A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

អាជ្ញាធរ​ឃុំ​ជាំ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​អាជ្ញាធរ​ស្រុក​ចាត់​វិធានការ​ចំពោះ​វៀតណាម​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ


ដោយ សូត សុខប្រាថ្នា
2015-05-29 rfa

ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​លើ​តំបន់​ដី​មាន​ជម្លោះ នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

School of Vietnam: Don't hope or expect to have much peace having Vietnam as your neighbour ...

---

អាជ្ញាធរ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក ចាត់​វិធានការ​ចំពោះ​ការ​ចាប់​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ជុំវិញ​បញ្ហា​ដីធ្លី​នៅ​តំបន់​ជម្លោះ។ សំណើ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​របស់​អាជ្ញាធរ​ឃុំ​ជាំ ផ្ញើ​ទៅ​អភិបាល​ស្រុក។

លិខិត​មួយ​ច្បាប់​ដែល​បញ្ជូន​ទៅ​អភិបាល​ស្រុក​មេមត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ហៅ​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ដែល​ចាប់​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់ ថា​ជា​ការ​រំលោភ​បំពាន​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ។

ក្នុង​លិខិត​បាន​រៀបរាប់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ ឧសភា មាន​អាជ្ញាធរ​វៀតណាម ចំនួន ៨​នាក់ ប្រដាប់​ដោយ​អាវុធ​មួយ​ដើម ចូល​ចាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ងឹត ខេង និង​ម៉ូតូ ១​គ្រឿង ខណៈ​ពលរដ្ឋ​រូប​នោះ​បាន​ចូល​ទៅ​ធ្វើ​ចម្ការ​ដំឡូងមី​របស់​ខ្លួន​ជា​ប្រចាំ​ដូច​សព្វដង នៅ​ចំណុច​ជាំប្រាំល្វែង ស្ថិត​នៅ​ភូមិ​ជើង។ លិខិត​បន្ត​ថា អាជ្ញាធរ​វៀតណាម ទាំង​នោះ​ចាប់​ពលរដ្ឋ​ខ្មែរ​យក​ទៅ​ប៉ុស្តិ៍​ព្រំដែន​របស់​ពួក​គេ​អស់​រយៈពេល​ប្រមាណ ៣​ម៉ោង ទើប​បញ្ជូន​មក​វិញ ក្រោយ​ពេល​មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ព្រំដែន​កម្ពុជា។

មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា ក្រៅ​ពី​បញ្ជូន​របាយការណ៍​មក​អាជ្ញាធរ​ស្រុក​ឲ្យ​បាន​ដឹង​ឮ​ហើយ​នោះ ខាង​លោក​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ច្បាស់លាស់។ លោក​អះអាង​ថា ក្រុម​គ្រួសារ​ដែល​អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន​ដើម្បី​សាកសួរ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ចម្ការ​បន្ត​ទៀត គឺ​ពួក​គេ​បាន​ធ្វើ​ចម្ការ​លើ​ដី​នោះ​រហូត​មក​មិន​ដែល​អាក់ខាន​ទេ ត្បិត​តែ​ដី​របស់​ពួក​គាត់​ស្ថិត​នៅ​ចំណុច​ដី​ជម្លោះ​ក៏ដោយ។ លោក​បន្ថែម​ថា កាល​បោះ​បង្គោល​ព្រំដែន​លេខ​៩៣ ៩៤ និង ៩៥ គឺ​ខាង​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា ឲ្យ​ពលរដ្ឋ​ធ្លាប់​ធ្វើ​ស្រែ​ចម្ការ​នៅ​ចំណុច​ណា គឺ​រក្សា​សភាព​ដើម​ដដែល លើក​លែង​តែ​ការ​ចូល​កាន់​កាប់​កន្លែង​ថ្មី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ភាគី​វៀតណាម មិន​បាន​គោរព​ទាល់​តែ​សោះ​ចំពោះ​កិច្ច​ព្រមព្រៀង​មួយ​នេះ៖ «បាទ! និយាយ​ឲ្យ​ចំ​ទៅ​គាត់​អត់​គោរព​អ៊ីចឹង​មែន។ បើ​សិន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​វា​មិន​អី​ទេ ប៉ុន្តែ​មូលហេតុ​មក​អី​អត់​គោរព​គ្នា​អ៊ីចឹង»។

តំបន់​ដី​ជម្លោះ គឺ​នៅ​ចំណុច​ជាំប្រាំល្វែង ចន្លោះ​បង្គោល​ព្រំដែន​លេខ​៩៤ និង ៩៥ ស្ថិត​នៅ​ភូមិ​ជើង។ ដី​តំបន់​នោះ​ជាង ១៦​ហិកតារ​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស ត្រូវ​បាន​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ជា​ដី​ស្ថិត​នៅ​ក្នុង​បូរណភាព​ប្រទេស​វៀតណាម។ បើ​ទោះ​បី​ជា​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា យ៉ាង​នេះ​ក្តី ប៉ុន្តែ​វា​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​ការ​កាន់​កាប់​ជាក់ស្តែង ព្រម​ទាំង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ទីនោះ រួម​នឹង​មន្ត្រី​គណបក្ស​ប្រឆាំង​ផង ហើយ​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូទាំង​នគរ​មាន​ភាព​ងឿង​ឆ្ងល់។

ទាក់ទង​របាយការណ៍​របស់​មេ​ឃុំ​ជាំ ពេល​នេះ អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា មិន​បាន​បកស្រាយ​បន្ថែម​យ៉ាង​ណា​ទេ ដោយ​លោក​ថា​ជាប់​ប្រជុំ។ យ៉ាង​ណា​ក៏ដោយ​ចុះ កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បញ្ជាក់​ថា ពួក​គេ​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ និង​ភាគី​វៀតណាម ឲ្យ​គោរព​ទៅ​តាម​លំនាំ​ចាស់ ពោល​គឺ​ត្រូវ​រក្សា​ស្ថានភាព​ដើម​ដដែល ដោយ​រង់ចាំ​ការ​កំណត់​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា បញ្ហា​កើត​ឡើង​រវាង​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​វៀតណាម ម្តង​ជា​ពីរ​ដង​នេះ គឺ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​នៃ​អធិបតេយ្យភាព​របស់​កម្ពុជា។ លើស​ពី​នេះ​ទៀត លោក​បារម្ភ​ខ្លាច​ក្រែង​តែ​មាន​បញ្ហា​ធំ​កើត​ឡើង​រវាង​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ជាមួយ​អាជ្ញាធរ​វៀតណាម ប្រសិន​បើ​បញ្ហា​នេះ​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ទេ៖ «វា​នៅ​តែ​មាន​បញ្ហា​អ៊ីចឹង។ យើង​កុំ​គិត​ថា​យើង​កុំ​ដោះសា​អី យើង​នាំ​គ្នា​ដោះស្រាយ​ទៅ។ ម្តង​អ៊ីចេះ​ម្តង​អ៊ីចុះ អា​មួយ​ចោទ​អ៊ីចេះ អា​មួយ​ចោទ​អ៊ីចុះ។ យូរៗ​ទៅ​វា​មិន​ទៅ​ប្រកែក​ជាមួយ​ប្រទេស​វៀតណាម វា​មក​ប្រកែក​ជាមួយ​ពលរដ្ឋ យុវជន បក្ស​ប្រឆាំង»។

បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គឺ​កើត​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ពេល​ថ្មីៗ​នេះ រួម​មាន​ខេត្ត​រតនគិរី ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពត ជាដើម។ ភាព​មិន​ច្បាស់លាស់​រឿង​ព្រំដែន ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន យុវជន មន្ត្រី​គណបក្ស​ប្រឆាំង ទាមទារ​ជាច្រើន​លើក​ច្រើន​សា ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា សើរើ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ប៉ុន្តែ​មន្ត្រី​រាជ​រដ្ឋាភិបាល​បាន​ទាត់​ចោល​ការ​ទាមទារ​នេះ៕

No comments: