A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 May 2015

សង្គម​ស៊ីវិល​និង​យុវជន​រិះគន់​​​ចំពោះ​​ការ​ប្រកាស​ចាត់​​វិធានការ​លើ​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម


ដោយ អ៊ុំ រង្សី
2015-05-24
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន បាន​ប្រតិកម្ម និង​រិះគន់​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​បាន​ប្រកាស​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ិនធឺណិត (Internet) ដែល​មន្ត្រី​រូប​នោះ​ចាត់​ទុក​ថា ជា​ជន​អគតិ និង​អសីលធម៌។

ការ​ព្រមាន​នោះ​សំដៅ​ដល់​អ្នក​ដែល​ប្រើប្រាស់​ប្រាស់​ប្រព័ន្ធ​អនឡាញ (Online) ដើម្បី​វាយ​ប្រហារ ប្រមាថ និង​បរិហារកេរ្តិ៍​ទៅ​លើ​មន្ត្រី​រាជការ និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល។ សង្គម​ស៊ីវិល និង​យុវជន​ចាត់​ទុក​ថា នេះ​ជា​ការ​រឹតត្បិត​សេរីភាព និង​ជា​សកម្មភាព​បម្រើ​និន្នាការ​នយោបាយ​ប៉ុណ្ណោះ។

ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ដាក់​ពាក្យ​បណ្ដឹង​ផ្លូវការ​ចំនួន​ពីរ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​សុំ​ឱ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ ដើម្បី​ប្រមាថ​និង​បរិហារកេរ្តិ៍​ទៅ​លើ​មន្ត្រី​រាជការ និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល។


ជា​អ្នក​ដែល​ចូល​ចិត្ត​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ចែក​រំលែក​រឿងរ៉ាវ​នៅ​ក្នុង​សង្គម យុវជន ហេង ពិសិដ្ឋ បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​របស់​លោក ផៃ ស៊ីផាន នៅ​ពេល​នេះ គឺ​កំពុង​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​បង្ហាញ​ថា ប្រទេស​កម្ពុជា មិន​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

យុវជន ហេង ពិសិដ្ឋ បន្ត​ថា មន្ត្រី​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល គឺ​ជា​បុគ្គល​សាធារណៈ ដូច្នេះ​សាធារណជន​មាន​សិទ្ធិ​រិះគន់​ស្ថាបនា​ដើម្បី​ផល​ប្រយោជន៍​ជាតិ៖ «ខ្ញុំ​គិត​ថា ការ​បញ្ចេញ​ទស្សនៈ ឬ​មតិ​របស់​បុគ្គល​ណា​ម្នាក់​ទៅ​លើ​បុគ្គល​សាធារណៈ ឬ​ជន​ណា​មួយ ពួកគាត់​គួរ​តែ​ទទួល​យក​ការ​រិះគន់​ដើម្បី​អភិវឌ្ឍ​ខ្លួន​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»។

​ស្រប​ជាមួយ​គ្នា​នេះ យុវជន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ម្នាក់​ទៀត យុវជន ជា ស៊ីដេត យល់​ថា រដ្ឋាភិបាល​កំពុងតែ​ចាត់​វិធានការ​រឹត​បន្តឹង​សេរីភាព​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធឺណិត ឬ​អនឡាញ ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម។

យុវជន ជា ស៊ីដេត យល់​ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​ឧកាស​ទូលំទូលាយ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ ឬ​បណ្ដាញ​សង្គម ព្រោះ​ថា បើ​ងាក​ទៅ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក មិន​បាន​ផ្សព្វផ្សាយ​រឿង​ពិត​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​បាន​ទូលំទូលាយ​ដូច​ប្រព័ន្ធ​អនឡាញ​នោះ​ទេ៖ «ខ្ញុំ​សូម​ស្នើ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល ពិសេស​លោក ផៃ ស៊ីផាន ព្រោះ​ខ្ញុំ​គិត​ថា ប្រព័ន្ធ​ព័ត៌មាន​សង្គម ជា​ពិសេស​ហ្វេសប៊ុក វា​ផ្ដល់​ផលប្រយោជន៍​ទៅ​កាន់​រដ្ឋាភិបាល​វិញ​ទេ ដើម្បី​ឲ្យ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​ខ្លួន​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស»។

​ចំណែក​ឯ​យុវជន ម៉ា ចិត្រា បាន​និយាយ​ថា ការ​ស្នើ​ឲ្យ​ចាត់​វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ គឺ​ជា​ការ​បង្ហាញ​ពី​ការ​រើសអើង​នយោបាយ និង​បង្ហាញ​ថា មន្ត្រី​រដ្ឋាភិបាល​កំពុង​តែ​ប្រកាន់​ខ្លួន​មិន​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​សាធារណជន។ យុវជន​រូប​នេះ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​គិត​ពិចារណា​ចំពោះ​វិធានការ​នេះ​ឡើង​វិញ និង​សូម​ឲ្យ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ ឬ​បណ្ដាញ​សង្គម​ទាំង​អស់ គិត​ពិចារណា​ពី​ក្រម​សីលធម៌​ក្នុង​ការ​ប្រើប្រាស់៖ «ខ្ញុំ​យល់​ថា លិខិត​ដែល​ចេញ​នៅ​ពេល​នេះ គឺ​ជា​ការ​រើសអើង​និន្នាការ​នយោបាយ និង​អាង​ខ្លួន​ជា​មន្ត្រី​រាជការ​ប៉ុណ្ណោះ»។

​ស្រប​ពេល​ដែល​មាន​វិធានការ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត និង​ទូរគមនាគមន៍ ដែល​រដ្ឋាភិបាល​គ្រោង​ចេញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ថា អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​បុគ្គល​ផង​ដែរ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា បាន​ចាត់​ទុក​ថា ការ​ចេញ​លិខិត​របស់​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ គឺ​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សង្គម កុំ​ឲ្យ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ​លើក​ឡើង​ទៀត​ថា នៅ​ក្នុង​ប្រទេស​ដែល​អភិវឌ្ឍ និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​បើក​សិទ្ធិ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ៖ «ខ្ញុំ​គិត​ថា កាល​ណា​ប្រទេស​មួយ សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​បំបិទ​សិទ្ធិ គឺ​ស​បញ្ជាក់​ថា ប្រទេស​នោះ​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ហើយ​ខ្ញុំ​យល់​ថា នេះ​ការ​បញ្ចេញ​មតិ​រិះគន់​គឺ​ជា មាស ជា ពេជ្រ សម្រាប់​ឲ្យ​អ្នក​ដឹក​នាំ​ប្រទេស​យក​ទៅ​កែច្នៃ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មួយ​ទៅ​រក​ភាព​រីក​ចម្រើន»។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ចាប់​អារម្មណ៍​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ពិត​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ក៏​មាន​ជន​មួយ​ចំនួន​ប្រើប្រាស់​រូបភាព​ខុស​ក្រម​សីលធម៌​ផង​ដែរ។ បើ​ទោះ​ជា​យ៉ាង​ណា​លោក​ចង់​ឃើញ​រដ្ឋាភិបាល​បើក​ទូលាយ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សង្គម៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវតែ​ពង្រីក​របៀប​នៃ​ការ​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ដល់​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បាន​ទូលំទូលាយ មិន​គួរ​បំបិទ​សិទ្ធិ​នោះ​ទេ ដើម្បី​ប្រយោជន៍​ជាតិ»។

ឆ្លើយ​តប​នឹង​ការ​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​មិន​មែន​បំណង​ប្រឆាំង​នឹង​ក្រុម​ទិតៀន​ណា​មួយ​ឡើយ។

លោក​ថា តែ​នេះ​ជា​ការ​ការពារ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែល​ទទួល​បាន​ការ​ការពារ ដែល​ទទួល​រង​ការ​ជេរ ប្រមាថ និង​បរិហារកេរ្តិ៍ ពី​សំណាក់​ជន​អគតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុណ្ណោះ៖ «ពាក្យ​បណ្ដឹង​នេះ គឺ​ចង់​ឲ្យ​មាន​ការ​អន្តរាគមន៍​ចំពោះ​ជន​អគតិ ដែល​កាត់​ត​រូបភាព​អាក្រាត កាត់​ត​រូបភាព ដូចជា ខ្លួន​ឆ្កែ​ក្បាល​មនុស្ស​ជាដើម ដែល​ជន​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម»។

​ពាក្យ​បណ្ដឹង​ពីរ​ច្បាប់​ជា​ផ្លូវ​ការ​ដែល​មាន​ខ្លឹមសារ​ស្រដៀង​គ្នា ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ លោក​បាន​សង្កេត​ឃើញ​ជន​មួយ​ចំនួន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម ដោយ​ប្រើ​ពាក្យ​អសុរោះ ប្រមាថ​មាក់ងាយ បំផ្លើស ទាំង​អត្ថបទ និង​រូបភាព ព្រម​ទាំង​បាន​វាយ​ប្រហារ បរិហារកេរ្តិ៍​ដល់​មន្ត្រី​រាជការ​ដែល​ជា​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន។ លោក​បន្ត​ថា ពាក្យ​ទាំង​នោះ​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា និង​មាន​ទម្ងន់​ទោស​ជា​ធរមាន​ស្រាប់៕

1 comment:

Anonymous said...

អានេះវាមិនដឹងថាខ្លួនវាឡប់ៗទេឬ? បើរដ្ឋាភិបាលធ្វើខុស រួចមិនឳ្យគេថាខុស ហេតុម្តចបានជាចង់បិទមាត់គេដូច្នេះ វាគួរណាស់តែលើករឿងនោះទៅដោះស្រាយ តែបែរជាចង់យកគេទៅដាក់គុក ហា ហា ឡប់មែនទេ? យួនចូលពេញស្រុក តែមិនឳ្យគេថា យួនអង្កិលព្រុំដែនតាមចិត្ត បែរជាមិនដោះស្រាយ ថែមទាំងចង់បិតមាត់គេទៀត ល្អមើលទេ នេះឬកម្ពុជាអាចន៍ ឆាក់ រយក្ស មែន យកល្អលោកសម្លាប់ខ្មែរឪ្យអស់ទៅ បើចង់ដេកលក់ស្រួល មែនទេ?