថកិច្ចមូលដ្ឋានទេ។
ក្រុមប្រជាពលរដ្ឋដដែល អំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាល ឬសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាម នេះតាមច្បាប់។
ចំណែកតំណាងពលរដ្ឋរស់នៅតាមដងទន្លេក្បែរស្ពានអ្នកលឿង លោក ឯម ប៊ុនណា ឲ្យដឹងនៅថ្ងៃទី៤ ឧសភា ថា ជនជាតិវៀតណាម នៅតែបន្តសកម្មភាពនេសាទត្រង់ចំណុចក្រោមស្ពានអ្នកលឿងឆ្ពោះទៅឃុំពាមមានជ័យ បណ្ដាលឲ្យមងអ្នកភូមិដែលនេសាទជាលក្ខណៈគ្រួសារបណ្ដែតតាមទន្លេ ត្រូវខ្ទេចខ្ទីព្រោះតែសកម្មភាពនេសាទរបស់ជនជាតិវៀតណាម។ បន្ថែមពីលើនេះទៀត សកម្មភាពនេសាទជនជាតិវៀតណាម ប្រើប្រាស់ទូកធុនធំមានល្បឿនលឿនចំនួន ៥គ្រឿង អូសតាមបណ្តោយទៅតាមអាកាសធាតុនៅទន្លេមេគង្គជារៀងរាល់យប់ រហូតមកដល់ថ្ងៃទី៣ ឧសភា នៅមិនទាន់ឃើញមានសមត្ថកិច្ចជំនាញចុះអនុវត្តតាមច្បាប់ឡើយ៖ «និយាយពីការព្រួយបារម្ភ ខ្ញុំមិនដឹងរកអីមកនិយាយឲ្យស្មើនឹងការបាត់បង់ ការបាត់បង់វាធំធេងពេក ជាពិសេសខ្ញុំបន្ទោសមន្ត្រីដែលមានជំនាញខាងហ្នឹងតែម្តង មុននឹងវាចុះនេសាទ វាត្រូវការរត់ការបង់លុយបង់កាក់ បាទ! នេះជាការឃុបឃិតមួយរបស់សមត្ថកិច្ចតែម្តងបង»។
ទាក់ទងករណីនេះ អនុប្រធានរដ្ឋបាលជលផល លោកស្រី កាំង ឃីម មានប្រសាសន៍ថា លោកស្រីបានជូនដំណឹងទៅមន្ត្រីជលផលនៅតំបន់នោះ ឲ្យចុះបង្ក្រាបកាលពីថ្ងៃទី១ ឧសភា ក៏ប៉ុន្តែលោកស្រីបារម្ភថា កន្លងមកការចុះបង្ក្រាបការនេសាទអាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនមានបញ្ហាថ្លោះធ្លោយ។ លោកស្រីសន្យាទៀតថា នឹងចាត់ឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសកម្មភាពនេសាទរបស់ជនជាតិវៀតណាម ម្តងទៀត តាមសំណើរបស់ប្រជាពលរដ្ឋនៅពេលទទួលដំណឹងជាលើកទីពីរ៖ «យើងមានកងកម្លាំងប្រដាប់អាវុធទៅជាមួយ បានធ្វើវាឈ្នះ បើចឹងពិបាកទៀត។ ខ្ញុំថាត្រូវការសហការទាំងអស់គ្នា ទាំងអាជ្ញាធរមូលដ្ឋាន ទាំងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធជំនាញជលផលយើងហ្នឹង»។
ដូចគ្នានេះដែរ ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា មានប្រសាសន៍ថា លោកនឹងចាត់ឲ្យអធិការស្រុកពាមរ៍ ចុះស៊ើបអង្កេតករណីនេះបន្ទាប់ពីទទួលបានដំណឹងពីសហគមន៍នេសាទ។ ប៉ុន្តែ លោកមិនបានបកស្រាយពិស្ដារជុំវិញករណីនេះបានទេ ដោយលោកជាប់រវល់ប្រជុំ។
ក្នុងករណីនេះដែរ មន្ត្រីជំនាញផ្នែកច្បាប់ជលផល លោក សំ សត្យា យល់ថា ការបង្ក្រាបបទល្មើសនេសាទដ៏ធំនេះ គឺទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជាដើម។ លោក សំ សត្យា សន្យាថា នឹងចាត់ឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសកម្មភាពនេសាទរបស់ជនជាតិវៀតណាម៖ «ខ្ញុំគិតថាដូចមិនហ៊ានឆ្លងអាឧបករណ៍មកទេ ខាងសមត្ថកិច្ចខាងព្រំដែន គេមានច្រើនគ្នាដែរ ចឹងអាចជារស់នៅស្រុកខ្មែរអ៊ីចឹងទៅ នេះខ្ញុំសន្និដ្ឋានទេ ចឹងយើងអាចកំណត់មុខសញ្ញាហ្នឹងទៅ យើងឲ្យជំនាញយើងចុះស្រាវជ្រាវជាមួយមេភូមិមេឃុំ ហើយយើងអប់រំណែនាំគាត់ទៅ បើគាត់មិនបញ្ឈប់ទេ ដឹងមុខសញ្ញាអីហើយ យើងអាចកសាងសំណុំរឿងទៅតុលាការតែម្តងក៏បានដែរ»។
ទាក់ទិនករណីនេះ នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លោក ឱម សារ៉ាត់ យល់ថា ករណីនេះលោកមិនជឿថា មន្ត្រីជំនាញមិនដឹងនោះទេ។ លោកថា បើមន្ត្រីជំនាញគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះហើយ ទោះបីជាបទល្មើសនេសាទនេះកើតឡើងធំប៉ុណ្ណា ក៏មិនអាចទប់ស្កាត់បានដែរ។ បន្ថែមពីលើនេះទៀត លោកបារម្ភជីវភាពពលរដ្ឋដែលមានមុខរបរនេសាទនៅតំបន់នោះ អាចនឹងបាត់បង់ ព្រោះឧបករណ៍អួនរបស់វៀតណាម បានបំផ្លាញឧបករណ៍នេសាទរបស់ពលរដ្ឋខ្មែរគ្មានសល់។ លោកថា ការព្រងើយរបស់មន្ត្រីជំនាញ កំពុងបង្កឲ្យវិនាសកម្មធនធានមច្ឆជាតិត្រូវបាត់បង់ធ្ងន់ធ្ងរ និងជាសញ្ញាអវិជ្ជមានយ៉ាងធំសម្បើមដល់ពលរដ្ឋខ្មែរ និងពលរដ្ឋរាប់លាននាក់ដែលរស់តាមដងទន្លេមេគង្គ៖ «រដ្ឋបាលជលផលមិនដឹងជាយ៉ាងម៉េចទេ ចេះតែបណ្ដែតបណ្តោយឲ្យចឹង ខ្ញុំជឿថាមិនមែនរដ្ឋបាលជលផលមិនដឹងទេ ប្រជាពលរដ្ឋគាត់រាយការណ៍ជូនគ្រប់ច្រកគ្រប់ល្ហក»។
ប្រជានេសាទអះអាងថា ចាប់តាំងពីសកម្មភាពនេសាទជាទ្រង់ទ្រាយធំរបស់វៀតណាម តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ននេះ ប្រភេទត្រីកម្រមួយចំនួន គឺផុតពូជ ដូចជា ត្រីព្រលូង ត្រីកាហែ ត្រីផ្ទោង និងត្រីក្លាំងហាយ ជាដើម និងបរិមាណត្រីកាន់តែធ្លាក់ចុះបន្តិចម្តងៗ ព្រោះតែសកម្មភាពនេសាទខុសច្បាប់របស់ជនជាតិវៀតណាម។
កាលពីឆ្នាំ២០១២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលុបបំបាត់ការនេសាទជាទ្រង់ទ្រាយធំ និងអនុញ្ញាតឲ្យនេសាទជាលក្ខណៈគ្រួសារ ដោយប្រើឧបករណ៍នេសាទដូចជា អួន ជាដើម មានប្រវែងមិនលើសពី ៥០ម៉ែត្រ៕
No comments:
Post a Comment